គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ត​បាត់ដំបង ​ពង្រីក​ទីតាំង​ព្យាបាល ខណៈ​មាន​កំណើន​អ្នកជំងឺ​កូ​វីដ​-១៩

2021/06/09 01:08:23 pm        66
បាត់ដំបង ៖​ មន្ទីរ​សុខាភិបាល​ខេត្ត បានសម្រេច​រៀបចំ​ពង្រីក​ទីតាំង​ព្យាបាល​បន្ថែមទៀត ​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ខណៈ​មានការ​រក​ឃើញ​អ្នក​វិជ្ជមាន​ ជំងឺ​កូ​វី​-១៩ ចាប់​តាំងពី​ដើមខែ​មិថុនា​នេះ​មក ​ជា​បន្តបន្ទាប់​ ពិសេស​នៅ​ក្នុង​ស្រុក​កំរៀង​។ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាក​ព្យាបាល​ថ្មី នៃ​អ្នកជំងឺ​កូ​វីដ​-១៩ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិ បាល​រង​ខេត្តបាត់ដំបង ​បានឱ្យដឹងថា សម្រាប់​ទីតាំង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​បន្ថែម​ថ្មី ​មាន​ចំនួន​២​កន្លែង គឺ វិទ្យាល័យ​កំរៀង ​ស្ថិតនៅ​ឃុំ​អូរ​ដា ស្រុក​កំរៀង ​និង​ត្រៀម​១​កន្លែង​ទៀត នៅ​សាលា​បឋម​សិក្សា​សម្តេចតេ​ជោ ហ៊ុន សែន ជ្រៃ​សីមា​ ស្ថិតនៅ​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ។លោក ​បាន​បន្តថា​ សម្រាប់​អ្នកជំងឺ​កូ​វីដ-​១៩ ​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​ទីតាំង​បន្ថែម​នេះ​ គឺជា អ្នក​កម្រិត​ស្រាល​ប៉ុណ្ណោះ​ ខណៈ​អ្នកមាន​សភាព​ធ្ងន់ធ្ងរ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យបង្អែកខេត្ត​។ បច្ចុប្បន្ន ​នៅតាម​ស្រុក​ជាប់​ព្រំដែន មាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាង​១០០​នាក់​ហើយ ។​​លោក សុខ គឹម​ខុន​ អភិបាលស្រុក​កំរៀង ​បាន​ឲ្យ​ដឹងថា ​នៅ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩ ក្នុង​វិទ្យាល័យ​កំរៀង ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមិថុនា នេះ​ មាន​អ្នកជំងឺ ចំនួន​១០៧​នាក់ ​ភាគច្រើន​អ្នក​ជាប់​ពាក់ ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ មកពី​ខេត្ត​ប៉ៃលិន ​ខណៈ​វិទ្យាល័យ​នេះ អាច​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​ បាន​ចំនួន​ជិត ២០០​នាក់ ។បន្ទាប់​មានការ​រៀបចំ​នូវ​ទីតាំង​កន្លែង​សម្រាក​ព្យាបាល ​នៃ​អ្នកជំងឺ​កូ​វីដ​-១៩​ បន្ថែម​នេះ​ អាជ្ញាធរ​ថៃ ក៏ បាន​ផ្ដល់​សម្ភារ​បរិក្ខារៈ ទប់ទល់​ជំងឺ​កូ​វីដ​-១៩​មួយចំនួន មាន​ដូចជា ៖ ម៉ាស់ អាវ​ពេទ្យ អាល់កុល និង​ស្រោម ជើង​ពេទ្យ ​ដែល​សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងនេះ​ ត្រូវបាន​លោក​ សឿ​ម ប៊ុន​រិ​ទ្ធ ​ប្រគល់​ជូន​ដល់​ទៅ​មន្ទីរពេទ្យ ​បង្អែក​ស្រុក​កំរៀង​ ដើម្បី​ទុក​ប្រើប្រាស់​ចាំបាច់​នៅ​ក្នុង​អង្គភាព​របស់ខ្លួន​។​ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ខេត្តបាត់ដំបង​ មាន​អ្នក​ឆ្លង ចំនួន​៤៤៣​នាក់ ​តែ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ចំនួន​១៦២​នាក់ ​ស្លាប់​ចំនួន​២​នាក់ ​និង​កំពុង​ព្យាបាល ចំនួន​២៧៩​នាក់​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ​នាំ​យក​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​-១៩​ មួយចំនួន​ជូន​ដល់​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត

2021/06/09 12:57:24 pm        172
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី៩​ខែមិថុនា​នេះ ​ស្ថានទូត​រុស្សី​ប្រចាំ​កម្ពុជា​ បាន​នាំយក​នូវ​សម្ភារៈ​ការពារ​ជំងឺ កូវីដ​-១៩ ​មួយចំនួន​ ដើម្បី​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ដែល​ជា​មន្ទីរពេទ្យ​សំខាន់​មួយ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ​តាំងពី​ដំបូង​មកទល់ពេលនេះ​។សម្រាប់​ការ​ផ្ដល់ជូន​នូវ សម្ភារៈ​ការពារ​កូ​វីដ​-១៩ ​នា​ព្រឹក​នេះ​ ធ្វើឡើង​ដោយមាន​វត្តមាន​របស់ ឯកឧត្តម Anatoly Borovik ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​កម្ពុជា​ រួមទាំង​វត្តមាន​របស់​លោក​វេជ្ជ​បណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ។ ការប្រគល់​ជូន​នូវ​សម្ភារៈ​ការពារ​កូ​វីដ​-១៩ នេះ រួមមាន​សំលៀកបំពាក់​ការពារ ម៉ាស​N95 និង​ស្រោមដៃ​មួយចំនួន ​ដែលជា​ការ​ ចូលរួមចំណែក របស់​បុគ្គលិក ​និង​មន្ត្រី​ការទូត ​នៃ​ស្ថានទូត​រុស្ស៊ី​។ក្នុងឱកាស​ផ្ដល់​នូវ​សម្ភារៈ​ទាំងអស់នេះ​ ឯកឧត្តម Anatoly Borovik ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​កម្ពុជា ​បាន​លើកឡើង​នូវ​ការ​កោត​សរសើរ នូវ​កិច្ចប្រឹងប្រែង​របស់​មន្ទី​រ​ពេទ្យ ក៏ដូចជា​បុគ្គលិក​មន្ទីរពេទ្យ ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាំងអស់​ ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ ក្នុង​ការផ្ដល់​ការ​ព្យាបាល​ជំងឺ​ទូទៅ និង​ជាពិសេស​គឺ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​ បន្តថា ការងារ​របស់​ក្រុម​គ្រូពេទ្យ​ទាំងអស់ គឺ​គួរឱ្យ​គោរព​ ហើយ​ឯកឧត្តម ​សង្ឃឹម​ជឿជាក់ថា ​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា នឹង​ធ្វើឱ្យ​កម្ពុជា ​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។សម្រាប់​ការ​ទទួលបាន​សម្ភារៈ​មួយ​ចំនួន​នាពេលនេះ​ លោក​វេជ្ជបណ្ឌិត ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ក៏បាន​ថ្លែងអំណរគុណ​ ដល់​ក្រុមការងារ​នៃ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​។​ លោក​វេជ្ជបណ្ឌិត​លើក​ឡើងថា ​ការផ្ដល់ជូន​សម្ភារៈ​ទាំង​នេះ ​ជា​ការ​រួមចំណែក​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ​ហើយ​វា​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ផងដែរ​។ ​លោក​វេជ្ជបណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​ សហភាពសូវៀត ដែល​បាន​យកចិត្តទុកដាក់​ និង​ជួយ​កសាង​មន្ទីរពេទ្យ​នេះ​ឡើង ​តាំងពី​ជាង៦០​ឆ្នាំមុន​។ លោក​ថា មន្ទីរពេទ្យ​នេះ​ ជា​មរតក​មួយ​សម្រាប់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជា​ ប្រជាជន​កម្ពុជា​។ ហើយ​បច្ចុប្បន្ន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ក៏បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ផងដែរ​៕​អត្ថបទ​៖ គឹម​ហុក

ពលរដ្ឋ​ចំនួន​១០៣​គ្រួសារ​ ដែលមាន​ជីវភាព​ខ្វះខាត នៅ​សង្កាត់​ទឹកល្អក់​ទី​៣​ ​ទទួល​អំណោយ​​ពីអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

2021/06/09 12:45:50 pm        33
ភ្នំពេញ​៖ ឯកឧត្តម ឌូ ដា​លី​តូ ទីប្រឹក្សា​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១៣(​សំណង់​) ​សង្កាត់​ទឹកល្អក់​ទី​៣​ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងដំណាក់កាល​រីក​រាលដាល​ជំងឺ​កូ​វីដ-​១៩ ចំនួន ១០៣​គ្រួសារ ​នៅថ្ងៃទី​០៩ ខែមិថុនា ​នេះ។ក្នុងនោះដែរ​ឯកឧត្តម ក៏​សូម​អំពាវនាវ​ដល់​លោកតា​លោកយាយ បងប្អូន​ទាំងអស់ ​យកចិត្តទុកដាក់​ពី​សុខភាព ​ជាពិសេស​បន្ត​ការពារ ​និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា សូមមេត្តា​អនុវត្ត​វិធាន​ការពារ​របស់​រាជ​រដ្ឋាភិបាល​ ៣​ការពារ ៣​កុំ​។​គួរបញ្ជាក់ថា ​អំណោយ​ដែល​ត្រូវ​ប្រគល់​នាពេលនេះ ​ក្នុង​មួយៗ គ្រួសារ ​ទទួល​បាន​អំណោយ អង្ករ​២៥​គីឡូ ត្រីខ​១០​កំប៉ុង មី​១២​កញ្ចប់ ​ទឹកត្រី​២​ដប ទឹក​ស៊ីអ៊ីវ២​ដប ប៊ីចេង​១​កញ្ចប់ អំបិល​១​កញ្ចប់ ៕អត្ថបទ​៖ កុ​ម្ភះ

រដ្ឋបាលខេត្ត​ពោធិ៍សាត់ ​និង​សប្បុរសជន​នានា​ផ្ដល់​អំណោយ​ជូន​ជន​ក្រីក្រ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ក្រគរ

2021/06/09 11:39:02 am        144
ពោធិ៍សាត់ ៖ ​លោក ចេង ឡៃ អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ របស់​សប្បុរស​នានា​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន អឹម ស៊ី ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ​ជន​ចាស់ជរា​ និង​ស្ត្រី​មេម៉ាយ​ជាច្រើន​គ្រួសារ មកពី ភូមិ​តាកែវ​ក្រោម​ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​ខណៈ​អំណោយ​ទាំងនោះ​ នឹង​ជួយ​សម្រាល​ទុក ​លំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ​។ការ​ផ្តល់នូវ​អំណោយ​សប្បុរសធម៌​នេះ គឺ​បាន​ធ្វើឡើង​នា​ថ្ងៃទី​៨ ​ខែមិថុនា ឆ្នាំ​២០២១​នេះ​ នៅ​បរិវេណ​វត្ត​សាមគ្គី​រតនៈ​សោ​ភ័​ណ្ឌ (​ហៅ​វត្ត​តាកែវ​ក្រោម​) ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ថ្លែង​នៅក្នុង​ឱកាស​ចុះ​ចែក​អំណោយ​សប្បុរសធម៌​នោះ លោក ចេង ឡៃ អភិបាលរង​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា​ នាពេល​កន្លងទៅ​ក៏ដូចជា​ បច្ចុប្បន្ននេះ ​ថ្នាក់ដឹកនាំ​ខេត្ត ​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​គ្រប់ពេលវេលា​។ ​ជាក់ស្តែង​ដូច​ថ្ងៃនេះ​គឺ​ខាង​ថ្នាក់ ដឹកនាំ​ខេត្ត​ ជាមួយនិង​អ្នកស្រី ចោម ខ្វាន់ អគ្គនាយិការ ក្រុមហ៊ុន ( អឹម ស៊ី ) បាន​ជួយ​ឧបត្ថម្ភ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយចំនួន ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត នេះ​។លោក​អភិបាលរង​ខេត្ត​ក៏បាន​ ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​នានា ​ដែល​បាន​ជួយឧបត្ថម្ភ ជា​ស្បៀង​ និង​ថវិកា​ជួយ​ដល់​ជន​ក្រីក្រ​ដែល​កំពុង​រស់នៅ​ខេត្តពោធិ៍សាត់ ខណៈ​សកម្មភាព​នៃ​ការ​ជួយ​នេះ​គឺ បញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ធំធេង​មួយ​ គឺ​ខ្មែរ​ចេះ​ជួយ​ខ្មែរ​ ក្នុង​គ្រា​មានទុក្ខ​លំបាក​។នៅក្នុង​ពិធី​ចែក​អំណោយ​នោះដែរ​លោក​អភិបាលរង​ខេត្ត ក៏បាន​ផ្ដាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការ​ការពារ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩ ដោយ​អនុវត្តន៍​តាម​វិធានការ​ ៣​ការពារ និង​៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ ហើយ​លោក​បាន​បន្ត​ប្រាប់​ដល់ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​ចោរលួច ​ឆក់​ប្លន់ ក្មេង​ទំនើង ​គ្រឿងញៀន ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា​។សូមបញ្ជាក់ថា ​អំណោយ​ដែល​បាន​ផ្តល់​ជូន​ដល់​បងប្អូន​នា​ពេលនេះ ​ក្នុង​មួយ​គ្រួសារៗ​ ទទួលបាន​អង្គ ២០​គីឡូក្រាម​មី ១​កេះ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹក​សុទ្ធ ១​កេះ ម៉ាស់ ១​ដុំ និង​ថវិកា ១០​ម៉ឺន​រៀល​។ ​ទន្ទឹមនឹងនោះ ​លោកស្រី​ក៏បាន​ប្រគេន​បច្ច័យ​ចំនួន ​១​លាន​រៀល ​ដល់​ព្រះ​ចៅ​អធិការ​វត្ត ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ទី​អារាម​ផងដែរ​៕ ​អត្ថបទ​៖ បាន ចក់

WHO ៖ មាន​មូលហេតុ​បួន​យ៉ាង​ដែល​នាំឱ្យ​កម្ពុជា​មិនទាន់​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​២០​កុម្ភៈ​បាន​

2021/06/09 11:29:43 am        252
ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ​បាន​បង្ហាញ​ទឡ្ហីករណ៍​បួន​យ៉ាង ដែល​នាំឱ្យកម្ពុជា​ មិនទាន់​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ បាន​ដូច​ឆ្នាំ​២០២០​។អំឡុង​ពិធី​ប្រគល់​អំណោយ​ថេប​ប្លេ​ត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង សម្ភារ​វេជ្ជសាស្ត្រ​មួយ​ចំនួនទៀត ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ចំនួន​៥ ​ដែល​បាន​ធ្វើឡើង នៅ​ខេត្តពោធិ៍សាត់ ​កាលពី​ម្សិលមិញ លោកស្រី​វេជ្ជបណ្ឌិត​ លី អាយ​លែ​ន​ តំណាង​អង្គការ​សុខភាព​ពិភព លោក​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ប្រាប់​BTV​ថា ​មាន​ហេតុផល​៤​យ៉ាង​ ដែល​ធ្វើឱ្យ​កម្ពុជា មិនទាន់​អាច​គ្រប់ គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បាន ​ដូច​កាលពី​ឆ្នាំមុន ​គឺ​ទី​១. ការ​បំប្លែង​ខ្លួន​ថ្មី នៃ​មេរោគ​កូ​វីដ​-១៩ ​ដែលនាំឱ្យ​មានការ​ចម្លង​លឿន ទី​២. លក្ខណៈ​ធម្មជាតិ​ នៃ​មេរោគ គឺ​ចេញ​រោគសញ្ញា​តិចតួច ឬ​មិន ចេញ​រោគសញ្ញា ទី​៣. ភាព​នឿយណាយ​របស់​ក្រុម​ឆ្លើយតប​បន្ទាន់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ​មិន​អនុវត្ត វិធានការ​សុខាភិបាល និង​ទី​៤. ភាព​សុទិដ្ឋិនិយម​ខ្លាំងពេក ដោយ​ផ្អែកលើ​វ៉ាក់សាំង​។យ៉ាងណាក៏ដោយ ដើម្បី​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន តំណាង​អង្គការ​សុខភាព​ពិភព លោក បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដូចជា ចៀសវាង​កុំទៅ​កន្លែង​៣​កុំ ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ត្រូវ​កាត់បន្ថយ​ហានិភ័យ​នៅ​កន្លែង​ប្រកប​អាជីវកម្ម ​កន្លែងធ្វើការ ​និង​ពលរដ្ឋ ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។បច្ចុប្បន រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​វិធានការ​ជាច្រើន ដើម្បី​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​សហគមន៍ ​២០កុម្ភៈ កុំឱ្យ​មានការ​រីក​រាលដាល​កាន់​តែច្រើន​។ វិធានការ​ទាំង​អស់នេះ​ អាច​ទទួល​បាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​៕​អត្ថបទ​៖ ទូច សោភ័ណ

សកម្មភាពក្រុមការងារ​ថែទាំ សម្អាត​អនាម័យ​-​បរិស្ថាន ដើម្បី​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​មាន​ភាព​ស្រស់​ត្រកាល​ជានិច្ច

2021/06/09 10:55:42 am        593
សៀមរាប ៖ តាមរយៈ​នៃ​រូបថត​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នឹង​សំណេរ​របស់​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​បានបង្ហាញ​អំពី​សកម្មភាព​នៃ​ក្រុមការងារ​ថែទាំ ​សម្អាត​អនាម័យ​-​បរិស្ថាន ​ដើម្បី​និរន្តរភាព​សម្រស់​អង្គរ ​ហើយ​អ្វី​ដែល​ជា​បំណង​នៃ​ការ​ចេញ​បង្ហាញ​រូបថត​ និង​សំណេរ​ទាំងនោះ ​គឺ​សំដៅ​ទៅ​រក​ការអំពាវនាវ ​ស្វាគមន៍​ជាថ្មីទៀត ​ការចូលរួម​ពី​សំណាក់​សាធារណជន​ទូទៅ និង​ភ្ញៀវទេសចរ !។នៅរសៀល​ថ្ងៃ​០៨ ខែមិថុនា ម្សិលមិញ​នេះ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ​ការថែទាំ និង​សម្អាត​អនាម័យ​របស់​ក្រុមការងារ​សម្អាត​ប្រាសាទ ​បានធ្វើឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ភាព​ស្រស់​បំព្រង​ទាំង​រដូវប្រាំង និង​រដូវវស្សា ។ ​ជាការ​កត់សម្គាល់​ក្នុង​រយៈពេល​កន្លងមក​ហើយ​ អ្វីដែល​សំខាន់​ដើម្បី​និរន្តរភាព​អនាម័យ​បរិស្ថាន​ស្អាត​នៅ​ក្នុង​តំបន់​នេះ គឺ​មិន​អាច​ខ្វះ​បាន​នោះទេ ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ។ជា​រៀងរាល់ថ្ងៃ​ក្រុមការងារ​ថែទាំ សម្អាត​អនាម័យ ពួកគាត់​បាន​បែង​ចែក​ជា​ក្រុមៗ​ ធ្វើ​សកម្មភាព​តាម​មុខព្រួញ​គោលដៅ​ដែល​បាន​រៀបចំ​ទុក​ រួមមាន​ ក្រុម​បោស​ស្លឹកឈើ ​បោស​ដី​ ស្រោច​ស្មៅ​ កាត់​រុក្ខជាតិ​ក្នុង​និង​ក្រៅ​តំបន់​ប្រាសាទ ​បារ​ស្លែ​និង​រុក្ខជាតិ​ក្នុង​ទឹកជា​ដើម​។ ​សកម្មភាព​ទាំងនេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​តំបន់​ប្រាសាទ​មាន​សោភ័ណភាព​ស្រស់បំព្រង​គ្រប់​រដូវ​កាល​ប៉ុណ្ណោះ​ទេ ​តែ​វា​ជា​កិច្ចការ​អភិរក្ស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​និងកំពុង​ធ្វើជា​ប្រចាំ​។នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សង្កត់ធ្ងន់​លើ​សំណេរ​របស់ខ្លួន​ថា ​ច្បាស់​ណាស់ កិច្ចការ​ទាំងនេះ​មិន​អាច​ខ្វះ​បានទេ ការចូលរួម​ពី​សាធារណជន ​ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ​ ហើយ​យើងទាំងអស់គ្នា​មាន​ស្មារតី​ដូចគ្នា ​ក្នុងការ​ធ្វើឱ្យ​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ភាព​ស្រស់ស្អាត​ជានិច្ច ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ពិសេស​ស័ក្ដិសម​ជាមួយ​គុណ​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន នៃ​រមណីយដ្ឋាន​អង្គរ​៕អត្ថបទ ៖ គឹម ឡេង 

ប្រមុខ​ការ​ពារជាតិ​ក​ម្ពុ​ជា ​ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ថា ​គ្មាន​ប្រយោជន៍​និង​ហេតុផល

2021/06/09 10:47:52 am        191
ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ចាត់ទុក​ការរិះគន់​របស់​ជន​អគតិ​មួយចំនួន ​ជាពិសេស​ពួក​ឧទ្ទាម​ក្រៅច្បាប់​ថា​ គ្មាន​ប្រយោជន៍ និង​គ្មាន​ហេតុផល ​អ្វី​នោះឡើយ ​ខណៈ​ការរិះគន់​របស់​ពួក​ទាំងនោះ​ វា​ជា​ចេតនា​ចង់​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព ដែល​ប្រទេស​កម្ពុជា ​កំពុង​មាន​សព្វថ្ងៃនេះ​។ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​អំពី​ការ ដាក់​តាំង​នូវ​កែវ​ផ្ទុក​ដំណក់​ប្រេង​របស់​កម្ពុជា ​ជា​លើកដំបូង​យក​មក​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ នៃ​វិមាន ឈ្នះ ឈ្នះ នៃ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​។សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​នោះទេ ​ចំពោះ​ការរិះគន់​របស់ ជន​មួយ​ក្តាប់​តូច​តែងតែ​លើក​មក​និយាយ និង​ធ្វើការ​រិះគន់​គ្រប់​បែបយ៉ាង​មក​លើ​រាជរដ្ឋាភិបាល​របស់​យើង​ ហើយ​ការរិះគន់​របស់​ពួកគេ​ទាំងនោះ វា​គ្មាន​ប្រយោជន៍​អ្វី ​និង​គ្មាន​បាន​ផល​អ្វី​ឲ្យ​ប្រទេសជាតិ​កម្ពុជា​យើង មានការ​រីកចំរើន​នោះទេ​។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​កែវ​ផ្ទុក​តំណក់​ប្រេង​ដំបូង​របស់ខ្លួន ​យកមក​ដាក់ តាំង​បង្ហាញ​នូវ​សារមន្ទីរ​នៃ​វិមាន​ឈ្នះ ឈ្នះ ដែល​តំណក់​ប្រេង​ដំបូង​នេះ ​ត្រូវបាន​រហ័ស​នាម​ថា​«​បឋម​តេល​ពិន្ទុ​)​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ​ការដាក់​តាំងនូវ​តំណក់​ប្រេង​ដំបូង​នៅក្នុង​សារមន្ទីរ នៃ វិមាន​ឈ្នះ ឈ្នះ នេះ​គឺ​ដើម្បី​ទុក​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ ​ហើយ​សម្រាប់​ទុក​ធ្វើជា​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​ផងដែរ​។ប្រទេស​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​របស់ខ្លួន​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ​ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​ ។ ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នេះ គឺ​ចំ​ថ្ងៃ​ខួប ២២ ឆ្នាំ ​នៃ​ការ​ដាក់ចេញ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ​ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ១៩៩៨​។បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​បច្ចុប្បន្ននេះ ក្រុមហ៊ុន Kris Energy ​កំពុង​ដំណើរការ​ផលិត​កម្ម​បូម​ប្រេង​ នៅលើ​អណ្តូង​ទាំង​៥ ​កន្លែង ​ដោយ​ផលិតកម្ម​ប្រចាំថ្ងៃ ​ក្នុង​រង្វង់ ២​ពាន់​ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ ​ហើយ​នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ​ក្រុមហ៊ុន​នេះ នឹង​នាំចេញ​ប្រេង​ឆៅ ទៅ​ទីផ្សារ​អន្តរជាតិ ​ខណៈដែល​ពេលនេះ ​ក្រុមហ៊ុន​កំពុង​រៀបចំ​សំណុំ​បែបបទ ​ដើម្បី​សុំ​គោលការណ៍​នៃ​ការនាំចេញ​៕​អត្ថបទ​ ៖ បាន ចក់  

ប្រទេស​ឆែក​សន្យា​ នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត

2021/06/08 01:50:42 pm        266
ភ្នំពេញ ៖ លោក ​Martin Vávra ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ថ្មី ប្រចាំ​នៅ​កម្ពុជា ​បាន​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ​ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ លើ​គ្រប់​វិស័យ ជាពិសេស​ផ្នែក​វិនិយោគ និង​ទេសចរណ៍ ខណៈ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​រយៈពេល​ជាង​៦០​ឆ្នាំ​កន្លងទៅ នៅមានកម្រិត​នៅឡើយ​​។ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក ​Martin Vávra បាន​លើកឡើងថា ​នៅក្នុង​បេសកកម្ម​ការទូត​រប​ស់នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​កម្ពុជា​ និង​ឆែក​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​សេដ្ឋកិច្ច ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក ​និង​ការ​ជំរុញ​អ្នកទេសចរ​ឆែក ​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​ច្រើន​ថែមទៀត​ជាដើម​នោះ​។ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ ​សម្តេច​សាយ ឈុំ​ បាន​លើកឡើងថា​ ប្រទេស​កម្ពុជា ​និង​ឆែក​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៦ ​ក្រោម​ស្នា​ព្រះហស្ត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” ជាមួយ​អតីត​ថ្នាក់ដឹកនាំ​ឆែក​ជំនាន់​មុន​។ ​រហូតមកដល់​ពេលនេះ​នាក់​ទំនង​ការទូត​ប្រទេស​ទាំងពីរ​មាន​រយៈពេល ​៦៥​ឆ្នាំ ហើយ​ឆ្នាំនេះ ​គឺជា​ខួប​លើក​ទី​៦៥​ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឆែក​។សម្តេច សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក​ ដែល​បាន​រួម​ចំណែក​ដ៏​ថ្លៃថ្លា ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​ខាងលើ​វិស័យ​សុខាភិបាល​ វិស័យ​អប់រំ មនុស្សធម៌ និង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ហើយ​ក្នុង​នោះដែរ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក​ក៏បាន​ជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ​បាន​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក​ចាប់​តាំងពី​ឆ្នាំ​១៩៧៩ ​មាន​និស្សិត​កម្ពុជា​ប្រមាណ​៣០០​នាក់ ​ហើយ​និស្សិត​ទាំងអស់​នោះ​បាន​កំពុង​ក្លាយ​ជា​កម្លាំង​ដ៏​រឹងមាំ ក្នុង​ការកសាង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​តាំងពី​ពេលមុន​រហូត​បច្ចុប្បន្ន ​និង​តទៅ​ពេល​អនាគត​ទៀត​៕​អត្ថបទ​ ៖ បាន ចក់

ក្រសួង​អប់រំ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដែលមាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា​

2021/06/08 01:42:14 pm        72
ភ្នំពេញ ៖ ក្រសួង​អប់រំយុវជន និង​កីឡា បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ ​ដែលមាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា​ (​អឹម​អូ​អ៊ី​វ៉ា​យ​អេស «MoEYS E-Learning » ចាប់ពី​ថ្ងៃទី​០៧ ​ខែឧសភា ឆ្នាំ​២០២១​នេះ​។តាមរយៈ​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​០៨ ខែមិថុនា នេះ ក្រសួង​អប់រំ បានឱ្យដឹងថា ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានផ្តល់​ការ​គាំទ្រ​ដល់​ដំណើរ​ការអប់រំ​តាមបែប «​ស្វ័យ​សិក្សា​» សម្រាប់​សិស្សានុសិស្ស​នៅ​គ្រប់​ភូមិ​សិក្សា និង​គ្រប់​កម្រិតសិក្សា​ទៅតាម​ពេលវេលា ​និង​ទីកន្លែង​ដែល​សមប្រកប​។ លើសពីនេះ ​សិស្សានុសិស្ស​អាច​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ វីដេអូ​មេរៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ​កម្រង​សៀវភៅ​សិក្សា​ចាំបាច់​សម្រាប់​កម្មវិធីសិក្សា​ចំណេះ​ទូទៅ ​និង​លំ​ហាត់​សាកល្បង​សមត្ថភាព រួម​ជាមួយ​មុខងារ​ល្អៗ​ជាច្រើន​ទៀត​។ ​មាតិកា​ឌីជីថល​ ដែល​មាន​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​នេះ បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង និង​មនសិការ​វិជ្ជា របស់​លោក​គ្រូ អ្នកគ្រូ និង​ក្រុមការងារ​បច្ចេកទេស​ជាមួយ​ពេលវេលា និង​ធនធាន​នៃ​លទ្ធភាព​ដែល​កំពុង​មាន​។ក្រសួង​ បានឱ្យដឹង​ទៀតថា ដើម្បី​ទទួលបាន​ និង​អាច​ប្រើប្រាស់​កម្មវិធី​ស្វ័យ​សិក្សា​នេះ ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សាធារណជន​ ត្រូវ​ទាញ​យក​កម្មវិធី​នេះ ដោយ​ចូល​ទៅ​កាន់ PlayStore សម្រាប់​ទូរស័ព្ទ ដំណើរការ​ដោយ​ប្រព័ន្ធ​ Andriod ឬ AppStore សម្រាប់​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ iOS និង App Gallery ហើយ​វាយ​ពាក្យ​ថា «MoEYS» រួច​ទាញយក បន្ទាប់មក​ចុះឈ្មោះ​ចូល​ប្រើប្រាស់​កម្មវិធី ​តាម​ការណែនាំ ដែលមាន​ក្នុងកម្មវិធី​៕ អត្ថបទ​៖ មុត សុទ្ធ

មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​ ផ្តល់​ពូជ​ដំណាំ​បី​ប្រភេទ​និង​ពូជស្រូវ​រំដួល​ដល់​កសិករ​១៥០​គ្រួសារ​

2021/06/08 01:34:16 pm        142
ស្ទឹងត្រែង ៖ មន្ទីរ​កសិកម្ម ខេត្តស្ទឹងត្រែង បានផ្ដល់​ពូជ​ដំណាំ​ចំនួន​បី​ប្រភេទ ​និង​ពូជស្រូវ​រំដួល​ ដល់​កសិករ ចំនួន១៥០​គ្រួសារ​ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ដើម្បី​ពង្រីក​ការ​ដាំដុះ​ បង្កើន​សេដ្ឋកិច្ច​គ្រួសារ​។ក្នុង​ពិធី​ផ្តល់​ពូជ​ដំណាំ និង​ពូជស្រូវ​រំដួល ដល់​កសិករ​នៅ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​កាលពី​ម្សិលមិញ​ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ​បាន​បញ្ជាក់ថា​ រដូវវស្សា​មកដល់​ហើយ ដូច្នេះ​ការផ្តល់​ពូជ ដំណាំ និង​ពូជស្រូវ ជូន​ប្រជាកសិករ​ ជា​ធនធាន​មួយ ព្រោះ​នៅ​ពេលដែល​ដាំ​លូតលាស់​ល្អ ​នឹង​អាច​រៀបចំ ​បណ្តុះ​ពូជ ចែករំលែក​បន្ត​ទៅ​ដល់​កសិករ​ផ្សេងៗ​ទៀត​។ឯកឧត្តម បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​កសិកម្ម ជួយ​ពន្យល់​ពី​បច្ចេកទេស​ដាំ​ដុះ​បន្ថែម ​ដល់​កសិករ ឱ្យ​បាន​យល់ច្បាស់ ​ដើម្បី​ដាំ​ដុះ​ទទួល​បាន​ទិន្នផល​ខ្ពស់​។លោក ទំ នី​រ៉ូ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​ខេត្តស្ទឹងត្រែង ​បាន​បញ្ជាក់ថា ​ទាំង​ជី និង​ពូជ​កូន​ស្វាយចន្ទី ក្រូច​ពោធិ៍សាត់ ​ពូជ​ឫស្សី​ផ្អែម ​និង​ពូជស្រូវ​រំដួល​នេះ ​មន្ត្រី​ជំនាញ ​បាន​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ​រួចហើយ​។លោក ឆិល វិបុល មន្ត្រី​បច្ចេកទេសផ្នែក​កសិកម្ម ​បានបញ្ជាក់​បន្ថែមថា ​ការដាំដុះ កសិករ​ ត្រូវតែ​ អនុវត្តតាម​បច្ចេកទេស​ ដូចជា ​ការជ្រើសរើស​ទីតាំង ការជីក​រណ្តៅ ការថែទាំ និង​របៀប​ធ្វើ​ដី និង​ប្រើប្រាស់​ជី ធម្មជាតិ ជាដើម​៕អត្ថបទ​៖ មាស ផល្លា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ ចាប់ផ្តើមជិះរថយន្តក្រុងរបស់រាជរថ្ឋាភិបាល ចូល​រាជ​ធានី​ភ្នំពេញ​វិញ​ជា​បណ្តើរ​ៗ​ហើយ
09/23/2025 03:09 PM
ក្រុមស្វែងរកការងារជូនបងប្អូនអតីតពលករមកពីថៃ ១២៩៧ នូវបន្តដំណើរការ​ធម្មតា​ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
09/23/2025 02:09 PM
ទីក្រុងហុងកុងត្រៀមទប់ទល់ព្យុះទីហ្វុង Ragasa ខណៈសាលារៀន និងអាជីវកម្មត្រូវបិទ
09/23/2025 02:09 PM
លោក Bessent បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មមន្ត្រីប្រេស៊ីលបន្ថែមទៀត ប្រសិនបើចាំបាច់
09/23/2025 01:09 PM
ការឃើញយានដ្រូន ធ្វើឲ្យមានការផ្អាកចរាចរណ៍នៅអាកាសយានដ្ឋាន Copenhagen របស់ដាណឺម៉ាក
09/23/2025 01:09 PM
សហជីពហូលីវូដ និងសមាជិកសភាបក្សប្រជាធិបតេយ្យ ប្រមូលផ្តុំគ្នាគាំទ្រលោក Kimmel និងការបញ្ចេញមតិដោយសេរី
09/23/2025 01:09 PM
បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា
09/23/2025 01:09 PM
ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងជើងហ្វីលីពីន ដោយបង្កជាបំណាក់ដី និងបង្ខំឲ្យមានការជម្លៀស
09/23/2025 01:09 PM
រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ ឥណ្ឌា និងអាមេរិកយល់ស្របពីសារៈសំខាន់ នៃការចូលរួមប្រកបដោយនិរន្តរភាព
09/23/2025 01:09 PM
មេដឹកនាំស៊ីរី លោក Sharaa បន្តអំពាវនាវឲ្យសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មជាផ្លូវការ
09/23/2025 01:09 PM