គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ឱ វណ្ណឌី​ន អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២ ដើម្បី​ប្រសិទ្ធភាព​

2021/05/28 04:15:23 pm        487
ភ្នំពេញ៖ ជាថ្មី​ម្តង​ទៀត មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ទទួលបន្ទុក​ការ​ចាក់​វ៉ាក់សាំង បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​១​រួចហើយ ត្រូវ​តែទៅ​ចាក់​ដូ​ស​ទី​២​តាម​ការកំណត់ ដើម្បី​បង្កើត​ភាពស៊ាំ​ប្រឆាំងនឹង​ការវាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​។​​​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ​.​វ​.​ក​.១៩) តាមរយៈ​BTV បានបញ្ជាក់​ប្រាប់​ពលរដ្ឋ​ថា ប្រសិន បើ​ពលរដ្ឋ មិនបាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​គ្រប់​ចំនួន​២​ដូ​ស​នោះទេ ការចាក់​លើក​ទី​១ នឹង​អសារ​បង់ ព្រោះ វ៉ាក់សាំង​នេះ ត្រូវ​ការ​ចាក់​២​ដូ​ស ទើប​មាន​ប្រសិទ្ធភាព​។​​​តាម​ការ​បញ្ជាក់​ពី​គ្រូពេទ្យ វ៉ាក់សាំង​កូ​វី​សែ​ល បន្ទាប់ពី​ចាក់​ដូ​ស​ទី​១​រួចរាល់ ក្នុង​រយៈពេល​៨​សប្តាហ៍ ទៅ​១២​សប្តាហ៍ ចាំបាច់​ត្រូវ​ចាក់​ដូ​ស​ទី​២ ដើម្បី​បង្កើត​កងការពារ​ប្រឆាំងនឹង​ការវាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​។​​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​បង្ហាញថា ពលរដ្ឋ ចំនួន ជាង ​១៦​ម៉ឺន​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​១​។ ចំណែក​ការចាក់​ដូ​ស​ទី​២ ដោយ​គិត ត្រឹម​ថ្ងៃទី​២៧ ខែឧសភា នេះ គឺ​បាន​ចំនួន​ជាង​១០​ម៉ឺន​នាក់​ហើយ​។ តាម​ការ​គ្រោងទុកយុទ្ធនា​ការចាក់​វ៉ា​ក់ សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២ នឹងត្រូវ​បិទ​បញ្ចា​ប់ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១៕ ​អត្ថបទ​៖ ទូច សោភ័ណ

ពលរដ្ឋ​រស់នៅ​អតីត​តំបន់​ក្រហម​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ដូ​ស​ទី​១

2021/05/28 04:09:01 pm        19
​កណ្ដាល៖ នៅ​ពេល​បច្ចុប្បន្ន​នេះ នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​នានា ​របស់​ខេត្ត​កណ្តាល មិនទាន់​ប្រកាស​បន្ត​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ដូ​ស​ទី​១​ឡើងវិញ​នោះទេ ប៉ុន្តែ​ទោះ​យ៉ាងណា​នៅក្នុង​អំឡុង​ពេលនេះ រដ្ឋបាល​ខេត្តកណ្តាល បាន​បើក​ការផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​នេះ ជូន​សម្រាប់​តែ​ពលរដ្ឋ​ដែល​រស់នៅក្នុង​អតីត​តំបន់​ក្រហម និង​តំបន់​ប្រឈម​នានា​ទៀត​តែ​នៅក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ប៉ុណ្ណោះ​។​​បើ​តាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ថា ជាក់ស្ដែង​មកដល់​ថ្ងៃនេះ មន្ទីរពេទ្យ​បន្ត​ចាក់​វ៉ាក់សាំង​សម្រាប់​តែ​ពលរដ្ឋ​ដែល​ត្រូវ​ការ​ចាក់​ដូ​ស​ទី​២​លើ​ប្រភេទ​វ៉ាក់សាំង​កូ​វី​សែ​ល និង​ស៊ី​ណូ​វ៉ា​ក់​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​រដ្ឋបាល​ខេត្ត​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​ខ្លាំង លើ​ពលរដ្ឋ​រស់នៅក្នុង​អតីត​តំបន់​ក្រហម​នៅក្នុង​សង្កាត់​តាខ្មៅ ទើប​មន្ទីរ​សុខាភិបាល​សម្រេច​រៀបចំ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ ដែល​រស់​នៅក្នុង​អតីត​តំបន់​ក្រហម និង​មានការ​ដឹកនាំ​អញ្ជើញ​មកចាក់​ដោយផ្ទាល់​ពី​ចៅសង្កាត់​តាខ្មៅ​ផងដែរ​។​​បើ​តាម​លោក គិត សុផាន់​ណា​រ៉ា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​តាខ្មៅបាន​ថ្លែងថា នៅក្នុង​សង្កាត់​តាខ្មៅ មាន​តំបន់​ក្រហម តែមួយ​ប៉ុណ្ណោះ គឺ​ភូមិ​តាខ្មៅ​២​ឬ​ហៅ​តំបន់​អាគារ​វប្បធម៌ ដែល​កន្លងមក​រង​ការ​បិទ​ខ្ទប់​ជិត​៣​សប្ដាហ៍ ហើយ​បន្ទាប់ពី​បើក​វិញ​ជាង​១០​ថ្ងៃ​មកនេះ ទើប​យើង​អាច​អញ្ជើញ​ពួកគាត់​អោយ​មក​ចាក់​វ៉ាក់សាំង​នេះ​បាន​។​​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នេះ បណ្តា​ពលរដ្ឋ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែល​ព្យាយាម​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​បណ្តា​ពលរដ្ឋ តាមរយៈ​ការចាក់​វ៉ាក់សាំង​នេះ គេ​ក៏ត្រូវ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធាន​៣​កុំ ៣​ការពារ ឱ្យបាន​ល្អ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ចំលង​មេរោគ​កូ​វីដ​១៩​នៅ​ក្នុង​សង្គមជាតិ​យើង​។​​បើ​តាម​ការបញ្ជា​ក់ថា ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល មកដល់ពេលនេះ ខេត្តកណ្តាល ​បានសម្រេច​ចាក់​វ៉ាក់សាំង​ការពារ​ជូន​ពលរដ្ឋ​ជួរមុខ និង​ពលរដ្ឋ​អាទិភាព​នៅក្នុង​ខេត្ត​បាន​ចំនួន​ជាង ​១០​ម៉ឺន​នាក់ ហើយ​នៅពេលនេះ ខេត្ត​បានរៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​នេះ​រួចហើយ ដើម្បី​ត្រៀម​បន្ត​ចាក់​ជូន​បណ្តា​ពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​អោយបាន​គ្រប់ៗ​គ្នា​៕ អត្ថបទ៖ ស៊ុម សុខ​ជា

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្លាយ​ជា​ស្ថាប័ន​ជួរមុខ​មួយ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩

2021/05/28 01:29:01 pm        646
ភ្នំពេញ ៖ លោកស្រី បណ្ឌិត Laurence Baril (​ឡូ​រ៉ង់ បារ៉ែល​)​នាយិកា​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ឆ្លើយតប​សកម្ម និង​មាន​ភាព​បត់បែន ​បាន​រហ័ស​ទៅនឹង​វិបតិ្ត​សុខភាព​បង្ក​ដោយ​ជំងឺឆ្លង​នានា​។ការ​ថ្លែង​របស់​លោកស្រី បណ្ឌិត Laurence Baril យ៉ាង​ដូច្នេះ​ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ប្រចាំឆ្នាំ​២០២០ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ នា​រសៀល​ថ្ងៃទី​២៧ ​ខែឧសភា​។ លោកស្រី​បន្តថា ដោយ សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង ត្រូវ​រៀបចំ​ទាំង​តាមរយៈ​ការជួប​ផ្ទាល់​ផង ​និង​តាមរយៈ​វីដេអូ​សន្និសីទ​ផង អាស្រ័យ​ទៅតាម​កាលៈទេសៈ​ នៃ​អ្នកចូលរួម​ម្នាក់ៗ​។លោកស្រី​បណ្ឌិត ​បាន​បន្តថា ក្នុង​ឆ្នាំ​២០២០ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​ឈរ​នៅក្នុង​ចំណោម​ស្ថាប័ន​ជួរមុខ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​គាំទ្រ​ដល់​ក្រសួងសុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​។ នៅក្នុង​ខែមេសា​ ឆ្នាំ​២០២០ អង្គការ​សុខភាព​ពិភពលោក​ បានកំណត់​យក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ជាម​នី្ទ​រ​ពិសោធន៍​បង្គោល​មួយ ក្នុងចំណោម​ម​នី្ទ​រ​ពិសោធន៍​បង្គោល​សម្រាប់​វីរុស​កូ​វីដ​-១៩ ក្នុង​ពិភពលោក ដើម្បី​ដោះស្រាយ​លើ​ហានិភ័យ​ផ្នែក​សុខភាព​សាធារណៈ បង្ក​ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-​១៩ ​ដែល​នេះ ​គឺជា​ការ​ទទួលស្គាល់​គួរ​ឲ្យ​កត់សម្គាល ​និង​ជា​កិត្តិយស​សម្រាប់​វិទ្យាស្ថាន​ ក៏ដូចជា ​សម្រាប់​ប្រទេស​កម្ពុជា​។លោកស្រី បណ្ឌិត បាន​បង្ហាញ​អំពី​លទ្ធផល​វិទ្យាសាស្ត្រ​សំខាន់ៗ​ជាច្រើន ​ក្រៅពី​ជំងឺ​កូ​វីដ​-១៩​ ដែល​សម្រេច​បាន​កាលពី​ឆ្នាំ​២០២០ ដូចជា​ជំងឺគ្រុនឈាម ជំងឺ​ឈី​ក​ ​ជំងឺ​ឆ្កែឆ្កួត​ ជំងឺគ្រុនចាញ់ ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ជំងឺរបេង ជំងឺ​ផ្តាសាយ​តាម​រដូវ ជំងឺ​ផ្តាសាយបក្សី ជំងឺថ្លើម​ មេរោគ​អេដស៍​/​ជំងឺអេដស៍ និង​ការសិក្សា​អំពី​បាណក​សាស្ត្រ​។ ផ្នែក​សំខាន់​មួយ​នៃ​សមិទ្ធផល​ទាំងនេះ ​គឺ​កើត​ចេញពី​កិច្ច​សហ​ប្រតិប​តិ្ត​ការ​ដ៏​មាន​ប្រសិទ្ធភាព និង​យូរអង្វែង​ជា​មួយ​ក្រសួងសុខាភិបាល​(​សុខភាព​មនុស្ស​) និង​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ (​សុខ​ភាព​សត្វ​) ព្រមទាំង​ដៃគូ​ថ្នាក់ជាតិ​ ថ្នាក់​តំបន់ ថ្នាក់​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត និង​ម​នី្ទ​រ​ពេទ្យ​នានា​។ ជា​ពិសេស​វិទ្យាស្ថាន​ប៉ាស្ទ័រ ​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​កសាង​សមត្ថភាព និង​ការបណ្តុះបណ្តាល ​និស្សិត​កម្ពុជា និង​អន្តរជាតិ​។ គំរូ​ការងារ​របស់​វិទ្យាស្ថាន​ មាន​ភាព​ស្របគ្នា​ទៅ​នឹង​បេសកកម្ម ក៏ដូចជា​គុណ​តម្លៃ​របស់​វិទ្យាស្ថាន​ផ្សេងៗ​ទៀត ​នៃ​បណ្តាញ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អន្តរជាតិ​។ជាមួយគ្នា​នោះដែរ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ថ្លែង​អំណរគុណ និង​កោតសរសើរ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ ព្រមទាំង​បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជាម​នី្ទ​រ​ពិសោធន៍​បង្អែក​សកល​មួយ ក្នុងការ​ដោះស្រាយ​នូវ​ហានិភ័យ​សុខភាព​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ​ និង​ជៀស​ផុត​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (​ហៅ​កាត់ IPC) គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មិន​ស្វែងរក​ប្រាក់ចំណេញ​មួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ដំណើរការ​ប្រតិ​ប​តិ្ត​ការ ​ការងារ​របស់​ខ្លួន​ក្រោម​ឱវាទ​របស់​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​(​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​)៕​អត្ថបទ រដ្ឋា​

អ្នក​បុរាណ​វិទូ បើក​ការធ្វើ​កំណាយ​សង្គ្រោះ​ស្ថានីយ​ទួល​អស់លោក ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រវតិ្តសាស្ត្រ

2021/05/28 01:18:51 pm        618
ភ្នំពេញ ៖ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ហើយ​និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ SCG បាន​បើក​ការ​ធ្វើ​កំណាយ​សង្គ្រោះ​ស្ថានីយ​ទួល​អស់លោក​ ដើម្បី​បុព្វហេតុ​ជាតិ ​និង​ប្រ​វ​តិ្ត​សាស្ត្រ​ ស្ថិតនៅ​ភូមិ​បុណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ​រយៈពេល​នៃ​ការអនុវត្ត​គម្រោង ​ចាប់ពី​ថ្ងៃទី​១៩ ​ខែឧសភា រហូតដល់​ថ្ងៃទី​០៥​ ខែមិថុនា ឆ្នាំ​២០២១(​រយៈពេល​៣​សប្តាហ៍​)​។លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រវតិ្ត​វិទ្យា បាន​ឲ្យ​ដឹងថា ​ស្ថានីយ​ទួល​អស់លោក ត្រូវ​បាន​អ្នកជំនាញ​ស្វែងយល់​ជាបឋម​ថា ជា​ទួល​មួយ ​ស្ថិតនៅក្នុង​ចំណោម​ទួល​បី នៅ​ជិតគ្នា​។ ដូច្នេះ​រចនាសម្ព័ន្ធ​នៃ​ការរស់នៅ​របស់​មនុស្ស​នៅ​ក្នុង​សម័យ​ដើម ​មាន​ជា​កន្លែង​កប់​សព កន្លែង​គោរពបូជា ​និង​ភូមិ​មនុស្ស​រស់នៅ​។លោក បានបញ្ជាក់​ទៀតថា ​ប្រទេស​កម្ពុជា ជា​ប្រទេស​អច្ឆរិយ សម្បូរ​ទៅ​ដោយ​វប្បធម៌​ជ្រៅជ្រះ មកដល់​បច្ចុប្បន្ននេះ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​ចុះបញ្ជី​ស្ថានីយ ឬ​ហៅថា​បុរាណ​ដ្ឋា​ន បាន​ចំនួន​ជាង​៦៤០០​។ ​ដូច្នេះ​ក្នុងចំណោម​ជាង​៦៤០០​នេះ ​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បានកំណត់​ដែន​រក្សា​ការពារ បាន​ចំនួន​រហូតដល់​ជិត​២០០០(​ធ្វើការ​កំណត់​រួច​ និង​ទុក​ឱកាស​ឲ្យ​ប្រជាជន ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ​និង​លើក តម្កើង​សេដ្ឋកិច្ចជាតិ​)​។ ដោយឡែក​ស្ថានីយ​ផ្សេងទៀត ក្រសួង​កំពុង​តែបន្ត​ផ្ទៀងផ្ទាត់​វាយតម្លៃ ឲ្យ​ដឹងថា​ស្ថានីយ​ដែល​នៅ​សេសសល់ ​វា​ជា​ស្ថានីយ​ប្រភេទ​ណា​។​ ជាពិសេស​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​កម្ពុជា ស្ថានីយ​ចែកចេញជា​បី ​ទី​១.​ស្ថានីយ​កប់​សព​, ទី​២.​ស្ថានីយ​មនុស្ស​រស់នៅ ​និង​ទី​៣.​ស្ថានីយ​គោរពបូជា​។ជា​ចុងក្រោយ​ក្នុងនាម​ក្រសួង​វប្បធម៌ ​លោក វឿន វុ​ទី្ធ អំពាវនាវ​ដល់​ប្រជាជន ​និង​យុវជន​ជំនាន់​ក្រោយ ត្រូវ​ចេះ​ស្រលាញ់​វប្បធម៌​របស់​ខ្លួន ​កាលណា​ចេះ​ស្រលាញ់​វប្បធម៌​របស់ខ្លួន​ គឺ​យើង​ចេះ​ស្រលាញ់គ្នា ​ចេះ​គោរព​គ្នា ​ហើយ​ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​ គ្មាន​ជម្លោះ​ផ្លូវចិត្ត ផ្លូវកាយ​ ទន្ទឹមនឹងនោះ​ការ​គ្មាន​ជម្លោះ​នេះ​ហើយ​វា​បណ្តាល​ឲ្យ​សន្តិភាព ​ដែល​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី ខំ​រក​បាន​មក​ជូន​ប្រទេសជាតិ​នេះ​ វា​បន្ត​ឲ្យ​ការអភិវឌ្ឍន៍​កាន់តែ​លឿន​ថែមទៀត​៕អត្ថបទ រដ្ឋា 

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​បង្កើន​ចំណូល និង​បង្កើន​ការផលិត​ទឹកស្អាត​ខ្ពស់ជាង​ឆ្នាំមុន​

2021/05/28 12:59:04 pm        418
ភ្នំពេញ ៖ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​បង្កើន​ចំណូល​ការធ្វើ​អាជីវកម្ម​ទឹកស្អាត​ឲ្យ​បាន​ជាង ៣៤ ម៉ឺន​លាន​រៀល ​ខ្ពស់ជាង​ឆ្នាំ​២០២០ ប្រមាណ​ជាង ៦ ភាគរយ និង​ដាក់​ទិសដៅ​ផលិត​ទឹកស្អាត​ឲ្យ​បាន​ជាង ២២៧ លាន​ម៉ែត្រ​គីប​។ ​ការបង្កើន​បរិមាណ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ​គឺ​ដោយសារ​កំណើន​នៃ​ការប្រើប្រាស់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ ​កំពុង​កើនឡើង​។ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន BTV ស្តីពី​ការអភិវឌ្ឍន៍ និង​ទិសដៅ​លើ​ការធ្វើ​អាជីវកម្ម​ទឹកស្អាត ​នៅ​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ​ថា ​នៅក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នៅតែ​ជំរុញ​ការផលិត​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ពាក់ព័ន្ធ​ចំណូល​, ឯកឧត្តម បន្តថា នាពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សាភិបាល​បានសម្រេច​បង្កើន​ចំណូល​នៅក្នុង​ឆ្នាំ ២០២១ ​ឲ្យ​ខ្ពស់ជាង​ឆ្នាំ ២០២០​ ដោយ​ផ្អែកទៅលើ​ផែនការ​ដែល​បាន​ដាក់​ចេញ​រួមមាន ​៖ ការផលិត​ទឹក​ឲ្យ​បាន​ច្រើន​, បង្កើន​បណ្តាញ​ចែកចាយ​, ​បង្កើន​អតិថិជន​ដែល​ជា​អ្នកប្រើប្រាស់ រួមជា​មួយ​ការ​បង្កើន​កិច្ចការពារ ទប់ស្កាត់​ទឹក​បាត់បង់​ ក្រៅពីនេះ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏មាន​ចំណូល​អំពី​ការ​ធ្វើ​សេវាកម្ម​ផ្សេងៗ​ផងដែរ ។សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២១ នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​បានដាក់​ទិសដៅ​ផលិត​ទឹកស្អាត​ឲ្យ​បាន​ជាង ២២៧ លាន​ម៉ែត្រ​គីប ការ​បង្កើន​អតិថិជន​ប្រើប្រាស់​ថ្មី​ឲ្យ​បាន​ចំនួន ​២៧ ពាន់​បណ្តាញ ​ខណៈ​នៅ​ឆ្នាំ​២០២០ កា​រត​បណ្តាញ​ជូន​អតិថិជន​ថ្មី បាន​ត្រឹម​ជាង ១៧​ពាន់​បណ្តាញ​, ដូច្នេះ​ជា​ទិសដៅ​នៃ​ផែនការ​ការ​ប្រមូល​ចំណូល​នៅក្នុង​ឆ្នាំ ២០២១ នេះ ​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​ប្រមូល​ចំណូល​ឲ្យ​បាន​ប្រមាណ​ជាង ​៣៤ ម៉ឺន​លាន​រៀល ខណៈ​នៅក្នុង​ឆ្នាំ ​២០២០ ការប្រមូល​ចំណូល​ពី​វិស័យនេះ​ បាន​ជាង ៣២ ម៉ឺន​លាន​រៀល​ប៉ុណ្ណោះ​៕​អត្ថបទ​៖ សុន រ៉ា​ឌី

តំបន់​ជាប់មាត់​ព្រែក​កំពត​ បាន​ក្លាយ​ជា​កន្លែង​សម្រាក​លំហែ​ដ៏​ទាក់ទាញ ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

2021/05/28 12:45:35 pm        576
កំពត ៖ ព្រែក​កំពត ឬ​ព្រែក​កំពង់បាយ ​ជា​កំណប់ទ្រព្យ និង​ជា​បេះដូង​របស់​ក្រុង​កំពត​។ ​ ក្រៅពី​បម្រើ​ជា​ប្រពន្ធ​ផ្លូវទឹក​ ត​ភ្ជាប់​ទៅកាន់​សមុទ្រ ​ព្រែក​កំពត​ បាន​ក្លាយជា​កន្លែង​ជិះ​ទូក​ទេសចរណ៍​កម្សាន្ត​ដ៏​ទាក់ទាញ​ នាពេល​ល្ងាច ​និង​ពេល​យប់​។ ​ពិសេស​ជាងនេះទៅទៀត ​បច្ចុប្បន្ន​តំបន់​ទាំង​សងខាង​មាត់​ព្រែក​កំពត​ បានក្លាយ​ទៅជា​រមណីយដ្ឋាន បឹង​ហ្គា​ឡូ ​រី​ស៊​ត ​រចនា​តាម​បែប​បរទេស និង​បែប​ខ្មែរ​បុរាណ​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​។ នាពេល​បច្ចុប្បន្ន កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ខេត្តកំពត មិនសូវ​សំបូរ​ភ្ញៀវ​មក​កម្សាន្ត​ច្រើន​ទេ ​ក៏ប៉ុន្តែ​គេ​សង្កេតឃើញថា សកម្មភាព​នៃ​ការរៀបចំ​ទីកន្លែង​សម្រាក​លំហែ​នៅតែ​បន្ត​ជា​ហូរហែ ទាំង​ការ​រចនា​កែលម្អ​ពង្រីក​បន្ថែម និង​ការសាងសង់​បង្កើត​ថ្មី ពិសេស​នៅ​តំបន់​សងខាង ជាប់មាត់​ព្រែក​កំពត​តែម្តង​។ បើ​គេ​ធ្វើដំណើរ​ពី​ផ្សារ​កំពត​ឆ្លងស្ពាន​ថ្មី​ទៅ​ត្រើយ​ខាងលិច​ ហើយ​ដល់​រង្វង់​មូល​ទឹក​រលក​បត់​ស្តាំ​ទៅ​រហូតដល់​រមណីយដ្ឋាន​ទឹកឈូ គេ​នឹង​ឃើញ​កន្លែង​សម្រាក​លំហែ ​រមណីយដ្ឋាន អម​តាមផ្លូវ​ជាប់​ជាប់មាត់​ព្រែក ដែល​ទើប​បង្កើត​ថ្មី ​និង​កំពង់​កែលំអ​ពង្រីក​បន្ថែម ​មិនតិចជាង​២០​កន្លែង​នោះទេ ហើយ​ការបង្កើតឡើង​សម្រាប់​ភ្ញៀវ​ក្នុងស្រុក​ផង និង​បរទេស​ផង ។ ​កន្លែង​ទាំងនោះ មាន​ផ្តល់​សេវា​ទេសចរណ៍​ជាច្រើន ​ទាំង​អាហារដ្ឋាន បារ ការលេង​កីឡា​លើទឹក​ព្រែក ​ដូចជា​ ជិះ​កាយ​យ៉ាក់ ​ម៉ូតូ​ទឹក ទា​ទឹក និង​ជិះទូក​កម្សាន្ត​ខ្នាតតូច​លក្ខណៈ​គ្រួសារ​ជាដើម​។ប៉ុន្តែ​បើ​គេ​ធ្វើដំណើរ​ពី​ផ្សារ​កំពត ​ដល់​គុល​ស្ពាន​ថ្មី ហើយ​បត់​ស្តាំ​ទៅ​រហូតដល់​ស្ពាន​ចិន​វិញ ​គេ​នឹង​ឃើញ​តំបន់​រមណីយដ្ឋាន ​កន្លែង​សម្រាក​លម្ហែ អាហារដ្ឋាន ផ្សា​រាត្រី រី​ស៊​ត​ បឹង​ហ្គា​ឡូ​ដ៏​ស្រស់ស្អាត​ជាច្រើន នៅ​លាក់ខ្លួន​ក្នុងព្រៃ​ចាក​ និង​ចំការ​ដំណាំ​ហូរ​ផ្លែ​របស់​ប្រជាពលរដ្ឋ​ជាប់​នឹង​មាត់​ព្រែក មិន​ចាញ់​ត្រើយ​ខាងលិច​ទេ ​បើទោះជា​ផ្លូវ​ធ្វើ​មិនទាន់​ល្អ​។ ដោយឡែក កាន់តែ​ពិសេស​ជាង​នោះ​ទៅទៀត តំបន់​មាត់​ព្រែក​កំពុង​អភិវឌ្ឍន៍​ថ្មី ​ គឺ​ទេសចរ​អាចធ្វើ​ដំណើរ​ពី​ចំណុច​សាលាខេត្ត​កំពត ទៅ​ភាគ​ខាងកើត​រហូតដល់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ ឬ អ្នកស្រុក​និយម​ហៅថា ​(​កោះ​ស្មៅ​) ​ក៏មាន​កន្លែង​សម្រាក​លម្ហែ​មិន​តិចជាង​១៥​កន្លែង​ដែរ ដែល​បច្ចុប្បន្ន​បាន​នឹង​កំពុង​បើកទ្វារ​រង់ចាំ​ទទួល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​។​ ហើយ​ទីនោះ​មាន​ផ្តល់​សេវា​កម្សាន្ត​ច្រើន ​ដូចជា​ស្ទូចត្រី ​ជិះទូក​កម្សាន្ត ទស្សនា​ព្រែក​កោង​កាង ​ ជិះ​កង់​កម្សាន្ត​តាម​វាលស្រែ​អំបិល​ដែល​នៅ​ជាប់​នោះ​ជាដើម ​និង​មាន​ទេសភាព​ស្អាត​ពេល​ថ្ងៃ​រះ​ និង​ពេល​ថ្ងៃ​លិច​សម​បំផុត​សម្រាប់​ថតរូប​អនុស្សាវរីយ ។ ​ដោយ​ការ​ត្រៀម​លក្ខណៈ​ទាំងអស់​នេះហើយ​ ទើប​រដ្ឋ​បាលខេត្ត​ក៏​ដូច​មន្ត្រី​ជំនាញ​រំពឹងថា ​ក្រោយ​កម្ពុជា​អាច​ទប់ស្កាត់ ​និង​លប់​បំបាត់​ជំងឺ​កូ​វីដ​-១៩​ បាន​ហើយ​នោះ​ ភ្ញៀវ​ទេសចរណ៍​នឹង​មក​កម្សាន្ត​ខេត្តកំពត ​មិនតិចជាង២​លាន​នាក់​ទេ ក្នុង​មួយឆ្នាំ ៕អត្ថបទ ៖ សា​រឹម 

GMAC ៖ ការអនុវត្ត​វិធាន​សុខាភិបាល​ប្រឆាំង​ នឹង​កា​រឆ្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​តាម​រោងចក្រ​នៅ​មានកម្រិត

2021/05/28 12:33:18 pm        464
ភ្នំពេញ ៖ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ​បាន​លើកឡើងថា​ រោងចក្រ​សហគ្រាស​កាត់ដេរ​ ភាគច្រើន ​បាន​គោរព និង​អនុវត្ត​វិធាន​សុខាភិបាល ​និង​គោលការណ៍​ណែនាំ​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោច​ក្រ​។ ប៉ុន្តែ​ការអនុវត្ត​តាម​វិធាន និង​គោលការណ៍​ណែនាំ​នេះ នៅ​មានកម្រិត​នៅឡើយ ទៅតាម​ស្ថានភាព និង​កត្តា​ផ្សេងៗ​។ មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី កាលពី​រសៀល​ថ្ងៃទី​២៧ ​ឧសភា ឆ្នាំ​២០២១​ កន្លងទៅ លោក កាំ​ង ម៉ូ​នី​កា​ អគ្គលេខាធិការរង ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​និយាយថា ​រោងចក្រ​ទាំងអស់​បាន​ព្យាយាម​សហការ ​និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ក៏ដូចជា​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គ្រាន់តែ​ថា ​កម្រិត​សហការ ​និង​ការ​គោរព​នោះ ​មាន​កំ​រិត​ផ្សេងៗ​គ្នានិង​អាស្រ័យ​ទៅតាម​កត្តា​ផ្សេងៗ​។លោក​ បន្តថា បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ គឺ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ផលិត​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្មករ​និយោជិត​រាប់សែន​នាក់​ នេះ​ជា​បញ្ហា​ប្រឈម​ធំ​ណាស់​បន្ថែម​ទៅលើ​បញ្ហា​ផ្សេងៗ​ទៀត​។រោងចក្រ​ជាង​២០០ បន្ទាប់ពី​បាន​ផ្អាក ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ ​ដែលមាន​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កើន​ខ្ពស់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើការ​ឡើងវិញ​ ជាមួយ​ការ​អនុវត្ត តាម​គោលការណ៍​ណែនាំ​ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។យោងតាម​សេចក្តីណែនាំ​របស់​អន្តរក្រសួង​កាលពីដើម​ខែឧសភា​ កន្ល​ង​ទៅ​ គឺ​តម្រូវ​ឲ្យ​រោងចក្រ សហគ្រាស​ទាំងអស់​ប្រើប្រាស់​កម្លាំង​ពល​តែ ៥០​ភាគរយ ​នៃ​ចំនួន​សរុប​ប៉ុណ្ណោះ ដោយ​ធ្វើការ​ឆ្លាស់​វេន ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​។ ​ប៉ុន្តែ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​កន្លងទៅ​ថ្មីៗ​នេះ​បាន​លើក​ឡើងថា ​រោងចក្រ​ដែល​បើក​អាជីវកម្ម​ឡើងវិញ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ចូលធ្វើការ​រហូតដល់​១០០​ភាគរយ ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ឡើងវិញ​ ដែល​បញ្ហា​នេះ​បង្ករ​ផល​ប៉ះពាល់ និង​ស្មុគស្មាញ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​។កម្មករ កម្ម​ការិនី នៃ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ អេស​អិ​ល​ជេ (SLJ) ​បាន​និយាយ​ថា ​ពួកគាត់​បាន​ព្យាយាម​ជា​ខ្លាំង​ ក្នុងការ​អនុវត្ត​និង​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​។ ​ទើបតែ​បាន​ត្រឡប់​ចូល​ធ្វើ​ការងារ​មិន​ទាន់បាន​១​ខែ​ផង រោងចក្រ​បាន​បិទទ្វារ​បណ្ដោះអាសន្ន​លើក​ទី​២ ដោយសារ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ-​១៩​ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ដល់​ដំណើការ​រោងចក្រ និង​ជីវភាព​របស់​កម្មករ​។ជាការ​កត់សម្គាល់ ក្នុង​រយៈពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ ​និង​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​ដំណើរការ​រោងចក្រ​ចំនួន​៤ ក្នុង​ខណ្ឌមានជ័យ​ ជា​បណ្តោះអាសន្ន និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយសារ​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ​ជា​កម្មករ​បម្រើ​ការងា​រ​នៅក្នុង​រោងចក្រ​៕ ​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

សម្តេច​តេ​ជោ ​នឹង​អញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​ភាពជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ២០៣០​ តាម​ប្រព័ន្ធ​វីដេអូ

2021/05/28 04:56:42 am        443
ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ឯក​ឧ​ត្ត​ម មូ​ន ចេ​អ៊ីន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​អញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ​នៃ​ភាពជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​បៃតង ​និង​គោលដៅ​សកល​ឆ្នាំ ២០៣០ (P4G) ដែល​នឹង​ប្រព្រឹត្តិ​ទៅតាម​ប្រព័ន្ធ​វីដេអូ​ នៅ​ថ្ងៃទី៣១ខែឧសភា នៅ​ទីក្រុងសេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ នៅ​ថ្ងៃទី​២៨ ខែឧសភា​នេះ​។កិច្ចប្រជុំ​នេះ ​ធ្វើឡើង​ក្រោម​មូលបទ «​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​សម្រេច​បាន​នូវ​អព្យាក្រឹត ភាព​កាបូន​» ហើយ​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​លើ​ប្រធានបទ «​ការស្តារ​បៃតង ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​ ពី​ជំងឺឆ្លង​កូ​វីដ​-១៩» នៅក្នុង​សម័យប្រជុំ​កិច្ច​សន្ទនា​របស់​ថ្នាក់ដឹកនាំ​ ដោយ​ផ្ដោត​ទៅលើ​ទិដ្ឋភាព​សំខាន់ៗ​ មួយចំនួន រួមមាន ១)​ ភាព​ចាំបាច់​ក្នុងការ​កែសម្រួល​គោល ​នយោបាយ​ និង​ធនធាន ​ដើម្បី​អាច​ជម្នះ​ដោយ​ជោគជ័យ​លើ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ២)​ ផលប៉ះពាល់ អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​សន្តិសុខ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង ៣)​ សារៈសំខាន់​នៃ​ការស្ដារ​បៃតង​ឡើងវិញ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ​សម្តេច ​តេ​ជោ ក៏​នឹងចែករំលែក​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​ទូលំទូលាយ​ និង​ប្រាកដ ដល់​កិច្ចប្រជុំ​កំពូល​ផងដែរ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។គួរ​កត់​សម្គាល់ថា ៖ P4G ជា​គំនិត​ផ្ដួចផ្ដើម​សកល​ដែល​ត្រូវ​បាន​ដាក់​ដំណើរ​នៅ​ឆ្នាំ​២០១៧​។ គំនិត​ផ្តួចផ្តើម​នេះ​ គឺជា​វេទិកា​ពហុភាគី​សម្រាប់​រដ្ឋាភិបាល​ វិស័យ​ធុរកិច្ច និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ ​ការរួម​គ្នា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកប ​ដោយ​ចីរភាព​ តាមរយៈ​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​។​ កិច្ចប្រជុំ​កំពូល P4G លើក ទី​២ នៅ​ទីក្រុង​សេ​អ៊ូ​ល​ នឹង​ផ្ដល់​ឱកាស​ដល់​សហគមន៍​អន្តរជាតិ​អាច​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​រួម​គ្នា ក្នុង​ការ​កសាង​ពិភពលោក​ដែល​ល្អប្រសើរ ​និង​កាន់តែ​បៃតង​ឡើង ក្រោយ​វិបត្តិ​កូ​វីដ​-១៩៕អត្ថបទ មុត សុទ្ធ

ខេត្ត​ព្រះសីហនុ​ បន្ត​ហាមឃាត់​ការលក់ដូរ និង​ជួបជុំ​ទទួលទាន​គ្រឿង​ស្រវឹង​រយៈពេល ២​សប្ដាហ៍​ទៀត​

2021/05/27 08:58:01 pm        240
​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ជួបជុំ​ទទួលទាន​គ្រឿង​ស្រវឹង​រយៈពេល ២​សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ការបន្ត​ហាមឃាត់​បែបនេះ គឺ​អនុវត្ត​ចាប់ពី​ថ្ងៃស្អែក​នេះ​រហូត​ទៅដល់​ថ្ងៃទី​១០ ខែមិថុនា​ខាងមុខនេះ​។​​រដ្ឋបាលខេត្ត​នេះ​ បាន​ព្រមាន​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​លក់​គ្រឿង​ស្រវឹង និង​ប្រជាពលរដ្ឋ មិន​អនុវត្តតាម​សេចក្ដីណែនាំ​នេះ ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ផងដែរ​។​​ការលក់ដូរ និង​ការជួបជុំ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ខេត្ត​ជាប់មាត់​ឆ្នេរសមុទ្រ​មួយ​នេះ និង​បណ្ដា​ខេត្ត​ដទៃទៀត​នៅ​ទូទាំងប្រទេស ត្រូវបាន​ហាមឃាត់​ជាច្រើន​សប្ដាហ៍​មកហើយ បន្ទាប់ពី​កម្ពុជា​ប្រឈមមុខ​នឹង​ការផ្ទុះ​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​នៃ​មេរោគ​កូ​វីដ​-១៩៕​

ខេត្តកណ្ដាល​ បន្ត​ហាមឃាត់​ការលក់ដូរ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ ០១​សប្ដាហ៍​ទៀត​

2021/05/27 08:56:02 pm        44
​កណ្ដាល​៖ រដ្ឋបាល​ខេត្តកណ្ដាល​ បានសម្រេច​បន្ត​ផ្អាក​ការលក់ដូរ និង​ការ​ជួបជុំ​ទទួលទាន​គ្រឿង​ស្រវឹង​រយៈពេល​ ០១​សប្ដាហ៍​ទៀត​ ចាប់ពី​ទៅដល់​ដើមខែ​ក្រោយ​។​​ក្នុង​សេចក្ដីណែនាំ​នៅ​ថ្ងៃនេះ អភិបាលខេត្ត​កណ្ដាល លោក គង់ សោ​ភ័​ណ្ឌ សម្រេច​បែបនេះ ដោយ​ថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​។​​នៅក្នុង​រយៈពេល ០៧​ថ្ងៃនេះ រដ្ឋបាល​ខេត្តកណ្ដាល​ហាម​លក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​ទាំងអស់ ហើយក៏​ហាមឃាត់​ផងដែរ​ការជួបជុំ​ផឹកស៊ី​។​​ការ​ហាមឃាត់​ការ​លក់​ដូង​គ្រឿង​ស្រវឹង និង​ការជួបជុំ​ផឹកស៊ី បានកើត​មាន​ជាច្រើន​សប្ដាហ៍​មកហើយ បន្ទាប់ពី​កម្ពុជា​ប្រឈម​ខ្លាំង​នឹង​ការផ្ទុះ​រីក​រាលដាល​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីល្បាតដែនអាកាសប៉ូឡូញនៅក្នុងបេសកកម្មអង្គការណាតូ
09/22/2025 01:09 PM
នគរបាលហូឡង់ ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកលើបាតុករប្រឆាំងអន្តោប្រវេសន៍
09/22/2025 01:09 PM
អ្នកដំណើរជាប់ខ្លួន ពេលការវាយប្រហារតាមអ៊ីនធឺណិតបង្អាក់អាកាសយានដ្ឋានធំៗនៅអឺរ៉ុប
09/22/2025 01:09 PM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy រំពឹងថា អាមេរិកនឹងដាក់ទណ្ឌកម្មខ្លាំងក្លាលើរុស្ស៊ី
09/22/2025 01:09 PM
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់
09/22/2025 12:09 PM
កងទ័ពអាកាសអ៊ុយក្រែន បញ្ចេញវីដេអូយន្តហោះចម្បាំង F-16 បាញ់ទម្លាក់យានដ្រូន
09/22/2025 12:09 PM
បាតុករអ៊ីស្រាអែល ដង្ហែរក្បួននៅទីក្រុងហ្សេរុយសាឡឹម និងតែល អាវីវ ទាមទារបញ្ចប់សង្រ្គាមហ្កាហ្សា
09/22/2025 11:09 AM
ជនស៊ីវិលវេណេស៊ុយអេឡា ហ្វឹកហាត់ប្រើអាវុធជាមួយយោធា ខណៈភាពតានតឹងកើនឡើងជាមួយអាមេរិក
09/22/2025 11:09 AM
លោក Trump៖ រឿងអាក្រក់នឹងកើតឡើង បើសិនអាហ្វហ្គានីស្ថាន មិនប្រគល់មូលដ្ឋានទ័ពអាកាស Bagram
09/22/2025 11:09 AM
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់
09/22/2025 11:09 AM