សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​បាត់ដំបង ជំរុញ​អាជ្ញាធរ​ឱ្យ​បង្កើន​ការ​យក​ចិត្តទុកដាក់​ លើ​បញ្ហា​លួច​ឆ្លងដែន

2021/04/27 02:59:58 am        105
បាត់ដំបង ៖ ទោះបី​ស្ថានភាព​ការ​ឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ មកពី​ប្រទេស​ថៃ ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង ​មាន​ការថយចុះ​ ប៉ុន្តែ​អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន បង្កើន​ការ​យក​ចិត្តទុកដាក់ ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​លួច​ឆ្លងដែន​ទៅមក​របស់​ពលករ ​ពិសេស​នៅមុន​រដូវចូលឆ្នាំ​នេះ​។ក្នុងពេល​ចុះ​ពិនិត្យមើល​ស្ថានភាព​ការធ្វើ​ច​ត្តា​ឡី​ស័ក ​របស់​ពលករ ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ​កាល ពីថ្ងៃទី​១៦ ខែកុម្ភៈ ​​ម្សិលមិញ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ការពារ ​ព្រំដែន បង្កើន​ការ​ត្រួតពិនិត្យ ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ ខណៈ​កម្ពុជា ​កំពុង​មានការ ឆ្លង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ ​នៃ​ជំងឺ​កូ​វីដ​១៩ និង​នៅមុន​រដូវ​បុណ្យចូលឆ្នាំ ​ពិសេស​ត្រូវ​បន្ត​ស្វែងរក ចាប់ខ្លួន​ពួក​មេខ្យល់ ​ដែល​នៅតែ​ញុះញង់​ពលករ​ឱ្យ​លួច​ឆ្លងដែន​ខុសច្បាប់ ​ទាំង​ទៅ និង​មកពី​ប្រទេស​ថៃ នោះ​។ឯកឧត្ដម បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​ថ្មគោល និង​ស្រុក​ប​វេ​ល រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម ទៀត ​ដោយសារ​កំណើន​ពលក​រ ​រស់នៅក្នុង​ស្រុក​ទាំងពី​រ​នេះ ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ខណៈ​នៅ​ស្រុក​មោងឫស្សី ​បង្កើន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដល់​បី​កន្លែង​។​​ទន្ទឹមនឹង​ការបន្ថែម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ឯកឧត្តម បានដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​គិតគូរ​ឱ្យបាន ខ្លាំងក្លា​ចំពោះ​បញ្ហា​អនាម័យ ភ្លើងអគ្គិសនី និង​ផ្ដល់​របប​អាហារ​ឲ្យ​បាន​គ្រប់គ្នា ព្រមទាំង​ត្រូវ​រឹតបន្តឹង​ការធ្វើ ច​ត្តា​ឡី​ស័ក​របស់​ពលករ និង​ផ្សព្វផ្សាយ​អប់រំ អំពី​វិធាន​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដល់​ពួកគេ ឲ្យ​បាន​យល់ដឹង​ច្បាស់ ព្រមទាំង​ច្បាប់ ​ស្តីពី​កូ​វីដ​១៩ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​។អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ស្ថានភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុងស្រុក​ជាប់​ព្រំដែន មាន​សភាព​ធូរស្រាល​បន្តិច​ហើយ ព្រោះ​ពលករ ​ដែល​មាន​លំនៅឋាន​ក្នុង​រាជធានី ខេត្ត ស្រុក និង​ក្រុង ផ្សេងៗ ត្រូវ​បញ្ជូន​ទៅតាម​គោលដៅ​របស់​ពួកគេ​។របាយការណ៍​របស់​រ​ដ្ឋ​បាល​ខេត្តបាត់ដំបង​ បាន​បង្ហាញថា​ ចាប់ពី​ថ្ងៃទី​៧ ខែមីនា​នេះ អាជ្ញាធរខេត្ត បាន​បញ្ជូន​ពលករ​ទៅ​រាជធានី និង​ខេត្ត​ផ្សេងៗ ​ជាង​១០០០​នាក់ និង​បាន​ទទួលយក​ពលករ​មាន​លំនៅ ឋាន​ក្នុង​ខេត្តបាត់ដំបង​ ពី​ខេត្តបន្ទាយមានជ័យ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​ខេត្ត​ប៉ៃលិន ជាង​២០០០​នាក់ ខណៈ​បច្ចុប្បន្ន មាន​ពលករ ចំនួន​ជាង​៤​ពាន់​នាក់ ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​មណ្ឌល​នានា​ក្នុង​ខេត្ត​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

សិស្ស​បន្ត​សិក្សា​តាម​អន​ឡាញ​ដោយ​ភាព​អំណត់​ក្រោយ​ការ​ផ្អាក​សាលារៀន ​នៅ​រាជធានី​-​ខេត្ត​មួយ​ចំនួន

2021/04/27 02:59:58 am        249
ភ្នំពេញ ៖ ​បញ្ហា​ព្រឹត្តិការណ៍​សហគមន៍ ​ ២០​កុម្ភៈ ក៏បាន​ប៉ះពាល់​ដល់​វិស័យ​អប់រំ​មួយ​ផ្នែកធំ​ផងដែរ ជាក់ស្ដែង​មក​ទល់ពេលនេះ ​ក្រសួង​អប់រំ​ បាន​ផ្អាក​ដំណើរការ​សិក្សា​របស់​គ្រឹះស្ថាន​រដ្ឋ​ និង​ឯកជន ទូទាំង​រាជធានី​ភ្នំពេញ ​ខេត្តកណ្ដាល ​ខេត្តព្រៃវែង ​ខេត្តកោះកុង ​និង​គ្រឹះស្ថានសិក្សា​រដ្ឋ ​និង​ឯកជន នៅ​ក្រុងព្រះសីហនុ ​និង​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ​។ ​ចំពោះ​ការផ្អាក​ការសិក្សា​នា​ពេលនេះ សិស្ស​គឺ​ត្រូវ​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​សិក្សា​ពី​ចម្ងាយ ​ទោះបីជា​ការសិក្សា​ក្នុង​ទម្រង់​នេះ​មាន​បញ្ហា​មួយ​ចំនួន​យ៉ាងណាក្ដី​។បច្ចុប្បន្ន​សិស្ស​ដែល​សិក្សា​នៅ​ទីតាំង​ដែល​ក្រសួង​អប់រំ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន ត្រូវ​បន្ត​ស្វ័យ​សិក្សា តាម​ប្រព័ន្ធ​អន​ឡាញ ​និង​សិក្សា​ពី​ចម្ងាយ ​ទោះបីជា​ការសិក្សា​ក្នុង​ទម្រង់​នេះ ​មាន​ជួប​បញ្ហា​មួយ​ចំនួន​ក្ដី​។ បញ្ហា​ដែល​សិស្ស​ជួបប្រទះ​នាពេលនេះ ​គឺ​មិន​ខុស​ពី​ពេលកន្លងមក​នោះទេ​។ វា​ជា​បញ្ហា​ប្រព័ន្ធ​អ៊ីនធឺណិត ​ការពិបាក​ផ្តោត​ដោយសារ​បរិស្ថាន​ជុំវិញ​មាន​ភាព​រំខាន​ខុស​ពី​បន្ទប់រៀន​ធម្មតា និង​ភាព​ពិបាក​ក្នុង​ការ​សួរ​សំណួរ​ក្នុង​កំឡុង​ម៉ោង​សិក្សា​ជាដើម​។ ​នេះ​ជា​អ្វីដែល​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន សេរីភាព​ ស្ថិតក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល​ បានលើកឡើង​។ ​ពួកគាត់​សង្ឃឹមថា ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ អាច​បិទ​បញ្ចប់​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​ នោះ​ពួកគាត់​នឹង​អាច​សិក្សា​បានជា​ធម្មតា​វិញ​។គិត​មកទល់ពេលនេះ ក្រសួង​អប់រំ​មិន​ទាន់មាន​ការបញ្ជាក់​ពី​កាលបរិច្ឆេទ ដំណើរការ​សាលារៀន​នៅ​ទីតាំង ដែល​ត្រូវ​ផ្អាក​ទាំងអស់​វិញ​នោះទេ​។ តាម​ការលើកឡើង​រប​ស់ ​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​បញ្ជាក់ថា​ ចំពោះមុខ​នេះ​ ក្រសួង​អប់រំ បន្ត​តាមដាន ​វាយតម្លៃ​ស្ថានការណ៍​កូ​វីដ​-១៩ ដោយ​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ និង​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​រួមទាំង​គ្រប់ភាគី​ពាក់ព័ន្ធ​។ ​ឯកឧត្តម​ ថា ក្រសួង​អប់រំ​ក្នុងខណៈ​ពេលនេះ ក៏​មិនទាន់​ឈានដល់​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​ទូទាំងប្រទេស​នោះទេ​។ ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ ក្រសួង​អប់រំ អនុវត្ត​កម្មវិធីសិក្សា​បង្រួញ ​តាមរយ​:​ការអប់រំ​បែប​ចម្រុះ​គឺ សិស្ស​រៀន​ក្នុង​ថ្នាក់​ផង រៀន​ពី​ចម្ងាយ​ផង ធ្វើ​ស្វ័យ​សិក្សា​ផង ​អមដោយ​សន្លឹក​កិច្ចការ និង​មេរៀន​សង្ខេប​។ សម្រាប់​ការ​បង្រៀន​តាម​អន​ឡាញ ​និង​ការ​បង្រៀន​ពី​ចម្ងាយ​នេះ ក៏មាន​ការចាក់ផ្សាយ​ជាប្រចាំ​ថ្ងៃ​តាម​រយៈ ទ​ទក​២ App និង​App​ វិស័យ​ឯកជន ដែល​អាច​បន្ត​ឲ្យ​មានការ​រៀន និង​បង្រៀន​នៅ​ទីក្រុង និង​ជនបទ​ទូទាំង​២៥​ខេត្ត រាជធានី ទន្ទឹម​ការចូលរួម ​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​។ សិស្ស​ថ្នាក់​ទី​១២ ក៏​អាច​រៀន​សូត្រ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ក្រសួង​អប់រំ ​យុវជន និង​កីឡា​នូវ​មាតិកា អប់រំ ជា វីដេអូ មាន ចំនួន ១ ០០០ វីដេអូ លើ ៩ មុខវិជ្ជា រួមមាន ​គណិតវិទ្យា អក្សរសាស្ត្រ ខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌ ពលរដ្ឋ វិជ្ជា ​ផែនដីវិទ្យា ដែល ដកស្រង់ ចេញពី សៀវភៅ សិក្សា គោល ថ្នាក់ ទី ១២​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​រប​ស់ អ្នកនាំពាក្យ​ក្រសួង​អប់រំ​៕​អត្ថបទ​៖ គឹម​ហុក

រដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន ចំពោះអាពាហ៍ពិពាហ៍ និងជួបជុំនានា

2021/04/27 02:59:58 am        157
ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់រដ្ឋបាលរាជ​ធានី-ខេត្តទាំងអស់ ធ្វើការពិចារណាចំពោះការឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីសាសនា និងពិធីជប់លៀងផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលមានលក្ខណៈប្រមូលផ្តុំគ្នាច្រើន លើកលែងតែបុណ្យសព រដ្ឋបាលរាជធានី-ខេត្តទាំង២៥​ បានសម្រេចឲ្យមានការផ្អាក​ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតចូល ក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី-ខេត្ត២៥ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ស្តីពី ការផ្អាក​ជាបណ្តោះអាសន្ន​នូវ​​ពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរាជធានី-ខេត្តទាំងអស់ បានឲ្យថា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ រដ្ឋបាលរាជធានីខេត្តទាំអស់ បានអំពាវនាវដល់បងប្អូនទាំងអស់ ចូលរួមអនុវត្តដោយស្មារតីយោគយល់ អាធ្យាស្រ័យខ្ពស់បំផុត នូវវិធានការបិទសកម្មភាពសង្គមមួយចំនួន ដែលស្របទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ បានអំពាវនាវឲ្យបងប្អូនត្រូវ«ផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំពិធី​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធីជួបជុំ សិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈនៅក្នុងរាជធានី-ខេត្តនោះ»។សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី-ខេត្តដដែល បានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ បែបប្រពៃណីក្នុងរង្វង់មូលគ្រួសារ និងពិធីបុណ្យសព ដែលពុំអាចលើកពេលបាន ម្ចាស់កម្មវិធីត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរ​មូលដ្ឋាន ជាមួយនឹងការ-អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ«៣ការពារ និង៣កុំ»របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានោះដែរ រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានព្រមានក្នុងករណីប្រសិនបើម្ចាស់កម្មវិធីណា មួយមិនចូលរួមសហការ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចុះបិទកម្មវិធីនោះជាបន្ទាន់ ដោយមិនទទួលខុសត្រូវរាល់ការខាតបង់ឡើង ហើយមួយវិញទៀត ត្រូវចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបំពាន និងមិនព្រមផ្តល់កិច្ចសហការ ក្នុងការទប់ស្កាត់​ការរីករាលនៃជំងឺកូវីដ១៩ តាមខ្លឹមសារដូចដែលបានជួនដំណឹងនេះផងដែរ។តាមរយៈសេចក្តីជូនដំណឹងនេះដែរ រដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ត្រូវចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវផងដែរ៕

រោងចក្រ​កាត់ដេរ​ពង្រឹង​បន្ថែម​ការអនុវត្ត​វិធាន​សុខាភិបាល ​ខណៈ​មិន​អាច​ប្តូរ​វេន​ ធ្វើការ​របស់​កម្មករ​រោងចក្រ

2021/04/27 02:59:58 am        146
ភ្នំពេញ ៖ ក្រោយ​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចៀសវាង​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ និង​ស្នើ​បុគ្គលិក​ឱ្យធ្វើ​ការ​នៅផ្ទះ​តាម​អន​ឡាញ ​និង​មានការ​ឆ្លាស់​វេន​គ្នា​ជាប្រចាំ​។ សម្រាប់​រោងចក្រ ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ ​គិត​មកដល់ពេលនេះ​ពុំ​ទាន់​ឃើញ​មានការ​អនុវត្ត​បានទេ មូលហេតុ​ដោយសារ​ការងារ​ទាមទារ​ឱ្យ​ចូលរួម​ទាំង​អស់គ្នា​ជា​ចាំបាច់​។ឯកឧត្តម អ៊ុក ចាន់ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១១​ មីនា ឆ្នាំ​២០២១​នេះ មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា ទោះបីជា​មិនមាន​ ការចូលរួម​ធ្វើ​ការងារ​ឆ្លាស់​វេន​យ៉ាង​ណាក្តី ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​អនុវត្ត​និង​គោរព​តាម​ការ​ណែនាំ​ របស់​រដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ ​ដូចជា រក្សា​គម្លាត ​ពាក់​ម៉ាស និង​លាង​សម្អាត​ដៃ​ ជាប្រចាំ​ដើម្បី​ចៀស​ផុត​ពី​ការឆ្លង ​ជំងឺ​កូ​វីដ​១៩​។​អ្នកនាង សុឃឿន រដ្ឋបាល​រោងចក្រ​កាត់ដេរ នៃ​ក្រុមហ៊ុន វ៉ា​យ​អិ​ម​ស៊ី (YMC) ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ​បានឱ្យដឹងថា សម្រាប់​រោងចក្រ​នេះ​មិន​មាន​ការ​ផ្លាស់ប្តូរ​វេន​គ្នា​ធ្វើការ​ទេ ​ដោយសារ​រោងចក្រ ​អត់​សូវ​មាន​កម្មករ​ច្រើន ​ប៉ុន្តែ​ខាង​រោងចក្រ​មានការ​ប្តូរវេន​​ទៅលើ​ការ​ញុំបាយ​ទៅដល់់​កម្មករនិយោជិត​។ស្រដៀង​គ្នា​នេះ លោក សឿន រ៉ាវុធ ប្រធាន​រដ្ឋបាល​រោងចក្រ ខៃ​ណេង ​ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឱ្យដឹង​ដែរ​ថា ទាក់ទង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ គឺ​យើង​នៅតែ​បន្ត​តាំងពីដើម​រហូតមក ​ដោយ​អនុវត្តន៍​ទូទៅ​ដូចជា​ ការ​វ៉ាស់​កម្តៅ ​ឱ្យ​កម្មករ​ពាក់​ម៉ាស ​មុននឹង​អនុញ្ញាត​ឱ្យ​ចូលធ្វើ និង​បាញ់​អាល់កុល​ជាដើម​ដែល​ជា​ការងារ​ប្រចាំថ្ងៃ ប៉ុន្តែ​បើ​ចំពោះ​ការងារ​ផ្លាស់ប្ដូរ​វេន ​យើង​មិនអាច​ធ្វើបាន​ ដោយសារ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​។ពាក់ព័ន្ធ​នឹង​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩ ​នៅតាម​រោងចក្រ សហគ្រាស ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ម្ចាស់ ​នាយក​រោងចក្រ សហគ្រាស និង​កម្មករ​និយោជិត​ទាំងអស់ ត្រូវ​រឹត​បន្តឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ ជាពិសេស​វិធានការ​ ៣​ការពារ (​ការពាក់​ម៉ាស​, ការ​លាងដៃ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​) និង​វិធានការ ៣​កុំ (​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ ​ចូល​ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​, កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​ដែល​មិន​ដឹង​ប្រភព​ច្បាស់លាស់ និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់​ដៃគ្នា​)​។ និង​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅ​ក្រសួងសុខាភិបាល​ជាបន្ទាន់ ​ក្នុងករណី​មាន​រោគសញ្ញា​សង្ស័យ​ណា ​មួយ​កើតឡើង ចំពោះ​កម្មករ​និយោជិត​របស់​។​ល​៕​អត្ថបទ​៖ បូរ៉ា​វី​

អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ ​អនុញ្ញាត​ឱ្យ​កន្លែង​ច​ត្ដា​ឡី​ស័ក​ ២ទីតាំង​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ

2021/04/27 02:59:58 am        177
​ព្រះសីហនុ ៖ រហូតមកដល់​សប្ដាហ៍​ទី​៣​នេះ ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះសីហនុ ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ជាសះស្បើយ​ជិត ៣០​នាក់ ​ដោយ​យល់​ឃើញថា ​ស្ថានភាព​បាន​ប្រសើរ​បន្តិច​នោះ ​ពិសេស​ដោយ​ការ​យក​សំណាក​វិភាគ ​ចំនួន​ពីរលើក​នៅ​ទីតាំង​ច​ត្ដា​ឡី​ស័ក​ ទាំងពីរ​កន្លែង មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ​ទើប​អាជ្ញាធរ​ខេត្ដ​ បានសម្រេច​បិទ​បញ្ចប់​ ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក​ទីតាំង​ទាំងពីរ ហើយ​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ​។នៅ​ថ្ងៃទី​១២ ខែមីនា​នេះ អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ ​លោក ឃាង ភារ​ម្យ ​បានលើកឡើង​ថា រហូតមកដល់​សប្ដាហ៍​ទី​៣​នេះ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះសីហនុ ​បាន​ព្យាបាល​ជា​សះ ​ស្បើយ​អ្នកជំងឺ​កូ​វីដ​-១៩​ បាន ២៨​នាក់ ​ដោយ​យល់ ​ឃើញថា​ ស្ថានភាព​បាន​ប្រសើរ​បន្តិច​នោះ ពិសេស​ដោយ​ការ​យក​សំណាក​វិភាគ​ទាំងពីរ​លើក​នៅ​ទីតាំង​ច​ត្ដា​ឡី​ស័ក​ ទាំងពីរ មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ​ទើប​អាជ្ញាធរ​ខេត្ដ ​បានសម្រេច​បិទ​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក ​ទីតាំងពីរ​នេះ ហើយ​អនុញ្ញាត ឱ្យ​ដំណើរការ​ឡើងវិញ​អាជីវកម្ម​របស់​សណ្ឋាគារ​ កាស៊ីណូ ជីន​ស៊ី​កួយ​ជូ (​ជីន​ប៉ី​២) និង​សណ្ឋាគារ ​ហ័ង ហ្គ័​ន​ជា​យឺ​ ដែល​ស្ថិត ​នៅក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ «៣​ការពារ និង​៣​កុំ​» របស់ ​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សេចក្តីណែនាំ​របស់​ក្រសួង សុខាភិបាល​។លោក បន្ដថា ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះសីហនុ បាន​ប្រតិបត្តិ​ការ​យក​សំណាក​តាម​គោលដៅ​ជាង​ ១​ម៉ឺន​នាក់ ស្រី​ជាង ៤​ពាន់​នាក់ បាន​រក​ឃើញ​អ្នក​វិជ្ជមាន សរុប​ចំនួន ១៣២​នាក់​ ស្រី ៥៣​នាក់ (​ចិន ១១៦​នាក់​ ស្រី​៤៣​នាក់ ស្ត្រី​វៀតណាម ៦​នាក់ ​និង​ខ្មែរ ១០​នាក់ ស្រី​៤​នាក់​)​។ អ្នកជំងឺ​ទាំងអស់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ ខេត្ត និង​សណ្ឋាគារ​សាកាណា ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៨​នាក់​ ស្រី​៦​នាក់ (​បុរស​ខ្មែរ​៣​នាក់ ​ចិន​១៣​នាក់ និង​ស្ត្រី​វៀតណាម​១​នាក់​) ​និង​ចំនួន អ្នកជំងឺ​នៅសល់​កំពុង​សម្រាក​ព្យាបាល​ចំនួន ១០៤​នាក់​។ ​ក្រុមគ្រូពេទ្យ បាន​កំពុង មមាញឹក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៣.៦៦៩​នាក់ ស្រី ៩៦៧​នាក់​។លោក បញ្ជាក់ថា ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ អស់​រយៈពេល​ប្រមាណ ៣​សប្ដាហ៍ ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​-១៩ ត្រូវ​បាន​ក្រសួងសុខាភិបាល រក​ឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ (​វិជ្ជា​មាន​) ជា​បន្ដ​បន្ទាប់​រៀងរាល់​ថ្ងៃ​នៅ​តាម​រាជធានី​-​ខេត្ដ​មួយចំនួន ​ក្នុងនោះ ​ខេត្ដ​ព្រះសីហនុ ក៏​មាន​ទូរលេខ​គួរឱ្យ​កត់​សម្គាល់​ ផងដែរ ដែល​បានធ្វើឱ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុខុមាលភាព ​របស់​ប្រជាពលរដ្ឋ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​ខេត្ដ ​ធ្វើ​ការ​បិទ​ផ្អាក​បណ្ដោះអាសន្ន​ទីតាំង ​ពាណិជ្ជកម្ម​ជាច្រើន​កន្លែង ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​កូ​វីដ​-១៩ ​ដើម្បី​គ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​ឱ្យមាន ប្រសិទ្ធភាព​។ ​អាជ្ញាធរ​ខេត្ដ ​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​អាជីវកម្ម សេវាកម្ម​គ្រប់​ប្រភេទ​បាន​ចំនួន ១​ពាន់​កន្លែង ​បានដាក់​គោលដៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​រឹត​បន្ដឹង​ការធ្វើដំណើ​ចេញ​-​ចូល​ខេត្ត​ចំនួន ៤​កន្លែង និង​បាន​ចេញ​សេចក្តី​ជូន​ ដំណឹង​ផ្អាក​បណ្ដោះអាសន្ន​អាជីវកម្ម ​៤៦​ កន្លែង​ និង​បាន​កំណត់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​និង​បន្ត​ស្រាវជ្រាវ​ព្រមទាំង​អំពាវនាវ ​ដល់​អ្នក​ ដែល​មាន​ការ​ពាក់ព័ន្ធ​អោយ​ស្ម័គ្រចិត្ត​មក​យក​វត្ថុ​សំណាក ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​៕​អត្ថបទ ៖ គ​ង៉ ប៊ុន​ថា

ទេសរដ្ឋមន្ត្រី លី ធុជ​ ចាត់ទុក​ក្រុម​គ្រូពេទ្យ​ជា​កងទ័ព​ជួរមុខ​ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ​

2021/04/27 02:59:58 am        71
ស្វាយរៀង ​៖ ឯកឧត្តម ​​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​បាវិត បាន​ចាត់ទុក​ក្រុមគ្រូពេទ្យ ​ជា​កងទ័ព​ជួរមុខ ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ​តំណាង​លោកជំទាវ​​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ​ថ្លែង​​ក្នុង​ឱកាស​បាន​ចុះ​សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្រុង​បាវិត ​និង​ប្រគល់​សម្ភារ​ប្រើប្រាស់ ​និង​ថវិកា​មួយ​ចំនួន ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មូលដ្ឋាន​ក្រុង​បាវិត​។ឯកឧត្តម ​លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​បាវិត ​បាន​​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ កម្លាំងចិត្ត របស់​ក្រុម​គ្រូពេទ្យ ​ដែល​បាន​យកចិត្តទុកដាក់​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋ ​ជាពិសេស​ការ​ចំណាយ​ពេល​វេលា​ទាំង​យប់ទាំង​ថ្ងៃ​ ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ដែល​កំពុង​រីក​រាលដាល​យ៉ាង ខ្លាំង​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​កម្ពុជា​យើង​នេះ​។ជាមួយគ្នានេះ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​អនុវត្តន៍​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នូវ​វិធានការណ៍ ​«៣​ការពារ និង​៣​កុំ​» ឱ្យបាន​ល្អប្រសើរ ​ជៀសវាង​ការ​ឆ្លង​ពី​ជំងឺ​កូ​វីដ​-១៩​។​​ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម ​ ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្ម​ភាព​ កំចាត់មីន​កម្ពុជា​, សមាគម ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​, លោក ហែម ហេ​ម៉ា ប្រធាន​ក្រុមហ៊ុន​យក្សា​បោក​អ៊ុត ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​សម្ភារៈ ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មូលដ្ឋាន​ក្រុង​បាវិត ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ ​និង​កងកម្លាំងប្រដាប់អាវុធ​៕

កងទ័ព​ត្រៀម​បម្រុង​កម្លាំង​ពេទ្យ​ជាង​៣​រយ​នាក់​ បន្ថែម​ចូលរួម​ការ​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩

2021/04/27 02:59:58 am        310
ភ្នំពេញ ៖ ​ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ​បាន​បញ្ជា​ឲ្យ​ត្រៀម​កង កម្លាំង​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត របស់​កងទ័ព ចំនួន​៣៥០​នាក់​បន្ថែមទៀត ​សម្រាប់​ចូលរួម​ប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំង​ នឹង​កូ​វីដ​-១៩ ជាមួយ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។បទបញ្ជា ស្តីពី​ការប្រើប្រាស់​កម្លាំង​ក្រុមគ្រូពេទ្យ នៃ​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ត្រៀម​ចូលរួម ប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ ជាមួយ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃ ទី​១១ ខែមីនា នេះ បាន​លើកឡើងថា មេបញ្ជាការ​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ​ បណ្តា​ស្ថាប័ន និង​កង​ឯក ភាព​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​ត្រៀម​រៀបចំ​កម្លាំង​ពេទ្យ​ ជា​កម្លាំង​ត្រៀម​បម្រុង​របស់​រាជរដ្ឋាភិបាល ដើម្បី ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ក្រុម​គ្រូពេទ្យ ​របស់​ក្រសួងសុខាភិបាល ​ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់​កូ​វីដ​១៩ ​ក្រោម​ការដឹកនាំ​បញ្ជា​របស់​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេ​បញ្ជាការរង នៃ​កង​យោធពល​ខេ​មរ​ភូ មិ​ន្ទ ​មេបញ្ជាការ​កងទ័ពជើងគោក ​និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ នឹង​កូ​វីដ​១៩​។យោងតាម​បទបញ្ជា របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​កម្លាំង​ជា បន្ទាន់ ដោយមាន​ចំនួន​១៧​ក្រុម ស្មើនឹង​៣៥០​នាក់ ដែល​មកពី​តាម​បញ្ជាការដ្ឋាន​ ទ័ពជើងគោក ទឹក អាកាស យោធភូមិភាគ​ទី​៣ ក​ងពល​អន្តរាគមន៍​លេខ​១ បញ្ជាការដ្ឋាន​វិស្វកម្ម ​និង​វិទ្យាស្ថាន​សុខាភិបាល ​របស់​ក្រសួងការពារជាតិ​ជាដើម​។ជាមួយគ្នា​នោះដែរ តាម​បទបញ្ជា​ខាងលើនេះ ​បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ​ក្រុមគ្រូពេទ្យ ​ដែលជា កងកម្លាំង នៃ​កង​យោធពល​ខេមរភូមិន្ទ​ទាំងនោះ ​គឺ​សុទ្ធ​តែជា​ពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​រួចរាល់ គ្រប់​តាម​ការកំណត់ និង​មាន​សុខភាព​ល្អ ហើយ​ក្រុមគ្រូពេទ្យ​ទាំងនោះ​ នឹង​ត្រូវ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ជំនាញ​ច្បាស់លាស់​តាម​ស្តង់ដារ បំពាក់​សម្ភារ​សម្រាប់​ប្រតិបត្តិការ ​និង​ត្រូវ​បាន​ចូលរួម​សាកល្បង​ការងារ​ ជាមួយ​ក្រុម​គ្រូពេទ្យ​ក្រសួងសុខាភិបាល មុននឹង​ចូល​ធ្វើ​ប្រតិបត្តិ​ការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ ព្រមទាំង​ទទួល បាន​នូវ​របប​បំប៉ន​ឧបត្ថម្ភ​ដូច​ក្រុម​គ្រូពេទ្យ​ស៊ីវិល​ផងដែរ​។នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជា​ឲ្យ​កងឯកភាព​ផ្សេងៗ​ទៀត ​ចាំបាច់​ត្រូវ​ត្រៀម​កម្លាំង ពេទ្យ របស់​អង្គភាព​ខ្លួន​ផងដែរ ​ដើម្បី​ត្រៀម​ចូលរួម​អនុវត្ត​ភារកិច្ច​បន្តវេន ​ក្រោយពី​មាន​បទបញ្ជា ហើយ​បទ បញ្ជា​នេះ គឺ​នឹង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​បំផុត​ផងដែរ​៕​អត្ថបទ​៖ បាន ចក់

ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​រោង​ចក្រ​ទាំង​អស់​ ត្រៀម​លក្ខណៈ​សម្បត្តិ​ អនុវត្ត​ប្រាក់​ខែ​១៨២​ដុល្លារ​និង​បើក​២​សប្តាហ៍​ម្តង​ឱ្យ​បាន​ទៀងទាត់​

2021/04/27 02:59:58 am        18
កណ្ដាល​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​បាន​អំពាវ​នាវ​ទៅ​​រោងចក្រ សហគ្រាស​ទាំងអស់​ដែល​កំពុង​អនុវត្ត​ប្រាក់​បៀវត្ស​កម្មករ ​១៧០​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​ ត្រូវ​ត្រៀម​លក្ខណៈស​ម្បត្តិ​អនុវត្ត​ប្រាក់បៀវត្ស​១៨២​ដុល្លារ​ និង​បើក​២​សប្តាហ៍​ម្តង​ឱ្យ​បាន​ទៀង​ទាត់​នៅ​ខែ​មករា​ដើម​ឆ្នាំ២​០១៩ ​ខាង​មុខ​នេះ។​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ធ្វើ​ការ​អំពាវនាវ​បែប​នេះ ​ខណៈ​សម្តេច​បាន​អញ្ជើញ​បន្ត​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ ​និយោជិត​ ប្រមាណ​ជិត​២​ម៉ឺន​នាក់​ មក​ពី​រោង​ចក្រ ​សហគ្រាស ​ចំនួន​១២ ​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ នា​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​នេះ។​សម្តេច​បាន​មាន​ប្រសាសន៍​ថា​ នៅ​សល់​តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ​ប្រាក់បៀវត្ស​កម្មករ​ ចំនួន ​១៨២​ដុល្លារ ​នឹង​ត្រូវ​អនុវត្ត​ និង​ត្រូវ​បើក​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ម្តង​ ហើយ​សម្តេច​ក៏​បាន​អំពាវ​នាវ​ឱ្យ​គ្រប់​បណ្តា​រោង​ចក្រ ​សហគ្រាស​ទាំងអស់​ក៏ដូច​ជាស្ថាប័ន​រដ្ឋ​ និង​វិស័យ​ឯក​ជ​ន​ដទៃ​ទៀត ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ ​អនុវត្ត​ឱ្យ​បាន​ល្អ ​កុំ​ឱ្យ​មាន​ការ​រអាក់​រអួល​។កម្មករ​ កម្មការិនី ​បាន​បង្ហាញ​ការ​សប្បាយ​រីករាយ ​ដែល​នឹង​ការ​ទទួល​បាន​ប្រាក់​បៀវត្ស​កើន​នៅ​ដើម​ឆ្នាំ​២០១៩​ខាង​មុខ​ និង​បាន​សាទរ ​នឹង​គោល​នយោបាយ​បើក​ប្រាក់​ខែ​ជូនក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ម្តង​។ក្នុង​ពិធី​សំណេះ​សំណាល​នេះ សម្តេច​តេជោ ​ក៏​យក​ឱកាស ​បង្ហាញ​នូវការ​ប្រៀបធៀបនៃ​ប្រាក់​បៀវត្ស​កម្មករ នៅតាម​បណ្តាប្រ​ទេស​ជា​ច្រើន​ក្នុង​តំបន់​ដែល​នៅមា​ន​ចំនួន​តិច​ជាង​យើង​នៅ​ឡើយ​។ ទោះជា​យ៉ាងណា សម្តេច​នៅតែមាន​មហិច្ឆតា​ ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាក់​បៀវត្សរ​បស់​កម្មករ​យើង​ឡើង​ដល់​២៤០​ដុល្លារ​ក្នុង​១​ខែ ​ដោយ​រដ្ឋ​បាន​ការ​គិត​គូរ​ ត្រៀម​ថវិកា​ប្រមាណ​៨០លាន​ដុល្លា​រថែម​ទៀត ​សម្រាប់​ប៉ះ​ប៉ូវ​ទៅលើ​ការ​បញ្ចុះ​តម្លៃ​អគ្កិសនី ​ដើម្បី​ឱ្យមា​ន​ការ​តម្លើង​ប្រាក់​​បៀវត្សនេះ​បាន​ឡើង​​ដល់​២៤០ដុល្លារ​នៅពេ​លណាមួយ។ សម្តេច​បាន​រម្លឹក​ថា ​គ្រាន់​តែ​២​ឆ្នាំ​នេះ ​ការ​លះ​បង់​ ប៉ះប៉ូវ​រប​ស់​រដ្ឋ ​ទៅលើ​ការ​បញ្ចុះថ្លៃអគ្គិសនី​ដើម្បីត​ម្លើង​ប្រាក់​បៀវត្សក​ម្មករ​នោះ ​រដ្ឋបា​ន​លះប​ង់​រហូត​ដល់​១២០​លាន​ដុល្លារ​អាមេរិក​រួច​ទៅហើ​យ៕​

សម្តេចតេ​ជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​ប្រធាន​ក្រុម​ហ៊ុន ​ហាប៊័រ​ រៀល​អ៊ី​ស្ទេត​(Harbour ​Real ​Estate)​

2021/04/27 02:59:58 am        73
ភ្នំពេញ៖ នៅវិមាន​សន្តិភាព​ ព្រឹក​ថ្ងៃច​ន្ទ ១៣​កើត​ ខែ​ផល្គុន ​ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព.ស ២៥៦២ ត្រូ​វ​នឹងថ្ងៃទី១៨​ ខែ​មីនា ឆ្នាំ​២០១៩ ​នេះ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែ​ន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បានអញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ ​លោក​ ឈិន​ ឈីវ​សុង​ (Chen Qiuxong) ​ប្រធាន​ក្រុម ​Harbour ​Real Estate។លោក Chen Qiuxong បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកបានមកកាន់ប្រទេសកម្ពុជា 5 ឆ្នាំមកហើយ ហើយបានឃើញកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនលឿន។លោក Chen បានឃើញកម្ពុជាមានសក្ដានុពល និងឱកាសវិនិយោគជាច្រើន។ ទន្ទឹមនឹងនោះ លោកបានឃើញ សម្ដេចតេជោ កំពុងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់វិនិយោគិនឱ្យចង់មកទស្សនា និងមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក Chen ក៏បានឃើញពីសកម្មភាពមនុស្សធម៌របស់សម្តេចតេជោ ដែលកំពុងជួយពលរដ្ឋក្រីក្រជាពិសេសថ្មីៗនេះ គឺសម្តេចតេជោ បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីរងគ្រោះដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ ក្រុមហ៊ុនលោកបានសម្រេចចិត្តចូលរួមផ្តល់នូវវិភាគទានមូលនិធិមួយចំនួនបន្ថែមដល់កិច្ចការដ៏សំខាន់នេះ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យ លោកប្រធានក្រុមហ៊ុន បន្តវិនិយោគនៅកម្ពុជាថែមទៀត ។ចំពោះមូលនិធិ ដែលទទួលបានគឺសម្រាប់ប្រើប្រាស់ក្នុងការជួយដល់ស្ត្រីនៅក្នុងពន្ធនាគារដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ក្រុមមេធាវីដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណាជួយដល់ស្ត្រីដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅថ្ងៃនេះ សម្តេចបានបញ្ជាក់ប្រាប់ទៅ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៍អោយរៀបចំពន្លឿនការកាត់ក្តីចំពោះអ្នកជាប់ចោទជាច្រើននាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋធនាគារដែលមកទល់ពេលនេះមិនទាន់បានកាត់ក្តីនៅឡើយ ជាពិសេសស្រ្តីក្រីក្រ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឃុំខ្លួនជនជាប់ចោទរយៈពេលយូរដោយមិនបានកាត់ក្តី គឺខុសច្បាប់៕

គម្រោង​វិនិយោគ​រោងចក្រ​ថ្មីៗ​៦​ទៀត ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត

2021/04/27 02:59:58 am        68
ភ្នំពេញ ៖ ​គម្រោង​វិនិយោគ​បើក​រោងចក្រ​ថ្មីៗ​ចំនួន​៦​ទៀតហើយ​ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ​CDC ​អនុម័ត​ជា​ស្ថាពរ ​ឲ្យ​ដំណើរការ​នៅ​កម្ពុជា ​ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ ​ដែល​សរុប​ទុន​វិនិយោគ​របស់​រោងចក្រ​ទាំង​៦ ​មាន​២២​លាន​ដុល្លារ​អាមេរិក​។តាមរយៈ Facebook ផ្លូវការ​របស់ CDC បាន​ចុះផ្សាយ​ថ្ងៃទី​១១ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​​ចុះបញ្ជី​ជា​ស្ថាពរ ​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម ​៖ទី​១ ក្រុមហ៊ុន TTHS RUBBER CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្ប ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​មាន​ទុនវិនិយោគ​ប្រមាណ ២.៧​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២២៤​កន្លែង​។ទី​២ ក្រុមហ៊ុន SAI DI HANDBAG CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វល្លិ​សរ ​ឃុំ​វល្លិ​សរ​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ​មាន​ទុន​វិនិយោគ​ប្រមាណ ៤.៥​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១,២៧៥​កន្លែង​។ទី​៣​ក្រុមហ៊ុន GARCHI HUNG CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុន​វិនិយោគ​ប្រមាណ ២.៦​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​៩២៤​កន្លែង​។ទី​៤​ក្រុមហ៊ុន KAMFOR RECYCLE PULP AND PAPER CO., LTD. ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង​ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ​មាន​ទុន​វិនិយោគ​ប្រមាណ ៥.១​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៨២​កន្លែង​។ទី​៥ WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ គី​ទ្បូ​ម៉ែត្រ​លេខ​២៧ ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ ​២.២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០២​កន្លែង​និង ទី​៦​ ក្រុមហ៊ុន KIRIROM FOOD PRODUCTION (K.F.P) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​មាន​ទុន​វិនិយោគ​ប្រមាណ ​៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៦៧​កន្លែង​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះមហាក្សត្របានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣
07/21/2025 08:07 AM
ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម
07/20/2025 05:07 PM
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
07/20/2025 04:07 PM
លោក Trump ទទូចថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបំផ្លាញស្របពេលមានរបាយការណ៍មួយចំនួនថាបានរួចផុតពីការបំផ្លាញ
07/20/2025 03:07 PM
ពលរដ្ឋជប៉ុនបោះឆ្នោតក្នុងការសាកល្បងដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រី Shigeru Ishiba
07/20/2025 03:07 PM
អ្នកស្លាប់ក្នុងជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូងសប្តាហ៍នេះ កើនឡើងដល់១៤ នាក់
07/20/2025 03:07 PM
ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងប្រទេសប៉ូឡូញ
07/20/2025 03:07 PM