គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ស​.​ស​.​យ​.​ក និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) រួមគ្នា​ដំឡើង​ប៉ម​ចម្រោះ​ទឹក​ស្អាត​ថ្មី​មួយទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ​

2021/04/27 02:59:58 am        14
កំពង់ស្ពឺ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ពិធី​សម្ពោធ​គម្រោង «AquaTower-AquaSan ឬ​ប៉ម​ចម្រោះ​ទឹកស្អាត​ស្វ័យប្រវត្តិ &​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​» នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣០ កញ្ញា ២០២០​។​​គម្រោង​នេះ មាន​ទិសដៅ​ផ្តោត​សំខាន់​លើ​ការ​បង្កើន និង​ពង្រឹង​សុខមាលភាព​របស់​ប្រជា​សហគម​កម្ពុជា ដោយ​ចាប់​ផ្តើម​ពី​ការប្រើប្រាស់​ទឹកស្អាត​មាន​សុវត្ថិភាព និង​បន្ទប់​ទឹកស្អាត​ក្នុង​សាលារៀន​។ ប៉ម​ចម្រោះ​ទឹកស្អាត​មួយ​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​ទឹកស្អាត​បាន​ជាង ១០០០ លីត្រ​ក្នុង​មួយ​ម៉ោង មាន​សុវត្ថិភាព​អាច​ទទួលទាន​បាន​ភ្លាមៗ​។ប៉ម​ចម្រោះ​ទឹក​នេះ បំពាក់​ដោយ​ប្រព័ន្ធ​ចម្រោះ Ultra-Filtration technology របស់​សហរដ្ឋអាមេរិក និង​ផ្គុំ​ដោយ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ចំនួន ០​៦ប្រព័ន្ធ​អនាម័យ​សាប៊ូ​លាងដៃ​ចំនួន ៣ ក៏ដូចជា​ម៉ាស៊ីន​បាញ់​ជម្រះ​បន្ទប់ទឹក​ហៅថា AquaSan ដើរ​ដោយ​បន្ទះ​សូ​ឡា ដែល​នឹង​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការសំអាត​បន្ទប់ទឹក ស្របតាម​គោលដៅ​របស់​សាលា ដើម្បី​អនុវត្តន៍​បន្ទប់​ស្អាត សាលារៀន​គំរូ​។ អង្គការ​មូលនិធិ Planet Water នឹងធ្វើ​លំហែ​ទាំ​រយៈពេល ៥ ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ដំឡើង ​ដោយ​ផ្តោតទៅលើ​ការត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ទឹក ។​​​ក្នុង​ពិធី​សម្ពោធ​ប៉ម​ចម្រោះ​ទឹកស្អាត​នេះដែរ លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន បាន​មានប្រសាសន៍ថា «​គម្រោង​នេះ គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អាទិ​ភាពជា​សកល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ក្រោម​គម្រោង​ឈ្មោះថា «​ការគ្រប់គ្រង​ទឹក ឬ Water Stewardship» ដែលមាន​ឆន្ទៈ​ព្រមជាមួយ​ការប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​គោលដៅ​ចម្បង ៣ គឺសន្សំសំចៃ​ទឹក​ក្នុង​ផលិតកម្ម ធ្វើ​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​កខ្វក់​មុននឹង​បង្ហូរ​បញ្ចេញ​ទៅ​ស្ទឹង​បឹងបួ និង​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​សហគមន៍​វិញ​នូវ​តំណក់​ទឹកស្អាត​មាន​សុវត្ថិភាព​អាច​ពិសា​បាន​ភ្លាមៗ ដែល​ស្មើនឹង​ចំនួន​តំណក់ទឹក​ដែល​យើង​បាន​ប្រើប្រាស់​ក្នុង​ការផលិត​ភេសជ្ជៈ​របស់​យើង​។ ក្រុមហ៊ុន មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុង​គម្រោង​នេះ ហើយ​យើង​នៅមាន​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១ គ្រឿង​ទៀត ដែល​បាន​ត្រៀម​រួចជាស្រេច​សម្រាប់​ដំឡើង​ក្នុង​ខេត្ត​កំពង់ចាម ក្នុង​ឆ្នាំ ២០២០​នេះ​។​​​ឯកឧត្តម សំ រិទ្ធី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សូម​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស ថែរក្សា​សុខភាព​អោយបាន​ល្អ ដោយ​ទទួលទាន​ទឹកស្អាត និង​អនាម័យ ពោលគឺ​ទទួលទាន​ទឹក​ដែល​ចម្រោះ​ចេញពី​ប៉ម​Aquatower​នេះ និង​សូម​ចូលរួម​ថែរក្សា និង​កា​ពារ​ប៉ម​ចម្រោះ​ទឹក​នេះ អោយ​ដូចជា​សម្បត្តិ​ផ្ទាល់ខ្លួន​។​​​សូម​បញ្ជាក់​ផងដែរ​ថា ប៉ម​ចម្រោះ​ទឹកស្អាត Aquatower នេះ គឺជា​ប៉ម​ចម្រោះ​ទឹក​ទី​៤ ដែល​បាន​តម្លើង​នៅ​ខេត្ត​កំពង់ស្ពឺ និង​ជា​ប៉ម​ចម្រោះ​ទឹក​ទី ៣០ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ​នានា បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។តាមរយៈ​គម្រោង​នេះ ក្រុមហ៊ុន​បានផ្តល់​ទឹកស្អាត​ដល់​សហគមន៍​នូវ​បរិ​មាណទឹក​ចំនួន ៨៨ លាន លីត្រ ដល់​ប្រជា​សហគម​ប្រមាណ​ជាង ៦៩ ៨៣៧ នាក់ (​ប្រាំមួយ​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំបី​រយ​សាមសិប​ប្រាំពីរ​) រួម​ទាំង​សិស្សានុសិស្ស អ្នកគ្រូ​លោកគ្រូ នេះ​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​៕​អត្ថបទ៖ រដ្ឋា​

ឯកអគ្គរាជទូត​ជប៉ុន​ កោតសរសើរ​ចំពោះ​វិធានការ​ ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​លើ​បញ្ហា​កូ​វីដ​-១៩

2021/04/27 02:59:58 am        14
ភ្នំពេញ៖ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​កោតសរសើរ​ចំពោះ​វិធានការ​ ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​លើ​បញ្ហា​កូ​វីដ​–១៩ និង​វិធានការ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​នេះ ព្រោះថា​បាន​ជួយ​ដោះស្រាយ​ទាំង​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​។ ការ​កោតសរសើរ​នេះ បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​អ៊ិត សំហេង នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។​​ជាការ​ឆ្លើយតប លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ដោយសារ​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល រួមទាំង​កម្ពុជា​ផង​នោះ កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩ បាន​ធ្វើឱ្យ​វិស័យ​ការងារ វិស័យ​ទេសចរណ៍ និង​វិស័យ​មួយ​ចំនួនទៀត ​នៅ​កម្ពុជា​ជួបប្រទះ​នូវ​វិបត្តិ​មួយ​ចំនួន ក្នុង​នោះ ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ ដែល​មកដល់ពេលនេះ បាន​ទម្លាក់​កញ្ចប់​វិធានការ​ទី​៦​ហើយ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ជូន​កម្មករនិយោជិត និយោជក និង​ប្រជាពលរដ្ឋ ជាពិសេស​កម្មករនិយោជិត​ដែល​ព្យួរការងារ និង​បាត់បង់​ការងារ ដើម្បី​ពួកគាត់​អាច​ដោះស្រាយបាន​នូវ​បញ្ហា​ជីវភាព និង​ស្វែង​រកបាន​នូវ​ឱកាស​ការងារ​ថ្មី​។​លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ជប៉ុន​ដែល​បាន​យកចិត្តទុកដាក់​ដល់​សិក្ខាកាម និង​កម្មករ​ជំនាញ​កម្ពុជា ព្រមទាំង​អនុញ្ញាត​ឱ្យ​ចេញចូល​ជប៉ុន​តាមរយៈ​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។ តាម​គ្រោងទុក​កម្ពុជា​នឹង​បញ្ជូន​សិក្ខាកាម និង​កម្មករ​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល​រួច​ទៅ​ជប៉ុន​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ នៅពេលដែល​ភាគី​ទាំងពីរ​ឯកភាព​នូវ​មធ្យោបាយ​និង​នីតិវិធី​ក្នុងការ​ធានា​ឱ្យបាន នូវ​ការឆ្លង​វី​រ៉ុ​ស​កូ​វីដ​–១៩​៕​

គ​.​ជ​.​ប នឹង​ដាក់​ពិន័យ​ភ្នាក់ងារ​បក្ស​នយោបាយ​ណា​ដែល​មិន​គោរព​នីតិវិធី គ​.​ជ​.​ប

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​អំឡុងពេល​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នេះ ឯកឧត្តម ​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គជប​ បាន​ឲ្យ​ដឹងថា​ ចំពោះ​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​នយោបាយ​ណា​ដែល​មិន​គោរព​នីតិវិធី ​គជប​ នឹងរង​ការពិន័យ​ ឬ​ឈានដល់​ការសម្រេច​ដក​បេក្ខភាព​ភ្នាក់ងារ​តែម្តង​។នៅ​ថ្ងៃទី​២ ខែតុលា​នេះ ក៏​ថ្ងៃទី​២​នៃ​ដំណើរ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​ការចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​តាម​បណ្តា​ឃុំ​-​សង្កាត់​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១៤៩៦ ឃុំ​-​សង្កាត់​ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក ​និង​ជា​អ្នកនាំពាក្យ គជប ​បាន​ថ្លែង​ក្នុង​សម្ភាសន៍​ជាមួយ BTV នៅថ្ងៃនេះ​ថា រយៈពេល​២​ថ្ងៃ​មកនេះ ​ដំណើរ​ការចុះ​បោះឆ្នោត​បាន​ប្រកបដោយ​រលូន និង​ត្រឹមត្រូវ​ទៅតាម​ផែនការ និង​នីតិវិធី​របស់ ​គជប​ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ​មាន​គណបក្សនយោបាយ​ខ្លះ​ពុំបាន​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ទម្រង់​បែបបទ​ក្នុងនាម​ជា​ភ្នាក់ងារ​តំណាង​គណបក្ស​នយោបាយ​ចូលរួម​សង្កេតការណ៍​ចុះ​បោះឆ្នោត​ឡើយ​។ឯកឧត្តម ហង្ស ពុទ្ធា បាន​បញ្ជាក់ថា​ ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​បានស្នើ​ចូលរួម​ជា​ភ្នាក់ងារ​សង្កេតការណ៍​ចុះ​បោះឆ្នោត ​ដោយ​ក្នុងនោះ​ប្រសិន​គណបក្ស​នយោបាយ​ណា​មិន​គោរព​តាម​នីតិវិធី​របស់​ គជ​ប​ នឹងត្រូវ​រង​ការ​ពិន័យ​ជា​ប្រាក់ ឬ​ឈាន​ដល់​ការដក​បេក្ខភាព​ជា​ភ្នាក់ងារ​ចេញពី​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​។ជាមួយគ្នានេះ លោក ឈុន គីម​លាង ភ្នាក់ងារ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​សង្កាត់​ជើងឯក និង​លោកស្រី ចាន់ រស្មី ជា​ភ្នាក់ងារ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ​សង្កាត់​ដង្កោ ​បាន​លើក​ឡើងថា អំឡុង​សង្កេតការណ៍​ជា​ភ្នាក់ងារ​តំណាង​គណបក្ស​នយោបាយ​ដាច់ខាត​ត្រូវ​អនុវត្តតាម​នីតិវិធី​របស់​ គជប ​ដើម្បី​ធានា​ភាពត្រឹមត្រូវ​ និង​តម្លាភាព​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​។ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​តាម​បណ្តា​ឃុំ​សង្កាត់ មាន​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​បាន​ស្នើ​ជា​ភ្នាក់ងារ​ដើម្បី​ចូលរួម​សង្កេតការណ៍​ចុះឈ្មោះ​បោះឆ្នោត​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​លទ្ធិ​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួម​រួម​ជាតិ ​និង​គណបក្ស​យុវជន​កម្ពុជា​។សូមបញ្ជាក់ថា តាម​ការ​ប៉ាន់ស្មាន​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​របស់​ គជប ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ ​៣០​ម៉ឺន​នាក់ ដោយ​ការ​ចុះ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១​នេះ រហូតដល់​ថ្ងៃទី​១៩ ​ខែតុលា ឆ្នាំ​២០២០​៕​​អត្ថបទ​ ៖ សេក ឧ​ត្ត​ម

រាជរដ្ឋាភិបាល​កម្ពុជា​ បង្កើន​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ ​ក្នុង​រយៈពេល​៣​ឆ្នាំ​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

2021/04/27 02:59:58 am        21
ភ្នំពេញ ៖ ​ឯកឧត្តម អៀង មូលី ទេស​រដ្ឋ​មន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​អេដស៍ ​បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើន​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​៣​ឆ្នាំ​(​ឆ្នាំ​២០២១–២០២២ និង​២០២៣) ​ដើម្បី​ទិញ​ថ្នាំ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។ឯកឧត្តម អៀង មូលី បាន​ឲ្យ​ដឹង​ទៀតថា ​ការបង្កើន​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ដើម្បី​ជួយ​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​។ ​បើ​យើង​និយាយ​ពី​កំណើន​នៃ​ថវិកា​ជាតិ ក្នុង​កម្មវិធី​ប្រយុទ្ធប្រឆាំង ​នឹង​ជំងឺអេដស៍ ​មកដល់​សព្វថ្ងៃនេះ យើង​មាន​ជាង​៣០%​ ដែល​បាន​ចូលរួម ដូចនេះ​នៅ​សល់តែ​ជាង​១៦%​ទៀត​ប៉ុណ្ណោះ​ សម្រាប់​បង្កើន​ថវិកា​ទិញ​ថ្នាំ​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។​ឯកឧត្តម ទេស​រដ្ឋ​មន្រី្ត ​បាន​បញ្ជាក់​ទៀតថា ចាប់ពី​ឆ្នាំ​២០២០​ រហូតដល់​ឆ្នាំ​២០២៥ ​ឬ​ក្រោយ​ឆ្នាំ​២០២៥​ យើង​ប្ដេជ្ញា​ទប់ស្កាត់​ មិន​ឲ្យ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី ​លើស​ពី​ម្នាក់​ឡើយ​​ក្នុង​មួយថ្ងៃ (​មានន័យថា​ ៣៦០​នាក់ ក្នុង​មួយឆ្នាំ​) ចាត់ទុកថា​ជោគជ័យ​របស់​កម្ពុជា​។​ ហើយ​យើង​ក៏​មិន​ឲ្យ​មាន​អ្នក​ស្លាប់​ ដោយសារ​ជំងឺ​អេដស៍​លើស​ពី​៣​នាក់ ​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​បញ្ហា​នេះ​ យើង​នៅតែមាន​ការ​ព្រួយ​បារម្ភ ដែល​អាច​មិន​ទទួល​បាន​ជោគជ័យ​ទាំងអស់ ​ដូចដែល​កម្ពុជា​ គ្រោងទុក​នោះទេ​។​ ដោយសារ​តែ​មាន​កត្តា​ថ្មី​មួយ​ដែល​មន្ត្រី​យើង​កំពុង​ដោះស្រាយ ​យកចិត្តទុកដាក់​កែ​សម្រួល​ឡើង​។ ដែល​បច្ចុប្បន្ន​នេះ ក្នុងចំណោម​យុវវ័យ ​ដែលជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ​ពួកគាត់​មាន​អត្រា​ឆ្លង​ខ្ពស់​ជាង អត្រា​ជាតិ​។​ ព្រោះថា​អត្រា​ជាតិ ចម្លង​មាន​០.៥% តែ​យុវវ័យ​ស្រលាញ់​ភេទ​ដូចគ្នានេះ ​មាន​អត្រា​ឆ្លង​រហូតដល់​៤% និង​ចំនួន​ក៏​មាន​ច្រើន​។ ដែល​កាលពី​ឆ្នាំ​កន្លងទៅ ​មាន​មិន​ដល់​៤​ម៉ឺន​នាក់​ទេ​ ប៉ុន្តែ​សព្វថ្ងៃនេះ​ មាន​យុវវ័យ​ស្រលាញ់​ភេទ​ដូចគ្នានេះ ​មាន​រហូតដល់​៩​ម៉ឺន​នាក់ ​នេះ​ជា​កង្វល់​របស់​ម​ន្រី្ត​យើង​។ ទន្ទឹម​នឹងនោះ​ អ្វីដែល​ត្រូវ​ឆ្លើយតប​បន្ទាប់ គឺ​យើង​ខិតខំ​ឲ្យ​រាជរដ្ឋាភិបាល​ បង្កើន​ថវិកា​ទិញ​ថ្នាំ និង​បញ្ជ្រាប​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​តាម​ក្រសួង​ មន្ទីរ និង​ថ្នាក់ក្រោម​ជាតិ ​ដោយ​រុញ​ការងារ​អេដស៍​នេះ​ដល់​ថ្នាក់ឃុំ ​សង្កាត់​។ ប្រសិនបើ​អនុវត្តន៍​បាន ​នោះ​យើង​នឹង​ទទួល​បាន​ជោគជ័យ ជា​ពិសេស​គឺ​ចីរភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​ នឹង​ជំងឺអេដស៍​៕អត្ថបទ ៖ រដ្ឋា

លេខា​គណ​ខេត្តកណ្តាល ​ស្នើ​វត្ត​អារាម​ប្រុងប្រយ័ត្ន ​COVID-19 ក្នុង​ឱកាស​បុណ្យកឋិន​ទាន​ចាប់ពី​ថ្ងៃស្អែក​នេះ​

2021/04/27 02:59:58 am        14
កណ្ដាល ៖ បន្ទាប់ពី​ក្រសួង​ធម្មការ​និង​សាសនា បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​អំពី​ការរៀបចំ​បុណ្យ​កឋិនទាន ​ដោយ​នៅក្នុង​សេចក្តីណែនាំ​ក្រសួង​ក៏បាន​ណែនាំ​បណ្តា​ប្រជា​ពុទ្ធបរិស័ទ​ និង​វត្ត​អារាម អនុវត្ត​ការណែនាំ​រាជរដ្ឋាភិបាល​ទប់ស្កាត់​មេរោគ​ COVID-19​។ ព្រះ​លេខា​គណ ​ខេត្តកណ្តាល ក៏បាន​អំពាវនាវ​បណ្តា​វត្ត​អារាម​ក្នុង​ខេត្តកណ្តាល​ សូម​ពង្រឹង​អនុវត្ត​វិធានការ​ទប់ស្កាត់​COVID-19 ​ខណៈ​ក្នុងអំឡុងពេល​១​ថ្ងៃ​ ក្នុង​រយៈពេល​ជិត​១​ខែ​នេះ​ តាម​វត្ត​នានា ​នឹង​ទទួល​បាន​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ធ្វើបុណ្យ​ដង្ហែ​អង្គ​កឋិន​ទៅកាន់​វត្ត​។បើតាម​ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វ​ណ្ណោ ព្រះ​លេខា​គណ ​ខេត្តកណ្តាល និង​ជា​ព្រះចៅ​អធិការ​វត្ត​ប្រជុំ​នរទី ​ហៅ​វត្ត​ក្រពើ​ហារ ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល ​មាន​ថេរ​ដីកា​ នៅ​ថ្ងៃទី​២ ខែតុលា​នេះ​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ ចាប់ពី​ថ្ងៃទី​០៣ ​ខែតុលា រហូតដល់​ថ្ងៃទី​៣១ ​ខែតុលា តាម​បណ្តា​ទី​វត្ត​អា​រាម​នីមួយៗ ​នឹង គឺ​ត្រូវ​បាន​ទទួល​បានរៀបចំ​បុណ្យកឋិន​មួយថ្ងៃ​ប៉ុណ្ណោះ ​ដែល​មាន​ទទួល​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​ប្រជា​ពុទ្ធបរិស័ទ​មកពី​បណ្តា​ខេត្ត​រាជធានី​ អាច​នឹង​មាន​អ្នក​មក​ក្រៅ​ប្រទេស​នានា ​បង្ហែរ​អង្គ​កឋិន​ចូល​ទៅ​កាន់​ទីវ​ត្ត​អា​រាម​។បច្ចុប្បន្ន​បើ​ទោះ​ស្ថានភាព COVID-19 មិន​មាន​ករណី​កើត​នៅក្នុង​ប្រទេស​ ហើយ​មានតែ​ករណី​នាំចូល​មកពី​ខាងក្រៅ​ប្រទេស ​ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វ​ណ្ណោ​ មាន​ថេរ​ដីកា​អំពាវនាវ​អោយ​បណ្តា​វត្ត​អា​រាម ត្រូវ​ពង្រឹង​វិធានការ​ប្រុងប្រយ័ត្ន​មេរោគ​ COVID-19 និង​ជំងឺ​ផ្ដាសាយ​នានា​ទៀត ​ជាពិសេស​គឺ​ត្រូវ​រៀបចំ​កន្លែង​វាស់​កំដៅ​ ពាក់​ម៉ាស់​អោយ​បាន​គ្រប់ៗ​គ្នា ​ចូល​វត្ត​ត្រូវ​រក្សា​គម្លាត ​ត្រូវ​កន្លែង​អង្គុយ និង​ត្រូវ​ឧស្សាហ៍​លាងដៃ​ទឹក​សាប៊ូ អាកុល​ជែ​ល​ជាដើម​។សូមបញ្ជាក់ថា បើ​តាម​សេចក្តី​ជូន​ណែនាំ​របស់​ក្រសួង​ធម្មការ ​និង​សាសនា​ស្តីពី​ការរៀបចំ​បុណ្យ​កឋិន​នេះ ក្រៅពី​ការ​អំពាវ​នាវ​ ឲ្យ​​អនុវត្ត​វិធាន​ណែនាំ​រាជរដ្ឋាភិបាល​បង្ការ​ទប់​ស្កាត់​មេរោគ​ COVID-19 និង​អនុវត្ត​វិធាន​អនាម័យ​ក្រសួងសុខាភិបាល​ផងដែរ​នោះ​ បណ្តា​ទាយក ទាយិកា​ម្ចាស់​ដើម​អង្គ​កឋិន​ត្រូវ​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ ​ចូលរួម​ដង្ហែ​អង្គ​កឋិន ​ហើយ​មិនត្រូវ​ធ្វើអំពើ​ផ្ដេសផ្ដាស ​ដូច​គប់​ដំ​ដី ដំ​ថ្ម បាចទឹក​ដាក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ​ដាក់​ទៅលើ​ក្បួន​ដង្ហែ​អង្គ​កឋិន​។ក្នុង​សេចក្តីណែនាំ​នោះ ក្រសួង​ធម្មការ ក៏បាន​ណែនាំ​អោយ​ម្ចាស់​អង្គ​កឋិន ​និង​ទាយក ​ទាយិកា ត្រូវ​ត្រួតពិនិត្យ​យានជំនិះ​ធ្វើដំណើរ​គ្រប់​ប្រភេទ​ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ​ បង្ហែរ អង្គ​កឋិន​របស់ខ្លួន​អោយ​បាន​ល្អ​ និង​ត្រូវ​ដឹក​កំណត់​ចំនួន​មនុស្ស​កុំ​អោយ​ហួស​ចំណុះ ​ជៀសវាង​គ្រោះថ្នាក់​ចំពោះ​ការ​ធ្វើដំណើរ​តាម​រថយន្ត​ និង​លិច​ទូក​កាណូត​ជាដើម​៕​អត្ថបទ ៖ ស៊ុម សុខ​ជា​

រយៈពេល​ ៩ខែស៊ី​ម៉ាក់ ​រក​ឃើញ​គ្រាប់មីន ​និង​សំណល់​គ្រឿងផ្ទុះ​ជិត​៣ម៉ឺន​គ្រាប់​

2021/04/27 02:59:58 am        14
សៀមរាប ៖ ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ ​បាន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​បោស​សំអាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​ ២០២០​នេះ ​ដើម្បី​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​២០២១ ​។​ ការបង្ហាញ​ពី​វឌ្ឍនភាព​ការងារ​ប្រតិ​ប​ត្ដិ​ការ​៩​ខែ​នេះ ធ្វើឡើង​តាមរយៈ​សិក្ខាសាលា​មួយ ​នៅ​ខេត្ដ​សៀមរាប​ នា​ថ្ងៃទី​០១​ ខែតុលា​ ម្សិលមិញនេះ ។ឯកឧត្ដម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា ចាប់ពី​ខែមករា​ ដល់​ខែកញ្ញា​ ពោល​៩​ខែ​ឆ្នាំ​២០ ២០​នេះ ​ស៊ីម៉ាក់​រំដោះ​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​ផ្ទុះ​នៅលើ​ផ្ទៃដី​ជិត​៦០​គីឡូម៉ែត្រ​ក្រឡា ​និង​រក​ឃើញ​គ្រាប់មីន​ និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង​២​ម៉ឺន​៨​ពាន់​គ្រាប់ ​ហើយ​បាន​កម្ទេច​ចោល​រួចរាល់​ជា​ស្ថាពរ​។ ​គ្រាប់មីន​និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ ភាគច្រើន​ត្រូវបាន​រកឃើញ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ​នៃ​ប្រទេសកម្ពុជា ​ដែល​សល់​ពី​អំឡុង​ពេល​កម្ពុជា​មាន​សង្គ្រាម​កាលពី​សម័យ​ឆ្នាំ​១៩៧០ ​រ​ហូតដល់​ឆ្នាំ​១៩៩៧​។​ ការរំដោះ​ផ្ទៃដី​ចេញពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​នេះ​ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៩​ដែរ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​បើទោះបី​កម្ពុជា​ជួប​វិបត្ដិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩​ ក៏ដោយ​។ជាមួយគ្នា​នោះដែរ ​ស៊ីម៉ាក់ ​បានធ្វើ​សកម្មភាព​អប់រំ​ដល់​ប្រជាពលរដ្ឋ​អោយ​បាន​យល់ដឹង​ពី​បញ្ហា​មីន ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ​នៅ​បណ្ដា​ភូមិ​គោលដៅ​របស់​អង្គការ​ស៊ីម៉ាក់​។ ស៊ីម៉ាក់​ ក៏​បាន​ហ្វឹកហ្វឺន​វិជ្ជាជីវៈ​ និង​កសាង​សមត្ថភាព​មន្ត្រី​ ព្រមទាំង​ហ្វឹកហ្វឺន ​ដល់​សុនក​ហិត​មីន សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ផ្សេង​ទទួល​បាន​ជោគជ័យ​ផងដែរ​។ឯកឧត្ដម ហេង រតនា បាន​ឲ្យ​ដឹង​បន្ដថា ក្នុងអំឡុងពេល​កម្ពុជា​ គ្មាន​ជំងឺ​កូ​វីដ-​១៩​ ក្នុង​មួយ​ឆ្នាំ​ស៊ីម៉ាក់​រុករក​ឃើញ​គ្រាប់​គ្រប់​ភេទ​ក្នុង​ចន្លោះ​ពី​៤​ម៉ឺន​គ្រាប់​ទៅ​៥​ម៉ឺន ​ហើយ​នៅក្នុង​ឆ្នាំ​២០២០​នេះ​ អាច​នឹង​រុក​រក​ឃើញ​គ្រាប់មីន​ប្រហាក់ប្រហែលគ្នា​ដែរ ​ព្រោះ​៩​ខែ​នេះ​ បាន​ជិត​៣​ម៉ឺន​គ្រាប់​ហើយ​។ឯក​ឧ​ត្ត​ម បញ្ជាក់ថា ​ការសំអាត​មីន​នេះ នៅក្នុង​អំឡុង​ជំងឺ​កូ​វីដ​១៩​នេះ​ មិនបាន​រាំងស្ទះ​ដល់​សកម្ម​ភាព​ការងារ​នោះទេ ​ប៉ុន្តែ​ក្រុមការងារ​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដែល​បណ្តាល​មកពី​ការព្រួយបារម្ភ​របស់​ម្ចាស់​ជំនួយ ​ដែល​ខ្លាច​មាន​ការ​រីក​រាលដាល​អំពី​ជំងឺ​កូ​វីដ​១៩ ​ដល់​ក្រុម​ប្រតិបត្តិ​ការ​។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី ឯកឧត្តម​ បញ្ជាក់ថា បន្ទាប់ពី​មានការ​ពន្យល់​អំពី​វិធានការ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​មេរោគ​នេះ ​ក្រុម​ម្ចាស់​ជំនួយ​ពួកគាត់​បាន​យល់ ​និង​បន្ត​គាំទ្រ​ជា​បន្តទៀត​។សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​គោលដៅ​ដោយ​យក​ឆ្នាំ​២០២៥ ​ជា​ឆ្នាំ​ដែល​កម្ពុជា លែង​មាន​ការ​គំរាមកំហែង​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​។ បើ​ទោះជា​យ៉ាង​នេះ​ក្តី ​ឯកឧត្តម​ពន្យល់ថា ​លែង​មាន​ការ​គំរាមកំហែង​ដោយ​សារ​មីន ​មិនមែន​មានន័យថា ​ស៊ីម៉ាក់​បញ្ចប់​សកម្មភាព​ទេ ព្រោះ​នៅ​មាន​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ទៀត​ដែល​មិន​ទាន់បាន​ដោះស្រាយ​៕អត្ថបទ ៖ ឈិ​ត សា​វី

ក្រសួងសុខាភិបាល​ កំពុង​បន្ត​ស្វែងរក​អ្នក​ប៉ះពាល់​ស្ត្រី​ម្នាក់​ ដែល​មកពី​អាមេរិក​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ ​ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ប្រកាស​ស្វែងរក​អ្នកដំណើរ​ ៤០​នាក់ និង​អ្នក​ប៉ះពាល់​ផ្សេងទៀត​ជាមួយ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ រស់នៅ​ឃុំ​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មកពី​សហរដ្ឋអាមេរិក ដែល​មាន​ផ្ទុកមេរោគ​កូ​វិដ​១៩ ខណៈ​ក្រុមគ្រួសារ និង​មិត្តភ័ក្ដិ​ចំនួន​ ០៧​នាក់ ​ត្រូវ​បាន​រកឃើញ ហើយ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡ​ស័ក​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ​។​​​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​អ្នកធ្វើដំណើរ​មកពី​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន​(​តៃវ៉ាន់​) មកដល់​កម្ពុ​ជានា​ថ្ងៃទី​១៦ ខែកញ្ញា​កន្លងទៅនេះ​។ បន្ទាប់មក​នា​ថ្ងៃទី​១៩ ខែកញ្ញា​ដដែល​ស្ត្រី​រូបនេះ​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង ហើយ​ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ ដោយ​មកដល់​ថ្ងៃទី​៣០ ខែកញ្ញា​កន្លងទៅ​ត្រូវបាន​ពិនិត្យឃើញថា​ស្ត្រី​រូប​នេះ ​មាន​វិជ្ជមាន​មេរោគ​កូ​វិដ​១៩​។​​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនេះ​នាពេល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្តបាត់ដំបង​។ ដោយឡែក​អ្នក​ដែល​បាន​ប៉ះពាល់​ទាំង​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រី​នេះ​ទាំង​អ្នកធ្វើដំណើរ​តាម​យន្តហោះ​៤០​នាក់​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​យក​សំណាក​ពួកគេ​មក​ពិនិត្យ និង​ចំនួន​ប្រាំពីរ​នាក់​ដែលជា​ក្រុមគ្រួសារ និង​មិត្តភក្តិ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​​​សូមបញ្ជាក់ថា រហូតដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​នូវ​មេរោគ​កូ​វិដ​១៩ ចំនួន​២៧៨​នាក់ ដោយ​ក្នុងនោះ​ចំនួន​២៧៥​នាក់​បានជា​សះស្បើយ ហើយ​នៅសល់​បីនាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដាច់ដោយឡែក​ពីគ្នា ដោយមាន​ការយកចិត្ត​ទុកដាក់​បំផុត​ពី​សំណាក់​ក្រុម​គ្រួ​ពេទ្យ​។​​​ជាមួយគ្នា​នោះដែរ ក្រសួងសុខាភិបាល​ក៏បាន​បន្ត​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ចំពោះ​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុង​កិច្ចការពារ​មេរោគ​កូ​វិដ​១៩​នេះ ខណៈ​មេរោគ​នេះ​នៅតែ​យាយី​យើង​គ្រប់ពេលវេលា​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​នោះ​៕ ​អត្ថបទ៖ ​បាន ចក់

ទូត​អូស្ត្រាលី​ផ្ដល់​សម្ភារ​ការពារ​កូ​វីដ​-១៩ ដល់​មជ្ឈមណ្ឌល​ស្តា​កាយសម្បទា​ខេត្តព្រៃវែង និង​ក្រចេះ

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ ស្ថានទូត​អូស្ត្រាលី ក្រោម​វត្តមាន ឯកឧត្តម Pablo Kang ជា​អគ្គរាជទូត បាន​បន្ត​សកម្មភាព​នាំ​យក​នូវ​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​–១៩ ជាច្រើន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តព្រៃវែង និង​ក្រចេះ ដើម្បី​ផ្តល់ជូន​ជនពិការ​ដែល​មក​ទទួល​សេវា​។​​ឯកឧត្តម Pablo Kang អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា រួមទាំង​វត្តមាន​របស់ លោក ជួរ រតនៈ នាយក​មូលនិធិ​ជនពិការ រួម​ទាំង​មន្ត្រីជាន់ខ្ពស់​របស់​កម្ម​វិធី ACCESS និង​មន្ត្រី​ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី ៣០ កញ្ញា​និង​ថ្ងៃទី០១ ​តុលា បាន​នាំយក​នូវ​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​១៩ ជាច្រើន​ជួយ​ដល់ មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​ព្រៃវែង និង​ក្រចេះ​។ អំណោយ​ដែល​ប្រគល់ជូន​ទាំងនោះ​រួមមាន អាកុល​ចំនួន​៨១០​ដប ម៉ាស់​វះកាត់​ចំនួន​៧០​ប្រអប់ ម៉ាស់​ក្រមា​ចំនួន​៨១០​ម៉ាស់ ស្រោមដៃ​ចំនួន​៤០​ប្រអប់​។​​ក្នុង​ឱកាស​កម្មវិធី​នេះ ឯកឧត្តម Pablo Kang បានលើកឡើង​នូវ​ក្តី​សោមនស្ស​ជាមួយនឹង​សមិទ្ធិផល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​ទប់ស្កាត់​ជំងឺ​នេះ​បានល្អ​។ ឯកឧត្តម​បន្តថា ជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា រយៈពេល​កន្លងមកនេះ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា បាន​ផ្តល់នូវ​សម្ភារ​ការពារ​ជំងឺ​កូដ​១៩ ជូន​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​៣​រួចមកហើយ នៅ​ខេត្តសៀមរាប តាកែវ និង​មណ្ឌល​គៀន​ឃ្លាំង​(​ភ្នំពេញ​)​។​​សម្រាប់​ការទទួលបាន​សម្ភារ​កា​រពារ​សុវត្ថិភាព​ពី​ជំងឺ កូ​វីដ​១៩​នេះ លោក ជួរ រតនៈ នាយក​មូលនិធិ​ជនពិការ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារ​ការពារ​ទាំងនេះ ដល់​មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​កាយសម្បទា​ទាំង​២ ដែល​ពិតជា​បាន​រួម​ចំណែក​ដល់​ការរក្សា​សុវត្ថិភាព​ដល់​ជនពិការ និង​មន្ត្រី​បម្រើសេវា​។ លោក​បន្តថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២០​នេះ ដោយសារ​មាន​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ មជ្ឈមណ្ឌល​ខេត្តព្រៃវែង និង​ក្រចេះ បានផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ជូន​ជនពិការ​ចំនួន ៩៧៩​នាក់ គឺមាន​ការធ្លាក់ចុះ​ប្រមាណ​១៤%​ធៀប​នឹង​ការផ្តល់សេវា​ក្នុង​ឆ្នាំ​២០១៩​។ដោយ​អនុវត្តតាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល និង​មាន​ការជួយ​គាំទ្រ​ពី​ក្រសួង​អាណាព្យាបាល​របស់ខ្លួន មូលនិធិ​ជនពិការ​បាន​រក្សាបាន​នូវ​ការផ្តល់សេវា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ជូន​ជនពិការ តាមរយៈ​ការរៀបចំ​ឱ្យមាន​ឧបករណ៍​ការពារ ការធ្វើ​អនាម័យ​ជាប្រចាំ ការផ្តល់​ជា​ម៉ាស់​និង​ទឹក​អាកុល និង​ការណែនាំ​អប់រំ​នានា​ដល់​ជនពិការ​៕ ​អត្ថបទ​៖ ​គឹម​ហុក

រាជរដ្ឋាភិបាល កម្ចី​ឥណទាន​សម្បទាន ពី​ដៃគូ​អភិវឌ្ឍន៍​ជាង ៤៧៩ លាន​ដុល្លារ សម្រាប់​វិនិយោគ​លើ​វិស័យ​អាទិភាព​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជាង ៤៧៩ លាន ដុល្លារ​អាមេរិក ក្នុង​គោលដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ គឺជា​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​សាធារណៈ ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចិរភាព ​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​។​​​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​បាន​ចុះផ្សាយ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​បំណុល នៃ​អគ្គនាយកដ្ឋា​ន​សហប្រតិបត្តិការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជាង ៤៧៩​លានដុល្លារ​អាមេរិក ឬ​ជាង ៣ម៉ឺន​លាន​អេស​ដេ​អ៊ែរ ស្មើ​ប្រមាណ​២៥% នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត (១ ៤០០ លាន​អេស​ដេ​អ៊ែរ​) ក្នុងនោះ ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ចំនួន ៩៣% ត្រូវ​ជាង ៤៤៣ លាន​ដុល្លារ​អាមេរិក និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ចំនួន​ប្រមាណ ៧% ត្រូវ​ជាង ៣៥ លាន​ដុល្លារ​អាមេរិក​។​​​ជុំវិញ​និង​កម្ចី​ឥណទាន​សម្បទាន នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ រាជរដ្ឋាភិបាល​បាន​ដក​សាច់ប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍ យក​មកប្រើ​ប្រាស់ ​ជាក់ស្តែង សរុប​មាន​ចំនួន​ជាង ៤៤៣ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ ក្របខ័ណ្ឌ​ទ្វេភាគី មាន​ចំនួន​ប្រមាណ ៦៣% ត្រូវ​ជាង ២៨១ លាន​ដុល្លារ​អាមេរិក​, និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ចំនួន​ប្រមាណ ៣៧% ត្រូវ​ជាង ១៦២ លាន​ដុល្លារ អាមេរិក​។​​​​ក្នុង​រយៈពេល​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍ សរុប​ជាង ១៥២ លាន​ដុល្លារ ក្នុងនោះ ​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្នុងប្រទេស មាន​ចំនួន ១% ត្រូវ​នឹង ១,៦១ លាន​ដុល្លារ (​ប្រាក់​ដើម ១,៥៦ លាន​ដុល្លារ និង​ការប្រាក់ ០,០៥ លាន​ដុល្លារ​) និង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស មាន​ចំនួន​ប្រមាណ ៩៩% ត្រូវ​ជាង ១៥០ លាន​ដុល្លារ (​ប្រាក់​ដើម​ជិត ១១០ លាន​ដុល្លារ រួមជាមួយ​ការប្រាក់ និង​កម្រៃ ផ្សេងៗ​ជាង ៤០ លាន​ដុល្លារ​អាមេរិក​ផងដែរ​)​។​​​​សូម​បញ្ជាក់​ថា​ គោលដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ គឺ​សុទ្ធតែជា​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគសាធារណៈ ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម ដោយ​ក្នុង​នោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គ្របដណ្ដប់​ប្រមាណ ៩៣% និង​វិស័យ អាទិភាព​ចំពោះមុខ​ផ្សេងទៀត​ប្រមាណ ៧%​។ ជារួម​, ឥណទាន​ទាំងនេះ សុទ្ធសឹង​ជា​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម ៥៦%៕ ​អត្ថបទ ៖ សុន រ៉ា​ឌី

អាល្លឺម៉ង់ ប្រកាស​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​បន្ថែម ៧លាន​អឺរ៉ូ ដើម្បី​រួមចំណែក​ដល់​ការ​ស្តារ​សេដ្ឋ​កិច្ចកម្ពុជា​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ អាល្លឺម៉ង់​ប្រកាស​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​បន្ថែម ចំនួន​ប្រមាណ ៧​លាន​អឺរ៉ូ ដើម្បី​រួមចំណែក​គាំទ្រ​ដល់​វិធានការ​ឆ្លើយតប​បន្ទាន់ ទៅ​នឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ និង​វិធាន​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា។​​ឯកឧត្តម សៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បើក​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​នយោបាយ ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណ​សហព័ន្ធ​អាល្លឺម៉ង់ កាល​ថ្ងៃទី​៣០ ខែ កញ្ញា កន្លងទៅនេះ​, កិច្ចប្រជុំ​បានលើកឡើង​ពី​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ នៅ​ទូទាំង​សកលលោក​, និង​កិច្ច​ពិគ្រោះ​យោបល់​នា​ឆ្នាំនេះ ដែល​ត្រូវបាន​ដំណើរការ​តាម​ប្រក្រតី​កម្ម​ថ្មី ក្នុងនោះ ​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​នយោបាយ​នេះ គឺជា​យន្តការ​ពិគ្រោះ​យោបល់​ដំណាក់កាល​បញ្ចប់ នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ឆ្នាំ​២០២០ ។​​​​ក្រៅពីនេះ​, ភាគី​ទាំង​ពីរបាន​ពិភាក្សា​លើ​ទិដ្ឋភាព​សំខាន់ៗ នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា​-​អាល្លឺម៉ង់ ដោយ​ផ្តោតលើ​ប្រធានបទ​ចំនួន ៣ រួមមាន​៖ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ លើ​សង្គម​សេដ្ឋកិច្ច និង​វិធានការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​, លំហរ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​។ជុំវិញ​បញ្ហា​មួយចំនួន​នេះដែរ ភាគី​អាល្លឺម៉ង់ បានប្រកាស​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​បន្ថែម ចំនួន​ប្រមាណ ៧ លាន​អឺរ៉ូ ដើម្បី​រួមចំណែក​គាំទ្រ​ដល់​វិធានការ​ឆ្លើយតប​បន្ទាន់ ទៅនឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ និង​វិធាន​ការស្តារ​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា បន្ថែម​លើ​ការផ្តល់​ហិរញ្ញប្បទាន​ចំនួន ២,៥ លាន​អឺរ៉ូ ដែល​បាន​អនុវត្ត​កាលពី​ខែ មីនា និង​ខែ មិថុនា ឆ្នាំ​២០២០​កន្លងទៅ ។​​ ​ពាក់ព័ន្ធ​គោលដៅ​ចម្បង​នៃ​កិច្ច​ពិគ្រោះ​យោបល់​នេះដែរ ក៏បាន​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​, កម្មវិធី​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ភាគី​អាល្លឺម៉ង់ និង​សំណើ​គម្រោង​ថ្មី​ចំនួន ៦ គម្រោង ក្នុង​ទំហំ​ហិរញ្ញប្បទាន​ប្រមាណ ៣០ លាន​ដុល្លារ ដែល​ស្នើ​ដោយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ភាគី​អាល្លឺម៉ង់ ដើម្បី​ពិនិត្យ និង​អនុម័ត​ក្នុង​កិច្ចចរចា​ទ្វេភាគី ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅនា​ឆ្នាំ​២០២១ ខាងមុខ ។​​​​សូម​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ជា​តំណាង​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​ចំនួន ១០។ចំណែកឯ​ភាគី​អាល្លឺម៉ង់​ដឹកនាំ​ដោយ​លោក Klaus Supp នាយក​ទទួលបន្ទុក​កិច្ចការ​តំបន់​សម្រាប់​ប្រទេស​ចិន អាស៊ី​កណ្តាល អាស៊ី​បូព៌ា ឡាវ និង​កម្ពុជា នៃ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ (BMZ) ធ្វើឡើង​តាម​ប្រព័ន្ធ (Video Conference) និង​មានការ​ចូលរួម​ដោយផ្ទាល់​ពី ឯកឧត្តម Cristian Bargar ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM
ចក្រភពអង់គ្លេសនិរទេសជនអន្តោប្រវេសន៍ទៅបារាំង ក្រោមកិច្ចព្រមព្រៀងថ្មី «ម្នាក់ចូលម្នាក់ចេញ»
09/18/2025 08:09 PM