នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរបោះឆ្នោតប៉ាណាម៉ា ប្រកាសថា លោក Mulino ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី

2024/05/06 07:02:02 pm        162
អាជ្ញាធរបោះឆ្នោតរបស់ប្រទេសប៉ាណាម៉ា បានប្រកាសថាលោក Jose Raul Mulino ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយផ្អែកលើលទ្ធផលបឋម កាលពីថ្ងៃអាទិត្យទី៥ ខែឧសភា។ លោក Mulino ដែលជាអតីតៈរដ្ឋមន្ត្រីសន្តិសុខ បានដណ្តើជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយទទួលបានឥទ្ធិពលពីចៅហ្វាយចាស់របស់លោក គឺអតីតៈមេដឹកនាំលោក Ricardo Martinelli ដែលត្រូវបានគេចោទប្រកាន់ពីបទពុករលួយ។លោក Mulino ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះដោយទទួលបានប្រហែល ៣៤ភាគរយ នៃសន្លឹកឆ្នោតសរុបដែលមានចំនួន៩០ភាគរយ នៃសន្លឹកឆ្នោតសរុបដែលត្រូវបានរាប់។លោក Ricardo Lombana ដែលបានឈរក្នុងចំណាត់ថ្នាក់ទីពីរដោយទទួលបានសំឡេងឆ្នោតប្រហែល ២៥ភាគរយ បានសាទរចំពោះជ័យជម្នះរបស់លោក Mulino។លោក Mulino ជាអ្នកនយោបាយស្តាំនិយមគាំទ្រពាណិជ្ជកម្ម ប្រឈមមុខទៅនឹងការងារដ៏គួរឱ្យព្រួយបារម្ភ ក្នុងការជួសជុលការបែងចែងសង្គម និងដើម្បីទទួលបានមកវិញនូវភាពជឿជាក់របស់អ្នកបោះឆ្នោត ដែលខកចិត្តទៅនឹងអំពើពុករលួយផ្នែកនយោបាយ។ក្នុងចំណោមអាទិភាពកំពូលរបស់លោក គឺការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងជួបភាពតានតឹងរបស់ប្រទេសប៉ាណាម៉ា ការដោះស្រាយអំពើពុករលួយ និងការស្តារឡើងវិញកេរ្តិ៍ឈ្មោះរបស់ប្រទេស ជាទីតាំងវិនិយោគដ៏ល្អ។

ប្រធានសហភាពអឺរ៉ុប នឹងជំរុញឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ ពីចិនក្នុងជំនួបជាមួយលោក Xi Jinping

2024/05/06 05:35:07 pm        137
ប្រធានសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌើឡេយិន ( Ursula von der Leyen) បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ឧសភានេះ ថា លោកស្រីនឹងជំរុញឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ ជាមួយប្រទេសចិន ក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស។ លោកស្រី បាននិយាយនៅក្នុងសុន្ទរកថាដែលចេញផ្សាយប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីសទល់មុខគ្នារវាងលោក Xi លោកស្រី និងលោកប្រធានាធិបតីបារាំង Emmanuel Macron ថា យើងត្រូវធ្វើសកម្មភាពដើម្បីធ្វើឱ្យប្រាកដថាការប្រកួតប្រជែងមានភាពយុត្តិធម៌ និងមិនត្រូវបំភ្លៃ។ លោកស្រី បាននិយាយថាកាលពីកន្លងទៅថា លោកស្រីធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាអតុល្យភាពនាពេលបច្ចុប្បន្ននៅក្នុងការចូលដំណើរការទីផ្សារមិនមាននិរន្តរភាពទេហើយចាំបាច់ត្រូវដោះស្រាយ។គណៈកម្មការអឺរ៉ុបរបស់ស្រី Leyen ដែលជាអាជ្ញាធររបស់សហភាពអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មបានបើកការស៊ើបអង្កេតការប្រកួតប្រជែងមួយចំនួនដែលផ្តោតលើប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ទីក្រុងប៉េកាំងបានប្រតិកម្មពោពេញដោយកំហឹងចំពោះការស៊ើបអង្កេតនាពេលថ្មីៗនេះ ដោយសង្ស័យថាមានការចូលប្រើប្រាស់មិនស្មើភាពក្នុងទីផ្សារឧបករណ៍វេជ្ជសាស្ត្ររបស់ប្រទេសចិន ដោយហៅថាជាសញ្ញានៃ ការការពារនិយម របស់សហភាពអឺរ៉ុប។ចិនក៏ខឹងសម្បារចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិនសម្រាប់ទីផ្សារអឺរ៉ុបផងដែរ។ ការស៊ើបអង្កេតទីក្រុងព្រុចសែលផ្សេងទៀតបានផ្តោតលើការឧបត្ថម្ភធនរបស់ចិនសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬផ្ទាំងថាមពលសូឡា រថយន្តអគ្គិសនី (EVs) និងរថភ្លើង៕

ទីក្រុងមូស្គ៖ សមយុទ្ធរបស់ណាតូបង្ហាញថា ខ្លួនកំពុងរៀបចំសម្រាប់លទ្ធភាពជម្លោះជាមួយរុស្ស៊ី

2024/05/06 05:31:29 pm        181
អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា សមយុទ្ធយោធារយៈពេល ៤ ខែរបស់អង្គការណាតូ នៅជិតព្រំដែនរុស្ស៊ី ដែលគេស្គាល់ថា Steadfast Defender គឺជាភ័ស្តុតាងដែល សម្ព័ន្ធភាព កំពុងរៀបចំសម្រាប់លទ្ធភាពជម្លោះជាមួយរុស្ស៊ី។ អ្នកនាំពាក្យ អ្នកស្រី Maria Zakharova បានច្រានចោលការចោទប្រកាន់របស់អង្គការណាតូ កាលពីសប្តាហ៍មុនថា រុស្ស៊ីកំពុងចូលរួមក្នុងការវាយប្រហារចម្រុះលើរដ្ឋសមាជិករបស់ខ្លួន ដោយនិយាយថា នេះគឺជា «ព័ត៌មានមិនពិត»ដែលនាំឲ្យមានការយល់ច្រឡំក្នុងគោលបំណងបង្វែរអារម្មណ៍របស់ប្រជាជនពីសកម្មភាពរបស់សម្ព័ន្ធមិត្ត។អ្នកស្រី Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានតែអង្គការណាតូ ដែលបានធ្វើសង្រ្គាមកូនកាត់ជាមួយរុស្ស៊ី ដោយគាំទ្រអ៊ុយក្រែនជាមួយនឹងអាវុធ ព័ត៌មានចារកម្ម និងហិរញ្ញវត្ថុ។លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ឥឡូវនេះ សមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូចាប់តាំងពីសង្គ្រាមត្រជាក់ គឺអ្នកការពារស្ថិរភាព កំពុងធ្វើឡើងនៅជិតព្រំដែនរបស់រុស្ស៊ី។ យោងតាមសេណារីយោរបស់ពួកគេ សកម្មភាពរបស់សម្ព័ន្ធប្រឆាំងនឹងរុស្ស៊ី កំពុងត្រូវបានអនុវត្តដោយប្រើឧបករណ៍ ផ្សេងៗ រួមទាំងអាវុធចម្រុះ និងអាវុធធម្មតា។ «យើងត្រូវតែទទួលស្គាល់ថា អង្គការណាតូ កំពុងរៀបចំយ៉ាងហ្មត់ចត់សម្រាប់«ជម្លោះដែលអាចកើតមាន»ជាមួយយើង។ទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច កំពុងស្ថិតក្នុងភាពអរិភាពបំផុតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បន្ទាប់ពីជម្លោះយោធារបស់រុស្ស៊ី ចាប់ផ្តើមនៅអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។

លោក Xi Jinping លើកឡើងថាទំនាក់ទំនងរវាងចិន-បារាំង គួរតែជាគំរូសម្រាប់ពិភពលោក

2024/05/06 04:16:09 pm        243
លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា ទំនាក់ទំនងរបស់ចិន ជាមួយបារាំងគួរតែជាគំរូសម្រាប់ពិភពលោក ខណៈលោកបាទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ។មេដឹកនាំចិន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសបារាំងដើម្បីផ្សះផ្សាជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយសហភាពអឺរ៉ុប។លោក Xi និយាយថា ចិន និងបារាំង នឹងបំភ្លឺផ្លូវឆ្ពោះទៅមុខ ដោយប្រើចន្លុះប្រវត្តិសាស្ត្រ ដើម្បីបើកបង្ហាញអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងចិន-បារាំង និងកសាងគ្រឹះថ្មីដើម្បីរួមចំណែកចំពោះសន្តិភាព ស្ថិរភាពពិភពលោក និងការអភិវឌ្ឍន៍។ប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រោងជំរុញឱ្យលោក Xi កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងប្រើប្រាស់ឥទ្ធិពលរបស់លោកជាមួយរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។លោក Xi គ្រោងជួបលោក Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺសូឡា វ៉ុន ឌើ ឡេយិន (Ursula von der Leyen) នៅថ្ងៃចន្ទសប្ដាហ៍នេះ មុនពេលលោក និងលោក Macron ទៅបំពេញទស្សនកិច្ចនៅ តំបន់ជួរភ្នំ ភីរ៉េនីស (Pyrenees) នៅថ្ងៃបន្ទាប់។ លោក Xi ដែលត្រូវបានស្វាគមន៍នៅទីក្រុងប៉ារីសដោយនាយករដ្ឋមន្រ្តី ហ្កាប្រីយ៉ែល អាតាល់ (Gabriel )Attal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅពេលលោក បានទៅដល់ថាទំនាក់ទំនងរវាងចិននិងបារាំងគឺជា គំរូសម្រាប់សហគមន៍អន្តរជាតិនៃការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសដែលមានប្រព័ន្ធសង្គមផ្សេងៗគ្នា។បារាំងកំពុងគាំទ្រការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើការនាំចេញរថយន្តអគ្គិសនីរបស់ចិន ហើយកាលពីខែមករា ទីក្រុងប៉េកាំង បានបើកការស៊ើបអង្កេតលើការនាំចូលផលិតផលមានម៉ាកយីហោផលិតដោយបារាំងភាគច្រើន ជាទង្វើដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសងសឹកដាក់គ្នាទៅវិញទៅមក។សមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបជាពិសេសបារាំង និងអាល្លឺម៉ង់មានការខ្វែងគំនិតគ្នាលើអាកប្បកិរិយារបស់ពួកគេចំពោះប្រទេសចិន។ប្រភពជាច្រើននិយាយថាអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នឹងមិនចូលរួមជាមួយលោក Macron និងលោក Xi នៅទីក្រុងប៉ារីស ដោយសារតែការប្តេជ្ញាចិត្តកាលពីកន្លងទៅ៕

ក្រសួងបរិស្ថាន៖ ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព

2024/05/03 10:49:45 pm        291
ផែនទីបង្ហាញតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន ៧៣តំបន់ ដែលគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា ស្ថិតក្នុងខេត្តចំនួន២១ និងក្រុង/ស្រុកចំនួន១១១ ​បានចែកជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន​ ២១ផ្ទាំងធំៗ នៅក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីនេះថា ការផ្ទេរ​អំណាច​ឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិ​កាន់តែមាន​ប្រសិទ្ធភាព ស្របតាមវិធានការទាំង ៤ចំណុច ​ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនៅក្នុងដំណាក់កាលទី១ ​នោះគឺ ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការ​លើកលែង​ជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។ ទី២ ការសហការជាមួយគណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិឱ្យបានស្អិតរមួត​ ដែលបានកំពុងអនុវត្ត និងធ្វើឱ្យកាន់តែ​មានប្រសិទ្ធិភាព​ តាមរយៈការផ្តល់ផែនទី​ ទីតាំងតំបន់ការពារធម្មជាតិ​ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយ​ទំនាស់​លើការប្រើប្រាស់​ដីធ្លី ​និងធានាការប្រើប្រាស់​ដីក្នុងតំបន់ការពារធម្មជាតិ ឱ្យមានសុវត្ថិភាព​ទាំងដីសាធារណរបស់រដ្ឋ (តំបន់ស្នូលនិងតំបន់អភិរក្ស) ដីឯកជនរបស់រដ្ឋ (តំបន់ប្រើប្រាស់​ដោយចីរភាព) និងដីកម្មសិទ្ធិឯកជន (តំបន់សហគមន៍)។ ទី៣. សហការជាមួយ​គណៈបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ​និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក ​និងទី៤ ការជំរុញ ​ការដាំស្តាព្រៃឈើ សំដៅឱ្យមាន​ការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការទប់ស្កាត់បទល្មើស​ធនធាន​ធម្មជាតិ​របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបញ្ជារដោយផ្ទាល់ផងថា​ ត្រូវតែទប់ស្កាត់ និងបញ្ឈប់រាល់បទល្មើសធនធានធម្មជាតិ និងព្រៃឈើ ដែលជាមរតកបៃតងរបស់យើង ឱ្យខាងតែបាននិងមានប្រសិទ្ធភាពបំផុតនោះ គឺការរួមសហការគ្នាយ៉ាងជិតស្និត​ ការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកជាទៀងទាត់ និងម្យ៉ាងយើងក៏មានផែនទីជាគោលចម្បងក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធាន​ធម្មជាតិរបស់យើងទុកជាមរតកឱ្យអ្នកជំនាន់ក្រោយ។គួររម្លឹកជូនដែរថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២១រាជធានី/ខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ព្រៃវែង និងត្បូងឃ្មុំ ដែលតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន​ ៧៣តំបន់នេះ បានចែកចេញជា៧ ប្រភេទ ដោយក្នុងនោះរួមមាន៖ ឧទ្យានជាតិចំនួន ៩ឧទ្យានជាតិសមុទ្រចំនួន ២ ដែនជម្រកសត្វព្រៃចំនួន ១៨ តំបន់ការពារទេសភាពចំនួន ១៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១១ តំបន់រាមសារចំនួន ៥ និងតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៤៕

ក្រសួងបរិស្ថានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលគ្រប់គ្រង

2024/05/03 10:43:30 pm        175
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២១ខេត្ត និង១១១ក្រុង-ស្រុក។ពិធីនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាន។នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា នៅពេលដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានផែនទីតំបន់ការពារធម្មជាតិនៅក្នុងដៃ គឺងាយស្រួល កំណត់ព្រំប្រទល់​​ច្បាស់លាស់រវាងតំបន់ការពារធម្មជាតិ និងក្រៅតំបន់ការពារធម្មជាតិ។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្សព្វផ្សាយផែនទីកំណត់តំបន់​ការពារធម្មជាតិ​ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន​បានដឹង ដើម្បីជៀសវាងកុំឱ្យប្រជាពលរដ្ឋ​ប្រព្រឹត្តិបទល្មើស​នៅក្នុងតំបន់ការពារធម្មជាតិ។ជាមួយគ្នានេះ អាជ្ញាធរថ្នាក់ក្រោមជាតិ បានលើកឡើងដែរថា បន្ទាប់ពីទទួលបានផែន​ទីពីក្រសួងបរិស្ថាន ក្រុមការងារនឹងចុះទៅផ្សាយនៅមូលដ្ឋានប្រជាពលរដ្ឋ​រស់​នៅក្បែរតំបន់ការពារធម្មជាតិឱ្យពួកគេបានដឹង។ហើយផែនទីនេះ មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ក្រៅពីនេះ អាជ្ញាធរក៏​បានប្តេជ្ញាថា នឹងទប់ស្កាត់បទល្មើសផ្សេងៗ មិនឱ្យកើតមាន​នៅតំបន់ការពារធម្មជាតិ។គិតត្រឹមឆ្នាំ២០២៣ តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មានចំនួន៧៣តំបន់ គ្រប់ដណ្តប់​លើផ្ទៃដីប្រមាណ៧លាន ៤៦ពាន់ហិតា ​ស្មើនឹង៤០ភាគរយនៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្ន​តំបន់​ការពារធម្មជាតិទាំងនោះ ត្រូវបានបែងចែកដូចជា៖ ឧទ្យាជាតិ ឧទ្យាជាតិសមុទ្រ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព ​តំបន់ការពារប្រើប្រាស់ច្រើនយ៉ាង​ តំបន់រាមសារ និងតំបន់បេតិកភណ្ឌជាតិ។នេះបើតាមរបាយការណ៍ពីក្រសួងបរិស្ថាន។គួរបញ្ជាក់ដែរថា ​តំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់​ទ្រទ្រង់​ដល់វិស័យកសិកម្ម វិស័យឧស្សាហកម្ម​ និងផ្តល់ប្រភពថាមពល ដោយហេតុថា រាល់តំបន់ស្នួល ​និងតំបន់អភិរក្សទាំងអស់ គឺជាសសរ កន្លោង រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ ​និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារ​នៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ​និងប្រភពធនធានជីវៈចម្រុះដែលមាននៅក្នុងតំបន់ការពារធម្មជាតិ៕ អត្ថបទ៖ទូច សោភ័ណ 

សហភាពអឺរ៉ុប ប្រកាសកិច្ចព្រមព្រៀងជនភៀសខ្លួន ១ពាន់លានអឺរ៉ូ ជាមួយប្រទេសលីបង់

2024/05/03 09:31:58 pm        112
គណៈកម្មការអឺរ៉ុប បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុលីបង់សរុបប្រហែល មួយពាន់លានអឺរ៉ូ (១,០៧ ពាន់លានដុល្លារ) ដើម្បីបញ្ឈប់លំហូរនៃជនភៀសខ្លួនពីប្រទេសស៊ីរីដែលកំពុងរស់នៅបច្ចុប្បន្ន ចូលទៅក្នុងសហភាពអឺរ៉ុប។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងទីក្រុងបេរូត ( Beirut) កាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងនៅទីនេះជាលើកដំបូង និងសំខាន់បំផុតក្នុងការនិយាយថា សហភាពអឺរ៉ុបគាំទ្រយ៉ាងខ្លាំងដល់ប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន ហើយយើងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង» បន្ទាប់ពីពិភាក្សាមួយនាយករដ្ឋមន្ត្រីស្តីទីលោក Najib Mikati និងប្រធានាធិបតីកោះស៊ីប លោក Nikos Christodoulides។«ដើម្បីគូសបញ្ជាក់ការគាំទ្ររបស់យើង ខ្ញុំអាចប្រកាសកញ្ចប់ហិរញ្ញវត្ថុចំនួនមួយពាន់លានអឺរ៉ូសម្រាប់ប្រទេសលីបង់ដែលនឹងមាន ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៧»។លោកស្រី បាននិយាយថា៖«យើងចង់រួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសលីបង់ ជាដំបូងតាមរយៈការពង្រឹងសេវាកម្មមូលដ្ឋាន» ដោយបានចុះបញ្ជីការវិនិយោគលើវិស័យអប់រំ ការការពារសង្គម និងសុខភាព។«យើងនឹងជួយអ្នក នៅពេលអ្នកធ្វើកំណែទម្រង់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ»។«សន្តិសុខ និងស្ថិរភាព ក៏ជាគន្លឹះសម្រាប់ការវិនិយោគទាំងនេះ។ យើងនឹងគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់ និងឧត្តមសេនីយ៍ និងកងកម្លាំងសន្តិសុខផ្ទៃក្នុង។ នេះនឹងផ្តោតជាសំខាន់លើការផ្តល់ឧបករណ៍ និងការបណ្តុះបណ្តាល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការគ្រប់គ្រងព្រំដែន»។

អធិការបតីអាល្លឺម៉ង់ បានទូរស័ព្ទទៅលោក ណេតាន់យ៉ាហ៊ូ ដើម្បីនិយាយអំពីចំណាប់ថ្នូរ និងបទឈប់បាញ់ហ្កាហ្សា

2024/05/03 09:18:44 pm        198
នៅក្នុងការពិភាក្សាមួយផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បាននិយាយតាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ថ្នូរទាំងអស់ និងទទួលបានបទឈប់បាញ់។អ្នកនាំពាក្យរងអាល្លឺម៉ង់លោក Wolfgang Büchner បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកទាំងពីរ ក៏បាននិយាយអំពីការកែលម្អបន្ថែមទៀតចំពោះជំនួយមនុស្សធម៌សម្រាប់ប្រជាជន នៅតំបន់ហ្កាហ្សា ហើយព័ត៌មានលម្អិតបន្ថែម មិនត្រូវបានបង្ហាញទេ។ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល នៅទីក្រុងគែរ ក្រុមហាម៉ាសដែលបានចាប់ពង្រត់មនុស្សប្រហែល ២៥០នាក់ពីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ត្រូវបានបង្ហាញជាមួយនឹងសំណើសុំបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ ប៉ុន្តែពុំទាន់មានការឆ្លើយតបនៅឡើយ។ ចំណាប់ថ្នូរខ្លះ ត្រូវបានដោះលែងជាថ្នូរនឹងការដោះដូរមួយ ក្នុងខែវិច្ឆិកា ប៉ុន្តែគេមិនច្បាស់ថាប៉ុន្មាននាក់ដែលនៅសេសសល់ត្រូវបានឃុំឃាំង នៅមានជីវិតទេ។រហូតមកដល់ពេលនេះ អង្គការឥស្លាមនិយម បានទទូចលើការបញ្ចប់សង្រ្គាម និងការដកទ័ពអ៊ីស្រាអែល ជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ ប៉ុន្តែអ៊ីស្រាអែល បដិសេធចំពោះការទាមទារនេះ។រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបើកការវាយលុកដ៏ចម្រូងចម្រាសរបស់ខ្លួននៅទីក្រុងរ៉ាហ្វា (Rafah)ភាគខាងត្បូងជាប់ព្រំដែនជាមួយអេហ្ស៊ីប ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនោះ។សង្រ្គាមនៅតំបន់ហ្គាហ្សា ត្រូវបានបង្កឡើងដោយការសម្លាប់រង្គាលដែលមិនធ្លាប់មានពីមុនមក ដោយមនុស្សជាង ១.២០០ នាក់ ត្រូវបានសម្លាប់ដោយភេរវករហាម៉ាស និងក្រុមផ្សេងទៀត នៅក្នុងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

សហរដ្ឋអាមេរិកត្រៀមដាក់ទណ្ឌកម្មលើការផ្ទេរអាវុធ និងឥន្ធនៈ រវាងរុស្ស៊ី និងកូរ៉េខាងជើង

2024/05/03 09:03:09 pm        169
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំទណ្ឌកម្មសម្របសម្រួលប្រឆាំងនឹងការផ្ទេរអាវុធ និងប្រេងចម្រាញ់ រវាងរុស្ស៊ី និងកូរ៉េខាងជើង។យោងតាមលោក Miller សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសអូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន នូវ៉ែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងចក្រភពអង់គ្លេស ដើម្បីប្រកាសពីការដាក់ទណ្ឌកម្មសម្របសម្រួលថ្មី។រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងរបស់លោកខាងលិច ដែលថា ខ្លួនកំពុងសហការយោធាជាមួយកូរ៉េខាងជើង គឺជាការលើកឡើងមិនត្រឹមត្រូវនោះឡើយ ហើយបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងព្យុងយ៉ាងមិនសំដៅប្រឆាំងនឹងប្រទេសទី៣ ឬគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់នោះទេ។តែយ៉ាងណាក្ដី សេតវិមានបានឲ្យដឹងថា រុស្ស៊ីបានដឹកជញ្ជូនប្រេងចម្រាញ់ដោយស្ងាត់ៗទៅកូរ៉េខាងជើង ក្នុងកម្រិតដែលទំនងជាបំពានលើច្បាប់កំណត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)។ការលាតត្រដាងនេះបានកើតឡើងនៅថ្ងៃដំបូងបន្ទាប់ពីក្រុមអ្នកជំនាញរបស់ UN ដែលត្រួតពិនិត្យការអនុវត្តទណ្ឌកម្មរបស់ UN ជាយូរមកលើកូរ៉េខាងជើង សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ ត្រូវបានរំសាយក្រោយមានការវេតូរបស់រុស្ស៊ី៕

របបយោធាមីយ៉ាន់ម៉ា ហាមពួកបុរសៗមិនឲ្យដាក់ពាក្យធ្វើការ នៅក្រៅប្រទេស

2024/05/03 07:08:45 pm        149
រដ្ឋាភិបាលរបស់សហភាពមីយ៉ាន់ម៉ា បានផ្អាកការចេញលិខិតអនុញ្ញាតឲ្យពួកបុរសទៅធ្វើការ នៅក្រៅប្រទេស ដោយការសម្រេចនេះកើតមានឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសនេះបានដាក់ចេញច្បាប់កាតព្វកិច្ចយោធា ដែលនាំឲ្យមនុស្សរាប់ពាន់នាក់ព្យាយាមចាកចេញពីប្រទេស។តាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះដោយក្រុមព័ត៌មានរបស់របបយោធា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) ក្រសួងការងារបានឲ្យដឹងថា ខ្លួនបាន «ផ្អាកជាបណ្តោះអាសន្ន» មិនទទួលយកពាក្យសុំពីពួកបុរសដែលមានបំណងទៅធ្វើការនៅបរទេស។ ក្រសួងបានបន្ថែមថា វិធានការនេះ គឺដើម្បី «មានពេលវេលាបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ដំណើរការចាកចេញ និងយោងទៅតាមបញ្ហាផ្សេងទៀត»។ តែយ៉ាងណាក្ដី មិនមានការផ្ដល់ព័ត៌មានលម្អិតនោះឡើយ។គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានកាន់កាប់ប្រទេស នៅឆ្នាំ២០២១ ដោយការដណ្ដើមអំណាចនោះបង្កឲ្យមានការប្រឆាំងប្រដាប់អាវុធដ៏ធំ ដែលមកទល់ពេលនេះ ពួកយោធាមិនអាចយកឈ្នះបានឡើយ។ កាលពីខែកុម្ភៈ រដ្ឋាភិបាលយោធាបាននិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែលអនុញ្ញាតឲ្យកោះហៅបុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣៥ឆ្នាំ និងស្ត្រីដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ២៧ឆ្នាំ ដើម្បីឲ្យចូលបម្រើជួរយោធាយ៉ាងហោចណាស់ ២ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CWEA បន្តគាំទ្រភាពជោគជ័យអាជីវកម្មដែលមានស្ត្រីជាម្ចាស់ ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិ
11/06/2026 09:11 PM
តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ
11/06/2026 07:11 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
11/06/2026 07:11 PM
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា
11/06/2026 06:11 PM
មីយ៉ាន់ម៉ាគ្រោងរៀបចំការបោះឆ្នោតបំពេញ​អាសនៈ​ នៅខែមេសា រួមទាំងតំបន់មានជម្លោះផង​ដែរ
11/06/2026 06:11 PM
លោក Zelenskyy៖ អ៊ុយក្រែនត្រូវសម្របនឹងនយោបាយថ្មីរបស់​អាមេរិក និងដោះស្រាយប្រព័ន្ធ​ការពារដែនអាកាស
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
11/06/2026 06:11 PM
លោក Trum អាច​ប្រឹង​ប្រែងបញ្ចុះបញ្ចូល​កូរ៉េខាងជើង ក្រោយ​ខកចិត្ត​ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
11/06/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរ ជំរុញឱ្យអ្នកផលិតកាន់តែខំប្រឹងពង្រឹងគុណភាព
11/06/2026 06:11 PM