BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការពារជាតិអាមេរិក និងចិន ជួបគ្នាតាមទូរស័ព្ទលើកដំបូងក្នុងពេលជិត១៨ខែ

2024/04/17 01:57:13 pm        115
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោកទុង ជុន(Dong Jun)តាមវីដេអូ កាលពីថ្ងៃអង្គារទី១៦ខែមេសា សប្ដាហ៍នេះ ក្នុងការពិភាក្សាប្រកបដោយអត្ថន័យជាលើកដំបូង រវាងប្រមុខការពារជាតិរបស់មហាអំណាចពិភពលោកទាំង២ ក្នុងរយៈពេលជិត១៨ខែ។ សហរដ្ឋអាមេរិក បានកំពុងធ្វើការក្នុងកិច្ចសហប្រតិបត្តិការពង្រឹងវិស័យការពារជាតិ ជាមួយសម្ព័ន្ធរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនដែលចេះតែកើនឡើង ប៉ុន្តែក៏ចង់ រក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដែរក្នុងការទប់ស្កាត់ភាពតានតឹងកុំឲ្យរីកហួសពីការគ្រប់គ្រង។ មន្ទីរបញ្ចកោនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មន្ត្រីមកពីប្រទេសទាំង ២ បានពិភាក្សាពីទំនាក់ទំនងការពារជាតិរវាងអាមេរិកនិងចិន បញ្ហានិងសន្តិសុខទាំងក្នុងនិងក្រៅតំបន់។ លោក Austin បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តទំនាក់ទំនងបើកចំហ នៃការប្រាស្រ័យទាក់ទងគ្នាផ្នែកយោធា ទៅយោធា រវាងអាមេរិក និងចិន ក្រោយការពិភាក្សារវាងប្រទេសទាំង២ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ លោក Austin ក៏បានបញ្ជាក់ជាថ្មីផងដែរថាសហរដ្ឋអាមេរិក នឹងបន្តហោះហើរ បើកនាវា និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងទទួលខុសត្រូវ គ្រប់កន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពសេរីភាពសមុទ្រឲ្យបានខ្ពស់នៃការធ្វើនាវាចរណ៍ដែលត្រូវបានទទួលខុសត្រូវ ក្រោមច្បាប់អន្តរជាតិ ពិសេសនៅក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតបពីទីក្រុងប៉េកាំង លោក ទុង បានប្រើកិច្ចពិភាក្សានេះអំពាវនាវឲ្យកសាងទំនុកចិត្តកាន់តែប្រសើររវាងប្រទេសទាំង២ ។ យោងតាមអំណាន ក្នុងទីក្រុងប៉េកាំង លោក ទុង បានប្រាប់លោកអូស្ទីន ថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែចាប់យកសន្តិភាពជាវត្ថុមានតម្លៃបំផុត ហើយចាប់យកស្ថិរភាពជារឿងសំខាន់បំផុត៕

អាមេរិក បញ្ជាក់ជាថ្មីអំពីការព្រួយបារម្ភជុំវិញតួនាទីរបស់ចិន ក្នុងការផលិតអាវុធរបស់រុស្ស៊ី

2024/04/17 01:53:07 pm        127
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន នឹងបង្ហាញដោយផ្ទាល់នូវការព្រួយបារម្ភទៅកាន់ទីក្រុងប៉េកាំង អំពីសម្ភារៈរបស់ប្រទេសចិនដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីដើម្បីផលិតអាវុធ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហានេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។ លោក Miller បាននិយាយថា សហរដ្ឋអាមេរិកបានបង្ហាញយ៉ាងច្បាស់ដល់ប្រទេសចិនជាយូរមកហើយ នូវការព្រួយបារម្ភរបស់ខ្លួនអំពីសកម្មភាពណាមួយដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោក និយាយថា នេះរួមបញ្ចូលមិនត្រឹមតែការគាំទ្រផ្នែកយោធាដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែ វិធានការណាមួយដែលបានធ្វើឡើងដោយក្រុមហ៊ុនចិន នឹងកសាងឡើងវិញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។លោក Miller និយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក បានឃើញសម្ភារៈជាច្រើនចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រើប្រាស់ដើម្បីកសាងឡើងវិញនូវមូលដ្ឋានឧស្សាហកម្មនោះ និងផលិតអាវុធ ដែលកំពុងបង្ហាញនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបាននិយាយថា ប្រទេសចិន បានផ្តល់សម្ភារៈដល់ប្រទេសរុស្ស៊ី ដូចជាម៉ាស៊ីនទុរប៊ីន និងបច្ចេកវិទ្យាសម្រាប់មីស៊ីលតម្រង់គោលដៅ ព្រមទាំងម៉ាស៊ីនសម្រាប់យានដ្រូន។ របាយការណ៍បាននិយាយថានៅឆ្នាំ ២០២៣ ប្រហែល៩០ភាគរយនៃគ្រឿងអេឡិចត្រូនិច ដែលរុស្ស៊ីប្រើប្រាស់ដើម្បីផលិតមីស៊ីល រថក្រោះ និងយន្តហោះ ត្រូវបាននាំចូលពីប្រទេសចិន។

លោកបៃដិន និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ យល់ព្រមលើកិច្ចពិភាក្សាសម្រាប់ការដកកងទ័ពចម្រុះដឹកនាំដោយអាមេរិក

2024/04/17 01:42:28 pm        118
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden)និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មូហាម៉េដ ស៊ីដា ស៊ុដានី ( Mohamed Shia al-Sudani) បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងបន្តធ្វើការឆ្ពោះទៅរកការដកខ្លួនចេញពីក្រុមចម្រុះប្រឆាំងជីហាដដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ។កិច្ចប្រជុំរបស់ពួកគេនៅសេតវិមាន បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា បន្ទាប់ពីប្រទេសជិតខាងរបស់អ៊ីរ៉ាក់ អ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើសម្ព័ន្ធមិត្តរបស់អាមេរិក គឺអ៊ីស្រាអែល កាលពីចុងសប្តាហ៍។សម្ព័ន្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ជាឆ្នាំដែលក្រុមជីហាដ បានកាន់កាប់ជិតមួយភាគបីនៃទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ និងទឹកដីនៃប្រទេសស៊ីរីដែលនៅជិតខាង។អ៊ីរ៉ាក់បាននិងកំពុងព្យាយាមគេចចេញពីភាពតានតឹងក្នុងតំបន់ ចំពេលមានសង្រ្គាមរយៈពេល៦ខែ ដែលធ្វើឡើងដោយអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់ នៅតំបន់ហ្កា ហ្សា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល។ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ រួមទាំងមានមូលដ្ឋាននៅអ៊ីរ៉ាក់ បានចាប់ ផ្តើមការវាយប្រហារជាបន្តបន្ទាប់ទៅលើទីតាំងជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល។

បម្រាមហាមជក់បារីរបស់អង់គ្លេសសម្រាប់ក្មេងអាយុក្រោម១៥ឆ្នាំ បានឆ្លងកាត់ភាពចម្រូងចម្រាស់នៅសភាលើកដំបូង

2024/04/17 01:06:26 pm        101
ផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ក្នុងការដាក់បម្រាមអ្នកដែលមានអាយុ ១៥ឆ្នាំ និងនៅអាយុក្រោមនេះ មិនឲ្យទិញបារី បានឆ្លងកាត់ការបោះឆ្នោតនៅសភាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ ទោះបីជាសមាជិកសភាជាច្រើនរូបរបស់លោក បានបោះឆ្នោតប្រឆាំងបម្រាមនេះក៏ដោយ។ផែនការរបស់ លោក Sunak ក្នុងការដាក់ច្បាប់ប្រឆាំងការជក់បារីដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក បានធ្វើឱ្យសមាជិកមួយចំនួននៃគណបក្សអភិរក្សនិយមរបស់លោកដែលកំពុងគ្រប់គ្រងអំណាច រួមមានទាំងអតីតនាយករដ្ឋមន្ត្រី លោកស្រី លីស ត្រាស់(Liz Truss) និងលោក Boris Johnson ដែលបាននិយាយថា រដ្ឋមិនគួរជ្រៀតជ្រែកក្នុងរបៀបរស់នៅរបស់ប្រជាជននឡើយ។សេចក្តីស្នើច្បាប់នេះបានអនុម័តការបោះឆ្នោតនៅក្នុងសភារបស់ចក្រភពអង់គ្លេស ដោយសំឡេង ៣៨៣ គាំទ្រ និង ៦៧សំឡេង ប្រឆាំង ដែលមានន័យថាវានឹងឈានទៅដំណាក់កាលបន្ទាប់ក្នុងសភា ដែលអាចត្រូវធ្វើវិសោធនកម្ម។ច្បាប់នេះជាគោលនយោបាយដ៏សំខាន់មួយរបស់ លោក Sunak មុនការបោះឆ្នោតនៅចុងឆ្នាំនេះ ដែលការស្ទង់មតិបង្ហាញថា គណបក្សការងារជាគណបក្សប្រឆាំងនឹងទទួលជ័យជម្នះ។សេចក្តីស្នើច្បាប់ស្តីពីថ្នាំជក់ មានគោលបំណងរារាំងកុមារ ដែលកើតចាប់តាំងពីឆ្នាំ ២០០៩ ពីលទ្ធភាពមិនអាចទិញបារីបានដោយស្របច្បាប់ឡើយ។

ប្រទេសសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បង្ហាញការគាំទ្រម៉ិកស៊ិកក្នុងជម្លោះ ការទូតជាមួយអេក្វាឌ័រ

2024/04/17 01:03:04 pm        132
ប្រទេសសមាជិកនៃសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប (CELAC) បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសម៉ិកស៊ិកក្នុងជម្លោះផ្នែកការទូតរបស់ប្រទេសនេះជាមួយប្រទេសអេក្វាឌ័រ។ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ាញូអ៊ែល ឡូប៉េស អូប្រាឌ័រ(Andres Manuel Lopez Obrador) បានស្នើសុំសមាជិកនៃសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប (CELAC) ឱ្យគាំទ្រការទាមទាររបស់លោកប្រឆាំងប្រទេសអេក្វាឌ័រនៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការឆ្មក់ចូលដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែនេះ នៅស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងQuiti ប្រទេសអេក្វាឌ័រ។កិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានអំពាវនាវដោយប្រធានសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប(CELAC)បច្ចុប្បន្ន គឺប្រធានាធិបតីប្រទេសហុងឌុយរ៉ាស លោក ស៊ីអូម៉ូរ៉ា កាស្ត្រូ(Xiomara Castro) ដែលជួបប្រជុំមេដឹកនាំមកពីទូទាំងតំបន់។ការឆ្មក់ចូលនៅស្ថានទូតម៉ិកស៊ិកកាលពីថ្ងៃទី ៥ ខែមេសា ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រលោក Jorge Glas បានបង្កឱ្យមានការកាត់ផ្តាច់ទំនាក់ទំនងភ្លាមៗរវាងទីក្រុងម៉ិកស៊ីកូស៊ីធី និងទីក្រុងគីតូ ព្រមទាំងមានការថ្កោលទោសជាបន្តបន្ទាប់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសអេក្វាឌ័រ ក្នុងការបង្ខំចិត្តចូលទៅក្នុងអគារនោះ។ លោក Glas ត្រូវបានកាត់ទោសពីរដងរួចមកហើយពីបទពុករលួយ ហើយបច្ចុប្បន្ន កំពុងប្រឈមទៅនឹងបទចោទប្រកាន់ថ្មី ដែលលោកបានស្វែងរកការជ្រកកោននៅក្នុងស្ថានទូត ចាប់តាំងពីចុងឆ្នាំមុន។

ប្រធានគម្រោងនាវាមុជទឹករបស់កោះតៃវ៉ាន់ លាលែងពីតំណែង ប៉ុន្តែគម្រោងនៅតែដំណើរការ

2024/04/17 11:39:46 am        149
ប្រមុខអាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (១៧ មេសា) នេះថា កម្មវិធីនាវាមុជទឹកក្នុងស្រុករបស់តៃវ៉ាន់នឹងនៅតែដំណើរការដដែល បន្ទាប់ពីប្រធានកម្មវិធីបានលាលែងពីតំណែង ដោយសារតែអ្វីដែលលោកបាននិយាយថា គឺជាការវាយប្រហារដោយអយុត្តិធម៌ប្រឆាំងនឹងខ្លួន និងយោធា។កោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានធ្វើឱ្យកម្មវិធីនាវាមុជទឹកក្លាយជាផ្នែកសំខាន់នៃគម្រោងមហិច្ឆតាដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំង ធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃដើម្បីអះអាងអធិបតេយ្យភាព ដែលទីក្រុងតៃប៉ិ បដិសេធ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ លោក ហួង ស៊ូគ័ង (Huang Shu-kuang) បាននិយាយថា លោកបានលាលែងពីតំណែងជាប្រធានគម្រោងនាវាមុជទឹក ខណៈដែលលោក និងកម្មវិធីរបស់លោកត្រូវបានទទួលរងការវាយប្រហារដោយអយុត្តិធម៌ពីក្រុមមនុស្សដែលលោកមិនបញ្ចេញឈ្មោះ។ លោក ហួង បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមការងារនាវាមុជទឹក ដែលរួមមានកងទ័ពជើងទឹក និងក្រុមហ៊ុនសារជីវកម្មសាងសង់នាវា CSBC Corp នឹងនៅតែបន្តប្រតិបត្តិការ ទោះបីជាលោកចាកចេញក៏ដោយ។កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកថ្មីដំបូងរបស់ខ្លួនក្នុងចំណោមនាវាមុជទឹកប្រាំបីគ្រឿង កាលពីចុងខែកញ្ញា ទោះបីជានាវានោះនឹងមិនចូលបម្រើការទេរហូតដល់ឆ្នាំបន្ទាប់។ កម្មវិធីនេះបានទាក់ទាញអ្នកជំនាញ និងអ្នកបច្ចេកវិទ្យាពីប្រទេសជាច្រើន ដែលជាការឈានទៅមុខដ៏សំខាន់សម្រាប់កោះតៃវ៉ាន់ដ៏ឯកោខាងការទូតមួយនេះ៕

លោក Trump រិះគន់ខ្លាំងៗចៅក្រមជំនុំជម្រះក្តីថា បានបង្កជម្លោះ

2024/04/17 11:30:56 am        90
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយរិះគន់ខ្លាំងៗកាលពីថ្ងៃអង្គារ ទៅលើចៅក្រមដែលពិនិត្យការជម្រះក្តីបទព្រហ្មទណ្ឌនៅទីក្រុងញូវយ៉ក ដោយហៅលោកម្តងហើយម្តងទៀតថា «បង្កជម្លោះ» និងបាននិយាយថា លោកមិនគួរនៅទីនោះទេ។ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងខណៈលោកបានទៅធ្វើទស្សនកិច្ចនៅហាងទំនិញ Harlem ដើម្បីនិយាយទៅកាន់បុគ្គលិក និងមន្ត្រីសមាគមហាងទំនិញអំពីបទព្រហ្មទណ្ឌនេះ។ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ លោក Trump បានហៅការជំនុំជម្រះក្តីនេះថា «មិនសមហេតុផល» និងបាននិយាយថា សេចក្តីបង្គាប់ដ៏អស់សំណើចដែលដាក់មកលើលោកធ្វើឡើងដោយចៅក្រម លោក ជូអានមឺចាន(Juan Merchan) គឺ «មិនស្របតាមរដ្ឋធម្មនុញ្ញ»។លោក Trump បានបង្ហាញខ្លួននៅហាងទំនិញបន្ទាប់ពីថ្ងៃទីពីររបស់លោកនៅក្នុងតុលាការបានបញ្ចប់។ ចៅក្រមចំនួន៧រូបដំបូងត្រូវបានជ្រើសរើសកាលពីថ្ងៃអង្គារ ដើម្បីបម្រើការសម្រាប់ការជំនុំជម្រះក្តីបទព្រហ្មទណ្ឌជុំវិញប្រាក់បំបិតមាត់ដែលលោកបានផ្តល់ដល់តារាភាពយន្តស្ត្រីម្នាក់ដែលនាងនិយាយថាមានទំនាក់ទំនងជាមួយលោក។លោក Merchan បានព្រមានមេធាវីថា លោកនឹងមិនអត់ឱនចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបំភិតបំភ័យដល់ចៅក្រម បន្ទាប់ពីនិយាយថា លោក Trump ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា កំពុងនិយាយរអ៊ូរទាំ ខណៈសមាជិកម្នាក់ក្នុងចំណោមសមាជិកគណៈកម្មការត្រូវបានសាកសួរ។

នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី និយាយថាលោក Lee នឹងកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងគណៈរដ្ឋមន្ត្រីបន្ទាប់

2024/04/17 11:20:56 am        91
នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលត្រូវបានតែងតាំងថ្មី លោក ឡរិន វ៉ុង (Lawrence Wong) កាលពីថ្ងៃអង្គារ (១៦ មេសា) បាននិយាយថា មេដឹកនាំដែលកំពុងកាន់អំណាចនៃទីក្រុងរដ្ឋមួយនេះ លោក លី សៀនឡុង (Lee Hsien Loong) នឹងកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកឡើងកាន់អំណាចនៅថ្ងៃទី១៥ ខែឧសភា។សារព័ត៌មាន ដឹ ស្រ្តេតថែមស៍ (the Straits Times) បានរាយការណ៍ថា លោក វ៉ុង ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីហិរញ្ញវត្ថុបាននិយាយថា លោកនឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី រយៈពេលពីរបីថ្ងៃមុនពេលលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទីបួនរបស់សិង្ហបុរី។ ប៉ុន្តែលោកបាននិយាយថា ការផ្លាស់ប្តូរសំខាន់ៗណាមួយទំនងជានឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសកលប៉ុណ្ណោះ ដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។សារព័ត៌មាននេះបានដកស្រង់សម្តីលោកប្រាប់អ្នកយកព័ត៌មានថា «សម្រាប់ពេលនេះ មិនគួរមានការផ្លាស់ប្តូរអ្វីធំដុំទេ ពីព្រោះប្រព័ន្ធរបស់យើងដំណើរការដោយឈរលើមូលដ្ឋាននៃការបន្ត និងការផ្លាស់ប្តូរជាលំដាប់»។ លោកបានបន្ថែមថា របៀបវារៈរបស់លោករួមមានការដោះស្រាយកង្វល់ជុំវិញតម្លៃចំណាយក្នុងការរស់នៅខ្ពស់ និងបញ្ហាការងារ។លោក វ៉ុង ដែលមានវ័យ ៥១ ឆ្នាំត្រូវបានគេសន្មតកាលពីឆ្នាំ២០២២ ថាជាមេដឹកនាំបន្ទាប់របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ បន្ទាប់ពីលោកបានធ្វើជាសហប្រធាននៃក្រុមការងារ កូវីដ១៩ (COVID-19) របស់រដ្ឋាភិបាល។ លោកបានទទួលការសរសើរចំពោះការរក្សាអត្រាមរណភាពឱ្យនៅទាបដោយការដាក់កម្រិតលើបម្លាស់ទី ការទប់ស្កាត់ព្រំដែន និងការតាមដានយ៉ាងដិតដល់លើទំនាក់ទំនងពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ៕

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ

2024/04/17 11:17:37 am        75
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់យ៉ា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតីតមេដឹកនាំ និងម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានគេផ្លាស់ប្តូរពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ។អ្នកនាំពាក្យរបបយោធា ឧត្តមសេនីយ៍ ស មីនទុន (Zaw Min Tun) បាននិយាយក្នុងការអត្ថាធិប្បាយដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចំនួនបួនថា «មិនត្រឹមតែសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាចាំបាច់ជាពិសេសអ្នកទោសវ័យចំណាស់ ត្រូវប្ដូរទៅឃុំខ្លួនក្នុងផ្ទះដោយសារអាកាសធាតុក្តៅខ្លាំង ហើយយើងកំពុងធ្វើការដើម្បីការពារពួកគេពីសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្ពស់»។លោកស្រី ស៊ូជី វ័យ ៧៨ ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលលោកស្រីក្នុងរដ្ឋប្រហារឆ្នាំ២០២១ មក។ លោកស្រី ស៊ូជី ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលនោះជាការចោទប្រកាន់ដែលលោកស្រីបានបដិសេធ។កាលពីខែកុម្ភៈ កូនប្រុសរបស់ខ្លួនគឺលោក គីម អារីស (Kim Aris) បាននិយាយថា លោកស្រីត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់តែម្នាក់ឯង ហើយនៅមានស្មារតីល្អ «បើទោះបីជាសុខភាពមិនល្អដូចកាលពីមុនក៏ដោយ»។ បណ្ដាមេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះលែងអតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ៕

អ៊ីរ៉ង់និយាយថា សកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍ខ្លួន នឹងទទួលបានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ

2024/04/17 11:13:09 am        170
ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារ (១៦ មេសា) ថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះសកម្មភាពណាមួយដែលប្រឆាំង នឹងផលប្រយោជន៍របស់ខ្លួន នេះយោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ISNA រយៈពេលមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។លោក រ៉ៃស៊ី បានប្រាប់ព្រះប្រមុខរដ្ឋកាតា គឺព្រះអង្គ សេក ថាមីម ប៊ីនហាម៉ាដ អាល់ថានី (Sheikh Tamim bin Hamad al-Thani) ថា «យើងប្រកាសយ៉ាងជាក់លាក់ថា សកម្មភាពតិចតួចបំផុតប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ មហាសាល និងចាស់ដៃប្រឆាំងនឹងជនល្មើស»។អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ដែលជាការសងសឹកបន្ទាប់ពីការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី០១ ខែមេសា ទៅលើបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសបានធានាឱ្យមានការឆ្លើយតប។អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាលី បាហ្កេរី ខានី (Ali Bagheri Kani) បានប្រាប់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃច័ន្ទថា ការវាយលុករបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីការសងសឹករបស់អ៊ីស្រាអែលណាមួយ នឹងជា «ពេលវេលាតែមួយវិនាទីប៉ុណ្ណោះ ខណៈអ៊ីរ៉ង់នឹងមិនរង់ចាំរយៈពេលដល់ទៅ ១២ ថ្ងៃដើម្បីឆ្លើយតបដូចលើកនេះទៀតឡើយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យ Dongshin University នៃសាធារណៈរដ្ឋកូរ៉េ
08/14/2025 08:08 PM
UN៖ ឧក្រិដ្ឋកម្មសង្រ្គាមទំនងជាបានប្រព្រឹត្តដោយភាគីទាំង ២នៅក្នុងអំពើហិង្សាតំបន់ឆ្នេរប្រទេសស៊ីរី
08/14/2025 08:08 PM
កង្វះអាំងស៊ុយលីនធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមកុងហ្គោឈឺចាប់នៅតំបន់ភាគខាងកើតដែលញាំញីដោយភ្លើងសង្រ្គាម
08/14/2025 08:08 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសម្ខាងៗចំនួន ៨៤នាក់ដូចគ្នា
08/14/2025 08:08 PM
ក្រុមគ្រូពេទ្យគ្មានព្រំដែន៖ ជំងឺអាសន្នរោគបានសម្លាប់មនុស្ស ៤០នាក់នៅតំបន់ Darfur ប្រទេសស៊ូដង់ ក្នុងរយៈពេល ១សប្តាហ៍
08/14/2025 08:08 PM
នគរបាលអេស្ប៉ាញ ចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងចំហេះព្រៃថ្មី
08/14/2025 08:08 PM
​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
08/14/2025 08:08 PM
ប្រភព៖ ទួរគីជួយស៊ីរីនូវប្រព័ន្ធអាវុធ និងគ្រឿងយុទ្ធោបករណ៍ ក្រោមកិច្ចព្រមព្រៀងថ្មី
08/14/2025 08:08 PM
សម្តេចតេជោជួបពិភាក្សាជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ
08/14/2025 08:08 PM
មេដឹកនាំបារាំង បញ្ជាក់ថា លោក Trump បើកចំហចំពោះការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន
08/14/2025 08:08 PM