សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ថវិកាមូលនិធិបរិស្ថានត្រូវបម្រើឱ្យការងារអាទិភាពរបស់ក្រសួង ដោយតម្លាភាព និងគណនេយ្យភាព

2023/10/04 07:54:00 pm        258
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រើប្រាស់ថវិកា​មូលនិធិបរិស្ថាន​ ចាំបាច់ត្រូវបម្រើឱ្យការងារអាទិភាពរបស់ក្រសួង ​និងមានតម្លាភាព គណនេយ្យភាព​ ហើយសមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ដំណាក់កាលទី១។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គមជាលក្ខណៈគ្រួសារបរិស្ថាន នៅទីស្តីការក្រសួង នាថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ​បានរៀបចំថវិកាមូលនិធិបរិស្ថាន និង​សង្គមឡើងដើម្បីបំពេញ ​និងបម្រើឱ្យវិស័យបរិស្ថាន ​ទៅតាមអាទិភាពដែលក្រសួងបានដាក់ចេញ ហើយ​ចំពោះករណីដែលមិនចំទិសដៅអាទិភាព ​ត្រូវសម្រួចទិសដៅឱ្យចំឡើងវិញ ។ ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ​ដូចនេះនាវាបរិស្ថានអាចឆ្ពោះទៅ​មុខបានលឿន គឺពឹង​អាស្រ័យ​លើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន ​និង សង្គម ​បានចំទិសដៅ ​ចំការងារអាទិភាព ប្រកប​ដោយតម្លាភាព មានប្រសិទ្ធភាពបំផុត ​និងស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងដំណាក់កាលទី១ ​នៃមុំទី២ ទី៤ និងទី៥ ​គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ​និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ​ការអភិវឌ្ឍប្រកប​ដោយភាពធន់ ចីរភាព​ និងបរិយាបន្ន ​ដោយជំរុញការលើកកម្ពស់ ​ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្ម​ដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង៕

អាជ្ញាធររាជធានីភ្នំពេញ ប្រជុំរិះរកវិធានការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងចេញពីភ្នំពេញ ដើម្បីរំដោះទឹកបានយូរអង្វែងចាប់ពី២០ទៅ៣០ឆ្នាំ

2023/10/04 07:44:03 pm        195
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រព័ន្ធលូ និងប្រឡាយបង្ហូរទឹកពីតូចទៅធំ ព្រមទាំងដំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុន និងរៀបចំដំឡើងស្ថានីយបូមទឹកថ្មីបន្ថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់​បញ្ចៀស​ការជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយ​អភិបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ចំពោះរាជធានីភ្នំពេញការរៀបចំប្រព័ន្ធលូ ប្រឡាយ​រំដោះទឹក​គឺបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារឱ្យរួមគ្នាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណា​បញ្ចៀស​ឱ្យបានពីការលិចលង់​នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។ ឯកឧត្ដម ឃួង ស្រេង បន្តថា កិច្ចប្រជុំនេះ​មានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូ ប្រឡាយ​ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗ​បន្ថែមទៀត ឈានទៅរកការរំដោះទឹក​ក្នុងរាជធានី​ភ្នំពេញ​ឱ្យបានកាន់តែល្អប្រសើរ ​និងប្រើប្រាស់បានយូរអង្វែង ​ពិសេសការបង្វែរផ្លូវទឹកពី​ខេត្តកំពង់ស្ពឺ កុំឱ្យចូលមករាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ​តាមគោលការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោមដីឱ្យបានល្អ ដោយធ្វើយ៉ាងណា ​កុំឱ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។ការងារនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ​និងមន្ទីរធនធានទឹក ​និងឧតុនិយមរាជធានីភ្នំពេញ រៀបចំ​ជាផែនការ​ដាក់ទៅអន្តរក្រសួង ​ដើម្បីយើង​បន្តអនុវត្តលើការងារនេះបន្តទៀត​ និងត្រូវរៀបចំ​ជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់​ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ ទៅ៣០ឆ្នាំ ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ ​និងដឹកជញ្ជូនរាជធានីភ្នំពេញ ​បានលើកឡើងផងដែរថា ការស្ថាបនាប្រព័ន្ធលូ ​នៅរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០២២ គឺស្ថាបនា​បានបណ្តាញ​លូប្រវែងជាង ៩២៤គីឡូម៉ែត្រហើយ នឹងបន្តស្ថាបនាប្រព័ន្ធលូ ​ប្រឡាយជាបន្តបន្ទាប់ទៀត ។ បញ្ហាសំខាន់គឺរក្សាឱ្យបាននូវអាងស្តុបទឹក ​ដើម្បីរំដោះទឹកចេញពីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យកម្លាំងនគរបាល ត្រូវអនុវត្តន៍ច្បាប់ឈានមុខពលរដ្ឋជានិច្ច កុំឲ្យបាត់តម្លៃ

2023/10/04 07:37:42 pm        236
កណ្ដាល៖ ឯកឧត្តមអភិសន្តិ ស សុខា ជំរុញទៅកងកម្លាំងនគរបាលទាំងអស់ ត្រូវតែអនុវត្តន៍ច្បាប់ឲ្យបានពេញលេញ នាំមុខប្រជាពលរដ្ឋជានិច្ចកុំឲ្យធ្លាក់តម្លៃរបស់ខ្លួន ហើយត្រូវតាំងខ្លួនជាអ្នកបម្រើ មិនមែនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ ។ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល​កម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅថ្ងៃទី៤ ខែតុលា ​ឆ្នាំ២០២៣នេះ នៅបណ្ឌិត្យសភា​នគរបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា នគរបាលទាំងអស់ ត្រូវយក​ចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាល ​ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និង​មានប្រសិទ្ធភាពជូនជាតិ និងប្រជាពលរដ្ឋ ​ហើយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតី​ទទួលខុសត្រូវខ្ពស់លើការងារ ​គោរពប្រតិបត្តិច្បាប់ ​គោរពសិទ្ធិមនុស្ស និងគោរពវិន័យការងារ​ឱ្យបានល្អប្រសើរ ។ឯកឧត្តម បានបន្តថា ចំពោះប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ត្រូវធ្វើខ្លួនឲ្យបានល្អ នៅពេលបម្រើ​សេវា​ជូនប្រជាពលរដ្ឋ ពិសេសត្រូវមានកម្លាំងប្រចាំការ ​ទទួលបណ្ដឹងរបស់ពលរដ្ឋ ក្នុងករណី​មានពួកគេសូមអន្តរាគមន៍ ​មិនត្រូវធ្វើខ្លួនឲ្យពលរដ្ឋខ្លាច ​រហូតលែងហ៊ានប្ដឹង ឬសូមអន្តរាគមន៍​ដោះស្រាយបញ្ហាអ្វីមួយ ។ជាមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែង​អភិវឌ្ឍន៍​បន្ថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ និងបន្តអនុវត្តអភិក្រម៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក១ គឺការមើលឃើញចំណុចខ្វះខាត ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ​ឧត្តមភាព ​និងការជឿទុកចិត្ត ​ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំង​ខិតខំប្រែក្លាយបណ្ឌិត្យសភា ​ទៅជាបណ្ឌិត្យសភាឌីជីថល ស្របតាម ផែនការ យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថលរបស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ។ នៅក្នុងពិធីនេះ ​នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា​នគរបាល​កម្ពុជា បានបង្ហាញពីការគាំទ្រ និងការផ្ដល់​អាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាល​កម្ពុជា​និងក្រសួងមហាផ្ទៃ ​ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើក​កម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ៕អត្ថបទ បាន សុខរិទ្ធិ

តំណាងIEDកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹកជាមួយម្ចាស់គម្រោង

2023/10/04 07:28:00 pm        222
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ​និងឧតុនិយម និងសហការី នៅថ្ងៃទី៣ខែតុលាម្សិលមិញ ​បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃនាយកដ្ឋានវាយ​តម្លៃឯករាជ្យ (IED) របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែលមកពីទីស្នាក់ការកណ្តាលរបស់ ADB នៅទីក្រុងម៉ានីល ​ប្រទេសហ្វីលីពីន។នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក ​និងឧតុនិយម បង្ហោះ នៅព្រឹកថ្ងៃទី០៤ខែតុលានេះ។យោងតាមខ្លឹមសារ​សំណេរ​ដដែល ​បានបន្តថា​ ក្នុងកិច្ចប្រជុំក្រោមបរិយាកាសប្រកប​ដោយ​សាមគ្គីភាព​ ឯកភាព និងស្និទ្ធស្នាល ​តំណាង IED បានសម្តែង​នូវ​ការ​កោត​សរសើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម ក្នុងការធ្វើកិច្ចសហប្រតិបត្តិការបាន​ទូលំ​ទូលាយ​ជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្តុ (MEF) ​និងបណ្តាស្ថាប័នហិរញ្ញវត្ថុ និងមូលនិធិ​អន្តរជាតិទាំងអស់ ​សម្រាប់បម្រើឱ្យយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការអនុវត្តគម្រោង​ធ្វើទំនើប​កម្មវិស្វកម្មប្រព័ន្ធធារាសាស្រ្តក្នុងក្របខណ្ឌទូទាំងប្រទេស​ និងការគ្រប់គ្រងវិស័យធនធានទឹក និង​ឧតុនិយម បញ្ជាទឹក ​និងប្រើប្រាស់ទឹកដោយបច្ចេកវិទ្យាទំនើប៕

បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ចូលរួមកាន់បិណ្ឌទី៥ នៅវត្តជោតរតនសីលាកោះនរា

2023/10/04 07:12:56 pm        322
ភ្នំពេញ៖ បុគ្គលិកនៃអគ្គនាយករដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នតំណាងឲ្យលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បច្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តជោតរតនសីលាកោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាម​ទំនៀមទម្លាប់​ប្រពៃណីព្រះពុទ្ធសាសនា ​ហើយក៏​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃគង់ចាំព្រះវស្សា ​និងប្រមែ​ប្រមូល​ផលានិសង្ស​ ដែលកើត​ចេញពី​សទ្ធាចិត្ត​ជ្រះថ្លា​លើក​ឧទ្ទិស​ ជូន​ដល់​ញាតិបុព្វការីជនមាន មាតាបិតា​ ​ញាតិការ​ទាំងប្រាំពីរសន្តាន​ដែលបានចែកឋានទៅកាន់លោកខាងមុខ។ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក៏បានយកបច្ច័យរបស់​លោកជំទាវ ហ៊ុន ម៉ាណា ​ប្រគេនដល់ព្រះសង្ឃ ដើម្បី​កសាង​នូវ​សមិទ្ធផលនានា​ ក្នុងវត្តជាកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានឋិតថេរគ្រប់​៥០០០ព្រះវស្សាផងដែរ។សូមបញ្ជាក់ថា​ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ ​និងទូរទស្សន៍បាយ័ន ក៏ដូចជា​ពុទ្ធបរិស័ទ​ទូទាំង​ប្រទេស​យ៉ាង​ដូច្នេះដែរ ​បាន​ចូលរួម​ប្រារព្ធពិធីកាន់បិណ្ឌ​ ជា​រៀងរាល់ឆ្នាំ ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ ដែលជា​សាសនា​របស់រដ្ឋ។គួរម្លឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។​ ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យសាសនានេះ​ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្ត​តែងតែ​ធ្វើចង្ហាន់វេរប្រគេន​ព្រះសង្ឃ​ជាប្រចាំ​ ដោយគណៈកម្មការវត្ត ឬ​ភូមិបានមូលមតិគ្នាបែងចែកជាវេន ដើម្បីម្បីផ្គត់ផ្គង់ចង្ហាន់​ព្រះសង្ឃ​រហូត​ចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ បាន ចក់ 

លោកបៃដិន អរគុណប្រទេសកេនយ៉ា សម្រាប់ការដឹកនាំបេសកកម្មនៅប្រទេសហៃទី

2023/10/04 06:49:06 pm        157
លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងអំណរគុណដល់សមភាគីកេនយ៉ារបស់លោក នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារសម្រាប់ការយល់ព្រមដឹកនាំបេសកកម្មពហុជាតិ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងប្រទេសហៃទី មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។ប៉ុន្តែរដ្ឋបាលលោកបៃដិន នៅតែមិនទាន់បានរៀបរាប់លម្អិតអំពីជំនួយ ដែលបានសន្យាចំនួន ២០០លានដុល្លាររបស់ខ្លួនក្នុងការជួយដល់បេសកកម្មនេះ ដោយប្រាប់សារព័ត៌មាន McClatchy និង Miami Herald ថា វាអាចចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីសម្របសម្រួលជាមួយប្រទេសផ្សេងទៀត ដែលនឹងនាំយកធនធានអ្វីមកទទួល។ សារព័ត៌មានThe Herald បានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ប្រទេសរាប់សិបមកពីតំបន់ការ៉ាអ៊ីប និងអាមេរិកឡាទីន អាស៊ី អាហ្រ្វិក និងអឺរ៉ុប ដែលបានសន្យាជួយបេសកកម្មដោយការបញ្ជូនបុគ្គលិក ការផ្តល់ឧបករណ៍ ឬថវិកា។សេតវិមាន បាននិយាយថា លោកបៃដិនបាននិយាយជាមួយប្រធានាធិបតីកេនយ៉ាលោក លោក វីល្លៀម រូតូ (William Ruto) ដើម្បីអរគុណគាត់សម្រាប់ការឆ្លើយការអំពាវនាវរបស់ហៃទីឲ្យបម្រើជាប្រទេសនាំមុខនៃបេសកកម្មគាំទ្រសន្តិសុខពហុជាតិ«ដែលនឹង»នាំមកនូវការធូរស្បើយដល់ប្រជាជនហៃទី ដែលបានរងទុក្ខជាយូរមកហើយ នៅក្នុងកណ្ដាប់ដៃរបស់ក្រុមឧក្រិដ្ឋជនដ៏ឃោរឃៅ»។

ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនពលរដ្ឋរងគ្រោះ​ដោយជំនន់ចំនួន៩២៥គ្រួសារ នៃស្រុកកណ្តៀង

2023/10/04 06:19:25 pm        273
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសាខាអនុសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយជំនន់​ទឹកភ្លៀង ចំនួន៩២៥គ្រួសារ ដែលមកពី៥៦ភូមិ ៦ឃុំ នៃស្រុកកណ្តៀង ​ខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅ នៅទល់មុខសាលាស្រុកណ្តៀង។សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កម្មវិធីប្រគល់ទទួល ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានបន្តនាំយក​អំណោយ​មនុស្សធម៌ ​ជូន​ដល់ជនចាស់ជរាឥតទីពឹងនៅតាមខ្នងផ្ទះ ដែលមិនអាច​ធ្វើដំណើរ​បានចំនួន៥គ្រួសារទៀត៕

លោក Biden សន្ទនាតាមទូរស័ព្ទជាមួយសម្ព័ន្ធមិត្ត ខណៈមានក្ដីបារម្ភពីការគាំទ្រសម្រាប់អ៊ុយក្រែន

2023/10/04 06:08:24 pm        88
សេតវិមាន បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបសន្ទនាតាទូរស័ព្ទជាមួយក្រុមមេដឹកនាពិភពលោកជាសម្ព័ន្ធមិត្តមួយចំនួនកាលពីថ្ងៃអង្គារ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាជាថ្មីដល់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីសភា បានអនុម័តសំណើកញ្ចប់មូលនិធិជួយរដ្ឋាភិបាលរយៈពេលខ្លី ដែលពុំបានរាប់បញ្ចូលជំនួយសម្រាប់ប្រទេសនេះទេអំឡុងសង្រ្គាមជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអង្គារអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានថា លោកប្រធានាធិបតីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដូចជាខ្លួនបានការពារខ្លួនឯងរហូតដល់ទីបញ្ចប់ ដូចដែលមេដឹកនាំផ្សេងទៀតបានបានសន្យាអំឡុងការសន្ទនានោះ ។ ក្រុមមេដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវ និងប្រព័ន្ធសព្វាវុធដែលខ្លួនត្រូវការដើម្បីការពារទឹកដីរបស់ខ្លួន និងដើម្បីបន្តពង្រឹងការការពារដែនអាកាសអ៊ុយក្រែន នៅពេលដែលពួកគេត្រៀមសម្រាប់ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។យោងតាមអំណាននៃការសន្ទនារបស់សេតវិមាន ក្រុមនេះក៏បានបញ្ជាក់ផងដែរពីកិច្ចការដែលនៅតែបន្តដើម្បីអនុវត្តន៍ និងបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយគាំទ្រការស្រោចស្រង់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ព្រមទាំងរួមគ្នាជាមួយសហគមន៍ពិភពលោកដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល សេដ្ឋកិច្ច និងសន្តិសុខស្បៀង បណ្ដាលមកពីសង្រ្គាមរបស់រុស្ស៊ី ។ ជំនួបនេះ កើតឡើងស្របពេលក្ដីបារម្ភពីមន្ទីរបញ្ចកោនអំពីកង្វះធនធានក្នុងការបញ្ជូនឲ្យអ៊ុយក្រែន ខណៈប្រទេសនេះ ព្យាយាមបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ និយាយថា ការធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែល នឹងបរាជ័យ

2023/10/04 06:04:56 pm        113
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូលឡាហ៍ អាលី ខាមីណេ (Ayatollah Ali Khamenei) បាននិយាយថា បណ្តាប្រទេសដែលស្វែងរកការធ្វើប្រក្រតីភាព ទំនាក់ទំនងជាមួយអ៊ីស្រាអែល «នឹងបរាជ័យ»។លោក ខាមីណេ មិនបានបង្ហាញឈ្មោះនៃប្រទេសទាំងនោះទេ ប៉ុន្តែក្តីសង្ឃឹមដែលថា ប្រទេសអ៊ីស្រាអែល អាចនឹងធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយនឹងគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ គឺអារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែង មានទីសក្ការបូជាដ៏ពិសិដ្ឋបំផុតចំនួនពីររបស់សាសនាឥស្លាម មានការកើនឡើង នៅក្នុងខែនេះ។ លោកខាមីណេ បាននិយាយថា៖«ជំហរច្បាស់លាស់របស់សាធារណរដ្ឋឥស្លាម គឺបណ្តាប្រទេសដែលបង្កើតឱកាសនៃការធ្វើប្រក្រតីភាពទំនាក់ទំនងមួយអ៊ីស្រាអែល នឹងបរាជ័យ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយជាការឆ្លើយតបទៅនឹងការអធិប្បាយរបស់លោកខាមីណេថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការបញ្ឈប់ប្រទេសនានាក្នុងតំបន់ពីការបង្រួបបង្រួមទំនាក់ទំនងជាមួយអ៊ីស្រាអែល នឹងបរាជ័យ ដោយលើកឡើងពីកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់ក្នុងឆ្នាំ ២០២០។

រុស្ស៊ីបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យសំណល់ទឹកនុយក្លេអ៊ែរ ពីរោងចក្រហ្វ៊ូគូស៊ីម៉ា

2023/10/04 05:56:25 pm        147
ប្រទេសរុស្ស៊ីបានបង្កើតគណៈកម្មការត្រួតពិនិត្យឯករាជ្យមួយ នៅក្នុងតំបន់ចុងបូព៌ារបស់ខ្លួន ដើម្បីត្រួតពិនិត្យផលប៉ះពាល់នៃទឹកកខ្វក់នុយក្លេអ៊ែរ ដែលបញ្ចេញដោយប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានរងការបំផ្លិចបំផ្លាញ ចូលទៅក្នុងមហាសមុទ្រ។ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសារធាតុវិទ្យុសកម្មដូចជាសារធាតុទ្រីទីចូម នៅក្នុងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីនៃមហាសមុទ្រ និងសុខភាពមនុស្ស ហើយប្រទេសនេះ កំពុងពិចារណាលើការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដោយសារខ្លាចមានការចម្លងរោគវិទ្យុសកម្មតាមរយៈនោះ។បេសកកម្មវិទ្យាសាស្ត្រដែលបញ្ចូនដោយគណៈកម្មាធិការនេះ បានបង្កើតចំណុចត្រួតពិនិត្យជាច្រើននៅក្នុងដែនទឹកនៃប្រទេសជប៉ុន ដើម្បីយកគំរូទឹកសមុទ្រ ដី និងខ្យល់នៅក្បែរនោះ។ ទោះបីជាមានការទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុនថា សារធាតុវិទ្យុសកម្មទ្រីទីចូម ជាសារធាតុពិបាកចម្រោះក៏ដោយ ក៏ប្រតិបត្តិកររោងចក្រ TEPCO បានសម្រេចបញ្ចេញទឹកសំណល់នុយក្លេអ៊ែរទៅក្នុងមហាសមុទ្រ ដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈ ព្រមទាំងការប្រឆាំងយ៉ាងខ្លាំងពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវប្រធានាធិបតីប៊ុលហ្គារី ទស្សនកិច្ចភូមិហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM