BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរអំពាវនាវដល់ពលរដ្ឋឱ្យទៅធ្វើបណ្ណ (ឯ.អ) ព្រោះស្អែកនឹងបិទបញ្ចប់ហើយ

2023/07/20 12:24:02 pm        20
កណ្ដាល៖ ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ (ឯ.អ) ជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត ​អាណត្តិទី៧ បានបាត់ ឬខូចអត្តសញ្ញាណបណ្ណ ​នៅសល់តែរយៈពេល ២ថ្ងៃទៀត​ប៉ុណ្ណោះ​ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២៣ ហើយអាជ្ញាធរបានអំពាវនាវ​ដល់​ពលរដ្ឋបានបាត់ និងខូចនោះរុះរាន់ទៅធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ ដែលខ្លួនត្រូវបោះឆ្នោត ។លោកស្រី អ៊ុក សឿន មេឃុំឈើទាល ស្ថិតក្នុងស្រុកកៀនស្វាយ ​ខេត្តកណ្ដាល បានឲ្យដឹងថា នៅក្នុងឃុំឈើទាល ​ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួនជាង​ ៥ ៨០០នាក់ ដោយអ្នកមាន​ឈ្មោះបោះឆ្នោតទាំងអស់ បានត្រៀមនូវឯកសារបោះឆ្នោតរួចរាល់ហើយ ជាពិសេស​អត្តសញ្ញាណបណ្ណ ហើយអ្នកដែលបានបាត់ ​ឬខូចអត្តសញ្ញាណបណ្ណ ​ក៏បានទៅធ្វើបណ្ណ ឯ.អ ស្ទើរតែអស់ហើយ ។លោកស្រី បានបន្ថែមថា សម្រាប់ពលរដ្ឋនៅក្នុងឃុំនេះ ត្រូវធ្វើបណ្ណ ឯ.អ មានប្រមាណ ១៥០នាក់ ដែលចំនួននេះ គឺមានតិច ​បើធៀប​នឹងការបោះឆ្នោត​អាណត្តិមុន ព្រោះពួកគេមាន​អត្តសញ្ញាណ​បណ្ណស្ទើរគ្រប់គ្នា ​ហើយអ្នកមិនទាន់ធ្វើបណ្ណ ឯ.អ ​នៅសល់តែចំនួន ​២នាក់ទៀតប៉ុណ្ណោះ ដោយ​អាជ្ញាធរបានជំរុញពួកគេ​ ឲ្យបានធ្វើមុនថ្ងៃកំណត់ ​ដើម្បីកុំឲ្យខកខានការបោះឆ្នោត ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដែលគណបក្សនយោបាយចំនួន ​១៨ចូលរួមប្រកួតប្រជែង ។ ការបោះឆ្នោតអាណត្តិនេះ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​ក៏បានសម្រួលផងដែរ ក្រៅពីអ្នកបាត់ ​ឬខូចអត្តសញ្ញាណបណ្ណ ​គឺអ្នកមានអត្តសញ្ញាណបណ្ណហួសសុពលភាព ក៏អាចយក​បោះឆ្នោតបានផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

សភាស្រីលង្កា អនុម័តសំណើច្បាប់ប្រឆាំងអំពើពុកករលួយ ដោយមិនបោះឆ្នោត

2023/07/20 12:18:35 pm        49
ស្រីលង្កា៖ សភារបស់ប្រទេសស្រីលង្កា បានអនុម័តសំណើច្បាប់ដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងអំពើពុករលួយ កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ដែលសំណើច្បាប់នេះ ត្រូវបានធ្វើឡើងដើម្បីកែលម្អអភិបាលកិច្ចក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិនានា ហើយក៏ជាផ្នែកនៃតម្រូវការដែលផ្សារភ្ជាប់ទៅនឹងថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។ច្បាប់នេះត្រូវបានអនុម័តដោយគ្មានការបោះឆ្នោត នៅក្នុងសភាដែលមានសមាជិក ២២៥រូប ហើយបន្ទាប់ពីវិសោធនកម្មច្បាប់ជាងពីរទំព័រ ត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ក្នុងប្រជុំពេលព្រឹកនោះ ប្រធានសភាស្រីលង្កា លោក ម៉ាហ៊ិនដា យ៉ាប៉ា អាបេវ៉ាដេណា (Mahinda Yapa Abeywardena) បានប្រាប់សមាជិកសភាថា៖ «ច្បាប់នេះត្រូវបានអនុម័តដោយការធ្វើវិសោធនកម្ម»។សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាង ៧០ឆ្នាំ បន្ទាប់ពីវិបត្តិធនបម្រុងរូបិយប័ណ្ណបរទេសធ្ងន់ធ្ងរ កាលពីឆ្នាំមុន បានបង្ខំឲ្យប្រទេសកោះមួយនេះត្រូវខកខានសងបំណុលបរទេសរបស់ខ្លួន ដែលជាហេតុនាំឲ្យអតិផរណាកើនឡើងខ្ពស់ ហើយរូបិយប័ណ្ណរបស់ប្រទេស បានធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស។ប៉ុន្តែជោគវាសនារបស់ប្រទេសនេះ បានប្រសើរឡើង បន្ទាប់ពីប្រទេសនេះ បានរៀបចំរួចរាល់នូវកម្មវិធីជំនួយសង្គ្រោះ ២,៩ពាន់លានដុល្លារ ជាមួយ IMF កាលពីខែមីនា ដែលកម្មវិធីនោះ ត្រូវរួមបញ្ចូលនូវការណែនាំឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយថ្មី ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើឲ្យច្បាប់នោះស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ។ សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលកម្មវិធីរបស់ IMF ត្រូវបានភ្ជាប់ទៅនឹងវិធានការបែបនេះ នៅតំបន់អាស៊ី៕

សាលារៀនជាង១ម៉ឺន និងវត្តអារាមជាង១ពាន់កន្លែង បានត្រៀមសម្រាប់ការបោះឆ្នោតខាងមុខនេះ

2023/07/20 12:16:42 pm        140
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានត្រៀមសាលារៀនជាង ១ម៉ឺន និងវត្តអារាមជាង១ពាន់កន្លែង សម្រាប់ជាការិយាល័យបោះឆ្នោត។គិតត្រឹមថ្ងៃទី២០ ខែកក្កដានេះ ​នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ​ ការបោះឆ្នោតជ្រើសរើសតំណាង​រាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ​កក្កដាខាងមុខ។ ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា​ យោងតាមចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាន៧សែន​នាក់ គ.ជ.ប ​បានរៀបចំទីតាំងការិយាល័យ​នៅទូទាំងប្រទេសជាង ​២ម៉ឺនការិយាល័យ ដោយ​ប្រើប្រាស់​គ្រឹះស្ថានសិក្សារដ្ឋ វត្តអារាម​ តាមតម្រាយផ្លូវ​ និង​ទីសាធារណៈមួយចំនួនផ្អែកលើ​ភូមិ​សាស្ដ្រ​នីមួយៗ ​ដោយក្នុងចំណោមមណ្ឌលបោះឆ្នោតទូទាំង ​២៥ រាជធានី-ខេត្តមានគ្រឹះស្ថានសិក្សា​រដ្ឋចំនួនជាង១ម៉ឺន៦ពាន់ទីតាំង និងវត្តអារាមជាង១ពាន់វត្តសម្រាប់ធ្វើជាការិយាល័យបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ កក្កដានេះ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បីបង្ការការរំខានដោយយថាហេតុនៃ​បម្រែបម្រួល​អាកាសធាតុ គ.ជ.ប ក៏បានត្រៀមបម្រុងទីតាំង​ការិយាល័យផ្សេងទៀត​ដើម្បីធ្វើយ៉ាងណាមិនឱ្យរាំងស្ទះ និង​ខកខានដល់ដំណើរការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ សូមជម្រាបថា ក្នុងចំណោមការិយាល័យបោះឆ្នោតជាង ​២ម៉ឺនការិយាល័យនេះ គ.ជ.ប បាន​ដាក់មន្រ្តី ​បម្រើតាមការិយាល័យនីមួយៗចំនួន ​៦ ម្នាក់ក្នុង​១​ការិយាល័យ ដោយ​មាន​តួនាទី​សម្របសម្រួល​ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានអញ្ជើញចូលរួម​បោះឆ្នោតគ្រប់ៗគ្នា៕អត្ថបទ សេក ឧត្តម

អ៊ីរ៉ាក់នឹងកោះហៅឯកអគ្គរដ្ឋទូតអាមេរិកជុំវិញការធ្វើអត្ថាធិប្បាយអំពីមេដឹកនាំសាសនាគ្រិស្ត

2023/07/20 12:15:34 pm        60
អ៊ីរ៉ាក់៖ ប្រធានាធិបតីអ៊ីរ៉ាក់ បាននិយាយកាលពីល្ងាចថ្ងៃពុធថា លោក នឹងកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងបាកដាដជុំវិញការលើកឡើងរិះគន់របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងនឹងការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ចំពោះមេដឹកនាំជាន់ខ្ពស់ខាងគ្រិស្តសាសនារបស់អ៊ីរ៉ាក់។អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller កាលពីថ្ងៃអង្គារ បានរិះគន់ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអ៊ីរ៉ាក់ Abdul Latif Rashid ក្នុងការលុបចោលក្រឹត្យមួយ ដែលបានទទួលស្គាល់ Cardinal Louis Sako ជាប្រធានព្រះវិហារ Chaldean Catholic ក្នុងប្រទេសអ៊ីរ៉ាក់ និងអនុញ្ញាតឲ្យគាត់គ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន។លោក Sako ជាអ្នករៀបចំដ៏សំខាន់នៃដំណើរទស្សនកិច្ចដ៏សំខាន់របស់សម្តេចប៉ាប ហ្វ្រង់ស៊ីស( Pope Francis)ឆ្នាំ២០២១ ទៅកាន់ប្រទេសអ៊ីរ៉ាក់ ហើយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលចាត់ទុកគាត់ជាអ្នកកសាងសន្តិភាព នៅក្នុងប្រទេសដែលញាំញីដោយជម្លោះមួយនេះ។លោក Sako បានថ្កោលទោសទង្វើរបស់លោក Rashid ដែលលោកបានអះអាងថា ធ្វើឡើងតាមការបញ្ជារបស់មេដឹកនាំកងជីវពលគ្រិស្តអ៊ីរ៉ាក់ដែលជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ ហើយបានប្រកាសពីការចាកចេញរបស់លោកពីទីក្រុងបាកដាដ ទៅកាន់តំបន់ពាក់កណ្តាលស្វយ័តឃើដភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។លោក Miller បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ខ្ញុំនឹងនិយាយថា ពួកយើងមានការរំខានដោយការយាយីរបស់ លោក Cardinal Sako ...និងមានបញ្ហាជាមួយនឹងព័ត៌មានថា គាត់បានចាកចេញពីទីក្រុងបាកដាដ។លោក Miller បាននិយាយថា៖«យើងទន្ទឹងរង់ចាំការត្រឡប់មកវិញដោយសុវត្ថិភាពរបស់គាត់។ សហគមន៍គ្រិស្តអ៊ីរ៉ាក់ គឺជាផ្នែកសំខាន់នៃអត្តសញ្ញាណរបស់ប្រទេសអ៊ីរ៉ាក់ និងជាចំណុចកណ្តាលនៃប្រវត្តិសាស្រ្តនៃភាពចម្រុះនិងការអត់ឱនរបស់ប្រទេសអ៊ីរ៉ាក់»៕

សមាជិកបក្សប្រឆាំងសិង្ហបុរី២រូប លាឈប់ក្នុងការរង្គោះរង្គើរផ្នែកនយោបាយចុងក្រោយនេះ

2023/07/20 12:11:04 pm        79
សិង្ហបុរី៖ សមាជិកជាន់ខ្ពស់២រូប របស់គណបក្សប្រឆាំងធំបំផុតនៅប្រទេសសិង្ហបុរី បានលាឈប់កាលពីថ្ងៃពុធ បន្ទាប់ពីសារភាពចំពោះទំនាក់ទំនងមិនសមរម្យ ជារឿងអាស្រូវចុងក្រោយដែលវាយប្រហារមកលើប្រទេសនេះ ទោះបីជាធ្លាប់មានស្ថិរភាព និងនយោបាយសេរីក៏ដោយ។ គណបក្សពលករ (WP) និយាយថា សមាជិកសភាលោក Leon Perera និងប្រធានយុវជនរបស់ខ្លួនលោកស្រី Nicole Seah បានប្រគល់លិខិតមួយច្បាប់ពីការលាឈប់ បន្ទាប់ពីវីដេអូមួយបានផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីដើមសប្តាហ៍នេះ ដោយបង្ហាញពីអ្នកទាំងពីរកំពុងកាន់ដៃគ្នា។លោក Pritam Singh ប្រធានគណបក្សពលករ និយាយថា ធម្មនុញ្ញរបស់គណបក្សពលករ តម្រូវឲ្យបេក្ខជនទាំងពីររូបមានភាពស្ម័គ្រស្មោះនិងស្មោះត្រង់ ក្នុងការដោះស្រាយរបស់ពួកគេចំពោះគណបក្ស និងប្រជាជនសិង្ហបុរី។ លោកនិយាយបន្ថែមថា លោក Perera គ្មានភាពស្មោះត្រង់ នៅពេលត្រូវបានសួរដំបូងអំពីទំនាក់ទំនងកាលពីចុងឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២១។ លោក Singh និយាយថា លោកស្រី Seah បានបដិសេធចំពោះទំនាក់ទំនងនៅពេលត្រូវបានសួរដោយមេដឹកនាំគណបក្សនៅពេលនោះ ហើយអាកប្បកិរិយារបស់អ្នកទាំងពីរមិនអាចទទួលយកបាន។ នេះគឺជារឿងអាស្រូវទី៣ ចំពោះទិដ្ឋភាពនយោបាយរបស់ប្រទេសសិង្ហបុរីដ៏រឹងមាំក្នុងរយៈពេល១សប្តាហ៍។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីដឹកជញ្ជូនត្រូវបានចាប់ខ្លួនក្នុងការជាប់ទាក់ទងទៅនឹងការស៊ើបអង្កេតអំពើពុករលួយ ហើយកាលពីថ្ងៃចន្ទសមាជិកសភា២រូប រួមមានទាំងប្រធានសភា បានលាលែងដោយសារតែ ទំនាក់ទំនងមិនសមរម្យ។ ទាំងបីរូបនេះជាសមាជិករបស់គណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាច(PAP)។ គណបក្សទាំងពីរ គឺគណបក្សពលករ (WP) និងគណបក្សសកម្មភាពប្រជាជន (PAP) កាលពីពីពេលមុន បានបណ្តេញចេញសមាជិកច្រើនរូប សម្រាប់ទំនាក់ទំនងក្រៅចំណងអាពាហ៍ពិពាហ៍៕

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា

2023/07/20 12:10:34 pm        66
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការអំពាវនាវ ឱ្យពលរដ្ឋទូទៅទាំងអស់ សូមចូលរួម​ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣​ កក្កដា​ ឆ្នាំ២០២៣ខាងមុខ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ។នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្ស​នយោបាយមួយក្នុងចំណោមគណបក្សទាំង១៨ ​បានធ្វើការ​ដង្ហែក្បួន​ឃោសនាបក្ស ​ដើម្បីស្វែងរក​សំឡេង​ឆ្នោតជាលើកទី២របស់ខ្លួន ​ដោយមានសមាជិកប្រមាណ ​១៥០នាក់ចូលរួម ធ្វើដំណើរ​ដោយម៉ូតូ , រថយន្ត និងម៉ូតូផាស់អាប់ជាដើម ។ ទន្ទឹមនឹការដង្ហែក្បួនឃោសនា ​របស់គណបក្សខាងលើ​ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញ​សេចក្តីជូន​ដំណឹង​ជា​សាធារណៈ ​ក្នុងនោះក៏​មានសម្រួល​ដល់​លំហូរ​ចរាចរណ៍​តាម​តម្រាយផ្លូវ​ដែល​ក្បួន​បានហែរឆ្លងកាត់ ​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ចតាមមូលដ្ឋាននីមួយៗ​ផងដែរ ដើម្បីធានា​បានសន្តិសុខរបៀបរៀបរយល្អផងដែរ ។ លោកយ៉េង វីរះ ប្រធានគណបក្ស បានឱ្យដឹងថា ​ក្នុងឱកាស៥ឆ្នាំម្តង លោកសុំឱ្យពលរដ្ឋជាម្ចាស់​សំឡេង​ឆ្នោតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតបំពេញ​កាតព្វកិច្ច ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ដែលល្អ ​សម្រាប់ដឹកនាំប្រទេសជាតិ ​និងការពារប្រជាជនទៅមុខបន្តទៀត ។គួរបញ្ជាក់ថា រយៈពេល១៩ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ម្សិលមិញ គ.ជ.ប បានបង្ហាញពីស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ​បានប្រព្រឹត្តទៅដោយរលូន មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ​និងគ្មាន អំពើហិង្សា។ ​សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣​ មានរយៈពេល ​២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ៖ លីហេង 

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ ប្រឈមបទចោទប្រកាន់ទម្លាយព័ត៌មានសម្ងាត់ផ្លូវការរបស់ប្រទេស

2023/07/20 12:03:56 pm        81
ប៉ាគីស្ថាន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក រ៉ាណា សាណួលឡា (Rana Sanaullah)បាននិយាយកាលពីថ្ងៃពុធថា ប្រទេសប៉ាគីស្ថាននឹងបើកការជំនំជម្រះបណ្តឹងព្រហ្មទណ្ឌ លើអតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ពាក់ព័ន្ធនឹងបទចោទប្រកាន់ការទម្លាយព័ត៌មានសម្ងាត់ផ្លួវការរបស់ប្រទេស ជាការណីផ្លូវច្បាប់ចុងក្រោយ ដែលអតីតនាយករដ្ឋមន្ត្រីរូបនេះកំពុងប្រឈម។  ករណីនេះ ជាប់ពាក់ព័ន្ធនឹងការឆ្លើយឆ្លងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ ដែលលោក Khan ធ្លាប់បាននិយាយកាលពីដើមឆ្នាំមុនថាជាផ្នែកមួយនៃការឃុបឃិតរបស់សហរដ្ឋអាមេរិកដើម្បីផ្ដួលរលំរដ្ឋាភិបាលរបស់លោក។ទីក្រុងវ៉ាស៊ីនតោន បានទាត់ចោលការជាប់ពាក់ព័ន្ធក្នុងការឃុបឃិតបែបនេះ។  លោក Sanaullah បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអតីតលេខាសំខាន់របស់ លោក Khan គឺលោក អាហ្សាម ខាន់ (Azam Khan) បានកត់ត្រាសេចក្តីថ្លែងការណ៍របស់តុលាការកាលពីថ្ងៃពុធចំពោះប្រសិទ្ធភាពដែលថាការផ្ញើសារដែលបានធានាសុវត្ថិភាពផ្នែកការទូតរបស់សហរដ្ឋអាមេរិកត្រូវបានគ្រប់គ្រងដោយលោក Khan កាលពីខែមីនាឆ្នាំ ២០២២ ដើម្បីបម្រើគោលដៅនយោបាយរបស់លោក។  គួររម្លឹកថា អតីតកីឡាករឆ្នើមគ្រីឃីតវ័យ៧០ ឆ្នាំ រូបនេះបានបាត់បង់អំណាចក្នុងការបោះឆ្នោតវ៉េតូ ដកសេចក្ដីទុកចិត្តកាលពីខែមេសាឆ្នាំ២០២២ ដែលលោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានជាប់ពាក់ព័ន្ធក្នុងរឿងនេះ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ៕

ឯកឧត្តម ម៉ម ប៊ុនហេង ចុះពន្យល់អំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ពលរដ្ឋសង្កាត់គោកឃ្លាង

2023/07/20 11:54:36 am        115
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះមូលដ្ឋានខណ្ឌសែនសុខ អមដំណើរដោយ​លោកជំទាវ យក់ សម្បតិ្ត និងឯកឧត្តម សាផុន វឌ្ឍនៈ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា ចុះពន្យល់អំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងអាជីវករលក់ដូរតាមផ្ទះ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ក្នុងថ្ងៃទី២០នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងពន្យល់​អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំណុចដើម្បីការពារ និងលើកស្ទួយផល​ប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនឹងនោះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបាន​គ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ពិសេសបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះសំឡេងឆ្នោតរស់បងប្អូន​ប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។ចំណែកបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរតាមផ្ទះ រស់នៅក្នុងភូមិគោកឃ្លាង បានទទួលស្វាគមន៍ឯកឧត្តម ម៉ម ប៊ុនហេង រួមនឹងក្រុមការងារ ដែលបានអញ្ជើញមកផ្ទាល់ ពិសេសបងប្អូនប្រជាពលរដ្ឋ ក៏បានរៀបចំឯកសារពាក់ព័ន្ធសម្រាប់ប្រើប្រាស់ក្នុងពេលបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ​ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅ​លេខរៀងទី១៨ ព្រោះសន្លឹកឆ្នោតរបស់គាត់មួយសន្លឹក ​មានសារសំខាន់ខ្លាំងណាស់ កុំបោះបង់ចោល ត្រូវតែរួបរួមគ្នាបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជាដាច់ខាត។នាឱកាសនោះក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង សូមសម្តែងការគោរព​ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិ នៅគ្រប់ទិសទីដែលបានផ្តល់ការគាំទ្រពេញ​ទំហឹង​ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ នៅគ្រប់កាលៈទេសៈ ធ្វើឲ្យសម្រេចបាន​ជោគជ័យ​ដ៏ត្រចះត្រចង់ ក្នុងការបម្រើប្រទេសជាតិ តាំងពីដំណាក់កាល សង្រ្គោះជាតិ ពីរបបប្រល័យពូជសាសន៍រហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងសកម្មភាពថ្ងៃនេះ ក្រុមការងារនៅបន្តធ្វើចុះទៅតាមខ្នងផ្ទះ ទីសាធារណៈ និងអប់រំផ្សព្វផ្សាយអំពីគោល​នយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) ជាហូរហែដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីគ្របដណ្តប់​អស់ប្រជាជនក្នុងមូលដ្ឋានភូមិ សង្កាត់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕អត្ថបទ រដ្ឋា

សកម្មជនអតីតគណបក្សប្រឆាំង២៧៩រូប ស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2023/07/20 11:45:15 am        149
ភ្នំពេញ៖ សកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៧៩រូប បានស័្មគ្រចិត្តចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីបានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន។ក្រោយពីបានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យរីក​ចម្រើន​ជឿនលឿន​ឥតឈប់ឈរដូចពេលសព្វថ្ងៃនេះ ​សកម្មជនអតីតគណបក្សប្រឆាំង​ចំនួន ២៧៩រូប​ បានស័្មគ្រចិត្តចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញារួមចំណែក​កសាងជាតិមាតុភូមិឱ្យមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សមាជិកថ្មីទាំង២៧៩រូបត្រូវប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង សមាជិក​គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្ស​រាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីវីរៈភាពរបស់សម្តេចតេជោ ​ហ៊ុន សែន ដែលបានលះបង់​គ្រប់​បែបយ៉ាង ទាំងយុវភាព ​និងអាយុជីវិត ​ដើម្បីរំដោះប្រទេសជាតិ ​ចេញពីរបបដ៏ខ្មៅងងិត ប៉ុល ពត​ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ​រហូតមានការអភិវឌ្ឍរីកចម្រើន​ដូចបច្ចុប្បន្ន។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សន្តិភាព ​បានមកពីនយោបាយឈ្នះ-ឈ្នះ ​របស់សម្តេចតេជោ ហ៊ុន សែន ​ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ​៥០០ ឆ្នាំហើយ ដូច្នេះយុវជន​ទាំងអស់​ត្រូវការពារ ​សន្តិភាព ដែលរកបានដោយកម្រនេះឱ្យបានគង់វង់។ សម្តេចតេជោ ​ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាព និងការ​អភិវឌ្ឍ​ជូនជាតិ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នារួមគ្នាការពារសន្តិភាពឱ្យបាន​ តាមរយៈនាំគ្នាទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ​ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ នោះគឺគាំទ្រ​សម្តេចតេជោ ហ៊ុន សែន ​ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត​ ជា​បេក្ខភាពនា​យករដ្ឋ​មន្ត្រីនាពេលអនាគត ​ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍​ប្រទេសឱ្យរីកចម្រើន​រុងរឿង​បន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕អត្ថបទ ៖ប្រាក់ វ៉ាន់ដា

បណ្តាគណបក្សនយោបាយមួយចំនួននៅខេត្តកណ្តាល ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/20 11:33:39 am        56
កណ្ដាល៖ មានគណបក្សនយោបាយចំនួនបី បានជូនដំណឹងទៅគណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ខេត្តកណ្តាល រៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២០ ខែកក្កដានេះ ខណៈគណបក្សប្រជាជនកម្ពុជា ​បានជូនដំណឹងដឹងដែរថា នឹងរៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតាមបណ្តាស្រុកក្រុងទាំង១៣នៅក្នុងខេត្តកណ្តាល នៅថ្ងៃស្អែកនេះ។បើតាមបណ្តាគណបក្សនយោបាយដែលបានធ្វើសកម្មភាពហែបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ និងត្រៀមហែរបិទនៅថ្ងៃស្អែក បានថ្លែងប្រាប់​BTV ថា នៅការហែក្បួនឃោសនារបស់​គណបក្សខ្លួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បណ្តាសមាជិក​សមាជិកា​របស់​គណបក្ស​នយោបាយ ​បានអរគុណរាជរដ្ឋាភិបាលបច្ចុប្បន្ន ​ដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និង​បានអភិវឌ្ឍន៍ ស្ថាបនាផ្លូវស្អាតៗ ស្រួលធ្វើដំណើរ ​ហើយអាចហែគណបក្ស បានច្រើន​ភូមិឃុំស្រុក ។បើតាមលោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោត​ខេត្តកណ្តាល ​បានថ្លែងថា នៅក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ​ គឺមានគណបក្សនយោបាយ​ចំនួន៦គណបក្ស បានជូនដំណឹង​មក​លេខាធិការដ្ឋាន​គណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ខេត្តកណ្តាល ដើម្បីធ្វើសកម្មភាពហែគណបក្សឃោសនារកសំឡេងឆ្នោត ខណៈយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្តដាស្អែកនេះ៕អត្ថបទ ស៊ុមសុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ
08/17/2025 05:08 PM
សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាទើបប្រទះឃើញ នៅសារមន្ទីរខេត្តកំពង់ធំ
08/17/2025 04:08 PM
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក
08/17/2025 04:08 PM
លោក Trump នឹងជួបលោកZelensky នៅអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាដោយជោគជ័យ ជាមួយលោក Putin
08/17/2025 03:08 PM
ចំនួនអ្នកស្លាប់កើនឡើង ខណៈចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញអឺរ៉ុបភាគខាងត្បូង
08/17/2025 03:08 PM
ទឹកជំនន់នៅភាគខាងជើងប្រទេសចិន សម្លាប់មនុស្ស៨នាក់ និងបាត់ខ្លួន៤នាក់
08/17/2025 02:08 PM
បណ្ដាប្រទេសអារ៉ាប់ និងឥស្លាម ថ្កោលទោសការលើកឡើងរបស់លោក Netanyahu ដែលចង់ពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ
08/17/2025 01:08 PM
BREAKING NEWS! រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងពីរនាក់របួសធ្ងន់
08/17/2025 01:08 PM
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
08/17/2025 01:08 PM
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
08/17/2025 01:08 PM