សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សប្រឆាំងឥណ្ឌា បង្កើតក្រុមសម្ព័ន្ធមិត្ត I.N.D.I.A ខណៈលោក Modiចាត់ទុកពួកគេថាជាក្រុមជនឱកាសនិយម

2023/07/19 07:48:18 pm        253
 ឥណ្ឌា៖ គណបក្សប្រឆាំងជាង ២០គណបក្ស បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេចាប់ដៃគ្នាបង្កើតក្រុមសម្ព័ន្ធមិត្ត 'I.N.D.I.A.' ដើម្បីតតាំងជាមួយគណបក្សកាន់អំណាច Bharatiya Janata(BJP) របស់លោកនាយករដ្ឋមន្រ្តី Narendra Modi នៅការបោះឆ្នោតសភាឆ្នាំក្រោយ ខណៈដែលលោក Modiបានចាត់ទុកពួកគេថាជាក្រុមជនឱកាសនិយម ។  ការដាក់ឈ្មោះក្រុមសម្ព័ន្ធមិត្ត 'I.N.D.I.A.' ត្រូវបានគេមើលឃើញថាជាការព្យាយាមមួយដោយគណបក្សប្រឆំាង ដើម្បីប្រកួតប្រជែងជាមួយគណបក្ស BJP នៅការបោះឆ្នោតសកល ដែលគ្រោងនឹងរៀបចំឡើងនៅខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ។  លោក Mallikarjun Khargeគឺជាប្រធានគណបក្សប្រឆាំងសភា និយាយថា ពាក្យ'I.N.D.I.A.' តំណាងឲ្យពាក្យ"Indian National Developmental Inclusive Alliance" ដែលមានន័យថា “សម្ព័ន្ធភាពរួមបញ្ចូលការអភិវឌ្ឍន៍ជាតិឥណ្ឌា” ។  ជំនួបនៅទីក្រុង Bengaluru របស់គណបក្សប្រឆាំង គឺជាជំនួបលើកទី ២របស់ពួកគេ ក្នុងរយៈពេល ១ខែ ដើម្បីធ្វើឲ្យលែងមានការខ្វែងគំនិតគ្នា ហើយនិងបង្កើតវេតិការួម មុនការបោះឆ្នោតឆ្នាំក្រោយ ដែលគណបក្ស BJP នៅតែមានប្រៀបក្នុងឈ្នះការបោះឆ្នោត ។  ជំនួបលើកដំបូងកាលពីខែមុន មានគណបក្សចំនួន ១៥ បានយល់ព្រមរួបរួមគ្នាប្រឆាំងនឹងគណបក្ស BJP ។  គណបក្សប្រឆាំងដែលភាគច្រើននៃពួកគេ គឺជាគូប្រជែងក្នុងតំបន់ ហើយត្រូវបានបំបែកនៅថ្នាក់ជាតិនោះ ស្មើនឹងតិចជាពាក់កណ្តាលនៃ ៣០១អាសនៈ ដែលគណបក្ស BJPមាននៅក្នុងរដ្ឋសភាមាន ៥៤២អាសនៈ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានព្យាយាមបំបាត់ការខ្វែងគំនិតគ្នារបស់ពួកគេ ដើម្បីប្រកួតប្រជែងជាមួយគណបក្ស BJP ក្រោយមេដឹកនាំគណបក្សសភាលោក Rahul Gandhi ត្រូវបានគេកាត់ទោសពីបទបរិហាកេរ្តិ៍ ហើយនិងត្រូវជម្រុះពីសភា កាលពីខែមីនាកន្លងទៅ ៕

ភ្លើងឆេះព្រៃនៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក បន្តឆាបឆេះដល់ពេលយប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើន

2023/07/19 07:45:09 pm        316
ក្រិក៖ ភ្លើងឆេះព្រៃ ២កន្លែងបានឆាបឆេះដោយមិនអាចគ្រប់គ្រងបានលើដីព្រៃក្នុងទីក្រុង Mandra នៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក រយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យប្រជាពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបញ្ឈប់អណ្តាតភ្លើងពីការរីករាលដាលដល់តំបន់ដែលមានរោងចក្រចម្រាញ់ប្រេងកាត ។  យោងតាមការអះអាងរបស់ក្រុមសាក្សី និងក្រុមមន្រ្តី បានឲ្យដឹងថា ភ្លើងឆេះព្រៃមួយកន្លែង មានមុខកាត់រហូតដល់ ៨គ.ម ដោយបានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តនៅជុំវិញទីក្រុង Mandra ស្ថិតនៅភាគខាងលិចរដ្ឋធានីអាតែន ដែលគ្របដណ្តប់ពីលើដោយផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក ។  លោក Christos Stathis គឺជាអភិបាលក្រុង Mandra បាននិយាយប្រាប់ទូរទស្សន៍ Open TV ថា ពួកយើងកំពុងរស់នៅក្នុងស្ថានភាពអាក្រក់ ។ ផ្ទះសម្បែង និងអចលទ្រព្យ ត្រូវបានឆាបឆេះដោយតែភ្លើងឆេះព្រៃ ។  គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ទីក្រុង Mandra ដែលជាតំបន់ឧស្សាហកម្មធំ បានរងគ្រោះដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្ស ២៤នាក់ ។  ការធ្វើចរាចរណ៍ ត្រូវបានផ្អាករយៈពេលជាច្រើនម៉ោងនៅតាមផ្លូវជាតិ ២ខ្សែតភ្ជាប់ទីក្រុងអាតែនជាមួយទីក្រុង Elefsina និងទីក្រុង Corinth ជាកន្លែងដែលរោងចក្រចម្រាញ់ប្រេងកាតកំពុងប្រតិបត្តិការ ។ កាលពីល្ងាចថ្ងៃអង្គារ អណ្តាតភ្លើងបានឆាបឆេះឆ្ពោះទៅកាន់ទីក្រុងមាត់សមុទ្រ Nea Peramos ។  សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយថា ផ្ទះសម្បែង និងរោងចក្រផលិតនាវាខ្នាតតូចមួយកន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Neos Pontos ហើយសំណុំផ្សែងខ្មៅដ៏ក្រាស់ បានហោះលើមេឃ ក្រោយការផ្ទុះ ។  មន្រ្តីនគរបាលមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មកទល់នឹងពេលនេះ ស្រុកយ៉ាងហោចចំនួន ៧ ត្រូវបានជម្លៀសប្រជាពលរដ្ឋចេញ ហើយក្រុមនគរបាល បានជួយជម្លៀសមនុស្សជាង ៣០០នាក់ ។  លោក Andreas Theodosiadis គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Mandra ដែលឈរនៅជុំវិញកម្ទេចកម្ទី និងបំណែករថយន្តដែលរងការឆាបឆេះ និយាយថា ពួកយើងបានប្រឹងអស់ពីលទ្ធភាពដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយឥឡូវអ្វីៗត្រូវបានបំផ្លាញអស់ដោយសារតែវា ៕

UN៖ គំនិតមានច្រើនលើវិធីនាំចេញគ្រាប់ធុញ្ញជាតិ និងជីគីមីអ៊ុយក្រែន និងរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក

2023/07/19 07:41:49 pm        256
UN៖អង្គការសហប្រជាជាតិ(UN)និយាយកាលពីថ្ងៃអង្គារថា មាននូវគំនិតជាច្រើនបានលេចចេញឡើងដើម្បីជួយឲ្យគ្រាប់ធុញ្ញជាតិអ៊ុយក្រែន និងរុស្ស៊ី ហើយនិងជីគីមីរុស្ស៊ី ទៅកាន់ទីផ្សារសកលលោក ក្រោយទីក្រុងម៉ូស្គូ ឈប់ទទួលយកកិច្ចព្រមព្រៀងអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពចេញពីកំពង់ផែសមុទ្រខ្មៅ ។  កិច្ចព្រមព្រៀងសមុទ្រខ្មៅនេះ ត្រូវបានរៀបចំឡើងដោយ UN និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆំាងនឹងវិបត្តិស្បៀងអាហារពិភពលោក បង្កឡើងដោយសារការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។ អ៊ុយក្រែន និងរុស្ស៊ី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញគ្រាប់ធុញ្ញជាតិធំៗបំផុតរបស់ពិភពលោក ។  ការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលរួមទាំងការដកចេញការធានាចំពោះការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពនោះ បានបញ្ចប់ផងដែរនូវកិច្ចព្រមព្រៀងរវាង UN និងទីក្រុងម៉ូស្គូ ដែលក្រុមមន្រ្តី UNបានយល់ព្រមជួយនាំចេញជីគីមី និងស្បៀងអាហាររុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ។  អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric និយាយថា ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ UNលោក Antonio Guterresនឹងបន្តស្វែងរកវិធីដែលមានលទ្ធភាពទាំងអស់ ដើម្បីធានាបានថា គ្រាប់ធុញ្ញជាតិអ៊ុយក្រែន គ្រាប់ធុញ្ញជាតិរុស្ស៊ី ជីគីមីរុស្ស៊ី អាចនាំចេញទៅកាន់ទីផ្សារពិភពលោកបាន ។  លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដោយពុំបានផ្តល់សេចក្តីលម្អិតថា មាននូវគំនិតច្រើនណាស់បានលេចចេញ ។  ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និយាយថា ជម្រើសផ្សេងទៀតចំពោះកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ ត្រូវតែរកឲ្យឃើញ ហើយបច្ចុប្បន្នមាននូវការជជែកពិភាក្សាយ៉ាងសកម្មបំផុត ។  លោកបន្តថា ការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនឆ្លងកាត់អឺរ៉ុបមិនអាចទូទាត់ជាមួយការចែកចាយពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅបាននោះទេ ៕

វៀតណាមអនុម័តផែនការតម្លៃ៣១.៧ ពាន់លានដុល្លារដើម្បីពង្រីកសមត្ថភាពស្តុកប្រេង នៅឆ្នាំ២០៣០

2023/07/19 07:38:16 pm        251
វៀតណាម៖ ប្រទេសវៀតណាម បានអនុម័តផែនការមួយដើម្បីពង្រីកសមត្ថភាពស្តុកប្រេងឥន្ធនៈរបស់ខ្លួន នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងការវិនិយោគរហូតដល់៣១,៧ពាន់លានដុល្លារ។ យោងតាមផែនការដែលត្រូវបានចុះហត្ថលេខាដោយលោក Tran Hong Ha ( ត្រឹង ហុង ហា) ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងកាលពីថ្ងៃអង្គារថា ការវិនិយោគនឹងបង្កើនសមត្ថភាពស្តុកទុកប្រេងឥន្ធនៈចម្រាញ់រួច និងប្រេងឆៅរបស់ប្រទេស រហូតដល់៧៥ ទៅ៨០ថ្ងៃនៃការនាំចេញសរុប។

កម្មករ-កម្មការិនី ត្រៀមខ្លួនរួចរាល់ទៅបោះឆ្នោត និងបន្តគំាទ្រគណបក្សប្រជាជនកម្ពុជា

2023/07/19 07:37:41 pm        292
ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ និងបន្តបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ​ឱ្យដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ទៀត ។ក្រុមកម្មករ កម្មការិនី នៅថ្ងៃទី១៩ ខែកក្កដានេះបានប្រាប់BTVថា ពួកគេបន្តការគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រោះថា គណបក្សនេះមានស្នាដៃជាច្រើន ក្នុងកសាងប្រទេសជាតិឱ្យមាន​ការអភិវឌ្ឍរីកចម្រើន ជាពិសេសក្នុងវិស័យកាត់ដេរ​សំលៀកបំពាក់ និងស្បែក ​ដែលរាជរដ្ឋាភិបាល មាន​គោលនយោបាយទាក់ទាញអ្នកវិនិយោគក្នុងស្រុក ​និងក្រៅស្រុក បង្កើតរោងចក្រជាច្រើននៅ​ទូទាំង​ប្រទេស និងផ្តល់ ការងារជូនប្រជាពលរដ្ឋ។កម្មករ កម្មការិនី បានលើកឡើងពីអត្ថប្រយោជន៍ផ្សេងៗ ​ដែលពួកគេទទួលបានពីការងាររោងចក្រ ក្រោមការជួយគិតគូររបស់រាជរដ្ឋាភិបាល ​របស់គណបក្សប្រជាជនកម្ពុជា ។បើតាមកម្មវិធីនយោបាយសម្រាប់កសាង​ និងការពារមាតុភូមិ​ (ឆ្នាំ២០២៣-២០២៨) របស់ គណបក្សប្រជាជនកម្ពុជា ​ត្រង់ចំណុច ការអភិវឌ្ឍការងារ ​និងប្រព័ន្ធគាំពារសង្គម បានបង្ហាញពី​សារនយោបាយពាក់ព័ន្ធនឹងកម្មករនិយោជិត ដូចជា៖ បន្តអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបប និងការងារ ​ដើម្បីរក្សាការងារ បង្កើតការងារ បង្កើនឱកាសទទួលបានការងារ​សមរម្យ/ផលិតភាព​ខ្ពស់​ជូនប្រជាពលរដ្ឋ និងធានាភាពសុខដុមរមនា ​នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ ព្រមទាំងលើ​កកម្ពស់ការអភិវឌ្ឍជំនាញជាប្រចាំ ។ បន្តលើកកម្ពស់ជីវភាពរស់នៅរបស់​កម្មករ​និយោជិត តាមរយៈការបន្តដំឡើងប្រាក់ឈ្នូល អប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ, ការ​ពិនិត្យលទ្ធភាពពង្រីកវិសាលភាពប្រាក់ឈ្នូលអប្បបរមា ទៅវិស័យផ្សេងៗ, ការបន្តជួយសម្រាល​បន្ទុកចំណាយរបស់កម្មករនិយោជិត ដោយបន្តពង្រីកការតបណ្តាញ អគ្គិសនី និងទឹកស្អាតក្នុង​តម្លៃសមរម្យជូនកម្មករនិយោជិតនៅតាមផ្ទះជួល និងជំរុញអនុវត្តច្បាប់ ស្តីពីភតិសន្យាពិសេស ។ បន្តលើកលែងពន្ធលើប្រាក់អត្ថប្រយោជន៍បន្ថែមរបស់កម្មករនិយោជិត​ និងកែ សម្រួលកម្រិត​ប្រាក់​បៀវត្សរ៍​អប្បបរមាត្រូវជាប់ពន្ធ និងការធានាការបើកប្រាក់ឈ្នួល២ដងក្នុងមួយខែ ព្រម ទាំងការ​ទូទាត់​ប្រាក់បំណាច់​អតីតភាពការងារ ​រៀងរាល់៦ខែម្តង និងពង្រឹងការអនុវត្តលក្ខខណ្ឌ​សុវត្ថិភាព និងសុខភាពការងារ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ

បារាំងផ្តល់កិត្តិយសដល់លោក Modi មេដឹកនាំឥណ្ឌាក្នុងពិធីប្រារព្ធទិវាជាតិ

2023/07/19 07:34:51 pm        243
បារាំង៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ត្រូវបានផ្តល់កិត្តិយសពិសេសបំផុតរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រទី១៤ ខែកក្កដា ជាភ្ញៀវកិត្តិយស នៅក្នុងព្យុហយាត្រាយោធាទិវាជាតិ ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលបានបញ្ជាក់ពីកិច្ចព្រមព្រៀងការពារជាតិកម្រិតខ្ពស់។ លោក Modi និងប្រធានាធិបតី លោក Emmanuel Macron បានត្រួតពិនិត្យមើលការដើរក្បួនយោធាឥណ្ឌា និងបារាំង នៅតាមដងផ្លូវ Champs-Elysees ដែលមានជួរដើមឈើ នៅក្នុងទីក្រុងប៉ារីស ខណៈយន្តហោះប្រយុទ្ធ Rafale ផលិតនៅប្រទេសបារាំង ដែលឥណ្ឌាបានទិញកាលពីឆ្នំ២០១៥ បានចូលរួមនៅក្នុងការហោះហើរឆ្លងកាត់វិមាន Arc de Triomphe ។ការប្រារព្ធពិធីជាតិ ធ្វើឡើងនៅពេលដ៏លំបាកសម្រាប់លោក Macron ដែលមានការមិនពេញចិត្តពីសមាជិកសាធារណៈមួយចំនួន ខណៈលោក ធ្វើដំណើរតាមរថយន្តយោធានៅតាមផ្លូវ Champs-Elysees ( ហ្សង់អេលីហ្ស៊េ)។ ការសម្រេចចិត្តរបស់លោក ដើម្បីបង្កើនអាយុចូលនិវត្តន៍ បានបង្កឲ្យមានការតវ៉ាជាច្រើនខែ និងបានធ្វើឲ្យប៉ះពាល់ដល់អត្រាប្រជាប្រីយភាពរបស់លោក។  លោក Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅកាន់ទីក្រុងប៉ារីសកាលពីពីថ្ងៃទី១៣ ខែកក្កដា នៅពេលនោះ លោកត្រូវបានផ្តល់រង្វាន់ងារកិត្តិយស ជារង្វាន់ខ្ពស់បំផុតរបស់ប្រទេសបារាំង។ ព្យុះហយាត្រា បានធ្វើឡើងបន្ទាប់ពីទីក្រុងញ៉ូវឌេលី បានផ្តល់ការអនុម័តដំបូងដើម្បីទិញយន្តហោះ Rafale បន្ថែមចំនួន២៦គ្រឿង សម្រាប់កងទ័ពជើងទឹករបស់ខ្លួន និងនាវាមុជទឹកចំនួន៣គ្រឿង ដោយផ្អែកលើទំនាក់ទំនងការពារជាតិជាមួយទីក្រុងប៉ារីស នៅពេលមួយដែលប្រទេសទាំងពីរ កំពុងស្វែងរកសម្ព័ន្ធមិត្ត នៅក្នុងតំបន់ ឥណ្ឌូ-ឥណ្ឌូប៉ាស៊ីហ្វិក។ប្រភពដែលដឹងច្បាស់ពីព័ត៌មានលម្អិត បានឲ្យដឹងថា តម្លៃសរុបនៃការទិញនេះ ត្រូវបានគេរំពឹងថា មានតម្លៃប្រមណ៨០០ពាន់លានរូបពី ឬ៩.៧៥ ពាន់លានដុល្លារ ទោះបីជាតម្លៃនេះនៅតែជាគោលដៅចំពោះការចរចាក៏ដោយ។ លោក Macron បានផ្តល់កិត្តិយស ចំពោះមេដឹកនាំពិភពលោក មួយចំនួនប៉ុណ្ណោះមកចូលរួមក្នុងព្យុះហយាត្រាយោធាក្នុងទីវាជាតិ៕

អភិបាលតំបន់៖ រុស្ស៊ីវាយប្រហារតាមផ្លូវអាកាសជាយប់ទី២ លើកំពង់ផែ Odesa របស់អ៊ុយក្រែន

2023/07/19 07:25:55 pm        290
អ៊ុយក្រែន៖ អភិបាលតំបន់ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានជាប់រវល់យ៉ាងខ្លាំង ក្នុងរយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃពុធ ដើម្បីទប់ទល់ និងកម្ទេចការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើកំពង់ផែភាគខាងត្បូងនៃទីក្រុង Odesa សម្រាប់យប់ទីពីរជាប់ៗគ្នា។ប្រទេសរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារកំពង់ផែរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) មួយថ្ងៃបន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដោយការសម្រេចចិត្តនេះ បានបង្កើនការបារម្ភជាចម្បង នៅទ្វីបអាហ្រ្វិក និងអាស៊ីពីការឡើងថ្លៃតម្លៃស្បៀងអាហារ និងពីការកើនឡើងនូវភាពអត់ឃ្លាន។អភិបាលក្រុង Odesa លោក Oleh Kiper បាននិយាយនៅលើកម្មវិធីផ្ញើសារនៃបណ្ដាញសង្គម Telegram ថា៖ «កុំចូលទៅជិតបង្អួច កុំបាញ់ ឬបង្ហាញពីការងាររបស់កងកម្លាំងការពារដែនអាកាសឲ្យសោះ»។ភាគខាងកើតទាំងអស់របស់ប្រទេសអ៊ុយក្រែន ត្រូវបានប្រកាសព្រមានអំពីការវាយឆ្មក់តាមអាកាស ដោយចាប់ផ្តើមភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ។ ក្នុងរបាយការណ៍សមរភូមិផ្សេងទៀត ទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានផ្តល់ព័ត៌មានផ្សេងគ្នាយ៉ាងច្រើននៃការប្រយុទ្ធគ្នា នៅភាគឦសានអ៊ុយក្រែន កាលពីថ្ងៃអង្គារ។៦សប្តាហ៍ ចាប់តាំងពីអ៊ុយក្រែនចាប់ផ្តើមបើកការវាយបក នៅភាគខាងកើត និងខាងត្បូង រុស្ស៊ីកំពុងបង្កើនការវាយលុកផ្នែកថ្មើរជើង នៅភាគឦសាន ហើយជាមួយគ្នានេះ ទីក្រុងមូស្គូនិយាយថា ការវាយលុករបស់អ៊ុយក្រែន បានបរាជ័យ៕

សម្ដេចតេជោ៖ ពួកជ្រុលនិយមនៅក្រៅស្រុករកគ្រប់វិធី ដើម្បីបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

2023/07/19 07:22:58 pm        503
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស ក្រោយមកមានបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការ​ប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជន​ទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោតជាដើម។សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញតេឡេក្រាម និងធ្វីតធឺផ្លូវការណ៍ថា ការបោះឆ្នោត​សកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨ គណបក្សដែល​បានចុះឈ្មោះ​ប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ ​ក៏នៅមានការប្រកួតប្រជែងរវាង ​១៨ គណបក្ស​ដែលចូលរួមការបោះឆ្នោត ​ជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត​នៅកម្ពុជាផងដែរ។ សម្ដេចតេជោ បញ្ជាក់ថា៖«ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស ក្រោយមកមានបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការ​ប្រជាធិបតេយ្យ ​តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជន​ទៅបោះឆ្នោត​ និងបំផ្លាញចោលសន្លឹកឆ្នោតជាដើម»។ សម្ដេចតេជោ បានចោទជាសំណួរថា តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំង​ប្រជាធិបតេយ្យ​ដែលចូលរួមការបោះឆ្នោតមានច្រើនជាង​ ឬមានតិចជាង កម្លាំង​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក Erdogan ចុះកិច្ចព្រមព្រៀងយានដ្រូនជាមួយអារ៉ាប៊ីសាអ៊ូឌីត មុនមកដល់ប្រទេសកាតា

2023/07/19 07:19:44 pm        71
ទួរគី៖ ប្រធានាធិបតីទួរគី លោក រ៉េសិប តៃយីប អ៊ើដូហ្គែន (Recep Tayyip Erdogan) បានធ្វើដំណើរទៅដល់ទីក្រុងដូហា (Doha) ប្រទេសកាតាហើយ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ដែលនេះជាកន្លែងឈប់សំចតទី២ នៃដំណើរទស្សនកិច្ច នៅរដ្ឋឈូងសមុទ្ររបស់លោក បន្ទាប់ពីឈប់សំចតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនៅទីនោះ លោកបានចុះកិច្ចព្រមព្រៀងផ្តល់យានដ្រូនដល់ព្រះរាជាណាចក្រមួយនេះ។នាពេលនេះ លោក អ៊ើដូហ្គែន ដែលបានឈ្នះអាណត្តិ ៥ឆ្នាំម្ដងទៀត ក្នុងការបោះឆ្នោត កាលពីខែឧសភា កំពុងស្វែងរកការគាំទ្រ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទួរគីដែលកំពុងធ្លាក់ចុះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកាតា បានឲ្យដឹងថា មេដឹកនាំទួរគី បានធ្វើដំណើរទៅដល់ នៅល្ងាចថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ជាមួយនឹងភរិយារបស់លោក លោកស្រី Emine Erdogan នៅក្នុងរដ្ឋធានីនៃសម្ព័ន្ធមិត្តសំខាន់របស់កាតា មុននឹងមានជំនួបជាមួយមេដឹកនាំ លោក Tamim bin Hamad Al-Thani។ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត ( SPA) បានរាយការណ៍ថា បន្ទាប់ពីមានជំនួប រវាងលោក អេរដូហ្គែន (Erdogan) និងរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman នៅកំពង់ផែសមុទ្រក្រហម Jeddah កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា) ការឈប់សំចតនៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ បានឃើញថា កិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខា ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងយានដ្រូនជាមួយក្រុមហ៊ុនឯកជន Baykar ផងដែរ។SPA បានរាយការណ៍បន្ថែមទៀតថា បន្ទាប់ពីបានចូលរួមវេទិកាធុរកិច្ចអារ៉ាប៊ីសាអ៊ូឌីត-ទួរគី នៅទីក្រុង Jeddah នាថ្ងៃចន្ទនោះ លោក អ៊ើដូហ្គែន (Erdogan) និងព្រះអង្គម្ចាស់ Mohammed បានពិភាក្សាអំពី«ទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា» ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំទាំងពីរដែលបន្ទាប់មកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យថាមពល ការវិនិយោគផ្ទាល់ វិស័យការពារជាតិ និងប្រព័ន្ធផ្សព្វផ្សាយ៕

បេសកជនអាមេរិក៖ការពិភាក្សាអំពីអាកាសធាតុនៅប្រទេសចិន មានលក្ខណៈស្ថាបនា ប៉ុន្តែមានភាពស្មុគស្មាញ

2023/07/19 07:15:04 pm        216
អាមេរិក៖ បេសកជនទទួលបន្ទុកកិច្ចការអាកាសធាតុរបស់សហរដ្ឋអាមេរិក លោក ចន ឃើរី (John Kerry) បាននិយាយនៅថ្ងៃពុធ (ទី១៩ ខែកក្កដា)នេះថា កិច្ចពិភាក្សារបស់លោកជាមួយមន្ត្រីចិនក្នុងសប្តាហ៍នេះ មានលក្ខណៈស្ថាបនា ប៉ុន្តែមានភាពស្មុគស្មាញ ដោយភាគីទាំងពីរ នៅតែដោះស្រាយជាមួយ«ផ្នែកខាងក្រៅ» ពាក់ព័ន្ធនយោបាយ រួមទាំងកោះតៃវ៉ាន់ផងដែរ។លោកឃើរី បានប្រាប់អ្នកយកព័ត៌មានថា៖«យើងគ្រាន់តែតភ្ជាប់ឡើងវិញ។«យើងកំពុងព្យាយាមបង្កើតឡើងវិញនូវដំណើរការ ដែលយើងបានធ្វើជាច្រើនឆ្នាំមកហើយនោះ»។លោកឃើរី បានទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយបានជួបប្រជុំជាមួយអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី (Wang Yi) និងលោកនាយករដ្ឋមន្ត្រី លី គាង (Li Qiang) ព្រមទាំងបេសកជនអាកាសធាតុជើងចាស់ លោក Xie Zhenhua ក្នុងកិច្ចខិតខំប្រឹងប្រែងមួយស្តារទំនុកចិត្តឡើងវិញរវាងភាគីទាំងពីរនៅមុនកិច្ចពិភាក្សាអាកាសធាតុ COP28 នៅទីក្រុងឌូបៃ នាចុងឆ្នាំនេះ។ លោកឃើរី បានថ្លែងថា៖«យើងកំពុងព្យាយាមបង្កើតផ្លូវច្បាស់លាស់មួយទៅកាន់COP ដើម្បីអាចសហការ និងធ្វើការដូចដែលយើងចង់បានជាមួយគ្រប់មជ្ឈដ្ឋានខាងក្រៅ»។ការទូតអាកាសធាតុរវាងប្រទេសបញ្ចេញថាមពលកំពូលទាំងពីររបស់ពិភពលោក ត្រូវបានផ្អាកកាលពីខែសីហាឆ្នាំ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលប្រទេសចិនទាមទារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM