សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវពលរដ្ឋឲ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត

2023/07/15 06:39:50 pm        220
ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកព្រៃឈរ និងស្រុកបាធាយ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះក្នុ​ង​បញ្ជី​បោះឆ្នោត​ទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការ​អភិវឌ្ឍ​ប្រទេសជាតិ និងបន្តភាពរីកចម្រើនបន្តទៀត។ការអំពាវនាវខាងលើនេះរបស់ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត ក្នុងឱកាស​បន្ត​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រមាណជាង ៤០០នាក់ ក្នុងមូលដ្ឋានឃុំសំបូរ ដើម្បី​ផ្សព្វ​ផ្សាយ​កម្មវិធីនយោបាយគណបក្ស និងបង្ហាញ​អំពី​របៀប​គូស​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៣ នៅ​បរិវេណ​វត្តច័ន្ទសូរិយារង្សី ឃុំសំបូរ ស្រុកបាធាយ។ ក្នុងឱកាសនោះ ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុង​ការ​ជួយ​សង្រ្គោះ​ប្រជាជន​ចេញ​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែល​ធ្វើ​ឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សា​ជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម​។ល។​, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យ​ដ៏ត្រចះត្រចង់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុង​ការ​ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិត​ធ្វើ​ជា​ដើម​ទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោម​ការ​ដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បាន​ធ្វើ​ការ​ណែនាំ​ខ្លួន​អំពី​ជីវ​ប្រវត្តិ​របស់​ឯកឧត្តម​ផ្ទាល់ ជាពិសេសប្រវត្ត​នៃ​ការ​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង​ជាតិ​មាតុភូមិ និងបម្រើប្រជាជន ព្រមទាំងបានធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស ដោយ​បាន​អាន និងបក​ស្រាយ​ពន្យល់​ម្ដង​មួយៗ​អំពី​ខ្លឹមសារ​លម្អិត​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្ម​វិធី​នយោបា​យ​នេះ​ជូន​បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេស​បាន​ធ្វើការ​បង្ហាញ​ជូន​អំពី​របៀប​គូស​សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា ស្នើអាស៊ាន-សហភាពអឺរ៉ុប ធ្វើកិច្ចការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

2023/07/15 05:55:21 pm        193
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ បានស្នើទៅកាន់ប្រទេសជាសមាជិកអាស៊ាន និងសហភាពអឺរ៉ុប (EU) ធ្វើ​កិច្ច​ការឆ្ពោះទៅរកការសម្រេចឲ្យបាន​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងតំបន់ និងតំបន់ ដែល​ជា​គោលបំណងរយៈពេលវែងរួមមួយ ។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៤ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បាន​បង្ហាញថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញ ពី​ការ​រៀបចំ​កិច្ចប្រជុំកំពូល អបអរសាទរខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយ​ជោគជ័យ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ។ក្នុង​សេចក្តី​ប្រកាសព័ត៌មាន បានបន្តថា ក្នុងកិច្ចប្រជុំនេះ ក៏បានលើកទឹកចិត្តភាគីទាំងពីរ សម្រេច​ឲ្យ​បាន​នូវគោលដៅ និងគោលបំណង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម របស់ថ្នាក់ដឹកនាំ នៃ​កិច្ច​ប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០២៣ ។ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានទទួលស្គាល់នូវវឌ្ឍនភាពជាវិជ្ជមាន នៅក្នុង​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងសហភាពអឺរ៉ុប និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន និងបានស្នើអាស៊ាន និងសហភាពអឺរ៉ុប ធ្វើកិច្ចការឆ្ពោះ​ទៅ​រក​ការ​សម្រេច​ឲ្យ​បាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងតំបន់ និងតំបន់ ដែល​ជា​គោល​បំណង​រយៈ​ពេល​វែង​រួម​មួយ ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីសារៈសំខាន់ដ៏ធំធេង នៃការ​តភ្ជាប់​តំបន់ និងបានជំរុញឲ្យសហភាពអឺរ៉ុប បន្តជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល និងទន្ទឹងរងចាំដំណើរការប្រតិបត្តិការ នៃកិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូន តាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហភាពអឺរ៉ុប ដើម្បី​បន្ត​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និងប្រជាជន និងលំហូរធុរៈកិច្ចរវាងតំបន់ទាំងពីរ ។គួរបញ្ជាក់ថា កម្ពុជាបានអនុវត្តជាហូរហែរមកហើយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ​ប្រទេស​ចិន និងសាធារណរដ្ឋកូរ៉េ ហើយបានចុះកិច្ចព្រមព្រៀងរួចរាល់ផងដែរ ជាមួយប្រទេស​អារ៉ាប់​អ៊ីមីរ៉ាត់៕ អត្ថបទ៖ បាន សុខរិទ្ធសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៤

អតីតជើងឯកប្រដាល់ពិភពលោក Floyd Mayweather ចូលរួមយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតនៅហ្ស៊ីមបាវ៉េ

2023/07/14 09:29:24 pm        145
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អតីតជើងឯកទម្ងន់ស្រាលពិភពលោក Floyd Mayweather បានចូលរួមព្រឹត្តការណ៍យុទ្ធនាការនយោបាយឃោសនាស្វែងរកសំឡេងឆ្នោត នៅក្នុងរដ្ឋធានី Harare (ហារ៉ារ៉េ) ប្រទេសហ្ស៊ីមបាវ៉េ ។ វត្តមានដ៏គួរភ្ញាក់ផ្អើលរបស់តារាល្បីម្នាក់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាស្វែងរកឆ្នោតរបស់គណបក្សកាន់អំណាច ZANU PF ដើម្បីព្យាយាមទាក់ទាញក្រុមអ្នកបោះឆ្នោតយុវជន មុនការបោះឆ្នោតសកលនៅខែក្រោយនេះ ។ លោក Mayweatherបានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដើរនៅក្នុងព្រឹត្តការណ៍យុទ្ធនាការឃោសនារការបោះឆ្នោតនេះ ហើយលោកបានមើលការប្រកួតចំនួន ៣ប្រកួតពីក្រុមអ្នកប្រដាល់ហ្ស៊ីមបាវ៉េ ។ អ្នកគាំទ្រម្នាក់និយាយថា លោកសប្បាយចិត្តណាស់ពេលមើលឃើញវត្តមានរបស់អតីតកីឡាករលំដាប់ថ្នាក់ពិភពលោក Mayweather នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ។ ខណៈពេលនោះដែរ ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក Emmerson Mnangagwa( អឹមមើសិន អឹមណាងហ្កាក់វ៉ា) បានសន្យាថា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដែលពួកយើងអាចបន្តនៅកាន់អំណាចបាន ។ សូមបញ្ជាក់ថា សំឡេងឆ្នោតយុវជន ត្រូវបានគេរំពឹងថា នឹងក្លាយជាសមរភូមិប្រកួតប្រជែងដ៏សំខាន់សម្រាប់គណបក្សនយោបាយធំទាំង ២ គឺគណបក្ស ZANU PF និងគណបក្សសម្ព័ន្ធប្រជាពលរដ្ឋដើម្បីការផ្លាស់ប្តូរ (CCC) ៕

ក្រសួងការងារ​ យកចិត្តទុកដាក់អភិវឌ្ឍន៍ទីផ្សារការងារ លើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត

2023/07/14 07:44:10 pm        133
ភ្នំពេញ៖ ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតប​នឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ​ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម​ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និង​គោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសន៍​ពិសេសរបស់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ស្តីពីការរីកចម្រើន ៥ឆ្នាំចុងក្រោយ​ នៃវិស័យការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ​បានបញ្ជាក់ថា ​ការងារក្នុងប្រទេស សម្រាប់វិស័យឧស្សាហកម្មមានចំនួន ២,៥លាននាក់, វិស័យកសិកម្ម ៣,៤លាននាក់, វិស័យសេវាកម្ម ៣,១លាននាក់ និងមន្រ្តីសាធារណៈចំនួន ៥០ម៉ឺននាក់។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេច​នាយករដ្ឋមន្រ្តីបច្ចុប្បន្ន កម្ពុជា​បានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទទួល ដោយពង្រីកឱកាស​ការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ និងបានប្រាក់បញ្ញើបញ្ជូន​មកប្រទេសវិញប្រមាណ ២,៧ពាន់លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ។ពលករទេសន្តរប្រវេសន៍ខាងលើនេះ​ ពលករបានកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាន ២សែននាក់, កូរ៉េខាងត្បូងជិត ៥ម៉ឺននាក់, ម៉ាឡេស៊ីជាង ២ម៉ឺន ២ពាន់នាក់, ជប៉ុនជាង ១ម៉ឺន ៦ពាន់នាក់, សិង្ហបុរី ៨៥១នាក់, ហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់។ឯកឧត្តម ឲ្យដឹងទៀតថា ក្រសួង បានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សា​យោបល់ និងមគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀម​ចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាស​ការងារក្រៅ​ប្រទេសស្របច្បាប់ ដែល​មានលក្ខខណ្ឌការងារល្អ ​និងប្រាក់ចំណូលខ្ពស់ផងដែរ។ក្រៅពីនេះ ក្រសួងនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ​ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ​ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូន​ឱ្យកាន់តែមានសុវត្ថិភាព និង​តាមស្តង់ដារបច្ចេកទេស ជំរុញការចូលរួមរបស់​និយោជកក្នុងការ​គាំទ្រ​ដល់​ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់រោងចក្រជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម ចាយ បូរិន សំណេះសំណាលជាមួយសកម្មជនយុវជនភូមិឃុំ នៅឃុំទឹកជ្រៅ ឃុំនាងទើត និងឃុំចុងជាច នៅក្នុងមូលដ្ឋានស្រុកតំបែរ

2023/07/14 07:33:16 pm        130
ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលេីការងារយុវជន បានជួបសំណេះសំណាលជាមួយសកម្មជនយុវជនភូមិឃុំ នៅឃុំទឹកជ្រៅ ឃុំនាងទើត និងឃុំចុងជាច នៅក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣។ឯកឧត្តម ចាយ បូរិ ន ពន្យល់ ណែនាំ និងពង្រឹង ដល់សកម្មជនយុវជនគណបក្សភូមិ នៃឃុំទាំង៣ ត្រូវពិនិត្យមេីលសមាជិកគណបក្ស និងបង្ហាញពីគំនូសក្នុងសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់សកម្មជនយុវជន ព្រមទាំងសមាជិកបក្សទាំង៣ឃុំ នាពេលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។  ឯកឧត្តម ក៏បានបន្តដឹកនាំយុវជនគណបក្សស្រុកតំបែរជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានឃុំទាំង៣ និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីថែរក្សាសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ប្រទេសជាបន្តទៀត៕

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មានការភ័យខ្លាច ខណៈដែលសំណើច្បាប់របស់រុស្ស៊ី ធ្វើដំណើរកាន់តែកៀកនឹងការអនុម័ត

2023/07/14 07:18:31 pm        136
រុស្ស៊ី៖ Nef Cellarius ដែលជាក្រុមមួយ ក្នុងចំណោមក្រុមអ្នកស៊ូមតិជាច្រើនតំណាងឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI) បាននិយាយថា៖ «នៅប្រទេសរុស្ស៊ី យើងមានជំងឺជាច្រើនប្រភេទ។ ហើយក្នុងនោះ ការប្តូរភេទ គឺជាជំងឺមួយ»។ការលើកឡើងនេះ កើតមានឡើង ស្របពេលដែលប្រទេសរុស្ស៊ី ខិតកាន់តែកៀកនឹងអនុម័តច្បាប់ហាមឃាត់ការវះកាត់ប្ដូរភេទ ដោយច្បាប់ដែលបានស្នើឡើងនេះ នឹងបញ្ឈប់ការថែទាំវេជ្ជសាស្ត្រដែលបញ្ជាក់ពីភេទ សម្រាប់អ្នកប្តូរភេទ រួមទាំងការព្យាបាលដោយអ័រម៉ូន និងការវះកាត់។នៅទីក្រុងម៉ូស្គូ លោកវេជ្ជបណ្ឌិត Andrei Istranov ដែលបាន និងកំពុងឃើញអ្នកជំងឺកើនឡើង ដោយសារការខ្វល់ខ្វាយពីសំណើច្បាប់នេះ បាននិយាយថា៖ «មានការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវជាតិនៃសុខភាពសាធារណៈ នៅទីក្រុងម៉ូស្គូ ហើយយោងទៅតាមការស្រាវជ្រាវនេះ បានឲ្យដឹងថា អ្នកវះកាត់ប្ដូរភេទជនជាតិរុស្ស៊ី ៧២ភាគរយ កើតជំងឺធ្លាក់ទឹកចិត្ត ឬប៉ុនប៉ងធ្វើអត្តឃាត។ តួលេខនេះ គឺខ្ពស់ណាស់។ ខ្ញុំអាចទាយទុកបានថា ច្បាប់នេះ នឹងនាំឲ្យចំនួននោះកាន់តែកើនឡើង»។លោកបានបន្ថែមថា បម្រាមនេះអាចបង្ខំឲ្យមនុស្សស្វែងរកការថែទាំ នៅកន្លែងផ្សេង ដែលនាំឲ្យមានទីផ្សារងងឹតកើតឡើង ដើម្បីព្យាបាលអ័រម៉ូនជំនួស ហើយទីបំផុត កាន់តែមានគ្រោះថ្នាក់ដល់សុខភាពអ្នកជំងឺ។អ្នកតស៊ូមតិនិយាយថា ការហាមឃាត់នេះ មានរយៈពេលជាងមួយទសវត្សរ៍ ក្នុងការបង្កើត។ សំណើច្បាប់នេះ ប្រសិនបើត្រូវបានអនុម័ត ក៏នឹងរារាំងមនុស្សពីការផ្លាស់ប្តូរភេទ នៅលើអត្តសញ្ញាណប័ណ្ណរបស់ពួកគេផងដែរ ហាមអ្នកប្ដូរភេទមិនឲ្យមានកូន និងលុបចោលអាពាហ៍ពិពាហ៍ ប្រសិនបើដៃគូរបស់ពួកគេ វះកាត់ប្ដូរភេទ។នេះ គឺជាចំណាត់ការចុងក្រោយបង្អស់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រឆាំងនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា៕

រាជរដ្ឋាភិបាលវិនិយោគលើវិស័យអប់រំ កើនឡើងដល់ប្រមាណ ៨២០លានដុល្លារ ក្នុងឆ្នាំ២០២៣

2023/07/14 07:16:58 pm        219
ភ្នំពេញ៖ រយៈពេល ១១ឆ្នាំចុងក្រោយ ចាប់រាប់ពីឆ្នាំ ២០១៣ រហូតមកដល់ឆ្នាំ ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាវិនិយោគពីរាជរដ្ឋាភិបាល កើនឡើងជាបន្តបន្ទាប់​រៀងរាល់ឆ្នាំ។ ជាក់ស្ដែងនៅឆ្នាំ២០១៣ ក្រសួងអប់រំទទួលបានថវិកាត្រឹមតែបប្រមាណ២៧៣លានដុល្លារ ខណៈដែលឆ្នាំ២០២៣នេះ ក្រសួងអប់រំទទួលបានថវិកាហូតដល់ប្រមាណ៨២០លានដុល្លារ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ​ក្នុងឱកាសចូលរួមផ្សព្វផ្សាយស្ដីពី ​ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ។ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា វិស័យអប់រំ ក្លាយជា​វិស័យអាទិភាពខ្ពស់មួយ ​ដែលរាជរដ្ឋាភិបាលកម្ពុជា ​កំពុងយកចិត្តទុកដាក់ ដោយបង្កើនថវិកា​វិនិយោគ​ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២៣។ នៅឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាត្រឹមតែប្រមាណ ​២៧៣លានដុល្លារប៉ុណ្ណោះ ខណៈឈាន​ដល់ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានវិនិយោគ​រហូដតល់ប្រមាណ ៨២០លានដុល្លារលើវិស័យអប់រំ។ភ្ជាប់ជាមួយការវិនិយោគថវិកាកាន់តែច្រើនលើវិស័យអប់រំ ​ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងដែរថា​បច្ចុប្បន្ននេះ ​ក្រសួងក៏កំពុងធ្វើការសម្រួចសកម្មភាពជាអាទិភាព ​ដើម្បីជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្ដូរ​មុខមាត់ថ្មីក្នុងវិស័យអប់រំ ​ដោយផ្តោតលើអាទិភាពទាំង៨ចំណុច។ ក្នុងចំណោមអាទិភាពទាំង ៨នេះ ក៏មានការដាក់ចេញនូវកំណែទម្រង់សាលារៀន ការបង្កើនថវិកា​ដំណើរការសាលារៀន ការបន្តវិនិយោគលើហេដ្ឋារចនា​សម័្ពន្ធ ​សម្ភារៈ​ឧបទេស ក៏ដូចជាការកែ​លម្អវិធី​សាស្រ្តបង្រៀន ​ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី ​សាលាគំរូជាដើម។ក្រសួងអប់រំ ក៏បានផ្តោតការយកចិត្តទុកដាក់លើគ្រូបង្រៀន ការធ្វើកំណែទម្រង់គ្រឹះស្ថាន​បណ្ដុះ​បណ្ដាលគ្រូ ហើយក៏មានកា​រ​លើក​កម្ពស់​បរិវត្តឌីជីថលនៅក្នុងការអប់រំ ដែលផ្តោតលើធនធាន​ឌីជីថល វិធីសាស្រ្ត​បង្រៀន​ ថែមទាំងការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការអប់រំឌីជីថលផងដែរ។លើសពីនេះ ​ក្រសួងអប់រំក៏បានផ្តោតពង្រឹងលើការសិក្សាមុខវិជ្ជា ​វិទ្យាសាស្រ្ត ​និងបច្ចេកវិទ្យា ដោយ​បន្តវិនិយោគលើអគារធនធាន ​បន្ទប់ពិសោធន៍​ កំព្យូទ័រ ​សម្ភារៈឧបទេស ក៏ដូចជាលើក​កម្ពស់​សុខភាពសិក្សា ​និងចំណុចអាទិភាពជាច្រើនទៀត៕អត្ថបទ៖ គឹមហុក 

លោក Wang Yi៖ ចិន និងអាស៊ាន ស្ថិតលើផ្លូវដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍រួម និងវិបុលភាព

2023/07/14 07:15:08 pm        124
ចិន៖ នាយកការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេស លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននិងអាស៊ាន បង្ហាញនូវផ្លូវត្រឹមត្រូវនៃការកសាងភាពជាអ្នកជិតខាងល្អរយៈពេលយូរអង្វែង ខណៈទទួលបានការអភិវឌ្ឍន៍រួម និងវិបុលភាព។  អ្នកការទូតជាន់ខ្ពស់ចិន បានធ្វើអត្ថាធិប្បាយដូច្នេះ ខណៈចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែលបង្ហាញពីសមិទ្ធផលនៃការពង្រីកគ្រប់ជុំនៃកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងប្រទេសចិននិងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ លោក បាននិយាយថា អស់រយៈកាលជាង២០ឆ្នាំកន្លងទៅនេះ ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្ម នូវរាល់បំណង និងគោលការណ៍នៃសន្ធិសញ្ញាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករាល់ការប្រឈមទាំំងអស់។ លោក Wang Yi និយាយថា ទី១ ភាគីទាំងពីរ បានធ្វើការរួមគ្នា លើការកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ ប្រទេសចិន និងអាស៊ាន បានជួយគ្នា ចែករំលែកឱកាសអភិវឌ្ឍន៍ និងជម្នះបញ្ហាប្រឈមទៅនឹងជំងឺរាតត្បាត។ ប្រទេសចិនបានឈានដល់ការឯកភាពដ៏ខាន់ ជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា លើការកសាងសហគមន៍រួមដែលមានអនាគតរួមគ្នា។ លោកWang និយាយថា ទី២ ការស្ថាបនារួមគ្នានៃផ្លូវនិងខ្សែក្រវ៉ាត់ ដែលបានមើលឃើញគម្រោងជាព្រឹត្តិការណ៍សំខាន់ដែលបានបំពេញ រួមមានការបើកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរបស់កម្ពុជា ការបើកសេវាអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងចិន-អាស៊ានលើផ្លូវរថភ្លើងចិន-ឡាវ និងច្រករបៀងពាណិជ្ជកម្មសមុទ្រ-ដីគោកអន្តរជាតិថ្មី ដែលបានបើកបណ្តាញមាសសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងកាត់តំបន់ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ពលរដ្ឋជាង២ពាន់លាននាក់៕

កម្តៅខ្លាំង ប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងភាគនិរតីសហរដ្ឋអាមេរិក

2023/07/14 07:03:51 pm        137
អាមេរិក៖ រលកកម្តៅដែលមិនបានផ្លាស់ប្តូរ កំពុងធ្វើឲ្យប៉ះពាល់នៅផ្នែកភាគនិរតីសហរដ្ឋអាមេរិក ដោយរដ្ឋអារីហ្សូណា ត្រូវបានគេព្យាករណ៍ថានឹងមើលឃើញការរាលដាលដល់កំណត់ត្រានៃអាកាសធាតុក្តៅខ្លាំង។ អង្គភាពសេវាអាកាសធាតុជាតិ បាននិយាយថា មនុស្សជាង ១១៥លាននាក់ស្ថិតនៅក្រោមទម្រង់មួយចំនួននៃការព្រមានអំពីកម្តៅ។ ទីក្រុង Phoenix បានជួបប្រទះសីតុណ្ហភាពយ៉ាងហោចណាស់ ៤៣អង្សាសេ រយៈពេល១៣ថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថានឹងលើសពីកំណត់ត្រារយៈពេល១៨ ថ្ងៃ ដែលមានកម្តៅលើសពី ៤៣អង្សសេ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ទីក្រុងជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងមានកម្តៅកើនឡើងលើសពី ៣៨ អង្សាសេ ។ នៅក្នុងការព្រមានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គភាពសេវាអាកាសធាតិជាតិ បាននិយាយថា រលកកម្តៅ នឹងវាយប្រហារនៅរដ្ឋដូចជារដ្ឋ Nevada, Oklahoma, Texas និងរដ្ឋ California ផងដែរ។ អង្គភាពនេះរំពឹងថានឹងមានកម្តៅខ្លាំងរហូតដល់ ៤៦អង្សាសេ នៅផ្នែកខ្លះនៃទីវាលភាគខាងត្បូង។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពពេញមួយយប់ត្រូវបានគេរំពឹងថានឹងនៅតែក្តៅខុសពីធម្មតា ប្រហែល ៣២អង្សាសេ នៅក្នុងតំបន់មួយចំនួន ដែលផ្តល់ភាពធូរស្រាលនៅពេលយប់តិចតួចពីកម្តៅ។មន្ត្រីបានជំរុញឲ្យេពលរដ្ឋប្រុងប្រយ័ត្ន កំណត់ពេលវេលានៅខាងក្រៅ អំឡុងម៉ោងព្រះអាទិត្យក្តៅខ្លាំង ស្នាក់កន្លែងមានទឹក និងកុំទុកសត្វចិញ្ចឹមឬកូនៗនៅក្នុងយានយន្តដែលចាក់សោ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) បានឱ្យដឹងថាមនុស្សប្រមាណ ៧០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅរាល់ឆ្នាំនីមួយៗ មកពីមូលហេតុទាក់ទងនឹងកម្តៅនៅសហរដ្ឋអាមេរិក៕

ប្រជាជនអាហ្សង់ទីនរឹតបន្តឹងការចាយវាយ ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង

2023/07/14 06:58:51 pm        81
អាហ្សង់ទីន៖ ប្រជាជនអាហ្សង់ទីន កំពុងរឹតបន្តឹងការចាយវាយរបស់ខ្លួន ដើម្បីទុកចំណាយតែលើវត្ថុដែលចាំបាច់ ខណៈប្រទេសអាមេរិកខាងត្បូងមួយ ត្រូវប្រឹងប្រយុទ្ធនឹងអតិផរណាដែលអាចឡើងលើស ១៤០ភាគរយ លើមូលដ្ឋានប្រចាំឆ្នាំ ក្នុងឆ្នាំនេះ ដោយស្វែងរកទំនិញដែលត្រូវការខ្លាំងមានតម្លៃថោក ដែលជាការប្រយ័ត្នប្រយែងចំពោះប្រាក់ចំណូលរបស់ពួកគេ។បើយោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិរបស់ប្រទេស ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) បានឲ្យដឹងថា អត្រាអតិផរណាប្រចាំខែរបស់ប្រទេសអាហ្សង់ទីន ស្ថិតនៅកម្រិត ៦,០ភាគរយ ក្នុងខែមិថុនា។ ខណៈដែលប្រទេស នៅឆ្នាំនេះ កំពុងស្ថិតនៅលើផ្លូវក្នុងការបន្តរក្សាការប្រើប្រាស់សាច់អាំងដ៏ខ្ពស់របស់ខ្លួននោះ ការមានតម្លៃថ្លៃ កំពុងធ្វើឲ្យអ្នកប្រើប្រាស់ដកចេញពីជម្រើសត្រូវការរបស់ពួកគេ។វិបត្តិសេដ្ឋកិច្ចដែលកាន់តែអាក្រក់កាលពីឆ្នាំមុន បានធ្វើឲ្យប្រជាជនចំនួន ៤០ភាគរយ ធ្លាក់ទៅក្រោមបន្ទាត់ក្រីក្រ ហើយនឹងក្លាយជាបញ្ហាសំខាន់នៅក្នុងការបោះឆ្នោតបឋម ដើម្បីជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៣ ខែសីហា ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Sergio Massa កំពុងស្វះស្វែងដើម្បីបានក្លាយជាបេក្ខជនរបស់គណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតខែតុលា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM