សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការណាតូ៖ កូសូវ៉ូ និងស៊ែរប៊ី មិនមានការរីកចម្រើនក្នុងការបន្ថយភាពតានតឹងទេ

2023/07/06 09:49:03 pm        287
NATO៖ មន្ត្រីជាន់ខ្ពស់អង្គការណាតូមួយរូប បាននិយាយកាលពីថ្ងៃពុធ (៥ កក្កដា)ថា ប្រទេសកូសូវ៉ូ និងស៊ែរប៊ី មិនបានចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងដែលពាក់ព័ន្ធនឹងជនជាតិស៊ែរប៊ីរស់នៅភាគខាងជើងនៃប្រទេសកូសូវ៉ូ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសកូសូវ៉ូ និងបុគ្គលិករបស់អង្គការណាតូនោះទេ។លោក Thomas Goffus ជំនួយការអគ្គលេខាធិការសម្រាប់ប្រតិបត្តិការនៅអង្គការណាតូ បាននិយាយថា "យើងមិនបានឃើញមានការវិវឌ្ឍន៍ឆ្ពោះទៅរកការបន្ថយកំណើនភាពតានតឹងក្នុងប្រទេសនេះនោះទេ" ។អំពើហឹង្សាបានផ្ទុះឡើងនៅភាគខាងជើងប្រទេសកូសូវ៉ូ បន្ទាប់ពីអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែង ដែលនាំឱ្យមានការប៉ះទង្គិច ព្រមទាំងបង្ករបួសដល់កងកម្លាំងរក្សាសន្តិភាព និងក្រុមបាតុករជនជាតិស៊ែរប៊ី។ ភាពតានតឹងនៅតែមាននៅភាគខាងជើងប្រទេសនេះ ដោយមានកងកម្លាំង KFOR របស់អង្គការណាតូយាមអគារសាលាក្រុងនានា។អង្គការណាតូបានបង្កើនចំនួនទាហាននៅក្នុងកងកម្លាំង KFOR ហើយបានដាក់កងវរសេនាតូចមួយកងទៀត ក្នុងការត្រៀមប្រតិបត្តិការបន្ទាន់។ កូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែរប៊ីកាលពីឆ្នាំ២០០៨ ហើយទទួលបានការទទួលស្គាល់ពីប្រទេសជាង ១០០ប្រទេស ប៉ុន្តែប្រទេសស៊ែប៊ី ចិន និងរុស្ស៊ីមិនបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសនេះទេ។សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបភាគច្រើនបានបន្ទោសនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ចំពោះភាពតានតឹង រួមទាំងការតែងតាំងអភិបាលក្រុងជនជាតិអាល់បានី បើទោះបីជាមានពហិការការបោះឆ្នោតដោយជនជាតិស៊ែរប៊ីដែលរស់នៅតំបន់នោះក៏ដោយ៕

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០ភាគរយហើយ

2023/07/06 09:45:06 pm        350
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក សាងសង់សម្រេចបាន ៨០% នៃគម្រោងហើយ តាមផែនការគម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់​បឹងជើងឯក មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ​គម្រោងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការ Jica របស់ប្រទេសជប៉ុន ។គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកនេះ នឹងមានការសាង់សង់​ស្ថានីយ​បូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង​ ដែលអាចបូមទឹកបាន ៤៦៨ម៉ែត្រគូបក្នុង១ម៉ោង ដោយមាន​បឹងបម្រុងទុកប្រមាណ ១៩ហិកតា ​និងសំណង់ប្រព្រឹត្តកម្ម​សំណល់ភក់ ​ដែលកើតចេញពី​ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។គម្រោងនេះ មានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក ​អនាម័យ ​និងបរិស្ថាន នៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ​ពិសេសតំបន់ជុំវិញបឹងជើងឯក។ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ​សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ​២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា ​នៅភូមិព្រែកតាគង់១ ​សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ​ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រលកកម្តៅវាយលុកប្រទេសអាល្លឺម៉ង់ ខណៈការត្អូញត្អែរអំពីបញ្ហាជំងឺសរសៃឈាមបេះដូងកើនឡើង

2023/07/06 09:44:42 pm        314
អាល្លឺម៉ង់៖ អាកាសធាតុកាន់តែក្តៅនៅប្រទេសអាល្លឺម៉ង់បានធ្វើឲ្យក្រុមគ្រូពេទ្យកាន់តែមម៉ាញឹក។ ការសិក្សាមួយដែលធ្វើឡើងនៅក្នុងទីក្រុង Würzburg(វើសប៊ើក) របស់អាល្លឺម៉ង់បានរកឃើញថា ការហៅរថយន្តគិលានសង្គ្រោះបន្ទាន់អំពីបញ្ហាសរសៃឈាមបេះដូងបានកើនឡើងច្រើនជាងមួយភាគបីក្នុងអំឡុងពេលស្ថានភាពរលកកម្តៅ ដោយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុត និងមានដើមឈើបៃតងតិចបំផុត។ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Potsdam បានត្រួតពិនិត្យសីតុណ្ហភាព ការបំពុលខ្យល់ និងការបញ្ជូនរថយន្តគិលានសង្គ្រោះបន្ទាន់ឆ្លងកាត់ទីក្រុងWürzburg (វើសប៊ើក)។ ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីអាកាសធាតុ សីតុណ្ហភាព និងសង្គម បានរកឃើញថា រយៈពេលដែលមានគុណភាពខ្យល់មិនល្អមិនមានឥទ្ធិពលខ្លាំងលើការហៅរថយន្តគិលានសង្គ្រោះបន្ទាន់ទេ តែប្រហែលជាដោយសារផលប៉ះពាល់អវិជ្ជមានដល់សុខភាពនៃការបំពុលខ្យល់ជាញឹកញាប់ដែលត្រូវចំណាយពេលយូរទម្រាំលេចចេញរោគសញ្ញា។ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលទាក់ទងនឹងការត្អូញត្អែអំពីជំងឺសរសៃឈាមបេះដូងបានកើតឡើងនៅថ្ងៃមានអាកាសធាតុក្តៅ ដោយកើនឡើងចំនួន ៣៧ភាគរយ នៅពេលសីតុណ្ហភាពជាមធ្យមឡើងដល់៣០អង្សាសេ បើធៀបនឹងថ្ងៃដែលមានសីតុណ្ហភាពជាមធ្យម១៨អង្សារសេ។ កំណើនតម្រូវការលើសេវាសុខភាពបានអូសបន្លាយរហូតដល់ពីរថ្ងៃបន្ទាប់ពីស្ថានភាពរលកកម្ដៅបានកន្លងផុតទៅ៕

លោក Arevalo និយាយថា រដ្ឋាភិបាលកាតេម៉ាឡាចង់រុញឲ្យរូបលោកចេញពីការប្រកួតប្រជែង

2023/07/06 09:35:25 pm        271
កាតេម៉ាឡា៖ លោក Bernardo Arevalo អ្នកឈានដល់លំដាប់ទី២ ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសកាតេម៉ាឡា នាពេលថ្មីៗនេះ និយាយថា រដ្ឋាភិបាលនៅពីក្រោយនៃការប៉ុនប៉ងរុញរូបលោកចេញពីការប្រកួតប្រជែង ហើយក្នុងពេលជាមួយគ្នានេះ លោកក៏បានដាក់ជាសំណួរចំពោះលទ្ធផលផងដែរ។លោក Arevalo បាននិយាយថា៖ «ថ្ងៃនេះ ក្រុមអ្នកនយោបាយពុករលួយនេះ កំពុងប្រឈមជាមួយការពិត ហើយការពិតនោះ គឺថា គណបក្សរបស់ខ្ញុំ មាននៅក្នុងចំនួនសន្លឹកឆ្នោតសរុប ដែលជាលទ្ធផលលំដាប់ទី២ ជាមួយនឹងគម្លាត ៣ពិន្ទុពីគូប្រជែងដទៃទៀត ហើយគណបក្សរបស់ខ្ញុំមានឱកាសឈ្នះ ដែលនោះមានន័យថា ពួកគេនឹងត្រូវបាត់បង់ប្រព័ន្ធគ្រប់គ្រងទាំងស្រុង»។លោក Arevalo គឺជាបេក្ខជនប្រកួតប្រជែងដែលមានឱកាសស្ដួចស្ដើងបំផុត សម្រាប់ការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន ដើម្បីដណ្ដើមតំណែងកំពូលរបស់ប្រទេស។ តែពេលនេះ តុលាការកំពូលរបស់ប្រទេសនេះបានអំពាវនាវឲ្យមានការពិនិត្យនូវសន្លឹកឆ្នោតឡើងវិញ។ លោក Arevalo បានស្ថិតនៅពីក្រោយអតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សឯកភាពជាតិនៃក្តីសង្ឃឹម (National Unity of Hope) និងនាំមុខលោក Manuel Conde ដែលជាបេក្ខជនមកពីគណបក្សកាន់អំណាច Vamos ដែលបេក្ខជនទាំង ២នាក់ និយាយដូចគ្នាថា មានភាពមិនប្រក្រតី។ក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ជាមួយសារព័ត៌មាន Reuters លោក Arevalo បាននិយាយថា លោកជឿថា ការពិនិត្យឡើងវិញនេះ គឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីឲ្យលោក Conde មកជំនួសរូបលោកវិញ សម្រាប់ការបោះឆ្នោតជុំទី២ ដែលនឹងដំណើរការ នៅខែសីហា ដោយលោកប្រាប់ថា៖ «វាគឺជាភ័ស្តុតាងដែលបង្ហាញថា មានមនុស្សមួយចំនួនកំពុងព្យាយាមរកមើលថា តើមានលក្ខខណ្ឌអ្វីខ្លះ ដែលអាចត្រូវបង្កើតឡើងដើម្បីជួយគាំទ្រលោក Manuel Conde»៕

ក្រុមអាជ្ញាធរហូឡង់ បោសសម្អាតកម្ទេចកម្ទី និងដើមឈើបាក់ ក្រោយព្យុះរដូវក្តៅដ៏កម្រសម្លាប់មនុស្សម្នាក់

2023/07/06 09:26:16 pm        285
ហូឡង់៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមអាជ្ញាធរហូឡង់ បានចាប់ផ្តើមប្រតិបត្តិការបោសសម្អាតគំនរបាក់បែក កម្ទេចកម្ទី និងដើមឈើបាក់ ក្រោយព្យុះរដូវក្តៅដ៏កម្រ បានបោកបក់លើប្រទេសមួយនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។  មែកឈើបាក់ បានបិទព្រែកជីកដ៏ល្បីនៅក្នុងទីក្រុង Amsterdam ហើយមនុស្សរាប់សិបនាក់នៅក្នុងទីក្រុងមួយនេះ បានរងរបួស ខណៈដែលរថយន្តត្រូវបានដើមឈើរលំកិនសង្កត់ពីលើ  ដោយឡែក ទូកផ្ទះមួយគ្រឿង រងការខូចខូតខាតផងដែរដោយសារដើមឈើបាក់សង្កត់លើ ។  វិទ្យាស្ថានឧតុនិយមជាតិ បានចេញការព្រមានព្យុះកម្រិតពណ៌ក្រហម ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត Noord-Holland ដែលរួមទាំងទីក្រុង Amsterdam ដោយជំរុញពួកគេមិនត្រូវចាកចេញពីផ្ទះជាដាច់ខាត ហើយនិងបានជូនដំណឹងដល់សមាជិកសេវាកម្មសង្រ្គោះបន្ទាន់ពីស្ថានភាពគំរាមកំហែងដល់អាយុជីវិត ។  ទីភ្នាក់ងារឧតុនិយម Weeronline បានរាយការណ៍ថា ព្យុះឈ្មោះ Polyគឺជាព្យុះដ៏អាក្រក់បំផុតពុំធ្លាប់ដែលមានអំឡុងខែរដូវក្តៅនៅប្រទេសហូឡង់ ហើយវាបានបោកបក់ខ្លាំងបំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១៨ រហូតមក៕

ក្រុមហ៊ុន PwC របស់អូស្រ្តាលី ផ្ដល់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Google ទាក់ទងនឹងរឿងអាស្រូវលេចធ្លាយផែនការពន្ធ

2023/07/06 09:21:27 pm        335
អូស្ត្រាលី៖ ក្រុមហ៊ុន PwC របស់ប្រទេសអូស្ត្រាលី បានផ្តល់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Google អំពីកាលបរិច្ឆេទចាប់ផ្តើមនៃច្បាប់ពន្ធថ្មី ដែលលេចធ្លាយចេញពីការផ្តល់ព័ត៌មានសង្ខេបពន្ធរបស់រដ្ឋាភិបាលអូស្ត្រាលី នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានេះ។នេះជាលើកទីមួយហើយដែលក្រុមហ៊ុនមួយត្រូវបានភ្ជាប់ទំនាក់ទំនដោយផ្ទាល់ទៅនឹងរឿងអាស្រូវរបស់ជាតិពាក់ព័ន្ធនឹងក្រុមហ៊ុនគណនេយ្យ "ធំបួន" ដែលត្រូវបានបង្ហាញជាលើកដំបូងកាលពីខែមករា។ក្រុមហ៊ុន PwC កំពុងប្រឈមនឹងការត្រួតពិនិត្យ ពីព្រោះជាច្រើនឆ្នាំមុន អតីតដៃគូរបស់ក្រុមហ៊ុននេះគឺលោក Peter Collins ដែលបានណែនាំរដ្ឋាភិបាលអូស្ត្រាលីអំពីច្បាប់ប្រឆាំងការគេចពន្ធ បានចែករំលែកសេចក្តីព្រាងសម្ងាត់ជាមួយសហសេវិកអំពីផែនការរបស់រដ្ឋាភិបាល ដែលនៅពេលនោះព័ត៌មានសម្ងាត់នោះត្រូវបានប្រើប្រាស់ដើម្បីធ្វើអាជីវកម្មជាមួយក្រុមហ៊ុនពហុជាតិជាច្រើន។ក្រុមហ៊ុន PwC មិនបានកំណត់អត្តសញ្ញាណអតិថិជនណាមួយជាសាធារណៈពាក់ព័ន្ធនឹងរឿងអាស្រូវនេះទេ ដែលវាត្រូវបានបង្កឡើងដោយលោក Collins បានបំពានកិច្ចព្រមព្រៀងសម្ងាត់ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរវាងឆ្នាំ២០១៣ និង២០១៨៕

ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម អំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នា

2023/07/06 09:16:44 pm        289
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា​ចុះជួយ​ខេត្តឧត្តរមានជ័យ បាន​អញ្ជើញជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋជាង​ពីរពាន់នាក់ ​នៅចំណុចបរិវេណវត្តប្រាសាទរាជាសំរោង ​ស្ថិតនៅភូមិសំរោង ​សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៣នេះ។ក្នុងពិធីនោះដែរឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​កោត​សរសើរ​និង​អរគុណ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែលកន្លងមក​​តែងតែមានការជឿជាក់​ និងស្រលាញ់គាំទ្របោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សមួយនេះ​ បាននាំមកនូវសុខសន្តិភាព​ និង​ការ​អភិវឌ្ឍ​រីកចម្រើនពេញលេញលើគ្រប់វិស័យ ។យ៉ាង​ណាម៉ិញ​ឯកឧត្តមកិត្ដិសង្គហបណ្ឌិត គន់ គីម ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវនាំគ្នា​ទៅ​បោះឆ្នោត​នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣​ ខាងមុខនេះ ឲ្យ​បានគ្រប់ៗគ្នា ​ដើម្បី​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាលទី៧ ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត ​និង​ជឿជាក់ ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​បន្តទៀត​ ៕ 

ការតវ៉ានៅប្រទេសកូរ៉េខាងត្បូង ជុំវិញការបញ្ចេញទឹកកខ្វក់ពីរោងចក្រនុយក្លេអ៊ែរ Fukushima

2023/07/06 09:15:07 pm        314
កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងត្បូង បានចេញធ្វើបាតុកម្មដើម្បីតវ៉ា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។ កាលពីថ្ងៃពុធទី៥ ខែកក្កដា កូរ៉េខាងត្បូងនិយាយថា ខ្លួនគោរពការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់នោះ។បញ្ហានេះបានកើតមានឡើង បន្ទាប់ពី ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអង្គារថា ការពិនិត្យរយៈពេល២ឆ្នាំ បានបង្ហាញថា ផែនការនានាគឺស្របទៅតាមស្តង់ដាសុវត្ថិភាពសកលហើយមានផលប៉ះពាល់នៃផ្នែកវិទ្យុសកម្មតិចតួចដល់មនុស្សនិងបរិស្ថាន។  អ្នកនយោបាយគណបក្សប្រឆាំង លោកស្រី Lee Jeong-mi កំពុងធ្វើកូដកម្មបង្អត់អាហារនៅខាងក្រៅស្ថានទូតជប៉ុន ក្នុងទីកក្រុងសេអ៊ូល រយៈពេលជាង១០ថ្ងៃ តវ៉ាផែនការរបស់ប្រទេសជប៉ុនដើម្បី បញ្ចេញទឹកសំណល់ជាអ្វីដែលលោកស្រីចាត់ទុកថាជាទឹកមានសារធាតុពុល ចូលទៅក្នុងសមុទ្រ៕

ក្រុមប្រឹក្សាសន្តិសុខ UNកោះហៅរុស្ស៊ីសម្រាប់ការសម្លាប់កុមារនៅអ៊ុយក្រែន

2023/07/06 09:04:54 pm        113
 UN៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)បានជជែកដេញដោលពីរបាយការណ៍ស្តីពីជម្លោះប្រដាប់អាវុធ និងកុមារចុងក្រោយរបស់ប្រមុខ UN ដែលបច្ចុប្បន្នរួមបញ្ចូលទាំងការបំពានរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្រោយការវាយលុករបស់ពួកគេទៅលើអ៊ុយក្រែន ។  លោកស្រី Virginia Gamba គឺជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ UNសម្រាប់ជម្លោះប្រដាប់អាវុធ និងកុមារ និយាយថា កាលពីឆ្នាំ ២០២២ UNបានធ្វើការផ្ទៀងផ្ទាត់ការបំពានធ្ងន់ធ្ងរបំផុតចំនួន ២៧.១៨០ករណីលើកុមារ នៅទូទាំងពិភពលោក ។  គួរឲ្យដឹងថា ក្រុមអ្នកតំណាងមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានកោះហៅកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងក្រុមជាប់ពាក់ព័ន្ធ សម្រាប់ការសម្លាប់កុមារ ១៣៦នាក់នៅក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ។  ទោះបីជាយ៉ាងណាក៏ដោយ លោក Vassily Nebenziaគឺជាអ្នកតំណាងពិសេសរុស្ស៊ីប្រចាំនៅ UNបានច្រានចោលទាំងស្រុងការចោទប្រកាន់បែបនេះ ដោយលោកនិយាយថា លោកខាងលិច និងអគ្គលេខាធិការ UNកំពុងចុះយុទ្ធនាការបង្កើតព័ត៌មានកខ្វក់ ប្រឆាំងនឹងសហព័ន្ធរុស្ស៊ី ។  សូមបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំស្តីពីជម្លោះប្រដាប់អាវុធ និងកុមារ របស់អគ្គលេខាធិការ UNលោក Antonio Guterres ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានរៀបរាប់លម្អិតពីការកាប់សម្លាប់ ការមានពិការភាព ការបំពានផ្លូវភេទ ការចាប់ជម្រិត ឬការចាប់កុមារ ការបដិសេធន៍ពុំព្រមឲ្យជំនួយចូលដល់តំបន់រងគ្រោះ និងការវាយប្រហារមានគោលដៅលើសាលារៀន និងមន្ទីរពេទ្យ ៕

អាកាសធាតុក្តៅបំផុតនៅអាមេរិកឡាទីនបង្ហាញពីហេតុការណ៍ដ៏អាក្រក់បំផុតដែលអាចបង្កគ្រោះថ្នាក់អាកាសធាតុបន្ថែមទៀត

2023/07/06 09:01:15 pm        132
អង្គការឧតុនិយមពិភពលោក បាននិយាយកាលពីថ្ងៃពុធថា អាកាសធាតុក្តៅខ្លាំងបំផុត កំពុងបង្កភាពវឹកវរនៅទូទាំងតំបន់អាមេរិកឡាទីន ធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃរាប់ពាន់លានដុល្លារ និងបង្ហាញពីហេតុការណ៍ដ៏អាក្រក់បំផុតដែលនាំឲ្យមានតម្រូវការកាន់តែខ្ពស់សម្រាប់ឥន្ធនៈហ្វូស៊ីល និងបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ជាងមុន ។  យោងតាមរបាយការណ៍អាកាសធាតុរដ្ឋនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបឆ្នាំ ២០២២ បានឲ្យដឹងថា សីតុណ្ហភាពឡើងក្តៅជាមធ្យម ០,២ ភាគរយក្នុងរយៈពេល ១ទសវត្សរ៍ អំឡុងពេលជាង ៣០ឆ្នាំកន្លងមកនេះ ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំណត់ត្រា ។  របាយការណ៍នេះ បាននិយាយថា ពេលដែលសីតុណ្ហភាពកើនឡើង ហេតុការណ៍អាកាសធាតុក្តៅបំផុត បានក្លាយជារឿងធម្មតា ជាមួយនឹងផលវិបាកមិននឹកស្មានដល់ដែលបង្កឲ្យកើតមានបម្រែបម្រួលអាកាសធាតុ ។  របាយការណ៍ខាងលើ បានកត់សំគាល់ឃើញថា ភ្លើងឆេះព្រៃនៅទូទាំងតំបន់អាមេរិកឡាទីន កាលពីឆ្នាំមុន បណ្តាលមកពីដីស្ងួត និងរលកកម្តៅក្តៅខ្លាំង នាំឲ្យកើតមានការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ឡើងដល់កម្រិតខ្ពស់បំផុត ធ្វើឲ្យសីតុណ្ហភាពកាន់តែឡើងខ្ពស់ ហើយនិងធ្វើឲ្យហានិភ័យកើនឡើងសម្រាប់គ្រោះមហន្តរាយ ។  គ្រោះរាំងស្ងួត និងព្យុះ ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ចតម្លៃ ៩ពាន់លានដុល្លារ ត្រូវបានគេរាយការណ៍នៅក្នុងឆ្នាំ ២០២២ ។  សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ បានកំណត់គោលដៅរក្សាការឡើងកម្តៅទាបជាង ១,៥អង្សាសេពីលើកម្រិតមុនឧស្សាហកម្ម ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមសកម្មជន ព្រមានថា វិធានការបន្ថែមទៀត ត្រូវការធ្វើដើម្បីជៀសផុតផលប៉ះពាល់ដ៏អាក្រក់បំផុតដោយសារបម្រែបម្រួលអាកាសធាតុ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
09/30/2026 05:09 PM