សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះមហាក្សត្រថៃទ្រង់បើកសម័យប្រជុំសភា ខណៈគណបក្សឆ្ពោះទៅមុខសម្លឹងដល់ការដឹកនាំរដ្ឋាភិបាលថ្មី

2023/07/04 05:54:13 pm        146
ថៃ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ទ្រង់បានព្រះរាជតម្រាស់បើកកិច្ចប្រជុំរដ្ឋសភាលើកដំបូង កាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) ដោយរៀបចំនូវលក្ខខណ្ឌសម្រាប់ការប៉ុនប៉ងរបស់គណបក្សឆ្ពោះទៅមុខ (Move Forward) ក្នុងការចង់បង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីឈ្នះការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើល កាលពី ៦សប្តាហ៍មុន។គណបក្សឆ្ពោះទៅមុខ (Move Forward) ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកបោះឆ្នោតក្នុងស្រទាប់យុវជន និងក្នុងរដ្ឋធានីបាងកក ដោយការធ្វើយុទ្ធនាការយ៉ាងច្រើនលើសលប់នៅលើបណ្ដាញសង្គម ជុំវិញវេទិកាប្រឆាំងអ្នកកាន់អំណាច ដែលនេះអាចជាការនាំឲ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់គណបក្ស ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។គណបក្សនឹងចូលរួមក្នុងសភាជាមួយគណបក្សដ៏មានប្រជាប្រិយយ៉ាងខ្លាំងក្លាភឿថៃ (Pheu Thai) បន្ទាប់ពីគណបក្សទាំង២ បានឈ្នះអាសនៈសភាយ៉ាងច្រើន ដោយបានផ្ដល់ភាពបរាជ័យយ៉ាងធ្ងន់ធ្ងរដល់គណបក្សដែលចងសម្ព័ន្ធមិត្តជាមួយក្រុមយោធារាជានិយម ដែលបានគ្រប់គ្រងរដ្ឋាភិបាល តាំងពីរដ្ឋប្រហារឆ្នាំ២០១៤។ប៉ុន្តែដោយគូសបញ្ជាក់ពីបញ្ហាប្រឈម នាពេលខាងមុខ គណបក្សភឿថៃ (Pheu Thai) និងគណបក្សឆ្ពោះទៅមុខ (Move Forward) នៅតែមិនទាន់ដាច់ស្រេចចំពោះអ្នកដែលត្រូវទទួលបានតំណែងជាប្រធានសភា ពោលគឺជាតួនាទីដ៏សំខាន់មួយ ដែលអាចកំណត់ផ្លូវនៃច្បាប់សំខាន់ៗ និងពេលវេលានៃការបោះឆ្នោតសំខាន់ៗ។លោក Pita Limjaroenrat របស់គណបក្សឆ្ពោះទៅមុខ (Move Forward) គឺបេក្ខភាពឈានមុខគេក្នុងការបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ហើយដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការអាសនៈយ៉ាងតិច ៣៧៦អាសនៈ នៅក្នុងការបូកបញ្ចូលគ្នានៃសភាទាំង២ ក្នុងនោះរួមទាំងសំឡេងសភាជាន់ខ្ពស់ ដែលមានសមាជិក ២៥០រូប ដែលភាគច្រើនត្រូវ បានជ្រើសរើសដោយពួកយោធា៕

ការតវ៉ានៅបារាំង បានធូរស្រាល ក្រោយកុបកម្មចុងសប្ដាហ៍ កើតចេញពីនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/04 05:51:18 pm        146
បារាំង៖ ការតវ៉ាមួយសប្ដាហ៍ដែលបានធ្វើឲ្យរង្គោះរង្គើប្រទេសបារាំងកាលពីចុងសប្ដាហ៍មុន ខណៈភាពរំជើបរំជួលបង្កឡើងដោយសារការបាញ់សម្លាប់កាលពីសប្ដាហ៍មុនទៅលើក្មេងប្រុសជំទង់វ័យ១៧ឆ្នាំគ្មានអាវុធក្នុងដៃពីសំណាក់នគរបាល នៅក្នុងតំបន់ជាយក្រុងប៉ារីស នៅតែបន្ត។ ត្បិតថាមានសភាពស្ងៀមស្ងាត់បន្តិចជាងកាលពីថ្ងៃអាទិត្យ ប៉ុន្តែមនុស្សជាង៣.៣០០នាក់ ត្រូវបានចាប់ខ្លួន អគារជាង១.០០០កន្លែងត្រូវបានបំផ្លាញ និងមន្ត្រីនគរបាលចំនួន៧០០នាក់ បានរងរបួសក្នុងកុបកម្ម ចាប់តាំងពីការតវ៉ាប្រឆាំងបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ខែមិថុនា។  ក្រុមមន្ត្រីបារាំង បាននិយាយថា មនុស្ស១៥៧នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់អធ្រាត្រ ប៉ុន្តែជាការធ្លាក់ចុះដ៏ច្រើនពីចំនួនជាង៧០០នាក់ ដែលត្រូវបានចាប់ខ្លួន ដែលបានរាយការណ៍ កាលពីពេលល្ងាច ស្របពេលមានការប៉ះទង្គិចដ៏ហិង្សារវាងនគរបាល និង ក្រុមបាតុករទូទាំងប្រទេស។  កុបកម្មបានរាលដាលដោយសារតែការចោទប្រកាន់ពីបទរើសអើងពូជសាសន៍នៅតាមស្ថាប័ន ក្នុងជួរកម្លាំងនគរបាល បន្ទាប់ពីការបាញ់សម្លាប់យុវជន ណាហេល កូនកាត់អាល់ហ្សេរី -បាំង កាលពីថ្ងៃអង្គារ។ នៅក្នុងភាគខាងត្បូងទីក្រុងកំពង់ផែ ម៉ាកសី (Marseille) ការតវ៉ាបានប្រែក្លាយជាស្ថានភាពធ្ងន់ធ្ងន់បំផុត ខណៈក្រុមកុបករបានបាញ់កាំជ្រួចភ្ញីដាក់នគរបាល ដុតរថយន្ត និងវាយកម្ទេចហាងចូលលួចទំនិញ ។ នគរបាលបានឆ្លើយតបដោយឧស្ម័នបង្ហៀរទឹកភ្នែក និងព្យាយាមបញ្ឈប់ក្រុមបាតុករ៕

ប្រមុខការទូត៖ អ៊ុយក្រែននឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

2023/07/04 05:38:03 pm        137
អ៊ុយក្រែន៖ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌីមីទ្រី គូលេបា (Dmitry Kuleba) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន នឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទេ។  លោកបានថ្លែងក្នុងបទសម្ភាសន៍មួយជាបណ្តាញទូរទស្សន៍ Radaថា៖«យើងនឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបហរយោជន៍ដល់ការបន្តច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិនោះទេ។ បញ្ហានេះគឺថាប្រទេសរុស្ស៊ីទេ ដែលត្រូវប្រកាន់ភ្ជាប់កាតព្វកិច្ចរបស់ខ្លួន»។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយមុននោះថា មានក្តីសង្ឃឹមតិចតួច ដែលថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នឹងត្រូវបានអនុវត្ត នៅមុនពេលកិច្ចព្រមព្រៀងនេះ ផុតសុពលភាព។នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ កញ្ចប់ឯកសារស្តីពីការផ្គត់ផ្គង់ស្បៀងអាហារ និងជីទៅកាន់ទីផ្សារអន្តរជាតិ ត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តន៍ដំបូងក្នុងរយៈពេល១២០ថ្ងៃ។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានបន្ថែមរយៈពេលសម្រាប់ពេលដូចគ្នា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ រុស្ស៊ីបានប្រកាសបន្តកិច្ចព្រមព្រៀងរយៈពេល ៦០ថ្ងៃ ដោយព្រមានថា រយៈពេលនេះ នឹងគ្រប់គ្រាន់ដើម្បីពិនិត្យមើលថាតើអនុស្សរណៈដែលត្រូវបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ កំពុងត្រូវបានអនុវត្តឬយ៉ាងណា? កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្តរយៈពេល២ខែទៀត នៅថ្ងៃទី១៨ ខែឧសភា។ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ម្តងហើយម្តងទៀតថា មានតែគំនិតផ្តួចផ្តើមសមុទ្រខ្មៅទេ កំពុងត្រូវអនុវត្ត ខណៈដែលមិនមានអ្វីសោះ ត្រូវបានធ្វើឡើងនៅក្រោមអនុស្សរណៈរុស្ស៊ី-អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺរហ្គេ ឡាវរ៉ូវ បានថ្លែងប្រាប់សន្និសីទតាមអនឡាញ កាលពីថ្ងៃទី៣០ ខែមិថុនាថា រុស្ស៊ីមើលមិនឃើញចំណុចណាមួយក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនោះទេ៕

ការប្រតាយប្រតប់គ្នាបានផ្ទុះឡើង ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលព្យាយាមបិទអាកាសយានដ្ឋានរបស់អ៊ីស្រាអែល

2023/07/04 05:06:39 pm        99
អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ទី៣កក្កដា បានរុញក្រុមបាតុករ ទាំងកម្រោលពីចេញអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសនេះ ប៉ុន្មានម៉ោង បន្ទាប់ពីភាពអ៊ូអរនិងចលាចលរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។  ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានសម្រុកចូលអាកាសយានដ្ឋានបេនហ្គូរីយ៉ុន(Ben Gurion) របស់អ៊ីស្រាអែល ដោយមានការប្រតាយប្រតប់ ជាមួយនគរបាល ដែលព្យាយាមរារាំងពួកគេមិនឲ្យចូលទៅកាន់ច្រកសម្រាប់ហោះហើរ ទាំងក្នុងនិងក្រៅប្រទេស។ ដោយកំពុងតវ៉ាប្រឆាំងផែនការមួយដាក់ចេញដោយ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu)ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការ មនុស្សមួយចំនួនបានព្យាយាមចូលទៅដល់សាលសម្រាប់ការមកដល់របស់អ្នកដំណើរ ដោយបានច្រៀង និងស្រែកតាមឧគ្ឃោសនស័ព្ទ ពាក្យថា ប្រជាធិបតេយ្យ ។ក្រុមមន្ត្រីគរបាលបានក្រៀកពួកគេចេញមកក្រៅ។ កាលពីព្រឹថ្ងៃចន្ទ ក្រុមអ្នកតវ៉ា បានបិទផ្លូវមួយរយៈពេលខ្លី ចូលទៅកាន់កំពង់សមុទ្រដ៏សំខាន់មួយរបស់អ៊ីស្រាអែល។ការជំរុញច្បាប់ ដែលបានដាក់ចេញបន្ទាប់ពីលោកណេតានយ៉ាហ៊ូ ចូលកាន់អំណាចជាថ្មី កាលពីចុងខែធ្នូ ដែលបានរួមបញ្ចូលជាមួយក្រុមចម្រុះស្ដាំនិយមប្រកាន់តឹង បានដុតបញ្ឆេះឲ្យមានការតវ៉ាដ៏កក្រើកទូទាំងប្រទេសមិនធ្លាប់មាន បង្កឲ្យមានក្ដីបារម្ភសម្រាប់សុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ផងដែរ៕

ជនជាតិប៉ាឡេស្ទីន ៩នាក់ស្លាប់ ក្រោយយោធាអ៊ីស្រាអែល បើកប្រតិបត្តិការវាយប្រហារលើជំរំជនភៀសខ្លួនក្នុងតំបន់ West Bank

2023/07/04 05:01:26 pm        150
អ៊ីស្រាអែល៖​ មានការវាយប្រយុទ្ធតបតគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធប៉ាឡេស្ទីន ក្នុងជំរំជនភៀសខ្លួនក្រុង ចេនីន(Jenin)ស្ថិតក្នុងតំបន់វ៉េសបែង(West Bank) គ្រប់គ្រងដោយអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានចាប់ផ្ដើមនូវអ្វីដែលទំនងជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការធំបំផុតជាច្រើន ក្នុងដែនដីនេះជាច្រើនឆ្នាំមកនេះដែលមានការវាយប្រហារដោយយានដ្រូនជាច្រើន កាលពីព្រឹកថ្ងៃចន្ទ។ ក្រុមមន្ត្រី សុខាភិបាល និយាយថា ជនជាតិប៉ាឡេស្ទីនចំនួន៩នាក់ ត្រូវបានសម្លាប់ និង១០០នាក់រងរបួស ។ អ៊ីស្រាអែល និយាយថា ខ្លួនកំពុងព្យាយាមបញ្ឈប់ទីក្រុងចេនីន ពីការវាយប្រហារភេរវកម្មចេញពីជំរំជនភៀសខ្លួន តែប៉ាឡេស្ទីន បានចោទប្រកាន់ថាជាឧក្រិដ្ឋកម្មសង្គ្រាម។ យោធាអ៊ីស្រាអែល និយាយថា ពុំមានការបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការបញ្ចប់ប្រតិបត្តិការនេះទេ ប៉ុន្តែ អាចបន្តច្រើនម៉ោងឬច្រើនថ្ងៃទៀត ។  ទីក្រុងចេនីន បានក្លាយជាបន្ទាយដ៏រឹងមាំរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនជំនាន់ថ្មី ដែលបានធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំដ៏ចាស់កំរិលរបស់អាជ្ញាធរប៉ាឡេស្ទីន និងការរឹតត្បិតលើការកាន់កាប់របស់អ៊ីស្រាអែល។ គេបានមើលឃើញ ការវាយឆ្មក់ជាច្រើនម្ដងហើយម្ដងទៀតពីសំណាក់យោធាអ៊ីស្រាអែល កាលពីឆ្នាំមុន ខណៈពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ បានបើកការវាយប្រហារដ៏គគ្រើកលើជនជាតិអ៊ីស្រាអែល ។ខ្មាន់វាយប្រហារប៉ាឡេស្ទីនផ្សេងទៀត បានសំងំលាក់ខ្លួននៅទីនោះ។ កាលពីឆ្នាំ២០០២ អំឡុងការបះបោរលើកទី២របស់ជនជាតិប៉ាឡេស្ទីន កងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំក្នុងទីក្រុងចេនីន។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងជនស៊ីវិល យ៉ាងហោចណាស់៥២នាក់បានស្លាប់ និងទាហានអ៊ីស្រាអែល ២៣នាក់បានស្លាប់ អំឡុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារយៈពេល១០ថ្ងៃ៕

ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ចុះផ្សព្វផ្សាយពីគោលនយោបាយបក្សដល់ពលរដ្ឋជាង២ពាន់គ្រួសារ

2023/07/03 09:45:41 pm        460
ឧត្តរមានជ័យ៖ នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ ២០២៣នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បេក្ខភាពតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តឧត្តរមានជ័យ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសរុបចំនួន ២,២២៤គ្រួសារ តាមទីតាំងភូមិចំណុះឃុំត្រពាំងប្រីយ៍ ដែលមានភូមិឃ្លាំងកណ្ដាល ភូមិទួលសាលា និងភូមិជើងភ្នំ។ ឯកឧត្តម បានបញ្ជាក់ពីគោលនយោបាយអាទិភាពក្នុងរបស់គណបក្សប្រជាជនអាណត្តិទី៧ ​ឱ្យបាន​ជ្រួតជ្រាប​បន្ថែម ដែលមានដូចជា៖ ការថែទាំសុខភាពជូនប្រជាពលរដ្ឋ បណ្តុះបណ្តាលវិជ្ជាជីវៈ​ដោយ​មិនគិតថ្លៃ​និងទទួល ប្រាក់​ឧបត្ថម្ភប្រចាំការខែ​ជូន​កូន​ចៅ​គ្រួសារ​កសិករ ​ការ​គិតគូ​គាំទ្រ​ដល់គ្រួសារក្រីក្រងាយរងគ្រោះដោយ វិបត្តិសេដ្ឋកិច្ច កម្មវិធីប្រាក់កម្ចី (ហិរញ្ញប្បទាន) និងគោល​នយោបាយ ទីផ្សាដើម្បីរក្សា លំនឹងថ្លៃកសិផលរបស់កសិករ ព្រមទាំងរៀបចំបញ្ជូនមន្ត្រីបច្ចេកទេស​ផ្តល់សេវាកសិកម្មឱ្យទៅបង្រៀនដល់មូលដ្ឋានជនបទទូទាំងប្រទេស។ ក្រៅពីនេះ ឯកឧត្តម បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារយុវជនបក្សត្រូវចុះតាមខ្នងផ្ទះ ដើម្បី​បន្តផ្សព្វផ្សាយពីគោលនយោបាយនេះជូនប្រជាជនឱ្យបានជ្រាបកាន់តែស៊ីជម្រៅ។ ឯកឧត្តម គន់ គីម បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន​កម្ពុជា​លេខរៀង​ទី១៨​ ដើម្បីបន្តរក្សាសន្តិភាព ​និងឱ្យទទួលបានជីវភាពកាន់​តែ​ធូរធារ​សំបូរសប្បាយ​ជាង​នេះ​បន្ថែមទៀត៕

អ្នកការទូត៖រុស្ស៊ីបើកចំហចំពោះដំណោះស្រាយនយោបាយនៃជម្លោះអ៊ុយក្រែន ប៉ុន្តែការរំពឹងទុកពីលទ្ធផលតិចតួច

2023/07/03 09:43:03 pm        129
រុស្ស៊ី៖ លោក ហ្គែនណាឌី ហ្គាទីឡូវ (Gennady Gatilov) តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅស្នាក់ការUNនៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានប្រចាំថ្ងៃរុស្ស៊ី Izvestia ថា រុស្ស៊ី នៅតែបើកចំហចំពោះដំណោះស្រាយការទូត និងនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន ប៉ុន្តែមានការរំពឹងទុកពីលទ្ធផលតិចតួចដោយសារតែជំហររបស់ក្រុងគីវនិងក្រុមអ្នកគាទ្រលោកខាងលិច ដែលយកដំណោះស្រាយយោធាជាធំ ។ លោកបានថ្លែងថា៖«រុស្ស៊ីបើកចំហចំពោះដំណោះស្រាយការទូត និងនយោបាយសម្រាប់វិបត្តិនេះ ប៉ុន្តែក្តីសង្ឃឹមទៅលើសេណារីយោនេះ ហាក់ដូចស្តួចស្តើងណាស់ ចាប់តាំងពីទីក្រុងគីវ និងក្រុមអ្នកទំនុកបម្រុងលោកខាងលិច បន្តដាក់គោលដៅលើការប្រើកម្លាំងយោធា»។ «យើងមិនចង់លើកឡើងនូវការពិតដែលថា របបទីក្រុងគីវ ត្រូវបានហាមប្រាមតាមដោយស្របច្បាប់លើការចចានានាជាមួយទីក្រុងមូស្គូ។ អ្នកការទូតរូបនេះ បានកត់សម្គាល់ឃើញថា រហូតមកទល់ពេលនេះ មិនមានសញ្ញាសំខាន់ណាដែលអង្គការសហប្រជាតិ និងអគ្គលេខាធិការរបស់ខ្លួន គឺលោកអង់តូនីញ៉ូ ហ្គុទែរេស អាចដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិនេះទេ។ លោកហ្គាទីឡូវ បាននិយាយថា៖«កិច្ចប្រឹងប្រែងរបស់ UN ត្រូវជាប់គាំងដោយសារការគ្មានឆន្ទៈស្តាប់ទស្សនៈរបស់យើង ឬភាគីដទៃទៀត។ «ជាការពិត អង្គការនេះ ហើយសំខាន់នោះគឺមហាសន្និបាត ត្រូវបានផ្លាស់ប្តូរដោយលោកខាងលិច ឱ្យក្លាយជាវេទិកាមួយសម្រាប់ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរុស្ស៊ី និងការលើកឡើងម្តងហើយម្តងទៀតក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន»។ ស្របពេលជាមួយគ្នានេះ បើយោងតាមអ្នកការទូតរូបនេះ រុស្ស៊ីគោរពរាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងឡាយ អង្គការ នានា និងបុគ្គលមួយចំនួនដើម្បីស្វែងរកដោះស្រាយសមប្របសម្រាប់វិបត្តិអ៊ុយក្រែន។  លោកហ្គាទីឡូវ បានថ្លែងថា៖«មានសំណើនិងគំនិតផ្តួចផ្តើមជាច្រើន ត្រូវបានលើកឡើងអំពីបញ្ហានេះ។ កាលពីពេលថ្មីៗនេះ ប្រទេសអាហ្វ្រិកមួយក្រុម បានបញ្ចេញគំនិតប្រហាក់ប្រហែលគ្នានេះ»។

ក្រុមអ្នកម្ដាយនៅប្រទេសបារាំងអំពាវនាវឲ្យបញ្ចប់អំពើហិង្សា

2023/07/03 09:31:31 pm        100
បារាំង៖ វីដេអូសាក្សីបានបង្ហាញពី ក្រុមស្រ្តីជាម្តាយប្រមូលផ្តុំគ្នានៅជាយក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ (២ កក្កដា) ដោយអំពាវនាវឱ្យបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយការបាញ់ប្រហាររបស់នគរបាល ។អ្នកម្ដាយទាំងនោះកាន់ស្លាកសញ្ញាសរសេរថា «យុត្តិធម៌ដល់ជនរងគ្រោះ» និង «បញ្ឈប់អំពើហិង្សា» នៅទីក្រុង Aulnay-sous-Bois ( អូលណាយ ស៊ូប៊័រ) ។ កុមារជាច្រើនក៏ត្រូវបានគេឃើញកាន់ស្លាកសញ្ញានោះដែរ។កុបកម្មទូទាំងប្រទេសបារាំងត្រូវបានបង្កឡើងកាលពីថ្ងៃអង្គារ (២៧ មិថុនា) នៅពេលដែលនគរបាលម្នាក់បានបាញ់សម្លាប់ក្មេងជំទង់មានដើមកំណើតអាហ្វ្រិកខាងជើងម្នាក់ ។យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បានឱ្យដឹងថា នគរបាលប្រហែល ៤៥.០០០នាក់ ត្រូវបានដាក់ពង្រាយម្តងទៀតនៅយប់ថ្ងៃអាទិត្យ ដើម្បីរារាំងក្រុមកុបករដែលបានដុតរថយន្ត លួចរបស់របរពីហាង ព្រមទាំងដាក់គោលដៅលើសាលាក្រុង និងប៉ុស្តិ៍គរបាល៕

កុមារយ៉ាងហោចណាស់១៣នាក់ បានស្លាប់ដោយសង្ស័យថាកើតជំងឺកញ្ជ្រឹលនៅជំរំជនភៀសខ្លួនប្រទេសស៊ូដង់

2023/07/03 09:28:25 pm        166
ស៊ូដង់៖ យ៉ាងហោចណាស់មានកុមារចំនួន ១៣ នាក់បានស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងអំឡុងពេលសង្ស័យថាមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅជំរំជនភៀសខ្លួនខាងក្នុងនៅរដ្ឋ White Nile នៃប្រទេសស៊ូដង់ ស្របពេលមានជម្លោះរវាងគូប្រជែងសង្រ្គាមទាំងពីររបស់ប្រទេសនេះ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយបានអោយដឹងកាលពីថ្ងៃអាទិត្យ។សាខានៃអង្គការគ្រូពេទ្យគ្មានព្រំដែនប្រចាំនៅប្រទេសស៊ូដង់ (MSF) បាននិយាយថា "ស្ថានភាពគឺមានសភាពធ្ងន់ធ្ងរ ដោយសង្ស័យថាជំងឺកញ្ជ្រឹល និងកង្វះអាហារូបត្ថម្ភលើកុមារ គឺជាបញ្ហាសុខភាពបន្ទាន់បំផុត”។អង្គការនោះបាននិយាយថាចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៧ ខែមិថុនា អង្គការក្រៅរដ្ឋាភិបាល បានព្យាបាលកុមារចំនួន ២២៣នាក់ដែលមានជំងឺកញ្ជ្រឹលនៅក្នុងជំរំជនភៀសខ្លួន White Nile ដោយមានកុមារ ៧២នាក់រួមទាំងអ្នកស្លាប់ចំនួន ១៣នាក់បានចូលព្យាបាលនៅគ្លីនិកពីរដែលអង្គការនេះគាំទ្រ។មានការកើនឡើងយ៉ាងខ្លាំងនៃជនភៀសខ្លួនស៊ូដង់ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា។ មនុស្សជិត ២,៨លាននាក់បានភៀសខ្លួន នេះបើយោងតាមទិន្នន័យពី ទីភ្នាក់ងាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ៕

បុគ្គលិកសណ្ឋាគារ នៅតំបន់ Los Angeles ធ្វើកូដកម្ម ជុំវិញប្រាក់ឈ្នួល និងកន្លែងស្នាក់នៅ

2023/07/03 09:24:50 pm        150
អាមេរិក៖ មន្ត្រីសហជីពបាននិយាយថា បុគ្គលិកសណ្ឋាគារ នៅតំបន់ឡូសអែនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក រាប់ពាន់នាក់ បានធ្វើកូដកម្ម កាលពីថ្ងៃអាទិត្យ ទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតឲ្យប្រសើរឡើងជាងនេះ នៅតំបន់ ដែលការចំណាយថ្លៃផ្ទះខ្ពស់ បានបង្កជាការលំបាកដល់អ្នកប្រាក់ខែទាប ដែលចង់រស់នៅក្បែរកន្លែងធ្វើការរបស់ខ្លួន។សហជីព Unite Here Local 11 ដែលតំណាងឲ្យបុគ្គលិក ១៥.០០០នាក់ មកពីសណ្ឋាគារធំៗជាង ៦០កន្លែង នៅតំបន់ឡូសអែនជឺឡេស (Los Angeles) និងអ័ររីន(Orange) បានប្រកាសធ្វើកូដកម្ម នៅមួយថ្ងៃបន្ទាប់ពីកិច្ចសន្យារបស់កម្មករ បានផុតកំណត់។ នេះគឺជាកូដកម្មដ៏ធំបំផុតមួយ ដែលកើតមានឡើងក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់សហរដ្ឋអាមេរិក នៅប៉ុន្មានឆ្នាំថ្មីៗនេះ។វិវាទការងារនេះ កើតឡើងក្នុងអំឡុងការឈប់សម្រាកវិស្សមកាល ៤កក្កដានៃចុងសប្តាហ៍ ខណៈដែលរដូវកាលធ្វើដំណើររដូវក្តៅដ៏មមាញឹករបស់រដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ចាប់ផ្ដើមក្នុងសកម្មភាពយ៉ាងខ្លាំងក្លា។ កូដកម្មនេះ កើតជួនពេលគ្នាជាមួយនឹងការធ្វើកូដកម្មពីអ្នកនិពន្ធរឿងរបស់ផលិតកម្មហូលីវូដ ដែលបានឈានចូលដល់សប្តាហ៍ទី៩ ដោយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ទីក្រុងឡូសអែនជឺឡេស (Los Angeles) និងផលិតកម្មនៃវិស័យភាពយន្តរួចទៅហើយ។សហជីពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកសណ្ឋាគារ ដែលរួមមានអ្នករៀបចំបន្ទប់ អ្នកលាងចាន ចុងភៅ អ្នករត់តុ អ្នកនាំភ្ញៀវ និងភ្នាក់ងារផ្តល់ព័ត៌មាន ពិបាកក្នុងការចំណាយលើតម្លៃផ្ទះ នៅទីក្រុងដែលពួកគេធ្វើការ ហើយមនុស្សជាច្រើនមិនមានការងារធ្វើ អំឡុងពេលមានជំងឺរាតត្បាត COVID-19 ខណៈដែលប្រាក់ចំណូលក្នុងឧស្សាហកម្មកើនឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM