សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កិច្ចប្រឹងប្រែងរបស់ UN ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ

2023/05/16 05:37:48 pm        320
អាមេរិក៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ ឬ UN បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចប្រឹងប្រែងនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្តកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនប្រកបដោយសុវត្ថិភាព នៅសមុទ្រខ្មៅ ជាកិច្ចព្រមព្រៀងដែលរុស្ស៊ីបានគំរាមថា នឹងចាកចេញនៅថ្ងៃទី១៨ ខែឧសភា ដោយសារមានការពិបាក ចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា នាវាពីរគ្រឿងចុងក្រោយ នឹងត្រៀមចាកចេញពីកំពង់ផែរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ ក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅ។លោក Martin Griffiths បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ុយក្រែនថា៖ «ការបន្តគំនិតផ្តួចផ្តើមសមុទ្រខ្មៅ មានសារៈសំខាន់ខ្លាំងណាស់។ យើងនឹងបន្តអំពាវនាវគ្រប់ភាគីទាំងអស់ឲ្យបំពេញការទទួលខុសត្រូវរបស់ខ្លួន ខណៈដែលពិភពលោកកំពុងតាមមើលយើងយ៉ាងយកចិត្តទុកដាក់»។អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានរៀបចំសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសមុទ្រខ្មៅ កាលពីខែកក្កដាឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិស្បៀងអាហារសកល ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការវាយលុករបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេមួយរបស់ពិភពលោក។ ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិបានយល់ព្រមជួយទីក្រុងម៉ូស្គូ ក្នុងការសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ខ្លួន។លោក Griffiths បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កាលពីសប្តាហ៍មុន ជាមួយមន្ត្រីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងទួរគី ប៉ុន្តែមិនមានការព្រមព្រៀងពីប្រទេសរុស្ស៊ី ក្នុងការបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅនោះឡើយ៕

រុស្ស៊ីថ្កោលទោសលោកម៉ាក្រុង ជុំវិញការអត្ថាធិប្បាយពាក់ព័ន្ធនឹងចិន

2023/05/16 05:30:10 pm        301
រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីកាលពីថ្ងៃចន្ទ បានថ្កោលទោសការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលថាទីក្រុងម៉ូស្គូកំពុងក្លាយជាអ្នកដើរតាមប្រទេសចិន ដោយលើកឡើងថា បណ្តាប្រទេសលោកខាងលិចត្រូវតែស៊ាំនឹងពិភពលោក ដែលគាំទ្រដោយទំនាក់ទំនងយ៉ាងស្អិតល្មួតរបស់វិមានក្រឹមឡាំងជាមួយទីក្រុងប៉េកាំង។ការរិះគន់របស់រុស្ស៊ីបានផ្តោតលើបទសម្ភាសន៍មួយរបស់លោកម៉ាក្រុង ជាមួយកាសែតចេញប្រចាំថ្ងៃ «l'Opinion» នៅក្រុងប៉ារីស ដែលលោកបានបរិហារភាពឯកោរបស់វិមានក្រឹមឡាំងថា កើតឡើងដោយសារការលុកលុយរបស់របស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន កាលពីជាង១៤ខែមុន។លោកម៉ាក្រុង ត្រូវបានគេដកស្រង់សម្តីថា៖ «(រុស្ស៊ី) តាមជាក់ស្ដែង បានចាប់ផ្តើមទម្រង់នៃឥរិយាបថរណបជាមួយរបស់ប្រទេសចិន ហើយបានបាត់បង់សិទ្ធិចូលទៅកាន់តំបន់បាល់ទិក ដែលមានសារៈសំខាន់ចំពោះខ្លួន ដោយសារខ្លួនបានជំរុញឲ្យមានការសម្រេចចិត្តពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។ នេះជារឿងមិននឹកស្មានដល់នោះឡើយ កាលពីពីរឆ្នាំមុន»។សង្គ្រាមពាក្យសម្ដីនេះ ហាក់ដូចជាផ្តោតទៅលើកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូ ក្នុងខែមីនា រវាងមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីងភីង (Xi Jinping) ដែលថ្នាក់ដឹកនាំទាំងពីរនេះ បាននិយាយថា ពួកគេកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅតាមរយៈការចូលទៅក្នុង «យុគសម័យថ្មី» នៃទំនាក់ទំនង។អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិន គឺជាដៃគូយុទ្ធសាស្ត្រ ហើយមិនមានអ្វីពាក់ព័ន្ធនឹងការពឹងផ្អែកនោះឡើយ៕

អគ្គិភ័យឆេះសណ្ឋាគារនៅនូវ៉ែលហ្សេឡង់ បណ្តាលឲ្យមានុស្ស៦នាក់ស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន

2023/05/16 04:36:15 pm        66
នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែង។ អង្គភាពសេវាសង្គ្រោះបន្ទាន់ ត្រូវបានគេទូរស័ព្ទហៅមកកាន់សណ្ឋាគារកម្ពស់៤ជាន់ នៅក្នុងទីក្រុង Wellington ក្រោយពាក់កណ្តាលអាធ្រាត្រយប់ថ្ងៃចន្ទ។ មនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះចេញពីអគារ ប៉ុន្តែនគរបាលនិយាយថាមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។ លោក Chris Hipkins បានព្រមានថាចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។ នៅពេលមកដល់កន្លែងកើតហេតុ ក្រុមអ្នកពន្លត់អគ្គិភ័យ បានឃើញនៅអគារជាន់ខាងលើមានអណ្តាតភ្លើងឆាបឆេះ ហើយយ៉ាងហោចណាស់រថយន្តពន្លត់អគ្គិភ័យ២០គ្រឿងបានចូលរួមជួយពន្លត់អគ្គិភ័យនេះ។ មេបញ្ជាការតំបន់ ផ្នែកអគ្គិភ័យនិងសង្គ្រោះបន្ទាន់ លោក Nick Pyatt បានរៀបរាប់ពីអគ្គិភ័យ ថាជាសុបិនអាក្រក់បំផុតនៅទីក្រុង Wellington ។សារព័ត៌មានThe New Zealand Herald បានរាយការណ៍ថា នគរបាលបានព្រមានថា ពួកគេពុំអាចបញ្ជាក់ច្បាស់បន្ថែមទៀតលើចំនួនអ្នកស្លាប់បាននោះទេរហូតដល់ពួកគេអាចចូលទៅដល់ក្នុងអគារ។ លោក Pyatt និយាយថា អគារនេះ មានផ្ទុកសារធាតុធន់នឹងចំហេះ និងបានជំរុញឲ្យប្រជាជនពាក់ម៉ាស់ និងបិទបង្អួចដើម្បីជៀសវាងការស្រូបផ្សែង។

ក្រសួងរតនាគារអាមេរិក កំណត់កាលបរិច្ឆេទការខកខានសងបំណុលនៅថ្ងៃទី១ខែមិថុនាបើពុំមានការដំឡើងកម្រិតបំណុល

2023/05/16 04:23:59 pm        369
អាមេរិក៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននៅតែរំពឹងថានឹងអាចទូទាត់ការចំណាយរបស់រដ្ឋាភិបាលអាមេរិកត្រឹមថ្ងៃទី១ខែមិថុនាបើពុំមានការបង្កើនកម្រិតបំណុលដោយរក្សាសម្ពាធលើសមាជិកសភារបស់គណបក្សសាធារណនិងសេតវិមានដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។នៅក្នុងលិខិតលើកទី២របស់ខ្លួនផ្ញើទៅកាន់សភាក្នុងរយៈពេល២សប្ដាហ៍ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានបញ្ជាក់ថា ទីភ្នាក់ងារនេះទំនងជានឹងមិនអាចបំពេញកាតព្វកិច្ចចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់បានទេ នៅដើមខែមិថុនា ដែលនាំឲ្យមានការខកខានការសងបំណុលលើកដំបូងមិនធ្លាប់មានរបស់សហរដ្ឋអាមេរិក ។លោកស្រីនិយាយថាការកម្រិតអតិបរមាបំណុល អាចក្លាយជាពេលកំណត់នៅថ្ងៃទី១ខែមិថនា។ការបរិច្ឆេទថ្មីនេះ ឆ្លុះបញ្ចាំងពីទិន្នន័យបន្ថែមទៀតលើប្រាក់ចំណូល និងការចំណាយដែលត្រូវបានទទួល ចាប់តាំងពីពេលជូនដំណឹងដល់សភារបស់លោកស្រី Yellen កាលពីថ្ងៃទី១ខែឧសភាថា ក្រសួងរតនាគារទំនងជានឹងអស់សាច់ប្រាក់ក្នុងការទូទាត់ការចំណាយរបស់រដ្ឋាភិបាល នៅដើមខែមិថុនា ហើយឆាប់បំផុតនៅថ្ងៃទី១ខែមិថុនា។លោកស្រី Yellen បាននិយាយថាកាលបរិច្ឆេទពិតប្រាកដដែលរតនាគារដកវិធានការវិសាមញ្ញ អាចត្រូវការរយៈពេលច្រើនថ្ងៃឬសប្តាហ៍ យូរជាងការប៉ាន់ប្រមាណទាំងនេះ។លោកស្រី បាននិយាយថានឹងផ្តល់ព័ត៌មានវិត្តន៍ថ្មីៗបន្ថែមដល់សភានៅសប្តាហ៍ក្រោយ នៅពេលមានព័ត៌មានបន្ថែមទៀត។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា លោកនឹងជួបជាមួយប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy សម្រាប់កិច្ចពិភាក្សាអំពីបញ្ហាបំណុលនៅថ្ងៃអង្គារនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃពុធសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G7 ជាការធ្វើដំណើរដែលនឹងចំណាយពេលប្រហែលមួយសប្តាហ៍។ចំណែកលោក McCarthy បាននិយាយថាមិនមានការរីកចម្រើនក្នុងការចរចារយៈពេលយូរនៅកម្រិតបុគ្គលិកពេញមួយចុងសប្តាហ៍នេះទេ៕

លោក Biden មានសុទិដ្ឋិនិយមលើការពិភាក្សាអំពីបំណុលជាមួយគណបក្ស Republican ខណៈការខកខានសងបំណុលជិតចូលមកដល់

2023/05/15 07:42:33 pm        496
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែង កាលពីថ្ងៃអាទិត្យ (ទី១៤ ឧសភា) ថា លោកនៅតែមាន «សុទិដ្ឋិនិយម» អំពីការស្វែងរកកិច្ចព្រមព្រៀងជាមួយគូប្រជែងខាងគណបក្ស Republican ដើម្បីបង្កើនការកម្រិតបំណុលរបស់សហរដ្ឋអាមេរិក និងបញ្ចៀសការខកខានសងបំណុល ដែលរដ្ឋបាលរបស់លោកបានព្រមានថា នឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។សមាជិកសភាមកពីគណបក្ស Republican កំពុងទាមទារឱ្យមានការកាត់បន្ថយថវិកាជាថ្នូរនឹងការដកការរឹតត្បិតលើការខ្ចីប្រាក់របស់សហរដ្ឋអាមេរិក ខណៈដែលសេតវិមានបានទទូចអស់រយៈពេលជាច្រើនខែមកហើយថាសមត្ថភាពដោះស្រាយបំណុលរបស់ប្រទេស មិនគួរយកឡើងសម្រាប់ការចរចាទេ។ទន្ទឹមនឹងនោះ សំឡេងប្រកាសអាសន្ន កំពុងរោទ៍ឡើង ជុំវិញលទ្ធភាពនៃការខាកខានសងបំណុលជាលើកដំបូងរបស់សហរដ្ឋអាមេរិក ជាមួយនឹងភាពមិនច្បាស់លាស់អំពីកាលបរិច្ឆេទពិតប្រាកដ ដែលរដ្ឋាភិបាលនឹងលែងមានលទ្ធភាពសងបំណុលរបស់ខ្លួន។ភាគីទាំង២ នៅតែស្ថិតក្នុងផ្លូវទ័លច្រក បើទោះជាមានការព្រមានជាច្រើនសប្តាហ៍ពីមន្ត្រីរដ្ឋាភិបាល និងធនាគារិកដែលថា ការខកខានសងបំណុលអាចនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ ដោយក្នុងនោះរួមទាំងវិបត្តិសេដ្ឋកិច្ច ដែលអាចកើតមាន និងទំនងជាមានការរាលដាលផ្នែកហិរញ្ញវត្ថុសកលទៀតផង។តែយ៉ាងណាក៏ដោយ ក៏លោក Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកគិតថាលោកនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយនៅទីបំផុត ដោយលោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងរដ្ឋ Delaware ថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយម ពីព្រោះខ្ញុំជាអ្នកសុទិដ្ឋិនិយមពីកំណើត តែខ្ញុំពិតជាគិតថា មានចេតនាមួយរបស់ពួកគេ ក៏ដូចជារបស់ពួកយើង ក្នុងការឈានដល់កិច្ចព្រមព្រៀង។ ខ្ញុំគិតថា យើងនឹងអាចធ្វើបាន»។កិច្ចពិភាក្សាជុំថ្មីដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងស្ដីពីការកម្រិតអតិបរិមាបំណុល រវាងលោក Biden និងមេដឹកនាំគណបក្ស Republican រួមទាំងប្រធានសភាលោក Kevin McCarthy ត្រូវបានពន្យារពេលពីថ្ងៃសុក្រ រហូតដល់សប្តាហ៍នេះ៕

សម្ដេចតេជោ ប្រកាសផ្ដល់សំបុត្រចូលទស្សនាអង្គរវត្តឥតគិតថ្លៃ ដល់ក្រុមកីឡាករមកចូលរួមស៊ីហ្គេម

2023/05/15 06:30:45 pm        608
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់សំបុត្រចូលទស្សនា​ប្រាសាទអង្គរវត្តដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាតាមបណ្ដាប្រទេសនានា ដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ខណៈសល់រយៈពេល ២ថ្ងៃទៀតនឹងដល់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម សម្ដេចតេជោ បញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេចចំពោះការមិនយកថ្លៃសំបុត្រ​ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ និង​អន្តរជាតិផ្សព្វផ្សាយដោយមិនគិតថ្លៃ រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និង​កីឡាករមកពីប ណ្ដាប្រទេសនានាដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានទស្សនវែងឆ្ងាយ​ទៅថ្ងៃខាងមុខ។សម្ដេចតេជោ ហ៊ុន សែន ប្រកាសអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសនានាទាំងអស់ ដែល​បានបញ្ចូនកីឡាករ កីឡាការិនី ប្រតិភូកីឡាមកចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះសម្ដេច ក៏បានអរគុណដល់ប្រធានាធិបតីចិន និងប្រជាជនចិនដែលបាន​ឧបត្ថម្ភគាំទ្រ​ដល់កម្ពុជា ជាពិសេសបានផ្ដល់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ អរគុណដល់គ្រប់ភាគីពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដំណើការដោយជោគជ័យ

2023/05/15 06:21:31 pm        562
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអរគុណដល់គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេសក្រុមកីឡាករ កីឡាការិនី ដែលបានខិតខំប្រកួតដណ្ដើមយកមេដាយ​ជាច្រើន​ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋជាអ្នកគាំទ្រដែលរក្សាបាននូវសណ្ដាប់ធ្នាប់ និងអនាម័យល្អ រួមនឹងយុវជនស្ម័គ្រចិត្តដែលអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្មាមញញឹម ធ្វើឱ្យដំណើការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ​ជាទីមោទនៈ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។សម្ដេចតេជោបានបង្ហាញ មានមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែងយ៉ាងល្អ ក្នុងការរៀបចំថវិកាសម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេមនេះផងដែរ។ សម្ដេចតេជោ បញ្ជាក់ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចដែលជៀសវាងមិនបាន ដូច្នេះប្រទេសទាំងអស់​ដែល​ជាសមាជិកអាស៊ាន គឺត្រូវតែចូលរួមដោយខកខានមិនបាន។ សម្ដេចបន្ថែមថា ក្រោយ​បញ្ចប់ស៊ី​ហ្គេមមរតកនៃសមិទ្ធផលស៊ីហ្គេម ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោជាដើម នឹងនៅសល់រហូតបន្តដល់កូនដល់ចៅ៕អត្ថបទ៖ វ៉ន ដារ៉ា

មន្ត្រីស៊ូដង់ពិភាក្សាអំពីជំនួយ និងការគ្រប់គ្រងវិបត្តិជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ

2023/05/15 06:20:54 pm        82
ស៊ូដង់៖ក្រុមមន្ត្រីប្រទេសស៊ូដង់ បានជួបជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងវិបត្តិ និងការផ្តល់ជំនួយ បន្ទាប់ពីរយៈពេល១ខែ នៃការប្រយុទ្ធគ្នា បណ្តាលឲ្យស្ថានភាពមនុស្សធម៌ធ្លាក់ចុះធ្ងន់ធ្ងរ។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស៊ូដង់ លោក Jibril Ibrahim បាននិយាយថា លោកបានពិភាក្សានៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកតំណាងពិសេសក្នុងប្រទេសស៊ូដង់លោក Volker Perthes នូវបញ្ហាជាច្រើនរួមទាំងកង្វះខាតទឹកប្រើប្រាស់។លោក Ibrahim និយាយថា យើងបានពិភាក្សាជាមួយពួកគេអំពីរដូវធ្វើកសិកម្ម និងភាពចាំបាច់នៃការគាំទ្រទាំងស្រុងនៅរដូវធ្វើកសិកម្ម ដើម្បីកុំឲ្យយើងប្រឈមមុខកង្វះស្បៀងអាហារនៅក្នុងឆ្នាំខាងមុខ។កិច្ចប្រជុំ បានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែ Port Sudan ជាទីដែលពលរដ្ឋស៊ូដង់ភាគច្រើនរស់នៅនាពេលថ្មីៗនេះ បន្ទាប់ពីការជម្លៀសខ្លួនចេញពីរដ្ឋធានីដែលរួបរិតដោយសង្គ្រាម។ មនុស្សប្រមាណ ២សែននាក់ បានភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង ហើយមនុស្សជាង៧សែននាក់ទៀត បានភៀសខ្លួននៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបង្កឲ្យមានវិបត្តិមនុស្សធម៌៕

លោក Zelenskiy ទៅដល់បារាំង ដើម្បីជួបពិភាក្សាជាមួយលោក Macron

2023/05/15 06:15:52 pm        73
បារាំង៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទៅដល់ប្រទេសបារាំងហើយ កាលពីថ្ងៃអាទិត្យ (ទី១៤ ឧសភា) សម្រាប់ជំនួបពិភាក្សាអាហារពេលល្ងាច នៅទីក្រុងប៉ារីស ជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron។ការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងនៅមុននោះថា លោក Macron នឹងបញ្ជាក់សារជាថ្មីម្ដងទៀតអំពីការគាំទ្រផ្នែកយោធា និងមនុស្សធម៌របស់ប្រទេសបារាំង សម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងកិច្ចប្រជុំនេះ។លោក Zelenskiy ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne និងរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna នៅពេលដែលរូបលោកធ្វើដំណើរចាកចេញពីយន្តហោះ។មេដឹកនាំអ៊ុយក្រែនរូបនេះ កាលពីថ្ងៃសៅរ៍ (១៣ ឧសភា) បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni និងសម្ដេចប៉ាប Francis ហើយបន្ទាប់មកជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃអាទិត្យ។ លោកប្រធានាធិបតីរូបនេះ កំពុងស្វែងរកការគាំទ្រពីអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ប្រទេសអ៊ុយក្រែន នៅពេលដែលខំប្រឹងស៊ូទ្រាំនឹងការចំណាយនៃការរស់នៅ ដែលកំពុងកើនឡើងនៅឯប្រទេសរបស់លោក។លោក Zelenskiy ធានាបាននូវការគាំទ្រខ្លាំងផ្នែកយោធា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៊ែរឡាំង ដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយយោធាចំនួន ២,៧ពាន់លានអឺរ៉ូ (៣ពាន់លានដុល្លារ) ដល់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការវាយលុករបស់ប្រទេសរុស្ស៊ី កាលពីខែកុម្ភៈឆ្នាំមុន។អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការវាយបកដ៏ធំ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីព្យាយាមវាយដណ្តើមយកមកវិញនូវតំបន់ភាគខាងកើត និងខាងត្បូងរបស់ខ្លួនពីកងកម្លាំងរុស្ស៊ី៕

សម្ដេចតេជោ ហ៊ុនសែន ជំរុញពង្រាយមន្ត្រីបច្ចេកទេសកសិកម្មផ្សារភ្ជាប់នឹងកសិករ

2023/05/15 06:15:46 pm        523
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញក្រសួងឱ្យដាក់ពង្រាយមន្ត្រី​បច្ចេកទេស​ជួយដល់កសិករក្នុងការធ្វើកសិកម្មតាមបច្ចេកទេសដែលទទួលបានផលច្រើន។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី មកពីគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ កន្លែង គឺសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមសរុបជាង៣ពាន់នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៥ឧសភានេះ។ ជាមួយនឹងការរំលឹកពីគោលនយោបាយកំណែ​ទម្រង់អភិវឌ្ឍន៍វិស័យកសិកម្មដូចដែលសម្តេច ធ្លាប់បានមានប្រសាសន៍ជាញឹកញាប់​ក្នុងពេលបិទសន្និបាត​បូកសរុបការងាររបស់ក្រសួងកសិកម្មនោះ សម្តេចតែងតែរំលឹក​ឱ្យមន្ត្រី​កសិកម្ម​បន្តជំរុញអនុវត្តផ្ទេរការអភិវឌ្ឍពីការអភិវឌ្ឍបើកទូលាយទៅការអភិវឌ្ឍតាមបែបស៊ីជម្រៅ មានន័យថា ការអភិវឌ្ឍវិស័យកសិកម្មដែលប្រើផ្ទៃដីនៅដដែល ឱ្យទទួលបានផលច្រើនពោល​គឺការធ្វើស្រែឱ្យបាន២ដង ឬ៣ដងក្នុង១ឆ្នាំ ។សម្ដេចក៏បានជំរុញក្រសួងកសិកម្មត្រូវបន្តយកចិត្តទុកដាក់ក្នុងការដាក់ពង្រាយមន្ត្រី​បច្ចេកទេស​កសិកម្ម​ជួយដល់កសិករដើម្បីធ្វើកសិកម្មតាមបច្ចេកទេសដែលទទួលបានផលច្រើន។សម្ដេចតេជោ ក៏បានណែនាំដល់ មន្ត្រីក៏ដូចជាកសិករត្រូវធ្វើការកែប្រែដូចជាកន្លែងដែលខ្វះទឹក​ទៅជាការដាំដុះដំណាំផ្សេងវិញដូចជាអំពៅ ព្រោះដំណាំនេះមានរោងចក្រផលិតស្ករស ឬអាចដាំអ្វីផ្សេងដែលផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចខ្ពស់ហើយមិនព្រួយការខ្វះទឹក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យ៖ ការចុះជួបសួរសុខទុក្ខ សង្គ្រោះ និងដោះស្រាយបញ្ហាជូនពលរដ្ឋជាប្រពៃណីរបស់រាជរដ្ឋាភិបាល
10/04/2026 12:10 PM
សម្តេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម
10/04/2026 11:10 AM
ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
10/04/2026 11:10 AM
ក្រុមប្រទេស G7 នឹងបញ្ចេញប្រេងម៉ាស៊ូត និងប្រេងបម្រុងផ្សេងទៀត ១០០លានបារ៉ែល
10/04/2026 11:10 AM
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានសមាគមអតីតយុទ្ធជនប្រទេសម៉ាឡេស៊ី
10/04/2026 11:10 AM
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមអតីតយុទ្ធជនប្រទេសមីយ៉ាន់ម៉ា
10/04/2026 10:10 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/04/2026 10:10 AM
ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា
10/04/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងនៅ UN អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
10/04/2026 08:10 AM
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM