កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

2024/07/25 03:03:27 pm        192
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍​ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញ​ធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយ​នីស្ត​វៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។  សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបាន​ទទួល​មរណភាព​។  ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន គឺសម្ដេចពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេល​បាន​ទទួល​ដំណឹងអំពីមរណភាពរបស់ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈ​កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ សម្តេចបានចាត់ទុកថា ការទទួលមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong គឺជាការ បាត់​បង់​ដ៏​ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជា​ការ​បាត់​បង់​ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និង​ស្ថាដៃ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នឹងត្រូវបានចងចាំ​ក្នុងដួង​ចិត្ត​របស់​ប្រជាជន​វៀតណាម​គ្រប់ៗ​រូប​ជា​រៀ​ងរហូត។ ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល សម្តេចសូម​ចូលរួម​រំលែក​នូវ​សមានទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ជា​មួយ​ប្រធាន​រដ្ឋ​សភា​វៀតណាម និងជាពិសេសតាមរយៈឯកឧត្តមប្រធានរដ្ឋសភា ជាមួយក្រុមគ្រួសាររបស់ឯកឧត្តម Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សម្តេចតេជោ ក៏សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ឯកឧត្តម Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕

ក្រុមយុវជនសង្គមស៊ីវិលចេញញត្តិគាំទ្រសារពិសេសសម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

2024/07/24 09:30:46 pm        93
ភ្នំពេញ៖ ក្រុមយុវជននៃបណ្កុំអង្គការសមាគមសង្គមស៊ីវិល ដែលមានសមាជិក សមាជិកា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្ចាស់អាជីករ អ្នកលក់ដូរ កម្មករ កម្មការិនី សិស្ស និស្សិតជាដើម នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ក្រុមយុវជនបានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ក្រុមយុវជនមើលឃើញថា គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ក្រុមយុវជនបញ្ជាក់ថា៖«យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន»៕

ការផ្ទុះជំងឺស្វិតដៃជើងកំពុងកើតឡើងនៅតំបន់ហ្កាហ្សា ខណៈប្រព័ន្ធសុខភាពជិតដួលរលំ

2024/07/24 08:46:37 pm        196
អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារ (២៣ កក្កដា) ជុំវិញការរំពឹងទុកនៃការផ្ទុះឡើងនៃជំងឺស្វិតដៃជើង និងជំងឺដទៃទៀតនៅក្នុងតំបន់ហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ស្របពេលប្រព័ន្ធសុខភាពកំពុងតែជិតដួលរលំរួចទៅហើយ។ កិច្ចខិតខំប្រឹងប្រែងជាសាកលដ៏ធំមាននៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ខិតជិតដល់ការលុបបំបាត់ជំងឺស្វិតដៃជើង ដែលជាជំងឺមេរោគបង្កភាពពិការ និងអាចបណ្តាលឱ្យស្លាប់ ដែលភាគច្រើនប៉ះពាល់ដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។បណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីសប្តាហ៍មុនថា វីរុសជំងឺស្វិតដៃជើងប្រភេទ-២ ដែលមានវ៉ាក់សាំងនេះ ត្រូវបានគេរកឃើញនៅក្នុងសំណាកដែលប្រមូលបានពីទឹកស្អុយនៅតំបន់ ឌើ អាល់បាឡា (Deir al-Balah) និងទីក្រុង ខាន់យូនីស (Khan Yunis) នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) កាលពីថ្ងៃទី២៣ ខែមិថុនា។ មិនទាន់មានសំណាកណាមួយត្រូវបានគេយកពីមនុស្សនៅឡើយទេ ដូច្នេះ គេនៅតែមិនច្បាស់ទេថាតើមាននរណាម្នាក់នៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះបានឆ្លង ឬយ៉ាងណា។វីរុសពីវ៉ាក់សាំងការពារជំងឺស្វិតដៃជើង (OPV) បង្កបង្កើតនៅក្នុងពោះវៀន ហើយអាចឆ្លងទៅអ្នកដ៏ទៃតាមរយៈទឹកដែលមានជាតិពុលពីលាមក មានន័យថា វានឹងមិនប៉ះពាល់ដល់កុមារដែលបានចាក់វ៉ាក់សាំងទេ ប៉ុន្តែអាចឆ្លងទៅអ្នកជិតខាងដែលមិនបានចាក់វ៉ាក់សាំងនៅកន្លែងដែលមានកម្រិតអនាម័យ និងកម្រិតភាពស៊ាំទាប។អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារកុមាររបស់អង្គការយូនីសេហ្វ (UNICEF) នឹងបញ្ជូនក្រុមរួមគ្នាមួយទៅកាន់តំបន់ហ្កាហ្សានៅថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ដើម្បីចាប់ផ្តើមប្រមូលសំណាកពីមនុស្ស ដោយការណែនាំច្បាស់លាស់នឹងរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អំពីរបៀបដោះស្រាយការគំរាមកំហែង រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំផងដែរ៕

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានចាប់ផ្ដើមនៅប្រទេសឡាវ ខណៈសន្តិសុខត្រូវបានរឹតបន្តឹង

2024/07/24 08:07:23 pm        341
សន្តិសុខត្រូវបានរឹតបន្តឹងក្នុងទីក្រុងវៀងចន្ទន៍ នៅថ្ងៃពុធ (២៤ កក្កដា) នេះ ខណៈដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមនៅមជ្ឈមណ្ឌលសន្និបាតជាតិរបស់ប្រទេសឡាវ។វត្តមាននគរបាល និងសន្តិសុខប្រដាប់អាវុធជាច្រើនត្រូវបានគេមើលឃើញ ខណៈបណ្ដារដ្ឋមន្ត្រីការបរទេស និងក្រុមមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន បានចាប់ផ្តើមទៅដល់កិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា នេះ។គណៈប្រតិភូ និងរដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ចំនួន ១០រូប គ្រោងនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន និងបញ្ជាក់ជាថ្មីអំពីភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន ស្របពេលការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែកក្កដាផងដែរ នេះបើយោងតាមក្រសួងចិនបានប្រកាសកាលពីថ្ងៃអង្គារ (២៣ កក្កដា)៕

រុស្ស៊ី ដាក់បម្រាមចំពោះពលរដ្ឋជប៉ុន ដែលជាប់ពាក់ព័ន្ធទៅនឹងការកសាងអ៊ុយក្រែនឡើងវិញ

2024/07/24 06:35:04 pm        358
ក្រសួងការបរទេសរុស្ស៊ី និយាយថា ក្រសួងនឹងដាក់បម្រាមគ្មានកំណត់ចំពោះពលរដ្ឋជប៉ុនចំនួន១៣រូប មិនឲ្យចូលទៅក្នុងប្រទេស ជាអ្នកដែលមានទំនាក់ទំនងជាមួយក្រុម និងអាជីវកម្ម ពាក់ព័ន្ធទៅនឹងការគាំទ្រការស្តារ និងការកសាងឡើងវិញ សម្រាប់ប្រទេសអ៊ុយក្រែន។ក្រសួង បានប្រកាសកាលពីថ្ងៃអង្គារថា សេចក្តីសម្រេចនេះ គឺជាផ្នែកមួយនៃវិធានការសងសឹកប្រឆាំងការដាក់ទណ្ឌកម្មដែលនៅបន្តរបស់រដ្ឋាភិបាលជប៉ុន ជុំវិញ «ប្រតិបត្តិការសិកពិសេស» របស់រុស្ស៊ី។បញ្ជីនេះ រួមមានទាំងប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន លោក Tanaka Akihiko ដែលបានទៅធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០២៣ និងនាយកប្រតិបត្តិក្រុមហ៊ុន Rakuten Group លោក Mikitani Hiroshi ដែលបានធ្វើដំណើរទៅទីនោះ កាលពីខែកញ្ញាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក លោក Hayashi Yoshimasa ។បម្រាមនេះ ក៏អនុវត្តចំពោះ លោក Toyoda Akio ប្រធានក្រុមហ៊ុន Toyota Motor និងលោក Amemiya Makoto ប្រធានក្រុមហ៊ុនផលិតម៉ាស៊ីនបោសសម្អាតមីន ដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែន កាលពីដើមខែនេះ។រុស្ស៊ី បានដាក់បម្រាមមិនកំណត់ចំពោះការចូលប្រទេសរួចទៅហើយ លើនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ប្រធានសភាទាំងពីររបស់ជប៉ុន សមាជិកគណៈរដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន។ប្រភពព័ត៌មានផ្នែកការទូតជប៉ុន បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងមូស្គូ គឺជាកំហឹង និងសម្តែងការព្រួយបារម្ភថា វិធានការនេះ អាចដាក់សម្ពាធលើក្រុមហ៊ុនជប៉ុន ដែលកំពុងពិចារណាគាំទ្រការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

លោក Biden៖ មានអារម្មណ៍ «ល្អ» នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីការបញ្ចប់យុទ្ធនាការ

2024/07/24 05:43:08 pm        275
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា រយៈពេលពីរថ្ងៃបន្ទាប់ពីបញ្ចប់បំណងបោះឆ្នោតថ្មីរបស់លោក និងគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris សម្រាប់ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយអតីតប្រធានាធិបតី Donald Trump ។លោក Biden បានចំណាយពេលជិតមួយសប្តាហ៍ ក្នុងការព្យាបាលជាសះស្បើយពីជំងឺ COVID នៅលំនៅឋាន ក្នុងទីក្រុង Wilmington រដ្ឋ Delaware ខណៈលោកបានថ្លឹងថ្លែងពីបេក្ខភាព ឆ្នាំ២០២៤ របស់លោក ដែលនៅទីបំផុត លោក បានបោះបង់ចោលយុទ្ធនាការ និងរៀបចំដើម្បីនិយាយទៅកាន់ប្រជាជាតិអំពីការសម្រេចចិត្តរបស់លោក ក្នុងការមិនស្វែងរកអាណត្តិមួយផ្សេងទៀត។លោកប្រធានាធិបតី បានពាក់វ៉ែនតានិងពាក់ម៉ាស់ ពេលលោកឡើងជិះលើយន្តហោះ Air Force One ទៅកាន់ទីក្រុង Washington ជាកន្លែងដែលលោកនឹងនិយាយទៅកាន់ប្រជាជនអាមេរិក ពី Oval Office នៅយប់ថ្ងៃពុធ។គ្រូពេទ្យនៅសេតវិមានរបស់លោក Biden បាននិយាយថា លោកប្រធានាធិបតី បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺ COVID ហើយរោគសញ្ញារបស់លោក បានជាសះស្បើយវិញហើយ។

ប្រមុខការទូតរបស់អ៊ុយក្រែន នៅក្នុងប្រទេសចិន សម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាម

2024/07/24 05:05:09 pm        362
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ស្ថិតនៅក្នុងប្រទេសចិន កាលពីថ្ងៃអង្គារ (២៣ កក្កដា) សម្រាប់កិច្ចពិភាក្សាអំពីមធ្យោបាយដែលមន្ត្រីនៅទីនោះអាចជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ខណៈទំនាក់ទំនងរវាងទីក្រុងមូស្គូ ជាមួយទីក្រុងប៉េកាំង បានរីកចម្រើនកាន់តែខ្លាំងចាប់តាំងពីជម្លោះបានចាប់ផ្តើម។ប្រទេសចិន បង្ហាញខ្លួនឯងថាជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ហើយនិយាយថាខ្លួនមិនបញ្ជូនជំនួយដែលបង្កគ្រោះថ្នាក់ដល់ជីវិតទៅភាគីណាមួយទេ មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាដៃគូ «គ្មានដែនកំណត់» កាន់តែស៊ីជម្រៅរបស់ខ្លួនជាមួយរុស្ស៊ី បាននាំឱ្យសមាជិកណាតូ ចោទចិនថាជា «អ្នកជួយដោយប្រយោល» នៃសង្គ្រាមរបស់ទីក្រុងមូស្គូ ប៉ុន្តែចិន បដិសេធ។ដំណើរទស្សនកិច្ចរបស់លោក Kuleba រហូតដល់ថ្ងៃសុក្រ (២៤ កក្កដា) ស្អែកនេះគឺជាលើកទីមួយរបស់លោក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងគីវ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Kuleba នឹងផ្តោតលើ «វិធីដើម្បីបញ្ឈប់សង្រ្គាម» ក៏ដូចជា «តួនាទីដែលអាចធ្វើទៅបានរបស់ចិន ក្នុងការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌»។ក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សានឹងផ្តោតលើ «ការជំរុញកិច្ចសហប្រតិបត្តិការចិន-អ៊ុយក្រែន និងបញ្ហាផលប្រយោជន៍រួមផ្សេងទៀត»៕

ប្រធានាធិបតីបារាំង នឹងបង្កើតរដ្ឋាភិបាលថ្មីនៅពាក់កណ្តាលខែសីហា បន្ទាប់ពីកីឡាអូឡាំពិក

2024/07/24 05:00:11 pm        306
ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា រដ្ឋាភិបាលអស់អាណត្តិរបស់លោកនឹងនៅតែផ្តោតលើការប្រកួតកីឡាអូឡាំពិកក្នុងតួនាទីជារដ្ឋាភិបាលចាំផ្ទះរហូតដល់ពាក់កណ្តាលខែសីហា បន្ទាប់ពីនោះលោកនឹងស្វះស្វែងរកការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ការអត្ថាធិប្បាយរបស់លោក Macron ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះ រណសិរ្សប្រជាប្រិយថ្មី (New Popular Front) ឆ្វេងនិយមរបស់ប្រទេសបារាំងដែលបានឈ្នះចំនួនអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសភានៅខែនេះ បាននិយាយថា ខ្លួននឹងស្នើអ្នកជំនាញខាងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ លោកស្រី លូស៊ី កាស្តេ (Lucie Castets) ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ប្រធានាធិបតីបារាំងរូបនេះ។ លោក Macron នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួនចាប់តាំងពីការបោះឆ្នោតនៅដើមខែកក្កដា បានទទួលស្គាល់ថាគណបក្សកណ្តាលនិយមរបស់លោកបានចាញ់ការបោះឆ្នោត ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់បក្សរណសិរ្សឆ្វេងនិយមជុំវិញនាយករដ្ឋមន្ត្រីថ្មីនោះទេ។ លោកក៏បានច្រានចោលការលាលែងពីតំណែងមុនអាណត្តិរបស់ខ្លួនផងដែរ៕

ការស្ទង់មតិរបស់ Reuters/Ipsos ៖លោកស្រី Harris នាំមុខលោក Trump ៤៤% ទល់នឹង៤២% ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក

2024/07/24 04:54:06 pm        341
ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos បានរកឃើញថា លោកស្រីអនុប្រធានាធិបតី Kamala Harris បានបើកការនាំមុខពីរភាគរយលើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក និងបានផ្ដល់ឱកាសដល់លោកស្រី។ ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើឡើងក្រោយសន្និបាតរបស់គណបក្សសាធារណរដ្ឋ ជាទីដែលលោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោក និងការប្រកាសរបស់លោក Bidenកាលពីថ្ងៃអាទិត្យមុន ថា លោកបានចាកចេញពីការប្រកួតប្រជែង និងគាំទ្រលោកស្រី Harris ។ លោកស្រី Harris ដែលយុទ្ធនាការរបស់លោកស្រីនិយាយថាលោកស្រីបានទទួលការតែងតាំងពីគណបក្សប្រជាធិបតេយ្យ បាននាំមុខលោក Trump ៤៤% ទល់នឹង៤២% នៅក្នុងការស្ទង់មតិជាតិ។ការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញថា ៥៦% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបានយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍ថា លោកស្រី Harris វ័យ៥៩ ឆ្នាំ មានប្រាជ្ញាស្មារតី និងរាងកាយល្អ និងអាចដោះស្រាយបញ្ហាប្រឈម" បើប្រៀបធៀបទៅនឹង ៤៩% ដែលនិយាយដូចគ្នានេះសម្រាប់ Trump វ័យ៧៨ឆ្នាំ៕

លោក Trump និយាយថាលោកមានបំណងចង់ជជែកដេញដោលជាមួយលោកស្រី Harris

2024/07/24 04:41:23 pm        300
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមានឆន្ទៈក្នុងការជជែកដេញដោលតស៊ូមតិជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលទំនងនឹងក្លាយជាគូប្រជែងខាងប្រជាធិបតេយ្យរបស់លោក ប៉ុន្តែបានលើកឡើងថាលោកចង់បានបណ្តាញផ្សេងក្រៅពីទូរទស្សន៍ ABC News ដើម្បីធ្វើជាម្ចាស់ផ្ទះវេទិកានេះ។លោក Trump បាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា «ខ្ញុំចង់ជជែកដេញព្រោះគិតថាវាសំខាន់ណាស់ ហើយខ្ញុំចង់ធ្វើការជជែកដេញដោលច្រើនជាងមួយលើក ប្រសិនបើអាច»។ អ្នកតំណាងសម្រាប់យុទ្ធនាការរបស់លោកស្រី Harris មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើអត្ថាធិប្បាយទេ។ លោក Trump ធ្លាប់ត្រូវបានកំណត់ពេលដើម្បីជជែកដេញដោលជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ដែលរៀបចំដោយទូរទស្សន៍ ABC News នៅមុនពេលលោកចាកចេញពីការប្រជែងអាណត្តិថ្មី និងគាំទ្រលោកស្រី Harris។ លោក Trump និយាយថាលោក «មិនសូវពេញចិតុ្ត» ឱ្យ ABC ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះទេ ដោយហៅបណ្តាញផ្សព្វផ្សាយនេះថា «ព័ត៌មានក្លែងក្លាយ» ប៉ុន្តែក៏មិនបាននិយាយថាលោកមិនចូលរួមនោះដែរ។ការជជែកដេញដោលកាលពីថ្ងៃទី២៧ ខែមិថុនា រវាងលោក Biden ទល់និងលោក Trump គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤។ ការធ្វើមិនបានល្អរបស់លោក Biden ក្នុងពេលនោះបានជំរុញឱ្យមានការព្រួយបារម្ភពីវ័យ និងស្មារតីផ្លូវចិត្តរបស់លោក ដែលនាំឱ្យមានយុទ្ធនាការដាក់សម្ពាធរយៈពេលមួយសប្តាហ៍ដើម្បីឱ្យលោកដកបេក្ខភាព ហើយទីបំផុតលោក Biden ក៏ព្រមដកខ្លួនកាលពីថ្ងៃអាទិត្យ (២១ កក្កដា) សប្ដាហ៍មុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតីជំរុញពង្រីកអគារសិក្សា និងគ្រូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្រៀន និងការសិក្សារបស់សិស្ស
10/28/2026 01:10 PM
សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ
10/28/2026 01:10 PM
សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
10/28/2026 01:10 PM
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបមេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-រុស្ស៊ី
10/28/2026 01:10 PM
សម្ដេចធិបតី៖ សិស្សជាង១២ម៉ឺននាក់ប្រលងជាប់បាក់ឌុបឆ្នាំនេះ ជាការខិតខំរបស់សិស្ស និងគ្រប់ភាគីពាក់ព័ន្ធ
10/28/2026 01:10 PM
សម្ដេចធិបតី៖ គោលដៅរាជរដ្ឋាភិបាលគឺប្រែក្លាយសាលារៀនទូទាំងប្រទេសជាសាលាគំរូ និងមានស្ដង់ដាតែមួយ
10/28/2026 12:10 PM
រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា
10/28/2026 12:10 PM
លោកTrump៖ លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកប្រសិនបើមានភាពត្រឹមត្រូវ
10/28/2026 12:10 PM
លោក Netanyahu៖ ក្រុមចម្រុះរបស់លោកទទួលបានសំឡេងភាគច្រើនដាច់ខាត ហើយអំពាវនាវឱ្យ បង្កើតរដ្ឋាភិបាលជាតិស្តាំនិយម
10/28/2026 12:10 PM
អ្នកបោះឆ្នោតបក្សប្រឆាំង នឹងមិនអត់ទោសឱ្យលោក Eisenkot ឡើយប្រសិនបើលោកចូលរួមជាមួយបក្ស Likud
10/28/2026 12:10 PM