សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

«សាររបស់ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុនជូនចំពោះប្រជាជនកម្ពុជា»

2022/03/20 02:07:15 am        2478
 ភ្នំពេញ៖ ខាងក្រោមនេះ ជាសាររបស់ ឯកឧត្ដម គីស៊ីដា ហ្វូមិអុ ជានាយករដ្ឋមន្ត្រីជប៉ុន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន! ខ្ញុំឈ្មោះ គីស៊ីដា ហ្វូមិអុ ជានាយករដ្ឋមន្ត្រីជប៉ុន។ថ្ងៃនេះខ្ញុំនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤មកម្ល៉េះ។ ខ្ញុំទន្ទឹងរង់ចាំឃើញដោយផ្ទាល់ នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា ។កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។ ។ ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសយើងទាំងពីរកាន់តែមានភាពស្មុគស្មាញ។ ដូច្នេះដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាព ខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានគោលបំណងពីរដូចខាងក្រោម។ទី១ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៣០នៃការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀត យើងក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះបាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ថ្ងៃនេះ ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នារបស់យើង ខ្ញុំនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហានានាដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម ។ ខ្ញុំបានយល់ថាតាមបទពិសោធន៍នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ ខ្ញុំមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ អស់លោកលោកស្រី ក្មួយៗដែលជាប្រជាជនកម្ពុជាទាំងអស់ ទោះរួមគ្នាបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាជាមួយយើងខ្ញុំ។

ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួចក្នុងការដឹកនាំកម្ពុជា

2022/03/19 03:37:21 pm        847
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាន៍ថា យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿនរុងរឿង។ ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន កាល​ពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត អំពាវនាវឲ្យយុវជនខិតខំប្រឹងប្រែង​យក​ចិត្តទុកដាក់ពង្រឹង ​និងពង្រីកសក្តានុពលរបស់​ខ្លួនឱ្យកាន់តែ រឹងមាំ​ច្បាស់លាស់ទាំង​ផ្នែកសមត្ថភាព​ចំណេះ​ដឹងជំនាញ ​និងផ្នែក​ចរិយាសម្បត្តិប្រកប​ដោយគុណធម៌​ សីលធម៌ រួមជាមួយនឹងស្មារតី និង​សកម្មភាពចូលរួមថែរក្សានូវសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស ​និងបន្តពង្រីកបន្ថែមទៀត​នូវ​សមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិ មាតុភូមិនិងប្រជាជន។ឯកឧត្ដម ថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និង​អង្គការ​ចាត់តាំងចំណុះ ​ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់​ ដែលបានខិតខំប្រឹង​ប្រែង​ក្នុងការបម្រើ និង​ចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំ។ ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញអំពីកម្លាំង​សាមគ្គីភាព​ដ៏ខ្លាំងក្លា ​និងភាពរឹងមាំ​របស់គណបក្ស ប្រជាជនកម្ពុជា ​ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕

ទស្សនកិច្ចនាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជា នឹងមានផ្លែផ្កាទាំងនយោបាយការទូត និងកំណើនវិនិយោគ

2022/03/19 08:32:01 am        751
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាកម្ពុជា ចាត់ទុកការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកាន់កម្ពុជា នឹងទទួលបានផ្លែផ្កាទាំងនយោបាយការទូតទ្វេភាគី និងកំណើនវិនិយោគជប៉ុនមកកម្ពុជា។ ថ្លែងក្នុងពិភាក្សាពិសេសជាមួយទូរទស្សន៍ BTV News ជុំវិញទស្សនកិច្ចរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុនមកកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជា មានប្រសាសន៍ថា​ ជប៉ុន​ជាប្រទេសដៃគូរបស់កម្ពុជា​ដែល​បាន​រួមចំណែក​ក្នុងកិច្ចការ​សំខាន់ៗ​ជាច្រើន​លើ​គ្រប់វិស័យ ​ក្នុងនោះ​ក្រោយ​មាន​សន្ធិសញ្ញា​ទីក្រុងប៉ារីសឆ្នាំ១៩៩១ ​ ជប៉ុន​បាន​បញ្ជូន​កង​ស្វ័យ​ការពារ​របស់ខ្លួន ​ចូលរួមធ្វើបំពេញ​បេសកម្មនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងយ៉ាងដូច្នេះ ដោយផ្អែកលើនយោបាយ​ផ្កា​ចម្រុះពណ៌​របស់​សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​តថភាពយ៉ាងច្បាស់​ទៅ​លើ​នយោបាយការបរទេសរបស់សម្តេចតេជោ​ ដែលធ្វើឲ្យបណ្តាប្រទេស​ដែល​មាន​ទិសដៅ និង​គិត​អំពីផលប្រយោជន៍ជាតិដូចគ្នា​ ដើម្បី​បញ្ចៀស​សង្គ្រាម​ និង​ការ​គាបសង្កត់​ពី​ប្រទេសនានា។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ​ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជឿជាក់ថា ​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមក​កាន់​កម្ពុជា​នឹងធ្វើឲ្យស្ថានភាព​ការ​វិនិយោគរបស់ជប៉ុន​នៅកម្ពុជាកើនឡើង។ ​ទន្ទឹមនោះ ​ឯកឧត្តមបណ្ឌិត​ បានរំពឹងថា ​ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន ​ជាឱកាសមាស ហើយ​នឹងក្លាយ​ជារូបភាព​ល្អសម្រាប់​ទាក់ទាញ​វិនិយោគិនជប៉ុន​មកបណ្តាក់ទុកនៅកម្ពុជា។ទោះ​ស្ថិតក្នុង​ដំណាក់កាលវិបត្តិជាសកល​នៃជំងឺកូវីដ-១៩​ មិន​បាន​ក្លាយ​ជារបាំង​ ឬជះឥទ្ធិពល​ដល់​ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន​ឲ្យធ្លាក់ចុះនោះឡើយ ​ពោលក្នុងឆ្នាំ២០២១ កន្លងមក ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ​មានទឹកប្រាក់សរុបជាង ​២,៣ ​ពាន់លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០២០ កើនជិត១១ភាគរយ។ បន្ថែមពីលើនេះ ​ចំពោះវិស័យ​ពាណិជ្ជកម្មនេះ មានទំនិញចម្បង​របស់កម្ពុជា​ដែល​នាំចេញទៅកាន់​ប្រទេស​ជប៉ុន រួមមាន សំលៀកបំពាក់ គ្រឿង​អេឡិចត្រូនិក​ និងផលិតផលកសិកម្ម ខណៈទំនិញ​របស់​ជប៉ុន​ដែលនាំចូលមកកាន់កម្ពុជា ​មានជា​អាថិ៍ គ្រឿងម៉ាស៊ីន ​និង​ផលិតផលបច្ចេកវិទ្យា។ឯកឧត្តម ​គីស៊ីដា ហ្វូមីអូ ​នាយករដ្ឋមន្រ្តីជប៉ុន នឹង​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី២០ ​ដល់ថ្ងៃទី២១ ​ខែមីនា ឆ្នាំ២០២២។ក្នុងទស្សនកិច្ចស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​និង​ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន នឹង​មានជំនួប​ទ្វេភាគី ​ដើម្បីពិភាក្សាអំពីការពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ រួមមាន ​វិស័យពាណិជ្ជកម្ម ការវិនិយោគ​ អប់រំ ​ហេដ្ឋារចនាសម្ព័ន្ធ ​ការពារជាតិ ​សន្តិសុខ និង​ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ​ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ក្នុងជំនួបទ្វេភាគីរបស់​នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ​ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា​ស្តីពីបញ្ហាតំបន់ និង​អន្តរជាតិនានា​ដែលជាផលប្រយោជន៍ ​និងក្តី​បារម្ភរួម៕ អត្ថបទ៖ សេក ឧត្តម រូបភាព៖ ឯកសារ

ប្រាសាទអង្គវត្តជាប់ចំណាត់ថ្នាក់ ដែលជាកន្លែងដ៏ល្អបំផុតសម្រាប់ទស្សនាព្រះអាទិត្យរះ និងលិច

2022/03/19 06:42:45 am        1510
សៀមរាប៖ យោងតាមការចុះផ្សាយរបស់គេហទំព័រចក្រភពអង់គ្លេសមួយ ដែលមានឈ្មោះ Mornings.co.uk ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាទាំងក្នុងស្រុក និងក្រៅស្រុក បានលើកឡើងថា ប្រាសាទអង្គរវត្តរបស់ខ្មែរ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជាកន្លែងទស្សនាចរល្បីៗ ទូទាំងពិភពលោក ដែលជាកន្លែងល្អបំផុសសម្រាប់មនុស្សទស្សនាពេលព្រះសូរិយារះ និងលិច ខណៈប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ២ គឺសហរដ្ឋអាមេរិក។តាមប្រព័ន្ធផ្សព្វផ្សាយនានានៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងថា ប្រាសាទ​អង្គរវត្តរបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់​ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមជាកន្លែងទស្សនាចរល្បីៗ នៅលើពិភពលោក។ ប្រភព បានបញ្ជាក់បន្ថែមថា ​ការសិក្សារបស់​ Mornings.co.uk ត្រូវបានបន្តចុះផ្សាយ​ដោយសារ​ព័ត៌មាន​ល្បីៗ​ជាច្រើនទៀត ​ដែលផ្តោតលើទីតាំងកម្សាន្ត ​ដោយផ្តល់ចំណាត់ថ្នាក់ដូចជា៖ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា។ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាមេរិក។ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ឥណ្ឌា។ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ឥណ្ឌូនេស៊ី។ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់អូស្ត្រាលី។ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់នេប៉ាល់។ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់មីយ៉ាន់ម៉ា។ចំណាត់ថ្នាក់លេខ៨ បានទៅលើ Adam's Peak (Sri pada) របស់ស្រីលង្កា។ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់ឆេក។ចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ពេរូ។សូមបញ្ជាក់ថា តំបន់អង្គរវត្ត គឺជាសម្បត្តិវប្បធម៌រូបី ហើយប្រាសាទដ៏ល្បីល្បាញរបស់​កម្ពុជានេះ ត្រូវបាន​អង្គការ​យូនីស្កូ​សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ​នៅថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ១៩៩២ ដោយ​គិតមកដល់ឆ្នាំ២០២២​ នេះគឺមានរយៈពេល៣០ឆ្នាំគត់៕អត្ថបទ៖ បាន ចក់

ស.ស.យ.ក.រៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួននៅខេត្ដសៀមរាប

2022/03/19 12:54:14 pm        573
សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួន នៅខេត្ដសៀមរាប ដើម្បីឆ្លុះបញ្ចាំងឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា។កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល០៣ ថ្ងៃគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោម​អធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានវត្តមានចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា​គណៈកម្មការធិការកណ្តាល និងភ្ញៀវកិត្តិយសចូលរួមផងដែរ។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របពេលដែលកម្ពុជា ​សម្រេចបើកដំណើរការប្រទេសឡើងវិញ​លើ​គ្រប់វិស័យ បន្ទាប់​ពីរាជរដ្ឋាភិបាលគ្រប់គ្រង​បានដោយជោគជ័យ​នៃការឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង​តាមអភិក្រមផ្ការីកជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយឥតគិតថ្លៃ ឈានដល់ការសម្រេចបាននូវភាពសស៊ាំក្នុងសហគមន៍។ ជាមួយគ្នានោះ កិច្ចប្រជុំនៅពេលនេះ ​ក៏ជាការ​ឆ្លុះបញ្ចាំង​ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌដ៏ល្អ​ពិសិដ្ឋ​របស់​កម្ពុជា ​បន្ទាប់ពីខេត្តសៀមរាប ​បានប្រែមុខមាត់ថ្មីតាមរយៈការធ្វើទំនើបកម្ម និងការកែលម្អ​ឡើងវិញ​នូវប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ​១ឆ្នាំកន្លងទៅ។ឯកឧត្ដម ហ៊ុន ម៉ានី បានចាត់ទុកថា ​កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅពេលនេះ មិនត្រឹមតែ​ជា​សក្ខីភាពបញ្ជាក់​នូវការចូលរួមគាំទ្រ ​និងអបអរសាទរចំពោះសមិទ្ធផលនានា ​ដែល ស.ស.យ.ក សម្រេច​បានក្នុងរយៈពេល០៨ ​ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសបញ្ជាក់ឱ្យ​ឃើញ​នូវស្មារតី​រួបរួមគ្នា ​និងការប្តេជ្ញាចិត្តខ្ពស់​របស់​ថ្នាក់ដឹក​នាំ ស.ស.យ.ក ដើម្បីបុព្វហេតុយុវជនក្នុងកិច្ចការ​មាតុ​ភូមិ​ទៀតផង​ ជាពិសេសការកំណត់ទិសដៅការងារដែលយើងត្រូវធ្វើក្នុងជំហានបន្ទាប់។ ដោយ​មើល​ឃើញភាពចាំបាច់ក្នុងការរួមចំណែក​ជាមួយរាជរដ្ឋាភិបាលលើការ​ងារប្រយុទ្ធប្រឆាំង​នៃការ​រីករាល​ដាល​នៃជំងឺកូវីដ-១៩ ​ក៏ដូចជាការងារសង្គម ​និងមនុស្សធម៌ ​សហភាពសហព័ន្ធយុវជនកម្ពុជា បាន​ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការធានា ​និង​រក្សាសមិទ្ធផលទាំងឡាយ ដែល​រាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក។ ស.ស.យ.ក. ក៏​ចូលរួមការពារ និងថែរក្សាអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ សន្តិភាព ស្ថិរភាព សេរីភាព ​សុវត្ថិភាពសង្គម​ លើកកម្ពស់​សុខដុមនីយកម្ម​សង្គម អត្តសញ្ញាណ និង​លើក​តម្កើង​កិត្តិនាម​កម្ពុជា ក៏ដូចជាចូលរួមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម ការអភិវឌ្ឍ​សមត្ថភាព​យុវជន ​ការរួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ​ការលើក​កម្ពស់សុខភាព និង​វិស័យកីឡា ការជំរុញកិច្ចសហប្រតិបត្តិការ ​និងទំនាក់ទំនងអន្តរជាតិ ​ព្រមទាំងចូលរួមយ៉ាង​សកម្ម​ក្នុងយុទ្ធនាការពលរដ្ឋល្អ។ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញថា អ្វីដែលយុវជនបានធ្វើ ​និងអ្វីដែលយុវជនត្រូវបន្តធ្វើ គឺបាន​រំលេច​ឱ្យឃើញនូវការបន្ត​មរតក​ស្មារតី​យុទ្ធជន ២ធ្នូ ​ដែលបង្កប់នូវស្នាម​ញញឹម និង​ក្តី​សង្ឃឹមខ្ពស់​ ដោយតម្រូវឱ្យយុវជនទាំងអស់រួមគ្នាជ្រោងទង់យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។ ក្រោមម្លប់សន្តិភាព គ្រួសារ ស.ស.យ.ក ទូទាំងប្រទេស ត្រូវដកពិសោធន៍ពីដំណើរនៃ​សច្ចធម៌​ប្រវត្តិសាស្ត្ររបស់កម្ពុជា​ ដែលបានប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម​ គំនរ​ឆ្អឹង និង​ការបំផ្លិចបំផ្លាញ ​ទៅជាប្រទេសដែលអាចទាញប្រយោជន៍​ពីការ​អភិវឌ្ឍសេដ្ឋកិច្ច​ សង្គមឌីជីថល ដោយជឿថា ខ្មែរធ្វើបាន​ ក្នុងការ​កសាង​សង្គម​មួយ​ប្រកប​ដោយ​ប្រជាជន​ទំនើប។ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍ជូន​សមាជិក សមាជិកថា ​មហាគ្រួសារ ស.ស.យ.ក ត្រូវចាប់​យកកាលានុវត្តភាពនេះក្នុងការប្រែក្លាយខ្លួន​ទៅជាកម្លាំងចលករ​ដ៏ស្មោះស្ម័គ្រ សាមគ្គីភាព​រឹងមាំ ​និ​ងសមត្ថភាព​បរិបូណ៍​ដើម្បី​ បន្តបំផុសស្មារតី ​និងឆន្ទៈ របស់យុវជន និងប្រជាជន​ឱ្យចូលរួម​បម្រើ ​និងការពារអធិបតេយ្យ ​បូរណភាពទឹកដី ​ការពារ​ឱ្យបាន​ដាច់ខាត​នូវសន្តិភាព​និង​សុខដុមរមនា​របស់កម្ពុជា​ ចូលរួមឱ្យអស់ពីសមត្ថភាព​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​បន្តរួមចំណែក​ជាវិជ្ជមាន​តាមរយៈសកម្មភាពស្ម័គ្រចិត្ត ​ចូលរួមថែរក្សា​សមិទ្ធផល​របស់ថ្នាក់​ដឹកនាំ​ជំនាន់មុន​ កសាង សមិទ្ធផល​វិជ្ជមានថ្មីៗបន្ថែមទៀត ​និងពូនជ្រំកសាង​មូលដ្ឋាន​គ្រឹះសម្រាប់​យុវជន​ជំនាន់ក្រោយ សំដៅរួមគ្នា​បង្កើនមោទកភាពជាតិ​ និង​បន្តកសាង​សង្គមជាតិ​ទំនើបមួយដ៏​រស់រវើក ដើម្បី​ប្រែក្លាយ​ជាអរិយប្រទេសប្រកបដោយនីតិរដ្ឋ ​ក្នុង​សុខសន្តិភាព​ ស្ថិរភាព ​ចីរភាព ​សេដ្ឋកិច្ចរឹងមាំ សង្គមយុត្តិធម៌ ​និងមានប្រជាពលរដ្ឋពោរពេញ​ទៅដោយចំណេះដឹង​ វប្បធម៌​ របៀប​របប​រស់នៅ និង​ការ​គិតគូរ​ជឿនលឿន ​ទីក្រុងមានសោភណ្ឌភាព​ ប្រកបដោយ​ផាសុកភាព ​ភាពបៃតង​ សុខដុមរមនា វឌ្ឍនភាព​ និងវិបុលភាព៕ អត្ថបទ៖ ឈិត សាវី 

ប្រធានអគ្គលេខាធិការកងទ័ពប្រជាជនវៀតណាម កោតសរសើរកម្ពុជាដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩ដោយជោគជ័យ

2022/03/19 05:03:10 am        557
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ប្រធានអគ្គលេខាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ក្នុងជំនួបនោះ ឯកឧត្តម ង្វៀន តឹនគឿង បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជោគជ័យ បានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋជាង៩០ភាគរយ ដែលនេះជាចំនួនច្រើនបំផុតក្នុងពិភពលោកនិងក្នុងតំបន់។ឯកឧត្តមក៏បានសម្ដែង នូវការអបអរសាទរផងដែរ ជូនចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យក្នុងការរៀបចំប្រជុំអគ្គបញ្ជាការដោយផ្ទាល់ បន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ពីរឆ្នាំកន្លងមក ហើយបានគោរពរាយការណ៍ជូនសម្ដេចថា កងទ័ពទាំងពីរនឹងរៀបចំឲ្យមានកិច្ចប្រជុំនៅព្រំដែន ពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការលើការការពារជាតិ ការបង្កើត hot line ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឲ្យទាន់ពេលវេលា ហ្វឹកហាត់ ការស្រាវជ្រាវនិងសង្គ្រោះបន្ទាន់ព្រមទាំងចែករំលែកព័ត៌មាន និងរក្សាសន្តិសុខនិងសុវត្ថិភាពនៅតាមព្រំដែន៕

សម្តេចតេជោ និងប្រធានាធិបតីចិន ជួបសន្ទនាគ្នាតាមទូរសព្ទពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាតំបន់

2022/03/18 11:45:52 am        1660
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានជួបសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ ដោយបានផ្តល់នូវផលប្រយោជន៍ពីភាពទៅវិញទៅមក ជាពិសេសបាននាំមកនូវផ្លែផ្កាថ្មីៗបន្ថែមទៀតដែលចិននឹងផ្តល់ជូនកម្ពុជានៅពេលជាបន្តបន្ទាប់។​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថាការពិភាក្សានេះជារួមបានពិភាក្សាទៅលើការងារជាច្រើនទាំងក្នុងកម្រិតទ្វេភាគីនិងតំបន់ជារួម ជាពិសេសការពង្រីកទំនាក់ទំនងរវាងកម្ពុជាចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនបានចូលជាធរមានហើយ។ជាមួយគ្នានេះ ឯកឧត្តម ស៊ី ជិនពីន ក៏ប្រកាសផ្តល់វ៉ាក់សាំង ២០ លានដូស បន្ថែមទៀតដល់កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដផងដែរ។​ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ។ ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់និងលើពិភពលោក។ ឯកឧត្តមប្រធានាធិបតីចិនបានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។ឯកឧត្តម ស៊ី ជិនពីង ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោថា មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ ហើយឯកឧត្តមប្រធានាធិបតីចិន ក៏បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ១៩ ផងដែរ៕អត្ថបទ ៖ មុត សុត 

កងទ័ពកម្ពុជា-វៀតណាមនឹងបន្តធ្វើលំហាត់សមយុទ្ធរួមគ្នាលើការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន

2022/03/18 03:32:58 pm        718
ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបរវាងសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ង្វៀង អ៊ឹង គឿង (NGUYEN TAN CUONG) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្តី ក្រសួងការពារប្រទេសវៀតណាម បានសន្យាថា នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ផ្នែកប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងសង្រ្គោះគ្រោះមហន្តរាយបន្តទៀត បន្ទាប់ពីមាន ការផ្អាកមួយរយៈដោយសារបញ្ហាកូវីដ១៩។នៅក្នុងកិច្ចជំនួបនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះ​លទ្ធផល​អនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ និងបានដាក់ចេញផែនការកិច្ច​សហប្រតិបត្តិការ​ឆ្នាំ២០២២ ដោយប្តេជ្ញាចិត្តបន្តសហការរួមគ្នាយ៉ាង​ស្អិត​រមួត​ក្នុង​ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ​សំដៅលើកកម្ពស់ទំនាក់ទំនង​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ ដើម្បីពង្រឹង និង​ពង្រីកចំណងមិត្តភាព ​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យមានភាពរីកចម្រើន ដែលជា​កត្តា​គន្លឹះបម្រើ ​ឲ្យផលប្រយោជន៍ទៅវិញទៅមករបស់កងទ័ព ​និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ និងប្រទេសនៃប្រទេសទាំងពីរ​ក៏បានពិភាក្សា និងវាយតម្លៃ​ក្នុង​តំបន់ និងសកលលោក​មានការ​គំរាមកំហែង​ ពីជំងឺកូដ-១៩ ជា​សកលបន្តរាតត្បាត​ទូទាំង​ពិភពលោក​ និងពេលថ្មីៗនេះ ក៏មានសង្គ្រាមផ្ទុះឡើង​នៅទ្វីប​អឺរ៉ុប​រវាង​រុស្ស៊ី​ និងអ៊ុយក្រែន​ថែមទៀត​ផងដែរ។នៅក្នុងកិច្ចជំនួបនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានស្នើក្រសួងការពារប្រទេសវៀតណាម បន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការការងារសម្រាប់​ឆ្នាំ២០២២នេះផងដែរ ដោយក្នុងនោះជំរុញ​ការ​បញ្ជូន​សិក្ខាកាមយោធាកម្ពុជា ​ទៅបណ្តុះបណ្តាលហ្វឹកហ្វឺន​នៅប្រទេសវៀតណាម និង​បង្កើនកិច្ច​សហប្រតិបត្តិការ​លើវិស័យព័ត៌មានវិទ្យា ​និងបណ្ដាញសន្តិសុខតាមរយៈបណ្ដុះបណ្ដាល​ហ្វឹកហាត់ នាយទាហាន​បច្ចេកទេស​ ដល់សិក្ខាកាមកម្ពុជា​ទៅសិក្សានៅប្រទេសវៀតណាម ​និងភាគីវៀតណាម​ចាត់​បញ្ជូន​យោធាចារ្យមកបង្ហាត់​នៅ​កម្ពុជាជាដើម។សម្តេចពិជ័យ ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់ ពិសេស​គណៈប្រតិភូ​នាយ​ទាហានវ័យក្មេង​ កងទ័ពនាវី​ គណៈប្រតិភូ​សម្រាក​បំប៉ន​សុខភាព ​និងការ ពិនិត្យ​ព្យាបាល​ជំងឺ​នៅប្រទេសវៀតណាម,ពង្រឹងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងកងទ័ព​ជើងគោក នៃកង​យោធពល​ខេមរភូមិន្ទ ជាមួយបញ្ហាការដ្ឋានកងទ័ពការពារព្រំដែន ​ក្រសួងការពារប្រទេស វៀតណាម,​ពង្រឹងកិច្ច​សហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-វៀតណាម។ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រទេសទាំងពីរ ​ដើម្បីគាំទ្រលំហាត់​សមយុទ្ធរួមគ្នា ស្ដីពីការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ​ការជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះ​មហន្តរាយ ​សម្រាប់កិច្ចការមនុស្សធម៌នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ចូលរួមទប់ស្កាត់ការទន្ទ្រានកាន់កាប់ដី​ នៅតាមតំបន់គ្មានកងកម្លាំងប្រដាប់​អាវុធ​ឈរជើង និង​ប្រជាជនរស់​នៅ​ និងការបង្កបង្កើនផលខុសច្បាប់​ នៅទឹកដីដែលបាន​បោះបង្គោល​សីមារួចផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រមុខការពារជាតិកម្ពុជា ស្នើអូស្រ្តាលីបន្តជួយបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជាបន្ថែមទៀត

2022/03/18 03:12:11 pm        718
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើដល់ភាគី អូស្រ្តាលី ឱ្យបន្តជួយបណ្តុះបណ្តាលផ្នែកធន់ធានមនុស្ស និងបច្ចេកទេសនានា ដល់កងទ័ពកម្ពុជាបន្ថែមទៀត ខណៈជំនួយខ្លះបានអាក់ខានមួយរយៈ ដោយសារការរីករាលដាលនូវមេរោគកូវីដ១៩។នៅក្នុងកិច្ចជំនួបមួយជាមួយ លោក ប៉ាប្លូ កាង (Pablo KANG) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមីនានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់ភាគីអូស្ត្រាលីឱ្យ​បង្កើន​ផ្តល់​វគ្គបណ្តុះបណ្តាល​អាហារូបករណ៍​សម្រាប់ថ្នាក់មូលដ្ឋាន នៅតាមបណ្តាសាកល​វិទ្យាល័យនៅកម្ពុជា ដែលបានផ្អាកមួយរយៈពេលកន្លងមក ​និងទៅសិក្សានៅប្រទេសអូស្ត្រាលី។ បន្តរៀបចំកម្មវិធីក្រុមបាញ់កាំភ្លើងជើងគោក ​ដែលបានផ្អាកដោយសារបញ្ហាជំងឺកូវីដ-១៩។ ជួយគាំទ្រដល់ការពង្រឹងសមត្ថភាពនាយទាហាន ​សិក្ខាកាមកំពុងសិក្សានៅសាកលវិទ្យាល័យ​ការពារជាតិ ​ជួយគាំទ្រលើផ្នែកច្បាប់រដ្ឋបាល និងបច្ចេកទេសដល់មន្ត្រីអគ្គលេខាធិការដ្ឋាន​សន្តិសុខលម្ហសមុទ្រជាដើម។សម្តេចពិជ័យសេនា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ​រវាងកងទ័ពកម្ពុជា​ និងអូស្រ្តាលី ​នាពេលកន្លងទៅផងដែរ ​ដែលនៅសាកលវិទ្យាល័យការពារជាតិកម្ពុជា អូស្រ្តាលី បាន​ជួយជួសជុល បន្ទប់បំពេញការងារ ​បណ្ណាល័យភាសាបរទេស ​បន្ទប់ទឹកសិក្ខាកាម សាងសង់​បន្ទប់​ប្រចាំការ និងសម្រាកថ្ងៃត្រង់យោធាចារ្យនារី​ ជួសជុលកន្លែងលេងកីឡាបាល់ទះ និងសាងសង់​ទីលាន​ ហ្វឹកហាត់ការងារបដិសណ្ឋារកិច្ច ជួយបង្កើនសមត្ថភាពផ្នែក​និយាយភាសាអង់គ្លេស​ថ្នាក់​អនុបណ្ឌិតផ្នែកអប់រំសិក្សាធិការជាដើម។កងទ័ពអូស្ត្រាលី បានទទួលសិក្ខាកាមទៅសិក្សាបណ្ឌិតសភាយោធា​ ភាសាអង់គ្លេសកម្រិតខ្ពស់ មធ្យមអភិវឌ្ឍន៍​ភាសាអង់គ្លេស និង​កម្មវិធីអាហារូបករណ៍កិច្ច​សហប្រតិបត្តិការការពារជាតិ។ បានបណ្ដុះបណ្ដាលវគ្គថ្នាក់អនុបណ្ឌិតស្រាវជ្រាវ ​ស្តីពីសន្តិសុខលំហសមុទ្រ ជួយគាំទ្រ​ឧបករណ៍​សម្ភារៈសម្រាប់​ទីបញ្ជាការជួរមុខ ​នៃគណៈកម្មាធិការជាតិ​សន្តិសុខ​លម្ហសមុទ្រ។សម្តេចពិជ័យសេនា ​បានអរគុណរដ្ឋាភិបាល ​និងក្រសួងការពារប្រទេសអូស្ត្រាលី ដែល​បាន​ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ ចំណងមិត្តភាព​ជាមួយកម្ពុជា។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ២០២១ ទោះបីមានការ​រីករាលដាលជំងឺកូវីដ-១៩ ជាសកលយ៉ាងណាក្ដី ​ប៉ុន្តែរដ្ឋាភិបាល ក្រសួងការពារប្រទេសអូស្ត្រាលី ​នៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិ តាមរយៈការផ្ដល់សម្ភារៈ ​និងបរិក្ខារពេទ្យ ​គាំទ្រយុទ្ធនាការប្រយុទ្ធនឹងជំងឺកូដ-១៩ដល់​កងយោធពល​ខេមរភូមិន្ទ ការទស្សនកិច្ចនាវាយោធាអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយ​គាំទ្រដល់ការងាររៀបចំសៀវភៅ-សការ ពារជាតិ ឆ្នាំ២០២២-២០២៧ផងដែរ។លោក ប៉ាប្លូ កាង (Pablo KANG) បានបញ្ជាក់ថា ​កងទ័ពប្រទេសទាំងពីរ​ នៅតែបន្តពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរឡើងថែមទៀត ​ដូចនឹងអ្វីដែលភាគីទាំងពីរ បានធ្វើរួមគ្នានាពេលកន្លងទៅយ៉ាងដូច្នោះដែរ៕អត្ថបទ៖ បាន ចក់

សមាគមនិងអាជីវកម្មទេសចរណ៍ត្រេកអរក្រោយរដ្ឋប្រកាសលើកលែងធ្វើតេស្ត និងបើក VISA on Arrivals

2022/03/18 02:30:12 pm        759
ភ្នំពេញ៖ សមាគមជាតិ អន្តរជាតិ និងអាជីវកម្មនានាក្នុងវិស័យទេសចរណ៍ បានសម្តែងការអបអរសាទរ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសលើកលែងការធ្វើតេស្តPCR គ្មានការធ្វើចត្តាឡីស័ក និងបានបើកធ្វើ VISA ជូនភ្ញៀវអន្តរជាតិនៅពេលមកដល់ព្រំដែនកម្ពុជា ឬហៅ VISA on Arrivals ។បើតាម លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមីនានេះថា សម្រាប់គោលនយោបាយថ្មីលើការ​បើកប្រទេស​ និងការទទួលភ្ញៀវអន្តរជាតិនៅពេលនេះ ​គឺបានធ្វើអោយក្រុមហ៊ុនទេសចរណ៍ជាង ២០០ក្រុមហ៊ុន សប្បាយចិត្តខ្លាំង ​ហើយយើងរំពឹងថា​ ភ្ញៀវទេសចរអន្តរជាតិ​ នឹងមានផ្តោត ឬអាចថា នឹងមានកក់​ទិញ​កញ្ចប់ទេសចរណ៍មកទស្សនាការកម្ពុជា ​កាន់តែច្រើនថែមទៀត។ជាមួយគ្នាលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ​ប្រចាំនៅកម្ពុជា បានថ្លែងថា ​ការប្រកាសផ្លូវការសម្តេចតេជោ​ លើការលើកលែងការធ្វើតេស្តPCR គ្មានការធ្វើ​ចត្តាឡីស័ក និងបើក VISA on Arrivalsនេះ នឹងជំរុញកកំណើនភ្ញៀវទេសចរអន្តរជាតិ​នៅក្នុង​តំបន់អាស៊ានមកទស្សនាកម្ពុជា​កាន់តែច្រើន​ ប៉ុន្តែសម្រាប់ភ្ញៀវអន្តរជាតិនៅក្រៅតំបន់ គឺយើង​មិនទាន់មានការរំពឹងខ្លាំងនោះ​ ដោយសារវិបត្តិសង្គ្រាមនៅរ៉ុស្ស៊ី ​និងអ៊ុយក្រែន ​នៅបន្តអូសបន្លាយ ដែលបានបានធ្វើអោយប្រេងសាំង ​និងតំលៃទំនិញពាក់ព័ន្ធនានាទៀត ​មានការឡើងថ្លៃ។ឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ​ពន្យល់ថា គោលការណ៍​ថ្មីរបស់កម្ពុជានេះ​ គឺធ្វើអោយភ្ញៀវបរទេសដែលមកកម្ពុជា ​ទទួលបានការចំណេញច្រើន ពិសេសការ​ចំណេញពេលវេលា ​និងថវិកាលើការធ្វើVISA ​ស្នាក់នៅដើរទស្សនាកម្ពុជា។នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើកឡើងថា ​ចំពោះការផ្តល់ទិដ្ឋាការនៅពេលមកដល់​ ឬ (Visa on Arrival) មន្រ្តីអន្តោប្រវេសន៍​គ្រប់ច្រកព្រំដែនគឺត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៧ ​ខែមីនា ឆ្នាំ២០២២តទៅ។ ក្នុងន័យនេះ ចំពោះអ្នកដំណើរដែលមិនបានស្នើសុំ​ទិដ្ឋាការ​ជាមុន ​មន្រ្តីនឹងពិនិត្យផ្តល់ជូននៅពេលមកដល់។ សូមបញ្ជាក់ថា ​គិតចាប់ពីថ្ងៃទី ១ មីនា ​ដល់ថ្ងៃទី១៦មីនា ២០២២ ​អ្នកដំណើរអន្តរជាតិ បានឆ្លងដែន​ចូលមកកម្ពុជា​តាមច្រកអាកាសយានដ្ឋានអន្តរជាតិ ​មានចំនួន ១៩,៣៧៦ នាក់ ជាមធ្យម​គឺមាន​ប្រមាណ ១២០០នាក់ក្នុង១ថ្ងៃ ​ហើយច្រកព្រំដែនគោក មានចំនួន ៧,៥០៨ នាក់ ជាមធ្យមគឺមានជាង ៤០០នាក់ក្នុង១ថ្ងៃ៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ EU នឹងពន្យល់ពីអាទិភាពរបស់ EU ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក រងប្រតិកម្ម
09/10/2025 04:09 PM
កុងតឺន័ររាប់សិបគ្រឿងធ្លាក់ពីលើនាវាចូលទឹកទន្លេ ដោយផែសំខាន់ នៅរដ្ឋ California ត្រូវបិទ
09/10/2025 03:09 PM
ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន និងមន្រី្តរាជការក្រោមឱវាទក្រសួងធម្មការ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម
09/10/2025 03:09 PM
អូស្ត្រាលីនឹងចំណាយ ១,១ពាន់លានដុល្លារលើយានដ្រូនវាយប្រហារក្រោមទឹក
09/10/2025 03:09 PM
ប្រធានាធិបតីប៉ូឡូញ៖ លោក Putin ត្រៀមរួចជាស្រេច ដើម្បីឈ្លានពានប្រទេសផ្សេងៗ
09/10/2025 03:09 PM
ទីភ្នាក់ងារស្វែងរក និងសង្គ្រោះ នៅ Bali បន្តព្យាយាមចូលទៅទីតាំងមានទឹកជំនន់ ដើម្បីជម្លៀសមនុស្ស
09/10/2025 03:09 PM
តំណាងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
09/10/2025 03:09 PM
ប្រភពការទូត៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំ ស្តីពីការវាយប្រហាររបស់អ៊ីស្រាអែល លើកាតា
09/10/2025 03:09 PM
ស្ពានលេខ១២ និងលេខ១៣នៅតាមបណ្តោយផ្លូវជាតិលេខ៤ លេង​ជន់លិច​ទៀត​ហើយ​ចាប់​ពី​ពេលនេះតទៅ
09/10/2025 03:09 PM
ប្រមុខUN ជំរុញឱ្យរដ្ឋនានា ធ្វើឱ្យមានតុល្យភាពឡើងវិញលើការចំណាយផ្នែកយោធា និងតម្រូវការអភិវឌ្ឍន៍
09/10/2025 03:09 PM