សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការធ្វើជំរឿនសេដ្ឋកិច្ចនៅខេត្ដសៀមរាប បានប្រមាណ៦០ភាគរយ

2022/03/11 03:56:33 pm        459
ភ្នំពេញ៖ មន្ដ្រីជំរឿន បានអះអាងថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នៅក្នុងខេត្ដសៀមរាប បាននឹងកំពុងដំណើរ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ខែមីនានេះ អនុវត្ដបានប្រមាណ ៦០ភាគរយហើយ ក្នុងចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺនទីតាំង ដែល​បាន​ចុះ​បញ្ជី​សេដ្ឋកិច្ច​នៅក្នុងខេត្ដនេះ។លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការ ខេត្ដសៀមរាប បានឱ្យដឹងថា ការធ្វើសម្ភាសន៍សម្រាប់ ជំរឿន​សេដ្ឋកិច្ច ធ្វើឡើងទៅលើអង្គភាពអាជីវកម្មសហគ្រាសទាំងរបស់រដ្ឋ ឯកជន ដែលបាន​ចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ២០២១ ដែលក្នុងនោះ មន្ដ្រីជំរឿន​បានធ្វើសម្ភាសន៍ ប្រជាពលរដ្ឋលក់ដូរ ​អីវ៉ាន់ចាប់ហួយពីមួយកញ្ច្រែងនៅខាងមុខផ្ទះ ​ឬនៅតាមផ្លូវ រហូតដល់​ផ្ទះ​សំណាក់ សណ្ឋាគារ ក្រុមហ៊ុន ​តូចធំទាំងអស់ ​លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកិសកម្ម។លោក បានបន្ដថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ ​បានដំណើរការយ៉ាងរលូន ​ដោយក្នុងរយៈ ពេល៩ថ្ងៃកន្លងមកនេះ ​បានប្រមាណ ៦០ភាគរយហើយ ​ក្នុងចំណោមអាជីវកម្មសហគ្រាស​ចំនួន​ប្រមាណ ជាង៤ម៉ឺន៨ពាន់ទីតាំង ​ខណៈដែលមានន្ដ្រីជំរឿន ​ជាង២០០នាក់ បាន​ចុះប្រតិបត្ដិការធ្វើជំរឿនសេដ្ឋកិច្ច ​ដោយគ្រោង​នឹង​បញ្ចប់​តាមផែន​ការកំណត់​នៅ​ដំណាច់ ខែមីនានេះ។លោក ហាក់ សុធារ៉ា បានស្នើប្រជាពលរដ្ឋឱ្យ​មានចូលរួម​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុមមន្ដ្រីជំរឿន ឱ្យ បានទាន់ពេល​ព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះ ​នឹងត្រូវបានរក្សាការ​សម្ងាត់​អាជីវកម្មសហគ្រាស របស់ប្រជាពលរដ្ឋ។រដ្ឋាភិបាលកម្ពុជា បានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ​ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីក ចម្រើន ​ដែលបានអនុវត្ដចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ​ខែមីនា ឆ្នាំ២០២២។​ រាល់ទិន្ន័យជំរឿន​ទាំង​អស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច ​សហគ្រាស ​សិប្បកម្ម ​អាជីវកម្ម លក់ដុំ ​លក់រាយ និង​សេវាកម្ម ផ្សេងៗទៀត។ ​ការធ្វើជំរឿននេះ ​គឺជាកត្តាចំបាច់បំផុត​សម្រាប់ប្រទេសជាតិ ដើម្បី​រៀបចំ​គោលនយោបាយ​ អាទិភាពសំខាន់ៗ ​ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន៕អត្ថបទ៖ ឈិត សាវី

រហូតមកដល់ពេលនេះ ពលរដ្ឋក្នុងខេត្តបាត់ដំបង ជាង២ពាន់គ្រួសារ បានប្រគល់ដីតំបន់៣ជូនរដ្ឋវិញ

2022/03/11 03:39:41 pm        972
បាត់ដំបង៖ ប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារនៅក្នុងខេត្តបាត់ដំបង បានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ជូនរដ្ឋវិញ ដែលមានទំហំជាង១ម៉ឺន៣ពាន់ហិកតា ។យោងតាមលទ្ធផល នៃកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ខែមីនានេះ ​បានឱ្យដឹងថា រហូត​មកដល់ពេលនេះ អ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់បីក្នុងខេត្តបាត់ដំបង ចំនួន១៧នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួន។កិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តឱ្យរដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការ​ចូលទន្ទ្រាន​ និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ​ដែល​បាន​ចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តចាត់វិធាន ការការពារ និងបង្ក្រាបការទន្ទ្រាន​កាន់​កាប់​ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ​ដើម្បីធានា​និរន្តរភាព និងត្រូវពង្រឹងការ​អនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់​នូវលិខិតបទដ្ឋានគតិយុត្ត ​និង​បទបញ្ជានានា ​របស់រាជរដ្ឋាភិបាលដែលនៅជាធរមាន​ជាអាទិ៍។កិច្ចប្រជុំអន្តរក្រសួង បានណែនាំឱ្យរដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋ​ ថែទាំបង្គោល ដែល បាន​បោះរួចនិងជំរុញការបោះបង្គោល​ដែលនៅសេសសល់ ​ថែទាំដើមឈើ​ និងគ្រាប់ត្នោត ​ដែលបានដាំ កន្លងមក ​និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។បន្ថែមពីនេះ រដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់ កាប់ដីរដ្ឋក្នុង​ដែនព្រៃលិចទឹក ​នៃតំបន់ទន្លេសាប ​ហើយព្រះរាជអាជ្ញាអមសាលាដ៏បូងខេត្ត ត្រូវបន្ត​ជួយជំរុញការអនុវត្តនីតិវិធីក្រោយពេលទទួលបានបណ្ដឹង។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្ត​ចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងអ្នកប្រព្រឹត្តបទ​ល្មើស​ទន្ទ្រាន​ដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ ​ក្នុងខេត្តបាត់ដំបង មានចំនួន ១១២បង្គោល ទំហំសរុបជាង ២០ម៉ឺនហិកតា ស្មើ៣១,៩៦ភាគរយ ​នៃដែនព្រៃលិចទឹកជុំ វិញបឹងទន្លេសាប៕អត្ថបទ៖ នឿត សុភក្ត្រ

ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation

2022/03/11 03:26:04 pm        447
ភ្នំពេញ៖ ថ្ងៃទី១១ ខែមីនានេះ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំដោយលោក Shathel Fahs ទីប្រឹក្សាបច្ចេកទេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Golden West Humanitarian Foundation ក្នុងការផ្តល់ភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងនោះ បានចូលរួមដល់ការកសាងសមត្ថភាព និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​បន្សាប​គ្រឿងផ្ទុះ ។ក្នុងឱកាសនោះដែរឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ Golden West Humanitarian Foundation ​បង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមដោយផ្តោត​សំខាន់​លើ​វិស័យ​សកម្មភាព​មីន​ទាំង​មូល ដូចជា​ការ​នាំ​មកនូវបច្ចេកវិទ្យាទំនើប​ ការចូលរួម​បណ្តុះបណ្តាល​តាម​សហគមន៍​ងាយ​រងគ្រោះ អាជ្ញាធរ​មូលដ្ឋាន និងកម្លាំង​មាន​សមត្ថកិច្ច​តាម​មូលដ្ឋាន ​តាម​រយៈការ​បញ្ជ្រាប​ចូល​ក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​យល់​ដឹង​អំពី​មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​តាម​សហគមន៍​ជាដើម។ទេសរដ្ឋមន្រ្តី បានលើកឡើងថា Golden West Humanitarian Foundation និង Platinum East គ្រោង​នឹងចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបន្តពង្រឹង​ភាព​ភាពជាដៃគូ និង​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​អាជ្ញាធរមីន​ ក្នុងនាមអាជ្ញាធរមីន​ជា​ស្ថាប័ន​សាធារណៈរបស់រដ្ឋ និង​ជាសេនា​ធិការ​ឲ្យរាជ​រដ្ឋាភិបាល ហើយបានបង្ហាញពីបំណងជួយដល់កម្ពុជា​ឲ្យក្លាយជា​មជ្ឈមណ្ឌល​នាំមុខគេ​ក្នុងការកសាងសមត្ថភាព ​និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​សម្រាប់​វិស័យ​សកម្មភាពមីន​នៅ​ថ្នាក់តំបន់ ​និងពិភពលោកផងដែរ។ ជាមួយគ្នានេះ​ អាជ្ញាធរមីន ​បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួមក្នុងការ​ចុះអនុស្សារណៈនៃការ​យោគយល់​រួមគ្នារវាងអាជ្ញាធរមីន និង Golden West Humanitarian Foundation ជាមួយស្ថាប័ន​ដទៃទៀតទាំងក្នុង​ និងក្រៅប្រទេស ​ក្នុងគោលដៅជួយដល់កម្ពុជា។ជាចុងបញ្ចប់​ ទេសរដ្ឋមន្រ្តី ​បានស្នើសុំឲ្យ ​Golden West Humanitarian Foundation​ ជួយ​បណ្តុះ​បណ្តាល​ដល់​ក្រុម​ជំនាញ (QM Team) ​របស់​អាជ្ញាធរមីន ​សម្រាប់​កិច្ចប្រតិបត្តិការត្រួត​ពិនិត្យ​គុណភាព​នៅទីវាល៕

ការចាក់វ៉ាក់សាំងដូស ជំរុញជូនកុមារអាយុ៦ដល់ក្រោម១២ឆ្នាំកំពុងដំណើរការ

2022/03/11 12:33:14 pm        1158
​ភ្នំពេញ៖ មាតាបិតា និងអាណាព្យាបាល ដែលជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានបន្តនាំកូនចៅ អាយុចាប់ពី៣ ទៅ៥ឆ្នាំ ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ខណៈកុមារអាយុពី៦ ទៅ១២ឆ្នាំ កំពុងទទួលចាក់ដូស ជំរុញទី៣ នៅតាមទីកន្លែង ដែលអាជ្ញាធរបានរៀបចំរួចរាល់។លោកវេជ្ជបណ្ឌិត សួង វិសេស ប្រធានមណ្ឌលសុខភាពព្រែកថ្មី ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ បានលើកឡើងថា ជាមធ្យមមានប្រជាពលរដ្ឋទាំងមនុស្សធំ ​និងកុមារ មកទទួល​វ៉ាក់សាំង​កូវីដ-១៩ ប្រមាណពីជាង ១០០នាក់ ទៅ៣០០នាក់​ ហើយការចាក់នេះ មានចាប់ពីកុមារអាយុ៣ឆ្នាំ​ឡើងទៅដែលក្នុងនោះមានដូសទី១ ទី២ ទី៣ និងដូសទី៤។លោក បានបន្តថា ចំពោះកុមារអាយុ៣ទៅ៥ឆ្នាំ ដែលមកទទួលវ៉ាក់សាំងក្នុងមួយថ្ងៃៗ​ជាមធ្យម ជាង៥០នាក់ ​ហើយរហូតមកដល់ពេលនេះ ​កុមារក្រុមអាយុនេះ មកចាក់វ៉ាក់សាំងក្នុង​មណ្ឌល​ព្រែកថ្មី មានជាង៦០០នាក់​ ហើយអាជ្ញាធរ និងមន្ត្រីជំនាញ​ នៅតែបន្តផ្សព្វផ្សាយ ឲ្យពួកគេមក​ទទួល​វ៉ាក់សាំងឲ្យបានគ្រប់គ្នា។លោកវេជ្ជបណ្ឌិត សួស វិសេស បានបញ្ជាក់ថា ​ទោះបីនៅមណ្ឌលសុខភាពព្រែកថ្មី កំពុងដំណើរ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក៏ពិតមែន ​ប៉ុន្តែសកម្មភាពទទួលព្យាបាលអ្នកជំងឺទូទៅ រួមទាំង​ការផ្ដល់ វ៉ាក់សាំងផ្សេងៗដល់ទារក កុមារ ​និងសេវាកម្មឆ្លងទន្លេ នៅតែមានបន្តធ្វើដដែល ពុំមាន​ឈប់នោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ២៣៧នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/11 12:16:22 pm        500
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៣៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២០៧នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ មិនបានចាក់វ៉ា់ក់សាំង ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣៣,៧៣៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៨,៣០០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

បីថ្ងៃអំឡុងបិទផ្សាយបញ្ជីបេក្ខជនបក្សនយោបាយ មានករណីស្នើដកឈ្មោះចេញពីបញ្ជីបេក្ខជន

2022/03/11 12:10:55 pm        797
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយចំនួនបីថ្ងៃ រកឃើញករណីស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន របស់គណបក្សនយោបាយ ដែលបានចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ពីថ្ងៃទី៨-១០ ​ខែមីនា នេះ​ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់BTVឲ្យដឹងថា អំឡុង​ពេលបីថ្ងៃ នៃការបិទផ្សាយបញ្ជីបេក្ខជនបក្ស​នយោបាយ​ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ​បានទទួលទង្វើអសកម្មមួយចំនួនប៉ះ​ពាល់​ដល់​ដំណើរការ ​ចុះឈ្មោះបេក្ខជនតាមបណ្តាខេត្ត រួមមាន ករណីបេក្ខជនរបស់គណបក្ស​នយោបាយខ្លះ ​ចុះឈ្មោះបេក្ខជន ​របស់ខ្លួនក្រោយបរិចេ្ឆទចុះឈ្មោះផ្លូវការបានបញ្ចប់ ខណៈករណី​មិនប្រក្រតីសំខាន់ជាងនេះ​ គឺការស្នើដក ​ឈ្មោះបេក្ខជនចេញពីបញ្ជីបេក្ខជនគណបក្សនយោបាយ បន្ទាប់ពីគណបក្សនោះ ​បានចុះឈ្មោះបេក្ខជន ​ដោយមិនបានទទួលស្គាល់ពីសាមីខ្លួន។ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ គ.ជ.ប​ បានបញ្ជាក់ទៀតថា​ សាមីខ្លួន ​ដែលមិនទទួលស្គាល់ ចំពោះ​បញ្ជីបេក្ខជនគណបក្សនយោបាយ​ មាន​សិទ្ធិប្តឹងទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេច ។បន្ទាប់ពីការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយ ​នៅថ្ងៃទី៦-៨ ខែមេសា គ.ជ.ប ​នឹងបិទ ផ្សាយ​បញ្ជីបេក្ខជនដំបូង ​នៅតាមគណៈកម្មការឃុំ-សង្កាត់​ រៀបចំការបោះឆ្នោត ​ខណៈថ្ងៃទី២៤ ខែមេសា គ.ជ.ប​ នឹងបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ ​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ​ការិយាល័យបោះឆ្នោត មាន​ចំនួនជាង២ម៉ឺនកន្លែង ​ក្នុងឃុំ-សង្កាត់ទូទាំងប្រទេស​ សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ៖ សេក ឧត្តម 

ស្ត្រីសម្រាលកូនរួចខកខានមិនទាន់ចាក់វ៉ាក់សាំង បានមកទទួលវ៉ាក់សាំងបង្ការកូវីដជាបន្តបន្ទាប់

2022/03/11 11:22:43 am        787
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មានស្រី្តមកទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ មានចំនួនជាង៤ពាន់នាក់។បើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយចាប់គិតពីថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មានស្រី្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន ឬដូសជំរុញទី១ មានចំនួន ៤២៥៣នាក់ ក្នុងនោះមានស្រី្តជាប់បំបៅដោះកូន ជាប់មានផ្ទៃពោះ កាលដែលអាក់ខានមិនបានចាក់វ៉ាក់សាំង។ជាមួយគ្នានោះដែរ ស្ត្រីក្រោយពីសម្រាលកូនរួច និងប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូសជំរុញទី៤ នៅមនី្ទរពេទ្យបង្អែកចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានលើកឡើងអំពី​ការ​គិតគូរ​ខិតខំប្រឹងប្រែង​របស់ប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​ ដែលបាន​សះស្វែង​យក​វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ទន្ទឹមគ្នានោះដែរ ​លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា ​អនុប្រធានមនី្ទរពេទ្យបង្អែកចតុមុខ ក៏បាន​អំពាវនាវ​ដ​ល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ក្តី សូម​អញ្ជើញ​មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា​កុំឲ្យខកខានឲ្យសោះ ជា​ពិសេសស្រី្តពោះធំ ​និងសូមឲ្យប្រជាជនទាំងអស់ជឿជាក់លើវ៉ាក់សាំង។លោកស្រីវេជ្ជបណ្ឌិត ​បានបញ្ជាក់ទៀតថា សម្រាប់ក្រុមការងារគ្រូពេទ្យ ​ចាក់វ៉ាក់សាំង​ បង្ការជំងឺ កូវីដ១៩ ​មានចំនួន ៧២នាក់ ដោយក្នុងមួយក្រុម ​មានចំនួនជាង១០នាក់​ ដើម្បីចាក់វ៉ាក់ ​សាំងជូន បងប្អូន​ប្រជាពលរដ្ឋ ​ដោយមិនប្រកាន់ថាមកពីតំបន់ណា ​ឬ​ខេត្តណា ​និង​ជនបរទេសឡើយ ឲ្យតែពួកគាត់បានអញ្ជើញ​មកកាន់មនី្ទរពេទ្យបង្អែកចតុមុខ ​គឺក្រុមគ្រូពេទ្យយើង ​ចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ១៩ ជូនពួកគាត់ភ្លាម៕ អត្ថបទ រដ្ឋា

ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីបង្កើតឲ្យមានសមភាពយេនឌ័រ និងការអភិវឌ្ឍ លើគ្រប់វិស័យក្នុងសង្គម

2022/03/11 10:43:01 am        515
ឧត្តរមានជ័យ៖ ដើម្បីរួមចំណែកធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រ ជាពិសេសភាពអង់អាចរបស់ស្ត្រីទាំងអស់ នៅថ្ងៃទី ១១ខែមីនាឆ្នាំ២០២២នេះដែរ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរ ទិវានារីអន្តរជាតិ ០៨ មីនា ខួបលើកទី១១១ ក្រោមប្រធានបទ "សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត"។ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា គោលបំណងនៃកម្មពិធីនេះ គឺដើម្បីរំលេចពីតម្លៃនៃសុខសន្តិភាព នឹងការលើកកម្ពស់ វប្បធម៌ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័នទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចជា​សុខុមាលភាព​សង្គម​ផងដែរ។ឯកឧត្ដម បន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេចតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ​ចតុកោណ ដោយផ្ដោតសំខាន់​ទៅលើគោលនយោបាយសមភាព«យេនឌ័រ» ដែលចាត់ទុកស្ត្រី​គឺ​ជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិ ​និង​សង្គមជាតិ ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួមសកម្មភាពផ្សេងៗ​ក្នុង​ដំណើរឆ្ពោះទៅមុខ​ និងលើកកម្ពស់ស្ថានភាព ​សិទ្ធិឋានៈ ​និង​តួនាទីរបស់​ស្ត្រីនៅកម្ពុជា ដើម្បី​ឲ្យ​មាន​សមភាព​ពិតប្រាកដ​រវាងបុរស ​និងស្ត្រីដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប​ គ្រប់វិស័យ គ្រប់​ទីកន្លែង ពិសេសស្ត្រី ​គឺជាភ្នាក់ងារ​នាំ​មកនូវការ​ផ្លាស់ប្ដូរ​ឥរិយាបទ​ក្នុងគ្រួសារតាមរយៈ ការអប់រំ​ទូន្មានកូន ​ចៅឲ្យបានល្អ ​មិន​ប្រព្រឹត្ត​អំពើ​ឧបាយមុខ ​និងការប្រើ​ហិង្សា​គ្រប់រូបភាព​នោះឡើយ ដើម្បីធ្វើការ ទប់ស្កាត់ និងកាត់បន្ថយ​ នូវរាល់អំពើហិង្សា ​ព្រមទាំងដោះស្រាយ ​ជម្លោះ​ នានា ប្រកប​ទៅដោយសន្តិវិធីក្នុងការងារសង្គម ។យ៉ាងណាម៉ិញ ឯកឧត្ដម ក៏បានស្នើរដល់ស្រ្តីនៅក្នុង​ខេត្តឧត្តរមានជ័យ ត្រូវ​បង្កើន​កា​រ​ខិតខំប្រឹងប្រែង​រៀន​សូត្រ​សំដៅព​ង្រឹងលើ​កម្ពស់សមត្ថភាព ​យេនឌ័រ​និងចំណេះដឹង ឲ្យបានច្រើនបន្ថែមទៀត​ដើម្បី​ក្លាយ​ជាអ្នកដឹកនាំប្រកបទៅដោយវឌ្ឍនៈ​ និងជំហររឹងមាំ ​សម្រាប់ចូលរួមក្នុងការ​កសាង​សង្គមជាតិ​ថែមឲ្យមានភាពរីកចំរើនទៀតផងដែរ៕ អត្ថបទ៖ ឃិនសារិទ្ធ

ពលរដ្ឋចំនួន ៤២៥គ្រួសារដែលមានការខ្វះខាតមកទទួលស្បៀងសង្រ្គោះបន្ទាន់

2022/03/11 10:19:10 am        439
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ៤២៥គ្រួសារដែលជួបការលំបាកខ្វះខាតស្បៀង ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ បានមកទទួលស្បៀង និងគ្រប់ពូជនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តឧត្តរមានជ័យ ដែលជាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០មិនាម្សិលមិញនេះ ។ក្នុងពិធីនោះដែរលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្ត​ឧត្តរមានជ័យ បានលើកឡើងថា ស្បៀងអាហារ​នឹងគ្រប់ពូជដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤២៥គ្រួសារនៅពេលនេះ គឺមកពីសង្កាត់ចំនួន ៥សង្កាត់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បី​ផ្គត់ផ្គង់ការខ្វះខាត​នៅក្នុងគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងអំឡុងវិបត្តិកូវីដ។ក្នុងនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេចតេជោ នាយករដ្ឋមន្រ្តី​នៃកម្ពុជា តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ នឹង​ការលំបាកផ្សេងៗ​របស់បងប្អូន​គ្រប់ពេល​វេលាទាំងអស់​នឹងមិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​ណាមួយនោះឡើយ ឲ្យតែជាពលរដ្ឋខ្មែរទីណា​មានទុក្ខលំបាក​តែងមានការជួយ​ឧបត្ថម្ភ​ពី​សំណាក់​អាជ្ញាធរគ្រប់ពេល។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋទាំង ៤២៥គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បានអង្ករចំនួន១​ការុង​ស្នើនឹង៤០គីឡូក្រាម នឹងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ

អាមេរិកដែលពូកែទូន្មានគេកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស ស្តង់ដារពីរ​ និង​ការ​លាក់​ពុតត្បុត

2022/03/10 02:54:27 pm        2655
ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ​ បាននិយាយថា​ អាមេរិក ដែលពូកែទូន្មានគេ អំពីបញ្ហាសិទ្ធិមនុស្ស កំពុងប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ លោក អាន សុខខឿន បានវាយបកទៅកាន់ប្រតិភូសហរដ្ឋអាមេរិកវិញ បន្ទាប់ពីពួកគេបាន​ចោទប្រកាន់​កម្ពុជា​ដដែលជាដដែល ​ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ខណៈសហរដ្ឋអាមេរិកខ្លួនឯង​កាល​ពីឆ្នាំ២០២១កន្លងទៅ បានចាប់មនុស្សជាង៧០០នាក់ ក្រោយពីពួកគេ​បញ្ចេញ​មតិ​ផ្ទុយ ហើយ​បាន​សម្រុកចូលវិមានរដ្ឋសភាអាមេរិក រួមទាំងអ្នកកាសែតចំនួន៥០ផងដែរនោះ។នៅក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ​កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ​លោក អាន សុខឿន បានលើកឡើងដូច្នេះថា៖ «ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត»។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀតថា« នៅឆ្នាំ២០២១ មនុស្សជាង ៧០០នាក់ ដែលបានបញ្ចេញមតិផ្ទុយ នៅ​សហរដ្ឋអាមេរិក ​ត្រូវបានចាប់ខ្លួន​ និងចោទប្រកាន់ពីបទល្មើស ​បន្ទាប់ពី​បានសម្រុក​ចូល​វិមាន​សភា។ ក្នុងឆ្នាំដដែលនោះ ​អ្នកកាសែតជាង ៥០នាក់​ ត្រូវបានចាប់ខ្លួន ​និងឃុំខ្លួន នៅទូទាំង​សហរដ្ឋ​អាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយ ​សង្គមរបស់អតីតប្រធានាធិបតី​ ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយ»។បើតាមតំណាងអចិន្រ្តៃយ៍របស់កម្ពុជារូបនេះ ​បានលើកឡើងទៀតថា ប្រការ​ដែល​សហរដ្ឋអាមេរិក​យកបញ្ហាសិទ្ធិមនុស្ស ​មកប្រើជាអាវុធវាយប្រហារ ​ដើម្បីបម្រើរបៀបវារៈនយោបាយ ត្រូវបាន​គណៈប្រតិភូជាច្រើន​នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដ៏ឧត្ដុង្គឧត្ដមនេះ ​បាន​ដឹងឮយ៉ាងច្បាស់។ ទន្ទឹមនឹងការអំពាវនាវឱ្យគណៈប្រតិភូខាងលើ ​ធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិន​ធ្វើ​នយោបាយូបនីកម្ម ​ហើយលោកសូមឆ្លៀតឱកាសនេះ លើកឡើងនូវការពិតមួយចំនួនអំពីកម្ពុជា​ដូចជា៖ ​ការថ្លែងថា គណបក្សប្រឆាំងគឺជាគោលដៅនៃការវាយប្រហារ គឺពុំត្រឹមត្រូវទាល់តែសោះ។ ការចូលរួមជាមួយគណបក្សនយោបាយ ​និងអង្គការសង្គមស៊ីវិលណាមួយ ​មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ដោយនិទណ្ឌភាពឡើយ។ បុគ្គលរងការចោទប្រកាន់ ​គឺផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែន​ដោយសារ​បុគ្គលនោះ​ជានរណានោះទេ។​ ឧទាហរណ៍ជាច្រើនបានបង្ហាញថា បុគ្គលគាំទ្របក្សកាន់​អំណាច ​ក្នុងករណីបំពានច្បាប់ក៏ត្រូវបានផ្តន្ទាទោស​ ដោយតុលាការដូចគ្នារបស់កម្ពុជា។យើងខ្ញុំជំទាស់ចំពោះការចោទ​ប្រកាន់អំពីការ​បិទលំ​ហសង្គមស៊ីវិល។ តួលេខប្រាប់ពីការពិតបាន។ ប្រសិនសេរីភាពសង្គមស៊ីវិល​ត្រូវបានរឹតត្បិត ចុះហេតុអ្វីបានជាចំនួនអង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បានចុះបញ្ជី​ នៅតែបន្តកើនឡើងរហូតដល់ចំនួនជិត ​៦០០០ អង្គការ? ការពិតនោះគឺថា ការចោទប្រកាន់ខាងលើ ​កើតចេញ​ពីអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច ដែលមាននិន្នាការធ្វើ​នយោបាយូបនីកម្មខ្លាំងក្លា​ និង​បាន​ទទួលថវិកា​គាំទ្រពីបរទេស​ ខំស្រែកទាមទារតម្លាភាព ក៏​ប៉ុន្តែ​អង្គការទាំងនោះបែរ​ជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាព ខ្លួនទៅវិញ។ ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិល​មួយចំនួននោះ​ ក្រុមការងាររាជរដ្ឋាភិបាល ទទួល​បន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួចហើយ​លើមាត្រាចំនួន១១ ក្នុងចំណោម ១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្ម។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពី ​វេទិកាពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាល​ពីរដងក្នុងមួយឆ្នាំផងដែរ។ ​ដោយពេលវេលាមានកំណត់ យើងខ្ញុំសូមស្នើគណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ស្វែងយល់ អំពីសេចក្តីថ្លែងការណ៍របស់យើងខ្ញុំ ​ដែលបានថ្លែងនៅមុននេះបន្តិច ទាក់ទង​នឹង​សំណួរនៃការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្ម។តាមរយៈកិច្ចប្រជុំនេះដែរលោក អាន សុខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់នាពេល​កន្លងមកថា​«សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃ​ ដោយស្តង់ដារពីរឡើយ» ប្រសិនបើយើង​ចង់​រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុត ​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។យ៉ាងណាក៏ដោយ ​តំណាងអចិន្រ្តៃយ៍កម្ពុជារូបនេះ ​បានលើកឡើងផងដែរថា ​ការលើកតម្កើងសិទ្ធិ និងសេរីភាពទាំងអស់ ​គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេស​ទាំងអស់ ដែលប្រៀប​បានទៅ​នឹងការឡើងទៅកាន់កំពូលភ្នំ។ ដូចដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នាពេលថ្មីៗ​នេះថា ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួនយ៉ាងដូច្នេះដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូង ស្នើសុំឱ្យអាមេរិកអនុញ្ញាតឱ្យកម្មករដែលជាប់ឃុំចាកចេញដោយដៃមិនជាប់ខ្នោះ
09/11/2025 09:09 AM
ផ្ទុះរថយន្តដឹកហ្គាសបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់និងរាប់សិបនាក់រងរបួសនៅរដ្ឋធានីម៉ិកស៊ិក
09/11/2025 09:09 AM
ប៉ូឡូញ ថាខ្លួនខិតជិតជម្លោះបើកចំហបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ក្រោយបាញ់ទម្លាក់ដ្រូនរុស្ស៊ី
09/11/2025 09:09 AM
ចលនាតវ៉ា «រាំងខ្ទប់គ្រប់យ៉ាង» រាលដាលទូទាំងប្រទេសបារាំង ដោយមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន
09/11/2025 09:09 AM
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និង​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ក្រុម​ប្រឹក្សា​អ្នកច្បាប់
09/11/2025 08:09 AM
ប្រជាជនប៉ាឡេស្ទីនរត់ទាំងភ័យស្លន់ស្លោ ក្រោយអ៊ីស្រាអែលវាយប្រហារលើអគារកម្ពស់ច្រើនជាន់ក្នុងទីក្រុងហ្កាហ្សា
09/11/2025 08:09 AM
មន្ត្រីអ៊ីស្រាអែល៖ អ៊ីស្រាអែល នឹងសម្លាប់មេដឹកនាំក្រុមហាម៉ាសពេលក្រោយទៀត បើពួកគេរួចផុតពីការវាយប្រហារនៅកាតា
09/11/2025 08:09 AM
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ​
09/11/2025 08:09 AM
រាជរដ្ឋាភិបាលត្រៀមរថយន្តក្រុងជិត៦០០គ្រឿង ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/11/2025 07:09 AM
រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM