ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាស​បញ្ចូល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ៥៧៧នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សប្រឆាំង

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ

2022/03/03 01:32:22 pm        442
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅតាមទីប្រជុំជនចូលរួមវេចខ្ចប់កាកសំណល់ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុខភាពសាធារណៈ ឈានទៅរកជ័យលាភីពានរង្វាន់រំដួលបីទង នៃទិវាទីក្រុងស្អាតលើកទី១១ និងការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។នៅថ្ងៃទី២ ខែមីនាម្សិលមិញ អាជ្ញាធរខេត្តកំពង់ធំ ប្រារព្ធ​កម្មវិធីទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត” គាំទ្រការបើកទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ​គោលបំណងនៃទិវានេះ ជំរុញ និងលើកកម្ពស់កិច្ចសហការ ការពារ​បរិស្ថាន​សំដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមាន​សោភ័ណភាព​ស្រស់បំព្រង គឺ គ្មានសំរាម គ្មានប្លាស្ទិក នៅតាមដងផ្លូវ តាមទីផ្សារ ទីប្រជុំជន សួនច្បារសាធារណៈនានា ធានាបាននូវសុខមាលភាពរបស់ ប្រជាពលរដ្ឋឲ្យបានប្រសើរ។ ជាពិសេស ជំរុញដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការិនី និងប្រជាពលរដ្ឋឲ្យចូលរួម​សំអាត​បរិស្ថានទាំងអស់គ្នា។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួម ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការផ្តល់សេវា ទុកដាក់សំរាម ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ​និងបែងចែកសំរាម ទៅ​តាមលក្ខណៈ សំរាម សើម ស្ងួត រឹង រាវ ព្រមទាំងចាត់ទុកថា ​សកម្មភាពទុកដាក់កាកសំណល់ គឺជាកាតព្វកិច្ចទាំងអស់គ្នា​ ដែលត្រូវរួមគ្នាអនុវត្តន៍ប្រកបដោយទំនួលខុសត្រូវ។ ឯកឧត្តមបន្តថា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ​បានទទួលបានផ្ការំដួល ២ទង ហើយក៏ជាមោទនភាព​សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ ផងដែរ។ កិច្ចការងារបន្ត យើងទាំងអស់គ្នា បាននិងកំពុង​ស្វាងរក​ចំណុច​ខ្វះខាត ធ្វើការ​អភិវឌ្ឍន៍​បន្ថែមទៀត ដើម្បីបំពេញបាន​លក្ខខ័ណ្ឌ​ផ្សេងៗ ​ដាក់ប្រកួតប្រជែងជាមួយ ខេត្ត ក្រុងផ្សេងទៀត ដើម្បី​ទទួល​បានរំដួលបីទង ​អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ខាងមុខ។ ឯកឧត្តម បញ្ជាក់ថា ជំហានខាងមុខ គឺ​ជាគោលដៅនៃការផ្លាស់ប្ដូរចំណង់ចំណូល​ចិត្តអ្នក​ទេសចរណ៍ ងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ ​សហគមន៍ ​ទេសចរណ៍តំបន់ និង​តំបន់ធម្មជាតិនានា ​ការអភិវឌ្ឍវិស័យទេសចរណ៍ ស្របពេលដែលកម្ពុជា បង្កើនប្រសិទ្ធភាពនៃសកម្មភាពអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទៅតាមទីជនបទ ជំរុញឲ្យមានការអភិវឌ្ឍជំនាញ និងការអប់រំ ផ្សព្វផ្សាយផលិតផលទេសចរណ៍ ស្របតាមបរិបទ នៃវិស័យទេសចរណ៍ ឌីជីថល និង និន្នាការ ទីផ្សារ ទេសចរណ៍៕

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤នៅថ្ងៃនេះ

2022/03/03 12:59:04 pm        856
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ នៅថ្ងៃនេះ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២២នេះ សាលសន្និសីទចតុមុខ ។ទិវាទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ត្រូវបានប្រារព្ធ នៅក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះបីរងការរំខាន​ពីការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជា​នៅតែបន្តយក​ចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ ក្នុងនោះទិវាវប្បធម៌ជាតិមិនដែលត្រូវបានអាក់ខាន​ក្នុងការ​រៀបចំ​ម្ដងណាឡើយ។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​បានផ្តល់អនុសាសន៍ឱ្យក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​ត្រូវ​ប្រើប្រាស់​ធនធាន​ដែលមានស្រាប់ ​ពិសេស​ធនធាន​ដែលអាចជួសជុល និងទាញយកមក​ប្រើឡើង​វិញបាន ​ព្រមទាំងការ​កៀរគរ​ធនធានពីដៃគូនានា ​ដូចជា​ មន្ត្រីចូល​និវត្តន៍​ អង្គការ​ សមាគម អាចារ្យ ​ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ សិស្ស-និស្សិត​ស្ម័គ្រចិត្ត ​និង​ប្រជាជន​នៅមូលដ្ឋាន តាមរយៈការ​ផ្តល់​ការ​លើកទឹកចិត្ត​ទៅតាមលទ្ធភាពជាក់ស្ដែង។លោកជំទាវកិត្តិសង្គហបណ្ឌិត ​បានស្នើឲ្យប្រជាពលរដ្ឋគ្រប់រូប ​ពិសេស យុវជន ត្រូវមាន​មនសិការ​ស្នេហាជាតិ ​និងស្មារតីស្រឡាញ់​សិល្បៈវប្បធម៌ជាតិ ​ត្រូវរក្សាឲ្យជាប់​ក្នុងស្មារតី​និង​សកម្មភាព​របស់ខ្លួន ​ដែល​ជា​ទំពាំងស្នងឬស្សី ​និង​ជា​អ្នក​បន្តវេនទទួល​ខុសត្រូវ ​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌ជាតិទាំងនេះ​ឱ្យបាន​គង់វង្ស​ជានិច្ច​និរន្តរ៍។បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ​សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការ​កំណត់​យក​តួអង្គ​យុវជន​សម្រាប់​ធ្វើ​ជា​ប្រធានបទ​របស់​ទិវាវប្បធម៌ជាតិ​ជា​បន្តបន្ទាប់ ​គឺមិនត្រឹមតែជាសារមួយ​ ដើម្បីបន្តរំលឹកដាស់តឿនដល់យុវជន កម្ពុជាឱ្យចូលរួម​កាន់​តែសកម្មក្នុងការងារអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌ជាតិប៉ុណ្ណោះទេ​ ប៉ុន្តែក៏ជាអាទិភាព គន្លឹះមួយនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង​ដើម្បីអភិវឌ្ឍន៍​វប្បធម៌ជាតិផងដែរ៕ អត្ថបទ រដ្ឋា

មន្រ្តីជំនាញ៖ វ៉ាក់សាំងប្រភេទ Pfizer នឹង​បញ្ជូន​ទៅ​តាម​ខេត្តឆាប់ៗ​នេះ បន្ទាប់​ពី​ដំឡើង​ទូ​ត្រជាក់​រួចរាល់

2022/03/03 12:31:16 pm        612
ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រកខណ្ឌទូទាំងប្រទស នឹងបញ្ចូនវ៉ាក់សាំងប្រភេទ Pfizer នៅតាមបណ្តាខេត្តឆាប់ៗនេះ បន្ទាប់ពីដំឡើងទូត្រជាក់រួចរាល់។ ជាជំហានដំបូង វ៉ាក់សាំងប្រភេទ Pfizer ដែលបញ្ចូនទៅតាមបណ្តារាជធានី-ខេត្ត ត្រូវចាក់ជូនក្រុមអាទិភាពជួរមុខ។មានប្រសាសន៍ក្នុងកិច្ចសំភាសន៍ជាមួយBTV នៅថ្ងៃទី០៣ខែមីនានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា បច្ចុប្បន្នទូបង្កកត្រជាក់ខ្លាំង ទូទឹកកករក្សា​វ៉ាក់សាំង ​និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត ​ដែល​កម្ពុជា​ទទួលបានពីរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ​នៅថ្ងៃទី២៨ខែកុម្ភៈកន្លងទៅ បាន​បញ្ជូន​ទៅដល់ស្ទើរទាំងអស់​ក្នុង​រាជធានីខេត្តទាំង២៥។តាមការគ្រោងទុក វ៉ាក់សាំងប្រភេទPfizer ​នឹង​បញ្ជូន​ទៅតាមបណ្តាខេត្តឆាប់ៗនេះ ក្រោយពេល​ពីរាជ​ធានី-ខេត្ត ណាមួយ ​ដែលបានដំឡើងទូប្រព័ន្ធត្រជាក់រួចរាល់ ​បន្ទាប់មកវ៉ាក់សាំងនេះ និង​ចាក់ជូនក្រុមអាទិភាពជួរមុខ​ មានដូចជា៖ គ្រូពេទ្យ ប៉ូលិស និង​អាជ្ញាធរមូលដ្ឋានជាដើម។បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤​ ជូនក្រុមអាទិភាព និង​ពលរដ្ឋអាយុ១៨ឆ្នាំឡើង​ គឺអនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ ​ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុក​ក្នុង​សីតុណ្ហភាពត្រជាក់ដក ៨០អង្សាសេ។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចំម្បងមួយ ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា ​បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្នកម្ពុជា ​រកវ៉ាក់សាំងកូវីដ-១៩ ​បានជាង៤៣ ​លានដូស ​រាប់បញ្ជូលទាំងការបញ្ជាទិញ​ពី​ប្រទេស​ចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ​ដល់ដូសទី៤៕អត្ថបទ៖ទូច សោភ័ណ

សម្តេចតេជោ ផ្ដល់រូបមន្ត១បូក ជូនប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីដោះស្រាយការវិនិយោគក្នុងវិបត្តិកូវីដ

2022/03/03 12:22:39 pm        386
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Joo ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកចូលជួបសំដែងការគួរសម។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ​ប្រធាន​កម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅវិមានសន្តិភាពនៅថ្ងៃនេះ​ សម្ដេចតេជោ បានផ្ដល់ជូន​នូវទស្សនៈរបស់​សម្ដេច​ពាក់ព័ន្ធ នឹងរូបមន្តមួយបូក ​ដោយក្នុងនោះ​គឺការវិនិយោគមិនប្រមូល​ផ្ដុំ ដើម្បី​ដោះស្រាយបញ្ហានៅពេលដែលប្រទេ​ស​មួយបានជួបប្រទះវិបត្តិដូ​ចជាជំងឺកូវីដ​រីករាល​ដាលជាដើម។លោក JOO បានគោរពជម្រាបជូនសម្ដេចតេជោ ​អំពីដំណើរការរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច ពិភពលោក ​ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំ ​២០២២ នេះ ​ជាមួយនឹងការ​ទន្ទឹង​ទទួល​នូវ​អនុសាសន៍ទស្សនៈ​រប​ស់​សម្ដេច​តេជោ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងនាមសម្ដេច​ជា​ប្រធានអាស៊ាន។ បន្ថែមពីលើនេះ ​ប្រធានកម្មវិធី តំបន់អាស៊ី-ប៉ាស៊ីហ្វិក បាន​សម្តែង​នូវការ​អបអរ​សាទរ ជូនចំពោះ​សម្ដេចតេជោ​ ដែលបាន​ទទួល​ធ្វើជា​ប្រធាន​អាស៊ា​ន​ប្ដូរវេន ​និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះវឌ្ឍនភាពការវិវត្តរបស់កម្ពុជា។ លោកថា លោកបានមកប្រទេសកម្ពុជា ​កាលពីឆ្នាំ២០១៧ ​ហើយនៅពេលនេះកម្ពុជា​មាន​ការ​អភិវឌ្ឍន៍​យ៉ាងខ្លាំងទោះ​បី​ក្នុង​ដំណា​ក់​កា​​លការរីករាលដាលជំងឺ កូវីដ-១៩ក៏ដោយ ហើយប្រសិន​ណាបើគ្មានកា​រ​រីករាល​ដាលជំងឺ​កូវីត​នោះទេ កម្ពុជា​ពិតជា​មាន​ការអភិវឌ្ឍ​លឿនជាងនេះ​ជា​មិន​ខាន។ សម្ដេចតេជោ បានយល់ស្របជាមួយនឹងលោក JOO ដែលថា ប្រសិនណាបើកុំមានការរីករាលដាល​ជំងឺកូវីដ-១៩ ​នោះកម្ពុជា​នឹងមានការអភិវឌ្ឍលឿនជាងនេះ ជាមួយនឹងការកាត់បន្ថយភាព​ក្រីក្រ​កាន់​តែច្រើនថែមទៀត។ពាក់ព័ន្ធនឹងទស្សនៈរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន​ សម្ដេច​បានមានប្រសាសន៍ថា អ្វីដែល​សម្ដេច​បានចង់បាន គឺអាស៊ាន​សហការបើក​ប្រទេស​វិញព្រមព្រមគ្នា​ជំរុញ​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌអាស៊ាន ​ដោយ​ជំរុញ​ពាណិជ្ជកម្មក្នុង​តំបន់​បំពេញឲ្យគ្នាទៅវិញទៅមក នៅ​ពេលដែលទាំងអស់គ្នារស់នៅ​ ក្នុងបរិបទថ្មី ​នៃសម័យកូវីដ-១៩៕អត្ថបទ៖ មុត សុទ្ធ

គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សនានា នៅថ្ងៃស្អែក

2022/03/03 12:01:32 pm        656
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា នៅថ្ងៃស្អែកនេះ បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំ-សង្កាត់ នឹងចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ ខណៈគណបក្សនយោបាយចំនួន១១ ស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនរបស់ខ្លួន។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គជប) លើកឡើងថា ​មុនឈាន​ទៅ​ដល់ដំណើរការ​ជា​ផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​អាណ្ណត្តិទី៥ ​ឆ្នាំ២០២២ គជប បាន​ដំណើរការប្រកាស​អំពីបញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ២០២១ រហូតមកដល់ដំណាក់កាល​បន្ទាប់​នាពេលនេះ ​គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះរបស់​គណបក្សនយោបាយ​ដើម្បីចូលរួមការ​ប្រកួតប្រជែង​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ឯកឧត្តម បន្តថា ការចុះឈ្មោះបេក្ខជនរបស់គណបក្ស​នយោបាយនានា នឹងដំណើរការចាប់​ពីថ្ងៃស្អែក​ទី០៤-០៦ ខែមីនា​ និងការចុះឈ្មោះបេក្ខជននឹងធ្វើឡើងតាមបណ្តាឃុំ-សង្កាត់។ឯកឧត្តម ​បញ្ជាក់ថា ក្នុងពេលដំណើរការចុះឈ្មោះបេក្ខជននៅថ្ងៃស្អែកនេះ ចំពោះលក្ខខណ្ឌ​របស់បេក្ខជន​ឈរឈ្មោះបោះឆ្នោតត្រូវគោរព​តាមនីតិវិធីរបស់គជប រួមមាន ​មានសញ្ជាតិខ្មែរ និងត្រូវបានផ្ទេរសិទ្ធិជាតំណាងត្រឹមត្រូវពីគណបក្សនយោបាយ។ ក្នុងនោះ ក្រោយការចុះឈ្មោះរបស់បេក្ខជន គជប នឹងប្រើប្រាស់រយះពេលមួយសប្តាហ៍ ដើម្បី​ពិនិត្យ​ចំពោះការចុះឈ្មោះបេក្ខជន​ និងទុករយៈពេលចំនួន៥ថ្ងៃ ​ដើម្បីជូនដំណឹងដល់គណបក្សនយោបាយ ក្នុងករណីការចុះឈ្មោះនោះមិនពេញលេញ​ ឬត្រឹមត្រូវទៅតាមលក្ខខណ្ឌរបស់គជប។ជុំវិញដំណើរការចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ​ការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ​មាន​សារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ​ដោយសារពួកគាត់នឹងក្លាយ​ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុង​មូលដ្ឋាន​ដែល​រស់នៅ​កៀក​ជាមួយប្រជាពលរដ្ឋ ហើយពួកគាត់​ក៏ជាអាជ្ញាកណ្តាលជូន​ប្រជា​ពលរដ្ឋផងដែរ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ និង​មានប្រជាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១ ​ចំនួនជិត១០លាននាក់ ខណៈការិយាល័យ​ដំណើរការរៀបចំការបោះឆ្នោត​នាពេលខាងមុខនៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម

សម្តេចតេជោ ផ្តល់​អនុសាសន៍​ឲ្យ​អាស៊ាន​ណាប៉ូល​ ពង្រឹងកិច្ចសហការ​ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​អាស៊ាន​គ្មាន​ភេរវកម្ម

2022/03/03 11:02:34 am        427
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣ខែមីនានេះ ប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន ជូនដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមកចូលជួបសំដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយនឹងសេចក្តីរីករាយ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងបណ្តា​អាស៊ាន​ណាប៉ូល​ដែល​បាន​មកចូល​រួមសន្និសីទលើកទី៤០នៅទីក្រុងភ្នំពេញ​ស្តីពីអាស៊ានណាប៉ូល, សម្តេច បាន​ផ្តល់​អនុសាសន៍ឱ្យបណ្តា​ប្រទេ​ស​អាស៊ាន​ណាប៉ូល ទាំងអស់ខិតខំពង្រឹង កិច្ច​សហការបន្ថែមទៀត ​ដើម្បីធ្វើយ៉ាង​ណាឱ្យ​អា​ស៊ាន​​បាន​ក្លាយ​ទៅ​ជា​អាស៊ាន​គ្មានភេរវកម្ម។សម្ដេចតេជោ ហ៊ុន សែន ​ក៏បានលើ​ក​ទឹក​ចិ​ត្ត​ផ​ងដែរ ​ឲ្យ​អាស៊ានណាប៉ូល​ទាំងអស់​ចែក​រំលែក​បទ​ពិសោធន៍​ព័ត៌មាន​ហើយក៏ចង់ឲ្យអាស៊ានណាប៉ូល​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត ​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ផង​និងជំរុញ​ពាណិជ្ជកម្មរវាងប្រទេសអាស៊ានក្នុងតំបន់ផង។ បន្ថែមពីលើនេះ​ សម្ដេចតេជោ ​ក៏បានថ្លែងអំណរគុណ​ជាថ្មី ​ចំ​ពោះ​ប្រ​តិភូអាស៊ាន​ណាប៉ូលទាំងអ​ស់ ហើយ​ក៏បាន​ផ្ដោត​នូវក្តី​សង្ឃឹមថា ​ប្រតិភូអាស៊ានណាប៉ូល​ទាំង​អស់នឹងចូល​រួមធ្វើអោយ​សន្និសីទ​លើកទី៤០ ​ស្តីពី​អាស៊ាន​ណាប៉ូ​ល​នៅ​ទីក្រុងភ្នំពេញ​ទទួល​បានជោគជ័យ។ជា​ការឆ្លើយតប ​គណៈប្រតិភូទាំងអស់​បាន​ប្ដេជ្ញាចិត្តជូ​ន​ចំពោះ​សម្ដេចតេជោថា​ នឹង​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​ហើយ​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណាប្រែ​ក្លាយ​តំបន់​អាស៊ាន​ឱ្យក្លាយ​ជាតំបន់​កិច្ចសហប្រតិ​បត្តិការ​ប្រកប​ដោយ​សុខដុមនីយកម្ម,ស្ថេរភាព និងសន្តិភាព៕អត្ថបទ៖ មុត សុទ្ធ 

ឯកឧត្ដម ជា សុផារ៉ា ជំរុញថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ពង្រឹងរបៀបរបបធ្វើការងារឱ្យកាន់តែល្អ

2022/03/02 05:35:14 pm        663
ត្បូងឃ្មុំ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវពង្រឹងរបៀបរបបធ្វើការងារឱ្យបានកាន់តែល្អ ជាពិសេសការតែងតាំងការដំឡើងថ្នាក់​ឋានន្តរសក្ដិត្រូវអនុវត្តឲ្យស្របតាមគោលការណ៍នីតិវិធី ដែលបានកំណត់។ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២​ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ​នៅថ្ងៃទី០២ ខែមីនា នេះ ឯកឧត្តម ជា សុផារ៉ា ​បានមានប្រសាសន៍ណែនាំផ្ដល់នូវគោលការណ៍ជាគន្លឹះសំខាន់ៗ​ជាច្រើន និង​បាន​ស្នើ​ដល់ថ្នាក់​ដឹកនាំ​រដ្ឋបាលគ្រប់ថ្នាក់ ​នៃខេត្តត្បូងឃ្មុំ​ ត្រូវពង្រឹងរបៀបរបបធ្វើការងារ ​ទំនាក់ទំនងការងារ សាមគ្គីភាព ​ឯកភាពផ្ទៃក្នុងឲ្យបានល្អ ​ក្នុងនោះប្រធានក្រុមប្រឹក្សា ​និងអភិបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាលរបស់​ខ្លួនស្រប​តាម​ច្បាប់ ​និង​លិខិត​បទដ្ឋាន​នានា​ជាធរមាន។ឯកឧត្ដម បានបញ្ជាក់ថា ​រដ្ឋបាលខេត្តត្បូងឃ្មុំ ​ត្រូវបង្កើនការពង្រឹង ​និងគ្រប់គ្រងបុគ្គលិក មន្ត្រី​រាជការ​ឱ្យបាន​គត់មត់​ ជាពិសេសការតែងតាំង ​ការដំឡើងថ្នាក់​ឋានន្តរស័ក ត្រូវអនុវត្ត​ឲ្យស្រប​តាម​គោលការណ៍​នីតិវិធី ដែលបានកំណត់។ ទន្ទឹមនេះ ត្រូវរួមគ្នាដាក់ចេញឲ្យបានច្បាស់​លាស់នូវគោលការណ៍ ​បែបបទ និងលក្ខណៈវិនិច្ឆ័យ​សម្រាប់​រៀប​ចំចំនួនបុគ្គលិកជាក់លាក់ នៅតាមអង្គភាពនីមួយៗ ចំណុះរដ្ឋបាលខេត្ត ​ព្រមទាំងរៀបចំ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវាយតម្លៃបុគ្គលិក ​មន្ត្រីរាជការ ​ដោយផ្អែកលើ​សមិទ្ធកម្ម​គុណភាព​ការងារ ការ​ពិព័រណ៍​នាមុខតំណែង និងលក្ខខណ្ឌការងាររបស់បុគ្គលម្នាក់ៗផងដែរ។ឯកឧត្តម​ បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ​បុគ្គលិក កងកម្លាំង​មាន​សមត្ថកិច្ចនានា ​និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​នៃខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេច​បាននូវ​សមិទ្ធផល​ក្នុងការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល សំដៅ​លើក​កម្ពស់ជីវភាពរស់នៅ ​និងបន្តកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ពីលទ្ធផលការងាររបស់រដ្ឋ​បាលខេត្តត្បូងឃ្មុំ ​ដែលសម្រេចបានក្នុងឆ្នាំ២០២១ ​ដែលអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាលកម្ពុជា ​កំណែ​ទម្រង់វិមជ្ឈការ វិសហមជ្ឈការ ​និងកម្មវិធីកំណែទម្រង់រដ្ឋបាល​សាធារណៈ ក៏ដូចជាកម្មវិធីកំណែទម្រង់ស៊ី​ជម្រៅ​ដទៃទៀតសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕អត្ថបទ៖ ថុង សីហា

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំមន្រ្តីធ្វើពិធីបុណ្យ ១០០ថ្ងៃថ្វាយព្រះកុសលជូនសម្តេចក្រុមព្រះ

2022/03/02 02:43:57 pm        379
ភ្នំពេញ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំមន្រ្តីគណបក្ស និងព្រះរាជវង្សានុវង្ស ធ្វើពិធីបុណ្យ១០០ថ្ងៃ ថ្វាយព្រះកុសលផលបុណ្យជូនសម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលព្រះអង្គបាន ទ្រង់សោយទិវង្គត កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ។ពិធីបុណ្យគោរព១០០ថ្ងៃ ដើម្បីថ្វាយព្រះកុសលផលបុណ្យជូនដល់សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ គឺបានធ្វើឡើងចំនួនពីរថ្ងៃ គឺថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២២នេះ នៅព្រះដំណាក់ព្រះអង្គ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស និងសមាជិក-សមាជិកា​គណបក្សហ៊្វុនស៊ិនប៉ិច​មកពីគ្រប់រាជធានី-ខេត្តទាំងអស់ផង។នៅក្នុងកម្មវិធីបុណ្យ១០០ថ្ងៃនេះ ក៏បាននិមន្តព្រះសង្ឈចំនួន៧៨អង្គ ដើម្បីរាប់បាត្រ​បង្សុកូល​តាមបែប​ព្រះពុទ្ធសាសនា​ ថ្វាយព្រះកុសលផលបុណ្យជូនដល់សម្តេចក្រុមព្រះ និង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​រាជវង្សា នុវង្ស ​និងបុព្វបុរសខ្មែរផងដែរ។សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ព្រះអង្គបានយាងសោយទិវង្គត​ហើយ​កាល​ពីព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ​នៅប្រទេសបារាំង ​ត្រូវនឹងម៉ោង ៣,៤០នាទី រសៀលម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយ​រោគាពាធ។ ភ្លាមៗ​ និងក្រោយព្រះអង្គសោយទិវង្គត ​អ្នក​នយោបាយ​កម្ពុជា​ទាំង​ស្រប​ និង​ប្រឆាំង​ព្រះ​អង្គ រួម​នឹង​ពលរដ្ឋខ្មែរ​ជាច្រើន​ បាន​សម្ដែង​នូវ​សមាន​ចិត្ត​ចូល​ នឹករលឹក​ អាឡោះអាល័យ​ និង​ចូលរួម​រំលែក​ដល់​ក្រុម​គ្រួសារ​រាជវង្ស​របស់​សម្តេច​ក្រុម​ព្រះ​ផងដែរ​៕ អត្ថបទ៖ បានចក់

ទេសរដ្ឋមន្រ្តី លី ធុជ នាំម្ចាស់ជំនួយចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC នៅ​ខេត្តបាត់ដំបង

2022/03/02 02:21:33 pm        571
បាត់ដំបង៖ ព្រឹកថ្ងៃទី០២ ខែមីនានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំម្ចាស់ជំនួយ ចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់កងឯកភាពទី២ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (Clearing For Results,Phase4) នៅខេត្តបាត់ដំបង។រួមដំណើរម្ចាស់ជំនួយ លោកស្រី Allissar Chaker តំណាងUNDP ប្រចាំនៅកម្ពុជា, លោក Ryan Tierney លេខាទូតទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Yeakyung Ji នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ។ចម្ការមីនដែលចុះពិនិត្យនេះ មានលេខ BS/CMAA/09414 ផ្ទៃដីសរុប ៤១៥០០ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ដោយមានអ្នកទទួលផល ២គ្រួសារ សរុប ៧នាក់។ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតប្រឹងប្រែងរបស់កងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ រយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រមទាំង បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកប​ដោយសប្បុរសរបស់ដៃគូអភិវឌ្ឍន៍ និង​ប្រទេសជាមិត្ត ​ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងបង្កើត​នូវ​សមិទ្ធផល​សម្រាប់វិស័យមីននាពេលកន្លងមក។ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា អាជ្ញាធរមីន ​ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាន​នឹងកំពុង​បន្តកិច្ចខិតខំប្រឹងប្រែង ​និងបំពេញ​បេសកកម្មរួមគ្នា ​ជាមួយដៃគូអភិវឌ្ឍន៍ ​ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីន ​និងភាគីពាក់ព័ន្ធ ​ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុតពីគ្រាប់មីន ព្រមទាំង​បាន​អំពាវនាវដល់ដៃគូអភិវឌ្ឍន៍​ និងប្រទេសជាមិត្ត​ដែល​បាន​កំពុងជួយ និង​មិនទាន់​បាន​ជួយកម្ពុជា ​បន្តគាំទ្រ​ និងចូលរួម​ដើម្បី​បញ្ឈប់​វត្តមានគ្រាប់មីន​ និង​ដើម្បីភាគជោគជ័យរបស់កម្ពុជា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​ការងារបោសសម្អាតមីនរបស់យើង​នៅតែបន្តទៅមុខជានិច្ច ហើយ​ការ​ស្រាវជ្រាវ​ទិន្នន័យ​ចម្ការមីនមិនបច្ចេកទេស ​(Non-Technical Survey) និង​ការ​ពិនិត្យ​ឡើងវិញ​នូវការ​ប្រើប្រាស់ដី (Revisit) ​ត្រូវតែដើរទន្ទឹមគ្នា​ ដើម្បីកាត់បន្ថយផ្ទៃដី ​កាត់​បន្ថយពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយធន​ធាន​បោសសម្អាត៕

ការហាត់សមរបាំស្វាគមន៍ទិវាវប្បធម៌ ត្រៀមសម្តែង ក្នុងពិធីបើកទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២

2022/03/02 02:05:20 pm        707
ភ្នំពេញ៖ នៅសាលសន្និសីទចតុម្មុខ លោកគ្រូ អ្នកគ្រូ និងសិល្បករ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានធ្វើការហាត់សមត្រៀមសម្តែងក្នុង ពិធីបើកទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ០២២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ផ្ទាំងទស្សនីយភាពនេះ គ្រោងនឹងធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨ និង៣០នាទី ព្រឹក។ សូមរង់ចាំតាមដានទស្សនាទាំង​អស់គ្នា! ​កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌​ជា​ភារកិច្ចរបស់កូន​ខ្មែរ​គ្រប់ៗរូប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែន នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ
06/29/2025 08:06 PM
ឯកឧត្តម ឌិត​ ទីណា​ បន្តជួបមន្ត្រីកសិកម្មឃុំ-សង្កាត់​ ដេីម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព "មានហូប​ មានប្រេី​ មានបាន​ និងមានរហូត"
06/29/2025 07:06 PM
កងកម្លាំងរុស្ស៊ី បានប្រមូលផ្ដុំទាហាន ១១ម៉ឺននាក់ នៅជិតទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន
06/29/2025 05:06 PM
មនុស្សជាច្រើននាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា
06/29/2025 05:06 PM
បាតុករសម្រុកតវ៉ានៅទីក្រុង Venice របស់អ៊ីតាលី ក្នុងពិធីមង្គលការរបស់ស្ថាបនិកក្រុមហ៊ុន Amazon
06/29/2025 05:06 PM
UN៖ ជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច ១,២លាននាក់ ត្រូវបង្ខំឱ្យចាកចេញពីអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅឆ្នាំនេះ
06/29/2025 05:06 PM
មនុស្សជាង ២០នាក់ស្លាប់ និងជាច្រើននាក់បន្តបាត់ខ្លួន ក្នុងបំណាក់ដីនៅប្រទេសកូឡុំប៊ី
06/29/2025 05:06 PM
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
06/29/2025 04:06 PM
ឯកឧត្តម ហេង សួរ ឯកភាពជាមួយវិទ្យាស្ថាន CDRI ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ
06/29/2025 03:06 PM
លោក Trump៖ បទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចកើតឡើងក្នុងពេលត្រឹមតែមួយសប្តាហ៍
06/29/2025 03:06 PM