TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ពង្រឹងភាពជាដៃគូរលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ

2022/02/09 01:11:38 pm        635
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការផ្សព្វផ្សាយលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. និងការពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលខេត្ត អភិបាលរងខេត្ត គណៈកម្មាធិការសកម្មភាព​មីន​ខេត្ត(ភីម៉ាក់) និងក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) នៃរដ្ឋបាលខេត្តចំនួន១៥ ដែល​មាន​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតាមបណ្តោយព្រំដែន ព្រមទាំងមានការចូលរួម​ពី​មេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋាន ​មេបញ្ជាការយោធភូមិភាគ​ មេបញ្ជាការកងពលធំ មេបញ្ជាការកងពលតូច​ និងនាយទាហាន ​ក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។ក្នុងអង្គប្រជុំឯកឧត្ដម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក ដែលបានខិតខំ​ប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ដើម្បីចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារ​អធិបតេយ្យភាព បូរណភាពទឹកដី ​និងការពារសុខសន្តិភាព ​ជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាពិសេសការការពារពីការ​ប៉ុនប៉ង​ណា​មួយពីពួកអមិត្ត ​និងក្រុមជ្រុលនិយម ​មានបំណងចង់​ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល​កើតចេញពីប្រជាជន​ និងដើម្បីប្រជាជន។ ជាងនេះទៅទៀត កងទ័ពជើងគោក បានចូលរួមយ៉ាងសកម្មជា​កម្លាំង​បោស​សម្អាតមីន​/គ្រាប់​ ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាព​ដល់ប្រជាជនដែលបានវិលត្រលប់​ពី​របស់​ប្រល័យ​ពូជសាស្ត្រ ​និងពីសេចក្តីស្លាប់។ឯកឧត្ដម ទេសរដ្ឋមន្រ្តី បន្តទៀតថា ឆ្នាំ២០២២នេះ អាជ្ញាធរមីន បានទទួលការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន គ្រោងនឹងរៀបចំព្រឹត្តិការណ៍​ដ៏មាន​សារៈសំខាន់ ​ដើម្បី​អបអរសាទរ​ពិធី​រំលឹក​ខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីន​មនុស្សធម៌​ក្រោម​អធិបតីភាព​របស់សម្តេចតេជោ។ឯកឧត្ដម បានបញ្ជាក់ទៀតថា ជាមួយ​នឹង​សមិទ្ធផល​គួរជាទីមោទនៈនេះ កម្ពុជា នៅបន្តធ្វើដំណើរ​លើ​ផ្លូវដ៏វែងឆ្ងាយ​ក្នុង​កិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដោះស្រាយ​នូវ​បញ្ហា​សេសសល់​លើ​ផ្ទៃដី​រងការ​គំរាមកំហែង​ដោយ​សារមីន/គ្រាប់ប្រមាណ ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមីន​ប្រមាណ ៧៨៨ គីឡូម៉ែត្រក្រឡា​នឹងត្រូវបញ្ចប់​ ដើម្បីឲ្យកម្ពុជាសម្រេចនូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ត្រឹមឆ្នាំ២០២៥។ជាមួយគ្នានោះដែរឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ក៏បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​នៃការងារបោសសម្អាតមីននៅកម្ពុជា​ រយៈពេលជិត៣០នេះ ព្រមទាំង​បាន​ចាត់​ទុកការងារបោស​សម្អាត​មីន/គ្រាប់ ពិតជាមានសារៈសំខាន់ណាស់ ​ក្នុងការចូលរួមកាត់​បន្ថយគ្រោះថ្នាក់​របស់ប្រជាជន និង​ការអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការស្តារលទ្ធភាពឡើងវិញ នូវទីតាំងអតីតសមរភូមិ ឲ្យមាន​ការអភិវឌ្ឍ។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ​កងទ័ពជើងគោក ​បានចូលរួមជាច្រើន ក្នុង​ដំណើរការរៀបចំផែនការបោសសម្អាតមីន/គ្រាប់នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយ​បន្ទាប់​ពីទទួល​បាន​នូវគោលការណ៍​អនុញ្ញាត​ពីរាជរដ្ឋាភិបាលកម្ពុជា​ តាម​លិខិត​របស់​គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. ​កងទ័ពជើងគោក នឹងចាប់ផ្តើមចូលរួមជា​កង​កម្លាំងបោស​សម្អាតមីន/គ្រាប់​មនុស្សធម៌ ​ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាត​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ២០២៥៕

គណបក្សហ៊្វុនស៊ិនប៉ិច បន្តកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយគណបក្សជាដៃគូ

2022/02/09 12:56:15 pm        958
ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសន្យាថា ខ្លួននៅបន្តធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាប្រពៃណី ជាមួយគណបក្សដៃគូជានិច្ច ខណៈគណបក្សនេះ បានបើកអង្គសមាជសម្រេចយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជាប្រធានដឹកនាំគណបក្សថ្មី ជំនួសព្រះអង្គម្ចាស់នរោត្តម រណ ឫទ្ធិ ដែលទ្រង់បានសោយ​ទិវង្គត់ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ។យោងតាមយុទ្ធសាស្រ្តនយោបាយ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានចែកជូនអ្នកសារព័ត៌មាន នៅក្នុងអង្គសមាជគណបក្សនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅដំណាក់វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះ បានឲ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច​អនុវត្ត​គោល​នយោបាយ បង្រួបបង្រួម​ជាតិ​ផ្សះផ្សាជាតិ​ ឯកភាពជាតិ ដើម្បីកម្ពុជាសន្តិភាព និងស្ថិរភាព​នយោបាយ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ​និងទំនាក់ទំនង​ល្អជាមួយគណបក្សដៃគូ ដែល​ជាប្រពៃណី និងប្រកាសបើក​ចំហរ ​ការរួមរស់សាជាថ្មីអ្នក​សីហនុនិយម​ រណឫទ្ធិនិយម អ្នកស្នេហាជាតិ​ អ្នករាជានិយមជាដើម។មាន​បន្ទូល​នៅ​ក្នុងអង្គសមាជនោះដែរ ​ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានអះអាងថា ក្រោមការ​ដឹកនាំ​របស់ព្រះអង្គផ្ទាល់​ ព្រះអង្គនឹងខិតខំធ្វើយ៉ាងណាឲ្យគណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ឈ្មោះបោះ​សំឡេង​ឡើង​ វិញបន្ទាប់ពីគណបក្សនេះ​បានបាត់បង់​ឈ្មោះចេញ​ពីរដ្ឋសភា និង​ធ្លាក់​ចុះការគាំទ្រ​ច្រើន​ពីមូលដ្ឋាននោះ។ ព្រះអង្គម្ចាស់​ បានប្តេជ្ញាថា នឹងថែរក្សាគណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ជាកេរ្តិ៍ដំណែលរបស់សម្តេចតា សម្តេច ព្រះវរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ​ដែលជាស្ថាបនិកគណបក្ស​ឲ្យបានគង់វង្សជា​អមតៈជារៀងរហូត។បើតាមយុទ្ធសាស្រ្តនយោបាយរបស់គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដដែលនេះ​ បានលើកឡើងផងដែរថា ខ្លួននៅតែប្រកាន់ភ្ជាប់គោលនយោបាយ អព្យាក្រឹត្យ ឯករាជ្យ អធិបតេយ្យភាព និងមិនចូលបក្ស​សម្ព័ន្ធ​ ហើយតាមរយៈការដឹកនាំ​របស់​ព្រះប្រធានគណកប្សថ្មី​ គណបក្សនេះសន្យាថា នឹង​កែ​ទម្រង់​ផ្ទៃក្នុងរបស់ខ្លួន​ ដើម្បីធ្វើយ៉ាងណា​ឲ្យក្លាយជា​កម្លាំងរឹងមាំ​ឡើងវិញ​ផ​ងដែរ ដើម្បីរួម​សហការគ្នា​ជា​មួយ​គណបក្សកាន់​អំណាច​កសាងប្រទេសជាតិ​ឲ្យ​កាន់​តែរីកចំរើន​ខ្លាំងក្លា​បន្ថែមទៀត៕ អត្ថបទ៖ បាន ចក់

ក្រសួងសុខាភិបាល ស្នើអាជ្ញាធរឲ្យប្រមូលពលរដ្ឋទៅចាក់ដូសជំរុញ ខណៈករណីអូមីក្រុងហក់ឡើង

2022/02/09 12:19:51 pm        465
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ បានស្នើដល់អាជ្ញាធររាជធានី-ខេត្ត កៀរគរ​ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យបានលឿន រួមជាមួយ នឹងការធ្វើយុទ្ធនាការអប់រំផ្សាយតាមគ្រប់រូបភាព ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង។សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាលស្តីពីបន្តការការពារការចម្លងវីរុសកូវីដ១៩ ជា​ពិសេសអូមីក្រុង បានឱ្យដឹងថា ដោយសង្កេតឃើញថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុស​កូវីដ១៩ ពោលគឺអូមីក្រុងនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់​ទៅ​ហើយជារៀងរាល់ថ្ងៃ​ ដែលគួរឱ្យមានការព្រួយបារម្ភ ​តែវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅមិនទាន់មានការអនុវត្តន៍បាន​ម៉ត់ចត់ ​និង​ម៉ឺងម៉ាត់​ ជាពិសេសការជួបជុំគ្នា គឺមានការកើន​ឡើងច្រើនទៅៗ ​ដោយមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែល​បង្កលទ្ធភាព​ឱ្យ​មានការចម្លងវីរុសកូវីដ១៩ ​កាន់ច្រើនឡើងជារៀងរាល់ថ្ងៃ។សេចក្តីណែនាំដដែល ​បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩​នៅ​ទូទាំង​ប្រទេស​ប្រកប​ដោយជោគជ័យ ​សម្រាប់ការចាក់ដូសមូលដ្ឋាន ក៏ប៉ុន្តែជាការចាំបាច់បំផុត​នៅ​ក្នុងកាលៈទេសៈនេះ ​ដែលបងប្អូនត្រូវមកទទួលយកនូវការចាក់ដូសទី៣​ ឬដូសជំរុញបន្ថែមទៀត ដែល​ក្រសួងសុខាភិបាល ​ស្នើសុំឱ្យរដ្ឋបាលរាជធានី-ខេត្ត ​ទាំង២៥ ​និង​អាជ្ញាមូលដ្ឋាននៅតាមស្រុក សង្កាត់-ឃុំ ​ភូមិនៅទូទាំងប្រទេស ​ចាត់ចែងកៀរគរប្រជាជនដែល​មិនទាន់បានចាក់ដូសទី៣ ឬដូស​ជំរុញ ​នៅតាមមូលដ្ឋានរបស់ខ្លួន ​សហការជាមួយមន្ទីរសុខាភិបាល ក្នុងដែនសមត្ថកិច្ច​របស់ខ្លួន ជំរុញ​ការងារចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានលឿន រួមជាមួយនឹងការធ្វើយុទ្ធនាការអប់រំផ្សាយ​តាមគ្រប់រូបភាពស្តីពីការបន្តការការពារការចម្លងវីរុសកូវីដ១៩អូមីក្រងនេះឱ្យបានទូលំទូលាយ ដល់ប្រជាជន​នៅ​តាម​សហគមន៍​ឱ្យបានជាប់ជាប្រចាំជាមួយការដាក់ចេញ​នូវ​យន្តការ​តាមដាន​ការ​អនុវត្តវិធានការការពារទាំងនេះផងដែរ។បើតាមក្រសួងសុខាភិបាល ជំងឺកូវីដ១៩បំប្លែងថ្មីអូមីក្រុង (Omicron) កំពុងតែចរាចរយ៉ាងឆាប់រហ័ស​ដោយ​គ្មានព្រំដែន​ និងគ្មានលិខិតឆ្លងដែន​ នៅលើសកលលោក ​ទាំងក្នុងតំបន់ ​និងនៅកម្ពុជា ដែល​តម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយ​តបទៅ​នឹងជំងឺកូវីដ១៩នេះ ​ឱ្យបានទាន់ពេលវេលាដើម្បី​ជៀសវាង​បាន​នូវមហន្តរាយសុខភាព​សាធារណៈ ផល​ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ​និងសេដ្ឋកិច្ចសង្គម រួមទាំង​ការ​ចៀសវាង​បាននូវការវិលត្រឡប់​ទៅ​រកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ​សំដៅធានាបាននូវ​និរន្តរភាព​នៃ​ការរស់​នៅ​ធម្មតា ក្នុង​ប្រក្រតីភាពថ្មីរបស់​បងប្អូនឲ្យបានយូរអង្វែង​នោះ​ សូមប្រជាពលរដ្ឋទាំង​អស់​បន្តអនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានការសុខាភិបាល ​ជាពិសេស៣ការពារ ៣កុំ ​និង​ការអញ្ជើញ​ទៅចាក់វ៉ាក់សាំង​កូវីដ​១៩ ដូសទី៣ ឬសជំរុញ ឱ្យបានគ្រប់ៗគ្នា៕អត្ថបទ៖ សេក ឧត្តម

សម្តេចតេជោ អំពាវនាវឱ្យពង្រឹងការអនុវត្តវិធានការទប់ស្កាត់ ខណៈករណីអូមីក្រុងកំពុងហក់ឡើង

2022/02/09 12:09:23 pm        249
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយ ដែលមានមនុស្សច្រើន ខណៈអូមីក្រុង កំពុងមានកំណើនឆ្លងក្នុងសហគមន៍។តាមរយៈសារសំឡេងពិសេសកាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណី​ឆ្លង​ជំងឺកូវីដ-១៩ លើសពីចំនួន ២០០ករណីក្នុង១ថ្ងៃ​ ជាករណីអូមីក្រុង ​ដែលជា​អត្រាខ្ពស់មួយថ្មី បន្ទាប់​ពី​កម្ពុជាទទួលបាន​ ជោគជ័យ​ក្នុង​ការទប់ស្កាត់អត្រាឆ្លងជំងឺនេះ​ឱ្យ​នៅត្រឹមខ្ទង់​រាយប៉ុណ្ណោះ។សម្តេចតេជោ ​បានបញ្ជាក់ថា «ពិតមែនតែជំងឺនេះស្រាល ​បើប្រៀបជាមួយនឹងអាល់ហ្វា និងដែល តា ប៉ុន្តែការឆ្លងបានកើនឡើងខ្ពស់ ​វានឹងនាំទៅដល់គ្រោះថ្នាក់ ​ដែលអាចសាយភាយពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា។កម្ពុជាបានធ្លាក់ចុះនូវករណីឆ្លងជំងឺកូវីដ-១៩ ​រយៈពេលប៉ុន្មានខែចុងក្រោយនេះ ​ដោយមានចំនួន អ្នកឆ្លង​តិចតួចបំផុត ​និងរយៈពេលជាងមួយខែមកហើយ ​មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩នោះទេ។សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរឱ្យធ្វើការតាមដានចំពោះការអនុវត្តវិធានការបីកុំ និងបីការពារ ​ដែលសំខាន់បំផុត ​គឺការពាក់ម៉ាស់​ និងលាងដៃ​ និងការរក្សាគម្លាត ហើយ​ចៀសវាង​នូវការជួបជុំណាដែលមានចរិតជាការឆ្លង៕អត្ថបទ៖ មុត សុទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន២២៣នាក់ ខណៈឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើង

2022/02/09 12:04:13 pm        242
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២២៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងរហូតដល់២១៨នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,២០៦នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៣៤៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ក្រសួងវប្បធម៌ ស្នើសុំចុះសម្បតិ្តវប្បធម៌រូបី និងអរូបីជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/02/09 11:52:20 am        398
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារ ដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ យ៉ាងដូច្នេះ ក្នុងសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើក ទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៅ​សាល​សន្និសីទ​ចតុមុខ​នាព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២២នេះ។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា ក្រៅពីការស្នើចុះបញ្ជីខាងលើ​យើង ក៏​មាន​បណ្តាញ ទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌​ដែល​មាន​សក្ដានុពល​ផ្សេងទៀត ​ទៅក្នុងបញ្ជីបេតិកភណ្ឌ ​របស់​អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរី និងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌល ប្រល័យពូជ សាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”, និងព្រះរាជពិធីបុណ្យអុំទូក។លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្រសួងបាន យកចិត្តទុកដាក់​និង​សហការជាមួយសហគមន៍ ​ក្នុងការបណ្តុះបណ្តាល​ និងរៀបចំការសម្តែង សិល្បៈដោយ​ក្នុង​នោះក្រសួង​បានស្តារល្ខោនវត្តកៀនស្វាយក្រៅ ឱ្យរស់រានឡើងវិញ​ ព្រមទាំង បានពង្រឹងការ​ថែ​រក្សា​សិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗនៅខេត្តចំនួន១១​ រួមទាំង​សហគមន៍​របស់ជនជាតិ​ដើម​ភាគតិច​នៅខេត្តចំនួន៨។ ក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ ផ្ទាំង ​និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ, ក្រាំងចម្រៀង សម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ , ក្បាច់ហួន ល្ខោនបាសាក់, និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ “នារីរបាំកម្ពុជា​សម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈ ដែល​ទើបដំឡើងថ្មី​ដល់សាធារណជន ​តាមរយៈបណ្ដាញ​សង្គមហ្វេសប៊ុកផ្លូវការ របស់​ក្រសួងផងដែរ។ ជាពិសេសគិតមកដល់ថ្ងៃនេះ ​យើងបានបំពេញការងារអស់រយៈពេលជាងពាក់កណ្ដាលអាណត្តិ​រួច​ទៅ​ហើយ ​នៅក្នុងរយៈពេល៥ឆ្នាំ ​នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦​ នៃរដ្ឋសភា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត ​និងចក្ខុវិស័យ​វែងឆ្ងាយរបស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលជាង​ពាក់កណ្ដាលអាណត្តិនេះ ​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈបានបន្តខិតខំ​ប្រឹង​ប្រែង​អនុវត្ត ​និង​សហការអនុវ​ត្ត​ការងារ​គ្រប់មុខ​ព្រួញ​ទាំងអស់ ​នៃយុទ្ធសាស្ត្រ​ ទាំងការងារក្នុង​វិស័យ​វប្បធម៌ ការងារ​ក្រៅ​វិស័យវប្បធម៌ ​និង​ការងារ​អន្តរ​វិស័យ​ ដោយអនុលោមទៅតាម​កម្មវិធី​នយោ​បាយ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ​ជាពិសេសយុទ្ធសាស្រ្តចតុ​កោណដំណាក់កាលទី៤ និង​ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ២០១៩-២០២៣៕ អត្ថបទ រដ្ឋា

ពលរដ្ឋខេត្តកោះកុង ប្រមាណ៦ម៉ឺន៣ពាន់នាក់ បានចាក់វ៉ាក់សាំងដូសទី៣ បង្ការជំងឺកូវីដ

2022/02/09 11:41:10 am        217
កោះកុង៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា មានប្រជាពលរដ្ឋជាង ៦ម៉ឺន៣ពាន់នាក់ បានមកទទួលការចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តនិងភាពជឿជាក់។គិតមកទល់ម៉ោងនេះ មានប្រជាពលរដ្ឋចំនួន ៦ម៉ឺន៣.០២៨នាក់​ហើយបានចាក់វ៉ាក់សាំងដូសទី៣ តាមទីតាំងមណ្ឌលដែលកំណត់ដោយមន្រ្តីសុខាភិបាល និងកងទ័ពយោធា។ ក្នុងចំណោមនោះ មានស្រ្តី២ម៉ឺន៩ពាន់នាក់ ​បើគិតជាភាគរយស្មើនឹង៦៨ភាគរយ។​បើតាម​ការបញ្ជាក់របស់​លោក​វេជ្ជ​បណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ​បន្ថែមទៀតថា ដំណើរការមកចាក់វ៉ាក់សាំង​របស់ពលរដ្ឋគឺធ្វើឡើង ដោយការស្ម័គ្រចិត្ត និងជឿជាក់អំពី​ប្រសិទ្ធភាព​ថ្នាំ​អាចទប់ស្កាត់​ការ​ឆ្លងរីក​រាលដាល​ជំអឺកូវីដ១៩។ ចំពោះពលរដ្ឋជាង ៣០ភាគរយដែលមិនទាន់មកចាក់វ៉ាក់​សាំងដូសទី៣នេះ​បណ្តាល​មកពីមាន​ពលរដ្ឋ​មួយ​ចំនួន​ធ្លាប់​កើត​ជំងឺកូវីដ ការបើក​ទូលំទូលាយ​របស់​រាជរដ្ឋាភិបាលពលរដ្ឋអាច​ជ្រើសរើស​ប្រភេទវ៉ាក់សាំងចាក់នៅរាជធានីភ្នំពេញ និងខ្លះទៀតមាន​មតិអវិជ្ជមាន​មួយ​ចំនួន​អំពី​ថ្នាំ​វ៉ាក់​សាំងពុំទាន់ព្រមមកចាក់។តែទោះយ៉ាងណាមន្រ្តីសុខាភិបាល និងគ្រូពេទ្យយោធា បាន​ពង្រីកទីតាំងចាក់វ៉ាក់សាំងជាច្រើន​កន្លែង​ដល់​មូលដ្ឋាន​ភូមិឃុំក្បែរលំនៅដ្ឋានពលរដ្ឋ ក្នុង​គោលបំណង​បង្ខិត​សេវានេះកាន់តែ​ជិត​នឹងប្រជាពលរដ្ឋ។ដើម្បីសម្រេច​ជោគជ័យ​លើ​ដំណើរការចាក់​វ៉ាក់​សាំងឱ្យ​គ្រប់ចំនួន ១០០​ភាគ​រយតប នឹងគោល​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា។ភ្ជាប់នឹងការចាក់វ៉ាក់សាំងដូសទី៣នេះដែរ ​កន្លង​ទៅមានគ្រូពេទ្យ ​កម្លាំង​ប្រដាប់​អាវុធ ​និង​មន្ត្រី​រាជការ​ជួរមុខចំនួន ៤.៩៤០នាក់ ស្រ្តី១.៥៧៧នាក់ បានចាក់វ៉ាក់សាំងដូសទី៤​ គ្រា​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់ខ្ពស់​ពី​សុខុមាលភាព​អ្នក​ពាក់ព័ន្ធ ព្រមទាំង​បើក​ឱកាស​ស្តារសេដ្ឋកិច្ចសង្គម​ឡើងវិញ​នាពេលបច្ចុប្បន្ន៕

អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ថែទាំប្រាសាទលលៃ ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង

2022/02/09 11:13:19 am        703
ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈម និងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង ១ ០០០ឆ្នាំមកហើយនោះ មានការបែកបាក់ និងពុកផុយច្រើន។លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះថា ​ក្នុងការ​ជួសជុល​ថែទាំ​ប្រាសាទលលៃនេះ ​ក្រុម​ការ​ងារ​កំពុង​យក​ចិត្តទុក​ដាក់​ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធខ្លោងទ្វារ​ដែលធ្វើកំណាយឃើញនៅមុខប្រាសាទ​ផ្នែកខាងកើត ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធជើងក្រោម​របស់​តួប្រាសាទ និង​ចាប់ផ្តើមធ្វើកំណាយ​យក​គំនរថ្ម​ដែល​បាក់​លុប​តួ​ប្រាង្គនិរតី របស់ប្រាសាទចេញ ​ដើម្បីត្រៀម​ធ្វើការ​ជួសជុល​បន្ត​នាពេលខាងមុខ។លោក បន្តថា ចំពោះការងារ​ជួសជុល​ និងថែទាំនេះ ​ក្រុមមន្ត្រីជំនាញ​បានអនុវត្តជាប្រចាំ នៅ​តាមចំណុច​ដែល​មាន​ហានិភ័យ ។ប្រាសាទលលៃ​ ស្ថិតក្នុងភូមិលលៃ​ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះមានតួប៉ម៤ ធ្វើអំពីឥដ្ឋ សង់រៀងជា២ជួរមុខក្រោយនៅលើជើងគ្រឹះដែលមាន​ទទឹង ៨០ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ។ ​ប្រាសាទលលៃបានកសាងនៅចុង​សតវត្សទី៩ នៃគ្រឹសករាជ ៨៩៣ ដោយព្រះបាទយសោវរ័ន្មទី១ ដើម្បី​ឧទ្ទិស​ថ្វាយព្រះឥសូរ ក្នុង​សាសនាព្រាហ្មណ៍៕

អ្នកជាពីជំងឺកូវីដដែលធ្លាប់ចាក់វ៉ាក់សាំងរួចហើយ អាចចាក់ដូសជំរុញបានចាប់ពី ៤ខែឡើងទៅ

2022/02/08 05:08:58 pm        539
ក្រចេះ៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញដល់អ្នកជាពីជំងឺកូវីដ-១៩ ធ្លាប់ចាក់ដូសទី២ ឫទី៣ គឺអាចចាក់ដូសជំរុញបាន ក្នុងរយៈពេល៤ខែឡើង បន្ទាប់ពីពួកគាត់ជាពីជំងឺកូវីដ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះកិច្ចចាក់​វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ​និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត​ នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនពលរដ្ឋនៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តក្រចេះ។បន្ទាប់ពីបញ្ចាប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ​លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន និងឯកឧត្តម​អភិបាលខេត្ត ​បានបន្តពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ ជាពិសេសការ​ជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញទី៣។ ការពិភាក្សានេះ ធ្វើនៅ​សាលាខេត្តក្រចេះ ​ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ​បានណែនាំដល់អាជ្ញាធរនៅខេត្តក្រចេះ សហការ​ជាមួយមន្រ្តីសុខាភិបាល ​ដើម្បីជំរុញដល់ពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកូវីដ ជា​ពិសេសដូសជំរុស ដើម្បីបង្កើនអង់ទីគ័រ ​ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុង។ ក្រៅពីនេះលោកជំទាវ បានលើកថា អ្នកជាពីជំងឺកូវីដ-១៩ ​ដែលធ្លាប់ចាក់វ៉ាក់សាំងដូសទី២ ឫទី៣ អាចទៅចាក់វ៉ាក់សាំងដូសជំរុញ ​បានក្នុងរយៈពេល៤ឡើង ​គិតរាប់ចាប់ពីពេលពួកគាត់ជាពីជំងឺកូវីដ-១៩។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងបានជាង​ ៤៣លានដូស រាប់បញ្ជូល​ទាំងការបញ្ជាទិញពីមិត្តចិន ជំនួយ​ពីយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដ ​អាចទៅទទួលការចាក់វ៉ាក់សាំងបានចាប់ពីដូសទី១ ដល់ទី៤ ​នៅមន្ទីរសុខាភិបាលសាធារណៈ​ ក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់​ទៅ​ជាមួយកាត់ចាក់វ៉ាក់សាំង ​អត្តសញ្ញាណប័ណ្ណ ​និងឯកសារពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ

អាមេរិកសន្យា ជួយលើកកម្ពស់សុខភាពសាធារណៈ និងវិស័យអាទិភាពមួយចំនួនក្នុងខេត្តបាត់ដំបង

2022/02/08 05:03:28 pm        428
បាត់ដំបង៖ លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរ ជាតិ (USAID) បានសន្យាបន្តជួយលើកកម្ពស់សេវាសុខភាពសាធារណៈ និងវិស័យអាទិភាពសំខាន់ៗ មួយចំនួនក្នុងខេត្តបាត់ដំបង។ក្នុងជំនួបពិភាក្សារការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី ណែនស៊ី អ៊ីសលីក បានរាយការណ៍អំពីលទ្ធផលការងារជាច្រើន ដែលអង្គការUSAIDបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀតក្នុងការ​ចូលរួមអភិវឌ្ឍខេត្តបាត់ដំបង ។លោកស្រី គូសបញ្ជាក់ថា អង្គការUSAID នឹងបន្តជួយទៅលើគម្រោងនានា ដូចជាលើវិស័យ កសិកម្ម ជួយការបណ្តុះបណ្តាល និងរកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង ។បន្ថែមពីនេះលោកស្រី ណែនស៊ី អ៊ីសលីក បានសម្ដែងការអបអរសាទរ ដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។ ជាការឆ្លើយតបឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់អង្គការUSAID ​ដែលកន្លងមក បានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍខេត្តបាត់ដំបង លើវិស័យសំខាន់ៗជាច្រើន ជាពិសេស​វិស័យសុខាភិបាល។ ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តបាត់ដំបង ជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹង បញ្ហាបរិស្ថាន ជាទុក្ខកង្វល់ ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះ ឯកឧត្តម ក៏បាន​ស្នើ​ដល់អង្គ ការUSAID ជួយដល់ខេត្តបាត់ដំបង និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បី​ពន្លឿន​ដល់ការដុតសំរាម​ឱ្យកាន់តែឆាប់រហ័ស និងឈានទៅដោះស្រាយបញ្ហា​សំរាមឱ្យបានល្អ​ប្រសើរ​ឡើង៕អត្ថបទ៖ នឿត សុភ័ក្ត្រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM
មេដឹកនាំកូរ៉េខាងជើង ត្រូវបានឃើញគ្របមឈូសដោយទង់ជាតិ នៅក្នុងរូបភាពវីដេអូ
06/30/2025 08:06 PM
មន្ត្រី៖ ជម្លោះជាមួយអ៊ីស្រាអែល ឆក់យកជីវិតមនុស្សយ៉ាងតិច ៩៣៥នាក់ នៅអ៊ីរ៉ង់
06/30/2025 08:06 PM
ភាពតានតឹងរវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ កើនឡើង ក្រោយវិមានក្រឹមឡាំង ថ្កោលទោសប្រតិកម្មរបស់ទីក្រុងបាគូ ចំពោះការចាប់ខ្លួន
06/30/2025 08:06 PM
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
06/30/2025 07:06 PM
មនុស្សយ៉ាងតិច ១២នាក់ ស្លាប់ ខណៈច្រើននាក់នៅតែជាប់ក្នុងនោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅឥណ្ឌា
06/30/2025 07:06 PM
អបអរសាទរ បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន ៨៣នាក់ បានទទួលការងារភ្លាមៗនៅក្នុងខេត្តកោះកុង
06/30/2025 07:06 PM
រុស្ស៊ី៖ ការចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ មានហានិភ័យនាំឲ្យសម្ព័ន្ធភាពដួលរលំ
06/30/2025 07:06 PM
អ៊ីរ៉ង់៖ ខ្លួនមិនអាចធានាសុវត្ថិភាពឲ្យមន្ត្រីត្រួតពិនិត្យពី IAEA បានទេ ហើយផ្អាកកិច្ចសហប្រតិបត្តិការ
06/30/2025 07:06 PM
រដ្ឋមន្ត្រីការបរទេស៖ អ៊ីស្រាអែល «ចង់» ធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយស៊ីរី និងលីបង់
06/30/2025 06:06 PM