រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជារកចំណូលបាន២៨០លានដុល្លារ លើការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១

2022/07/19 12:40:32 pm        545
ភ្នំពេញ៖ កម្ពុជារកចំណូលបាន ២៧៩លានដុល្លារ លើការនាំចេញអង្ករមានចំនួន ៣២៧ ២០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦.៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទបង្ហាញថា នុង​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០២២ ការនាំចេញ​អង្ករ​មាន​ចំនួន ៣២៧ ២០០​ តោន​កើនឡើង ១៦,៦៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ២៨០ ៤៥០ ​តោន​។អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទ​មាន​ចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% ​និងអង្ករចំហុយ​គ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ​សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណ​សរុប​ចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០% ទិសដៅ​ប្រទេសចិនមានបរិមាណ​សរុបចំនួន ១៦៨ ២៨០តោន ​កើនឡើង១៧,៤៤% ទិសដៅអាស៊ាន​ចំនួន ៤ប្រទេស ​មានបរិមាណសរុបចំនួន ២៨ ៦៨០តោន កើនឡើង ៥,៦៩% និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៣១ ៦១៦តោន ថយចុះ២៦,២៨%។ក្នុងឆមាសទី១ឆ្នាំ២០២២ ការនាំចេញ​ស្រូវមានចំនួន ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេស​វៀតណាម ​កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ការនាំចេញ​ស្រូវ​-​អង្ករ ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​មានទឹកប្រាក់​ជាង ៦១៥ ​លាន​ដុល្លារ កើន​ជិត ១០០ ​លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ​៦១៧ ០៦៩ ​តោន ​ថយចុះ ១០,៦៧​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​មាន​បរិមាណ ៦៩០ ៨២៩ តោន​៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា ស្នើចិនរៀបចំ និងពន្លឿននិតីវិធីលើការនាំចូលម្រេច កៅស៊ូ និងទុរេន ពីកម្ពុជា

2022/07/18 04:01:28 pm        612
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើប្រទេសចិន ពន្លឿនការរៀបចំនិតីវិធី ក្នុងការនាំចូល កសិផលសក្តានុពល និងបន្តការគាំទ្រលើការនាំចូល​អង្ករ​ពីកម្ពុជា នៅក្រោមកិច្ច​សហប្រតិបត្តិការភាព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។រដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ក្នុងជំនួបគណៈកម្មាធិការសម្របសម្រួលរដ្ឋាភិបាលកម្ពុជា-ចិន រវាងឯកឧត្តម ហោ ណាំហុង និងឯកឧត្តម វ៉ាង យី ទីប្រឹក្សា ​និងជារដ្ឋមន្រ្តីការបរទេសចិន ស្តីអំពី​ការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កាលពីសប្តាហ៍កន្លងទៅ ។ក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ កម្ពុជាបានស្នើសុំភាគីចិន ឱ្យមានលើកលែងពន្ធលើការនាំចូល​អង្ករពីកម្ពុជា ដែលមានកូតា ៤០ម៉ឺនតោនបន្តទៀត ព្រមទាំងពន្លឿននីតិវិធីចុះហត្ថលេខា លើពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិតផលផ្លែមៀន គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំ។ជាពិសេសជំរុញឱ្យភាគីចិន រៀបចំពិធីសារ និងអនាម័យភូតគាមអនាម័យ លើផលិតផលកសិកម្ម​មួយចំនួនជាកញ្ចប់តែម្ដង​ ជាជាងធ្វើពិសារតែមួយមុខៗម្ដង។ កម្ពុជា​បានស្នើសុំវិនិយោគិន​មក​បោះទុនក្នុងវិស័យអាទិភាពមួយចំនួនដូចជា​ ការចិញ្ចឹមសត្វ ​វារីវប្បកម្ម កៅស៊ូ សម្រាប់នាំ​ចេញ​ទៅ​ប្រទេសចិន ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ​បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មសម្រេច​ឱ្យបាន ១៥ប៊ីលានដុល្លារ ​នៅឆ្នាំ២០២៥។ យោងតាមទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់ចិន​ ៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញ​ទំនិញ​កសិផលសំខាន់ៗទៅប្រទេសចិនមានដូចជា ​អង្ករចំនួន ៨៨ ៦៤៧តោន ខណៈផ្លែចេក​ស្រស់​មានចំនួន ៩៨ ៥៣០,២៦តោន។ ​ជាមួយគ្នានេះ​ ការនាំចេញផ្លែស្វាយស្រស់មានចំនួន ២២ ២៤៤,៦៨តោន ​និងគ្រាប់ស្វាយចន្ទីមានចំនួន ​១៣៦,៩៦តោន​។សូមជម្រាបថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២២ ​ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាង ​កម្ពុជានិងចិន សម្រេច​បានក្នុងរង្វង់ទឹកប្រាក់ជាង ៥.៩៨ ប៊ីលានដុល្លារ ។ ​ទំហំនេះ ​បានកើនឡើងក្នុងអត្រា ១៩.៧ ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ​ដែលមានទឹកប្រាក់ប្រមាណ ៥ប៊ីលានដុល្លារ៕ អត្ថបទ៖ វណ្ណ

ត្រីប្រាកម្ពុជា នឹងអាចនាំចេញផ្លូវការទៅកាន់ទីផ្សារចិនក្នុងពេលឆាប់ៗ

2022/07/18 01:20:55 pm        884
ភ្នំពេញ៖ ត្រីប្រាកម្ពុជាគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្ន​ឈ្មួញអ្នកនាំចេញកំពុងចុះសិក្សា ​និងជជែកបញ្ហាតម្លៃ ​ជាមួយម្ចាស់ផលិតកម្មវារីវប្បកម្ម ដើម្បីជម្រុញដល់ការនាំចេញនៅក្នុងកម្រិតសាកល្បង។លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា ​បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីផលិតកម្មវារីប្បកម្ម និងទីផ្សារនាំចេញត្រីប្រាកម្ពុជា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នេះថា ជុំវិញការចិញ្ចឹមត្រីប្រា កម្ពុជាមានទីផ្សារចិញ្ចឹមត្រីប្រាដ៏ធំមួយ ដែលពីមុនការចិញ្ចឹមត្រីប្រារបស់​ប្រជាពលរដ្ឋ ​គឺសម្រាប់តែការចែកចាយទីផ្សារក្នុងស្រុក។​ ការនាំចេញត្រីប្រានេះ កម្ពុជា​អាច​ពង្រីកវារីប្បកម្មរបស់ខ្លួនកាន់តែធំ​ ដែលឈានទៅធ្វើការ​ផ្គត់ផ្គង់​បាន​រាប់ពាន់ រាប់ម៉ឺនតោន​ក្នុងមួយឆ្នាំៗ។លោក បន្តឲ្យដឹងថា បច្ចុប្បន្នចិនបានកំពុងចុះមកសិក្សា ​និងជជែកពិភាគ្សាគ្នា អំពីបញ្ហាតម្លៃ ដោយ​ឲ្យតម្លៃត្រីប្រា ក្នុងមួយគីឡូ ចំនួន ៥ ៥០០រៀល​ ដែលតម្លៃនេះកំពុងជជែកពិភាក្សាគ្នាបន្ត ខណៈបច្ចុប្បន្ន​ការចិញ្ចឹមមានតម្លៃថ្លៃដើមផលិតកម្មខ្ពស់ ​តែប្រសិនការបញ្ជាទិញមានចំនួនច្រើន និងមានកិច្ចសន្យាកក់ប្រាក់បានត្រឹមត្រូវ​ និងច្បាស់លាស់​ តម្លៃនេះរំពឹងថា នឹងឈាននាំចេញត្រីប្រាជាលើកដំបូងផងដែរ។សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ៦ខែធ្នូ ២០២១ កន្លងមកនេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ​ថ្លែងលើកឡើងថា ជុំវិញទីផ្សារនាំចេញរបស់កម្ពុជា ប្រទេសចិន​បាន​សម្រេចចិត្តធ្វើការសិក្សា និងវិភាគហានិភ័យលើផ្លែមៀន ​និងត្រីប្រារបស់កម្ពុជា ក្នុងនោះតាម​កិច្ច​ប្រជុំវីដេអូពីចម្ងាយ​ គឺជាវិធានការសំខាន់មួយ ​ដើម្បីអនុវត្តតាមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំចិន និង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺក្រៅពីផ្លែមៀនដែល​អាច​នាំចេញ​ទៅប្រទេសចិន​ ចំពោះត្រីប្រារបស់កម្ពុជាវិញ ក៏នឹងអាចនាំចេញទៅទីផ្សារប្រទេស​ចិន​ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ខេត្តកំពតប្រមូលផលនេសាទបានជាង ១ម៉ឺន២ពាន់តោន នៅក្នុងឆមាសទី១ ឆ្នាំ២០២២

2022/07/15 05:12:56 pm        845
ភ្នំពេញ៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា សកម្មភាពការងារនេសាទ នៅតែមានដំណើរ ការល្អប្រជានេសាទ ​មានការយល់ដឹងច្រើនជាងមុន និងបានចូលរួមគោរព​ច្បាប់​ត្រឹមត្រូវ មិនប្រើប្រាស់ ​ឧបករណ៍ហាមឃាត់នោះទេ ​សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ ខេត្តកំពត ប្រមូលផលនេសាទបានជាង ១ម៉ឺន ២ពាន់តោន ។ នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំនេះ រដ្ឋបាល ជលផលសម្រេចលទ្ធផលការងារជាច្រើន ក្នុងនោះ ផលនេសាទខេត្តកំពត ​ទាំងទឹកសាប និង​សមុទ្រស្រស់ អនុវត្តបានចំនួនជាង ១២.១០៣តោន (ទឹកសាប ចំនួន២.៣០០តោន ​និង​សមុទ្រ ចំនួន ៩.៨០៣ តោន) ។ ការធ្វើវារីវប្បកម្មសមុទ្រ បានចំនួន ៨៦០តោន និងផលវារីវប្បកម្មទឹកសាប ​បានចំនួន៦៧តោន ។ ផលនេសាទទាំងនោះ ​បាននាំចេញចំនួន ៣២៦តោន (កែច្នៃ ១៤៦តោន និងស្រស់ ១៨០តោន) ។ លោកនាយខណ្ឌរដ្ឋបាលជលផល បានបន្តថា ខេត្តកំពតមានស្ថានីយភ្ញាស់កូនត្រីមានសរុបចំនួន ១៥កន្លែង ផលិតកូនត្រីបានចំនួន ៥លានក្បាល។ ធនាគារក្តាមសេះ មាន០២កន្លែង (សហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទកែបថ្មី) ប្រមូលក្តាមពងដាក់ចូលធនាគារក្តាមបានចំនួន ៧៥គីឡូក្រាម ស្មើនិង ១.០៥១ក្តាម ។ លោក បានបញ្ជាក់ថា ​រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ ​បានយកចិត្តទុកដាក់ខ្ពស់​ក្នុងថែរក្សា​អភិរក្សធនធានធម្មជាតិសមុទ្រ ​និងបានបណ្តុះកូន​កោងកាង​បានចំនួន ​២៩.៧០០ដើម និងបាន​ដាំ​ចំនួន ១៩.៦៨៦ដើម ​នៅតាមសហគមន៍នេសាទចំនួន៨ក្នុងខេត្ត។ខេត្តកំពតមានស្មៅសមុទ្រចំនួន ១១ប្រភេទលើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១៩៦៦ហិកតា ​និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។ប្រជានេសាទ បានប្រាប់ឲ្យដឹងថា ​របរនេសាទគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវភាពរស់នៅ និង​បាន​សល់​បន្តិចបន្តួច​ ប៉ុន្តែពិបាក​ ហត់នឿយ ​ហើយប្រឈមនឹងគ្រោះថ្នាក់ច្រើន។ តាមការបញ្ជាក់របស់ លោកនាយខណ្ឌរដ្ឋបាលជលផលថា ឆមានទី១នេះ ការបង្ក្រាបបទល្មើស​អនុវត្តបាន​ចំនួន ៤១ករណី​ ក្នុងនោះ រឹបអូស/បំផ្លាញចោល​លប​កន្ទុយ​កណ្តុរចំនួន ​១៤ករណី , រឹបអូស​និងបំផ្លាញចោលឈឺបរុញដៃភ្ជាប់ឧបករណ៍ឆក់​ ១៧ករណី, ​អប់រំណែនាំ ០៣ករណី និងករណីផ្សេងៗ​ ចំនួន៧ករណីទៀត៕ អត្ថបទ៖ អន សារឹម

បញ្ហាទីផ្សារ និងការចំណាយខ្ពស់លើថ្លៃដើមផលិតនៅតែជាកង្វល់របស់កសិករ

2022/07/15 04:42:36 pm        1523
ស្វាយរៀង៖ បញ្ហាទីផ្សារ និងការចំណាយខ្ពស់លើថ្លៃដើមផលិត នៅតែជាកង្វល់របស់កសិករធ្វើ​ស្រែចម្ការ ដែលពួកគេស្នើសុំឱ្យក្រសួង និង​ស្ថាប័នពាក់ព័ន្ធនានាជួយគិតគូរអំពីបញ្ហានេះ​ឱ្យបាន​ខ្លាំងក្លាផង។កសិករ នៅក្នុងខេត្តស្វាយរៀង បាននិយាយថា បច្ចុប្បន្ន អ្វីដែលពួកគេ កំពុងប្រឈមនោះ គឺ​តម្លៃ​កសិផល និងស្រូវអង្ករ​ មិនទៀតទាត់នៅលើទីផ្សារក្នុងស្រុក ​បណ្ដាលមកពីការទម្លាក់តម្លៃតាមចិត្ត ពីសំណាក់ឈ្មួញកណ្ដាល ​បញ្ហាតម្លៃដើមផលិត ​តម្លៃប្រេងឥន្ធនៈ ជី ​និងថ្នាំពុលកសិកម្ម មិនទៀងទាត់ ដែរ ធ្វើឱ្យពួកគេពិបាករកចំណេញ។ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ​លោក មាគ ឆវណ្ណរុណ បាន​និយាយ​ថា កិច្ចការនេះ ​វាហួសពីសមត្ថភាពរបស់មន្ទីរ ។តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តស្វាយរៀង ​ដែលBTV​ ទទួលបាន​ គិតត្រឹមថ្ងៃទី១១ ខែកក្កដា ​នេះ កសិករក្នុងខេត្តស្វាយរៀង​ បានធ្វើការប្រមូលផលស្រូវដើមរដូវ បានប្រមាណជាង ២០០ហិកតា ​ដោយទទួលបានទិន្នផលប្រមាណជាង ៧០០តោន។ ក្នុងនោះ កសិករ ក្នុងនិងក្រៅខេត្ត ​បាននាំស្រូវចម្រុះទៅកាន់ទីផ្សារវៀតណាម តាមច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃវ័ល្ល ​ច្រកក្រសាំងជ្រំ ច្រកដូង ​ច្រកព្រៃតាអី​ និងច្រកទ្វេភាគី ​និងបុសមន ក្នុងមួយ​សប្តាហ៍ ប្រមាណជាង៥ពាន់តោន​ ដែលតម្លៃស្រូវក្នុង ១គីឡូក្រាម ចន្លោះ៩០០រៀល៕ អត្ថបទ៖ ភា សារិត

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានតម្លៃជាង ៤,៨ ពាន់លានដុល្លារក្នុងឆមាសទី១

2022/07/15 01:04:14 pm        485
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងដល់ជិត ៥ប៊ីលាន​ដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ​ ខណៈទីផ្សារអាមេរិក ​នៅតែបន្តជាអ្នកទិញទំនិញធំជាងគេរបស់​កម្ពុជា។ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក ក្នុង​ឆមាស​​ទី​១ ឆ្នាំ ​២០២២ មានតម្លៃ​សរុប​ជាង ​៤,៨ ​ពាន់​លាន​ដុល្លារ​កើន​​ឡើង​ជាង ៥១ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១។ នេះបើយោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយបញ្ជាក់ថា ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​បាន​ហក់​ឡើង​រហូតដល់ ៥៤​ ភាគរយ​។ ទិន្នន័យ​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​​កម្ម​ទំនិញ​ជា​មួយនឹង​ប្រទេស​សំខាន់ៗ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បង្ហាញថា ចាប់ពី​ខែ​មករា​-​ខែមិថុនា ឆ្នាំ ​២០២២ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក​ មានតម្លៃ​សរុប ៤ ៨១៦​ លាន​ដុល្លារ ​កើន​ឡើង ៥១,៨​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២១។យោង​តាម​ទិន្នន័យ​ខាងលើ ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក ​មាន ៤ ៦៤៨ លាន​ដុល្លារ កើន ៥៤ ​ភាគរយ ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំមុន​ និង​ការ​នាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​ មាន​​មាន​ចំនួន ១៦៨,២២​ លាន​ដុល្លារ កើន ៨,៧ ​ភាគរយ ​។ តាមរយៈ​តួ​​លេខ​នេះ ​គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​អតិរេក៤ ៤៨០ ​លាន​ដុល្លារ​។​ទីផ្សារអាមេរិក​ ឈរ​នៅលើ​គេ​ក្នុងនាម​ជា​ប្រទេស​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន ​ដោយមាន​ចំណែក​ប្រមាណ​ ៤០,៨​ ភាគរយ​ នៃ​ការ​​នាំចេញ​សរុប​របស់​កម្ពុជា ​។កាលពីឆ្នាំមុន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​ ៧ ៨២៦​ លាន​ដុល្លារ​ កើន​ឡើង ៤០,៤ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០២០​ ​។អ្នកជំនាញ លើកឡើងថា ​ការកើនឡើង​នៃការ​នាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់ទីផ្សារសេដ្ឋកិច្ច​ធំ​បំផុតពិភពលោក នេះ​ គឺដោយសារទំនិញកម្ពុជា ​មានគុណភាពខ្ពស់​ និងផលិត ផ្គត់ផ្គង់​តាម​តម្រូវ​ការទាន់ពេលវេលា ​ជាពិសេស​ ក្នុងវិបត្តិកូវីដ១៩ កម្ពុជាបើកសកម្មភាពសង្គមសេដ្ឋកិច្ច​ឡើងវិញ និងឈានដល់បើកដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម​ ផ្គត់ផ្គង់​ការនាំចេញ ខណៈប្រទេសផលិត​មួយ​ចំនួនមិនអាចដំណើរការសង្វាក់ផលិតកម្មបាន​ ដោយសារបន្ត ​រងផលប៉ះពាល់កូវីដ១៩៕ អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញកៅស៊ូ មានទឹកប្រាក់សរុបជាង ២០០លានដុល្លារ ក្នុងឆមាសទី១

2022/07/15 12:36:01 pm        316
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលប្រមាណ ២១៥លានដុល្លារ លើការនាំចេញកៅស៊ូស្ងួត ប្រមាណ ១៣.៥ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើង ៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៣៥ ១៣៧ តោននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ៣ភាគរយធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។របាយ​ការណ៍​ បាន​ឲ្យ​ដឹង​ថា កម្ពុជា ​រក​ប្រាក់​ចំណូល​បាន ២១៥,៨ លាន​ដុល្លារ​អាមេរិក ​ពី​ការ​នាំ​ចេញ​ទំនិញ​ក្នុង​អំឡុង​ខែ​មករា​ ដល់​ខែ​មិថុនា​ឆ្នាំ​នេះ ធ្លាក់​ចុះ ២,៩ ភាគរយ​ពី ២២២,៤ លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ​មុន។អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់​នៅក្នុងរបាយការណ៍ថា កៅស៊ូស្ងួតមួយតោន​ជា​មធ្យមមានតម្លៃ ១ ៥៩៧ ដុល្លារអាមេរិកក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២​ ប្រហែល៩១ ដុល្លារទាបជាងតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។កម្ពុជា នាំចេញទំនិញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។របាយការណ៍ ​បាន​បន្ត​ថា មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប​ចំនួន ៤០៤ ០៤៤ ហិកតា​ ដែល​ក្នុង​នោះផ្ទៃដីចៀរជ័រកៅស៊ូ​ មានចំនួន ៣១០.១៩៣ ហិកតា ឬ ៧៧ ភាគរយ​ ៕អត្ថបទ៖ វណ្ណៈ

ការលក់ម៉ាស់ ជែល អាល់កុល រក្សាតម្លៃដដែលបើទោះបីកម្ពុជារកឃើញជំងឺកូវីដ-១៩បំប្លែងថ្មី

2022/07/14 12:35:59 pm        538
ភ្នំពេញ៖ ការលក់ម៉ាស់ ជែល អាកុល រក្សាតម្លៃដដែល បើទោះបីបច្ចុប្បន្នកម្ពុជារកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី ពពួកអូមីក្រុង ពួកអូមីក្រុង BA.4 និងBA.5។អាជីវករលក់ដូរក្នុងផ្សារ ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែកក្កដានេះ បានប្រាប់BTVឲ្យដឹងថា បច្ចុប្បន្ន ការលក់ម៉ាស់ ជែល អាកុល មានអតិថិជនមកទិញជាធម្មតា ទាំងមុន និងកំពុង​ឆ្លងជំងឺកូវីដសារ ឡើងវិញនៅពេលនេះ។ សម្រាប់តម្លៃទំនិញវិញ គឺរក្សាដដែល មិនមានការឡើងថ្លៃដូចកាលពីផ្ទុះជំងឺកូវីដ-១៩ ​នៅឆ្នាំមុននោះទេ។កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យ បង្កើនការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ​ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5។ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការ កើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមាន ត្រូវបានរក​ឃើញលើ អ្នកដំណើរមកពីក្រៅប្រទេស ​អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់​ធ្វើ​វិញ្ញាបនបត្រ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។ដើម្បីបញ្ចៀសនូវការរីករាលដាលការឆ្លងវីរុសកូវីដ-១៩ ដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ ​ក្រសួងសុខាភិបាល បាន​ក្រើន​រម្លឹកដល់​ប្រជាជន​ទាំងអស់ (ទាំងកម្ពុជា និងជនបរទេស) ដែលរស់នៅប្រទេសកម្ពុជា ​ត្រូវនាំគ្នាបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ជាចាំបាច់ ដែលមានគម្លាតពីដូសមួយ ទៅដូសមួយទៀត មានរយៈពេលពី ៣ខែឡើងទៅ៕អត្ថបទ៖ ទូច សោភ័ណ

អគ្គនាយកដ្ឋានពន្ធដារ កំណត់ការប្រមូលចំណូលក្នុងឆ្នាំនេះ ឱ្យលើស ១០ភាគរយ នៃផែនការ

2022/07/14 12:26:13 pm        635
ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ នឹងអនុវត្តការប្រមូលចំណូលពន្ធឲ្យសម្រេចបានលើសផែនការ ដែល​កំណត់ដោយច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ មិនតិចជាង ១០ ភាគរយនោះឡើយ នៅក្នុងឆ្នាំ ២០២២ នេះ ខណៈបច្ចុប្បន្នអគ្គនាយកដ្ឋានបានពង្រឹងនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធឲ្យបានល្អប្រសើរ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ ​លើកឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់និងបទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ ​និងមន្រ្តីរាជការពន្ធដារដែលទទួលបាននីតិសម្បទា ជា​នគរបាល​យុត្តិធម៌” នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ការពង្រឹង និងបណ្តុះបណ្តាលធនធាន​មនុស្ស​គឺជាកត្តាសំខាន់, ដើម្បីពង្រីក​ធនធាន​ឲ្យកាន់តែសំបូរបែប​ នឹងឆ្លើយតបតាមតម្រូវការ ក្នុង​នោះការ​ពង្រឹក​ផ្សព្វផ្សាយច្បាប់ ​និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារ​ពើពន្ធ និងបន្តពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ​គឺជារឿងចាំបាច់ផងដែរ ដើម្បីឲ្យអ្នកជាប់ពន្ធទាំង​អស់​បានយល់អំពីកាតព្វកិច្ចនៃការបង់ពន្ធ។ឯកឧត្តម បន្តថា ជុំវិញការពង្រីកធនធានមនុស្សនេះ មន្រ្តីពន្ធដារ​អាចធ្វើសវនកម្មកំណត់ពន្ធ និង​ប្រមូលចំណូលពន្ធបានល្អប្រសើរជាងមុន ​ជាក់ស្តែងនៅក្នុងវិបត្តិនៃការរីករាលជំងឺកូវីដ ១៩ អគ្គនាយក​ដ្ឋាន​នៅតែបន្តប្រមូលចំណូលពន្ធបានលើសផែនការ ក្នុងនោះបើគិតការប្រមូលចំណូល​ក្នុងរយៈពេលជាង ៦ ខែ ឆ្នាំ២០២២ នេះវិញ ​អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧០ភាគ​រយរួចហើយ ​នឹងបើតាមការគ្រោងទុក ​នៅក្នុងឆ្នាំ ២០២២ នេះ​ អគ្គនាយកដ្ឋានពន្ធដារ នឹង​អាចប្រមូលចំណូលលើលផែនការក្នុងរង្វង់ជាង ​១០ភាគរយផងដែរ។ឯកឧត្តម គង់ វិបុល បន្តថា ទាក់ទងការប្រមូលចំណូលបានល្អប្រសើរ ​ជាពិសេសនៅក្នុងឆ្នាំនេះ ដោយ​សារមន្រ្តីពន្ធដារបានប្រតិបត្តិការនិងបទល្មើសពន្ធដារមួយចំនួន និងផ្សព្វផ្សាយ​អំពី​សិទ្ធ​ត្រួតពិនិត្យ បទល្មើស​បទឧក្រិដ្ឋ ​បទមជ្ឈិម និងបទលហុកំណត់អត្តសញ្ញាណ ​និងចាប់ជន​ល្មើស ​តាមច្បាប់កំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ​ នឹងកសាងសំណុំរឿងបទល្មើស​ទៅតុលាការជាដើម និងការបន្តកៀគរប្រមូលចំណូលឲ្យអស់សក្តានុពលផង និងពន្ធដារក៏នៅក្នុងក្របខណ្ឌ​សម្អាត​ប្រាក់ផងដែរ ដែលជាផ្នែកមួយក្នុងការជម្រុញប្រមូលចំណូលឲ្យបានល្អប្រសើរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលបានកំណត់ការគ្រប់គ្រង និងមូលចំណូលក្នុង​វិស័យពន្ធដារ ​ដែលកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុ ​សម្រាប់ការគ្រប់គ្រង​ ក្នុងចំនួនប្រមាណជាង ១១ ៤១៩ ប៊ីលានរៀល ត្រូវជាង ២ ៨១៩ លានដុល្លារអាមេរិក ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​កំពុង​ព​ន្លឿ​ន​ការរៀបចំ​ផែនទី​ផ្លូវការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក

2022/07/14 12:16:10 pm        1004
ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ព​ន្លឿ​ន​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា ដែលផែនការណេះ នឹងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌល​ផលិត​គ្រឿងបង្គុំយានយន្ត ​និងអេឡិចត្រូនិក ​ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក។ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​នៅថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០២២ នេះ បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សា លើ​សេចក្តី​ព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត ​និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីប្រមូល​ធាតុចូលបន្ថែមពីក្រសួង​ស្ថាប័នពាក់ព័ន្ធ​ លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ។ចំពោះការចូលរួមផ្តល់ធាតុចូល ក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ គឺមានសារៈសំខាន់​ណាស់ ​ព្រោះរាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត​ និងអេឡិចត្រូនិក ​ជាវិស័យអាទិភាព ដែលមាន​សក្តានុពលសម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ ​និងសកល ក៏ដូចជា​ការ​លើក​កម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ​និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្រប​តាម​មាគ៌ា​ដែលបាន​ដាក់ចេញនៅក្នុង ក្របខណ្ឌយុទ្ធសាស្ត្រ​ និងកម្មវិធីស្តារ និងជំរុញកំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថ្លែងនូវការគាំទ្រពេញ​ទំហឹង ចំពោះផែនការរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រោយ ​និងច្បាស់លាស់ ហើយ​តាមរយៈផែនការនេះ ឯកឧត្តម រំពឹងថា នៅពេលខាងមុខ កម្ពុជានឹងក្លាយជាទីផ្សារ​ផ្គត់ផ្គង់ នឹងនាំ​ចេញ​យានយន្ត ​និងអេឡិចត្រូនិច​ដ៏សំខាន់មួយ នឹងជាប្រភពបង្កើនប្រាក់ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាតិ​កាន់តែខ្លាំងក្លាបន្ថែមទៀត។សូមរំលឹកថា នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញនៃលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើ​បទបង្ហាញលម្អិត ស្តីពីទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងផែនទី​បង្ហាញផ្លូវ ដែលបាន​រៀបរាប់​ពី​សាវតារនៃការរៀបចំសេចក្តីព្រាង, សក្តានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិក​ក្នុងបរិបទ​នៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមក្នុងការអភិឌ្ឍវិស័យយានយន្ត ​និងអេឡិចត្រូនិកនៅកម្ពុជា និង​វិធានការគន្លឹះដើម្បីដោះស្រាយ​បញ្ហាប្រឈមទាំងនោះ, យន្តការស្ថាប័នដឹកនាំអនុវត្តផែន​ទី​បង្ហាញផ្លូវ ដើម្បីធានាប្រសិទ្ធភាពការងារ​ និងការកំណត់ពីក្រសួង ស្ថាប័នទទួលបន្ទុកការងារ​តាមដាន​និងវាយតម្លៃផែនទីបង្ហាញផ្លូវជាដើម៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អធិការបតីអាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដី ដើម្បីសន្តិភាពជាមួយរុស្ស៊ី
04/28/2026 12:04 PM
សហរដ្ឋអាមេរិក ជំរុញសភាកោះតៃវ៉ាន់ ឱ្យអនុម័តថវិកាការពារជាតិទូលំទូលាយ
04/28/2026 12:04 PM
ទួកគីនឹងទទួលរៀបចំការប្រណាំង Formula One វិញនៅឆ្នាំ២០២៧ ក្រោយអវត្តមាន ៦ឆ្នាំ
04/28/2026 12:04 PM
ទីក្រុងញូវដែលី ក្តៅខ្លាំងក្រោមរលកកម្ដៅ ខណៈភ្ញៀវទេសចរស្វែងរកទីជ្រកតំបន់ភ្នំត្រជាក់នៃតំបន់កាស្មៀរ
04/28/2026 12:04 PM
ស៊ូដង់ខាងត្បូង និយាយថាមនុស្ស១៤នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅជិតទីក្រុង Juba
04/28/2026 12:04 PM
អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺ​មាន​សារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន
04/28/2026 11:04 AM
រុស្ស៊ី ដាក់បន្ថែមសមាជិកសហភាពអឺរ៉ុបចូលក្នុងបញ្ជីខ្មៅ ក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មី
04/28/2026 11:04 AM
បទឈប់បាញ់ស្ថិតក្នុងហានិភ័យ ខណៈប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន រាយការណ៍ពីការវាយប្រហារឆ្លងព្រំដែន
04/28/2026 11:04 AM
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
04/28/2026 11:04 AM
កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង
04/28/2026 11:04 AM