រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់

សេដ្ឋកិច្ច និង កសិកម្ម

ពន្ធដាររម្លឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឆ្នាំ២០២២

2022/07/13 03:56:34 pm        696
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលឹកការប្រកាសបង់ពន្ធលើ​អចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឆ្នាំ២០២២ ឱ្យទាន់ពេលវេលា ត្រឹមថ្ងៃ៣០ ខែកញ្ញា ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ ​ម្ចាស់អចលនទ្រព្យ នឹង​ត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ក្នុងសេចក្ដីជូនដំណឹង ស្តីពីការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិន​បានប្រើប្រាស់ សម្រាប់ឆ្នាំ​២០២២ ចុះថ្ងៃទី១២ ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា រហូត​មកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ ​សង្កេតឃើញថា ​មាន​ម្ចាស់អចលនទ្រព្យមួយចំនួន​នៅ​មិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះឡើយ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់​ឆ្នាំ២០២២​នេះ ​បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ​និង​ចៀសវាង​បាននូវការកកស្ទះ ​ការ​ប្រជ្រៀត​គ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ​ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រកាស​ណាមួយ ​អគ្គនាយកដ្ឋានពន្ធដារ ​សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែល​មិនទាន់​បាន​បំពេញកាតព្វកិច្ចបង់ពន្ធ ​រួសរស់ទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ ត្រឹម​ថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ ម្ចាស់អចលនទ្រព្យនិង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ អាចទៅប្រកាសបង់ពន្ធ នៅអគ្គនាយក​ដ្ឋាន​ពន្ធដារ​ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ​ ឬនៅគ្រប់សាខាធនាគារ​ អេស៊ីលីដា ឬធនាគារកាណាឌីយ៉ា​ ឬធនាគារវឌ្ឍនៈ​ ឬធនាគារដៃគូដទៃទៀត។អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់​អចលនទ្រព្យទាំងអស់ ​ពិតជានឹងយកចិត្តទុកដាក់ ​និងទៅបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបាន​ទាន់​ពេលវេលាកំណត់ខាងលើនេះ៕ អត្ថបទ៖ វណ្ណៈ

ចំនួនអ្នកដាក់ពាក្យស្នើសុំធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញកើនដល់ជិត ៧ពាន់

2022/07/13 02:33:22 pm        439
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ក្រសួងទទួលបានពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញា​ប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ចំនួន​ប្រមាណជិត ៧ពាន់ពាក្យហើយ ដើម្បីបន្តពាណិជ្ជកម្មដោយស្របច្បាប់។លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងពីតួលេខនេះ នៅក្នុង​ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅសណ្ឋាគារ អូឡាំព្យា ស៊ីធី។លោកជំទាវ មានប្រសាសន៍ថា ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ កំពុង​ជះឥទ្ធិពលយ៉ាង​ខ្លាំង​លើវិស័យទាំងអស់ ​បច្ចេកវិទ្យាឌីជីថលទាំងនោះ បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងលឿនដែល​មិនធ្លាប់​មានពីមុនមកលើគ្រប់វិស័យ ​និងជាពិសេសវិស័យធុរកិច្ចផងដែរ។ លោកជំទាវ លើកឡើងថា អាជីវកម្មបែបឌីជីថលបច្ចុប្បន្ននេះ ​សម្រាប់សហគ្រាសធុនមីក្រូតូច និង​មធ្យម ពិតជានឹងរួមចំណែក​យ៉ាងសំខាន់ក្នុងការលើកកម្ពស់​បច្ចេកវិទ្យាឌីជីថល​សម្រាប់សហគ្រាស​ធុនមីក្រូ តូច និងមធ្យម ​ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល ស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និង​មធ្យមអនុវត្តដោយ ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា ​ដោយមានការគាំទ្រដោយភ្នាក់ងារ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា​ នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ​ក្រសួង​ពាណិជ្ជកម្ម និងសហគ្រិនខ្មែរ ​ក្រោមការអនុវត្តការ​ផ្តួចផ្តើម​ថ្មីសំខាន់មួយ ​នៃគម្រោងពង្រីក​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា ​ជាមួយនឹងការផ្តោតលើជំនាញ ​និងសហគ្រិនភាព សម្រាប់​ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលត្រូវបានផ្តល់ការគាំទ្រ​ហិរញ្ញវត្ថុ​ដោយកម្មវិធី Enhance Integrated Framework និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជារំពឹងមានកំណើនទេសចរឡើងវិញ ខណៈទេសចរតំបន់ និងពិភពលោក កំពុងងើបឡើង

2022/07/13 01:33:12 pm        744
ភ្នំពេញ៖ អ្នកប្រកបមុខរបរក្នុងវិស័យទេសចរ រំពឹងថា វិស័យទេសចរណ៍នៅកម្ពុជា ងើបឡើងវិញឆាប់រហ័ស ខណៈកំណើនភ្ញៀវទេសចរពិភពលោក និងតំបន់ បង្ហាញនូវចំណុចវិជ្ជមាននៃការងើបឡើងវិញ។លោក ពេជ សូវៀត ស្ថាបនិក (CEO) នៃក្រុមអួតអេប (Uot App) ដែលជាសហគមន៍​ឌីជីថល​សម្រាប់​អ្នកដើរលេង លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២២ នេះថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង​កូវីដ១៩ អនុវត្តផែនការគ្រប់ជ្រុងជ្រោយ ​កម្ពុជាកំពុងក្លាយ​ទៅជាគៅលដៅ​ទេចរណ៍​មួយប្រកប​ដោយ​សុវត្ថិភាព ​ដែលអាចធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងតំបន់ ​ដែលអាចធ្វើដំណើរចេញចូល មាន​ល័ក្ខខណ្ឌ​ធ្វើដំណើរងាយស្រួលសម្រាប់ភ្ញៀវទេសចរ។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត​សភា​កម្ពុជា ថ្លែងថា ប្រសិនជំងឺកូវីដ ១៩ ធូរស្រាលមួយកម្រិតទៀត ​និងសង្រ្គាមរុស្សីអ៊ុយក្រែន មិនជះឥទ្ធពលខ្លាំង វិស័យទេសចរនៅកម្ពុជា នឹងងើបឡើងវិញឆាប់រហ័ស ខណៈកម្ពុជា​បានរៀបចំផែន​ការក្នុងវិស័យទេសចរណ៍​ និងកម្ពុជាមានតំបន់សក្តានុពល​ជាច្រើន​ប្រកប​ដោយភាពទាក់ទាញ ជាពិសេសកម្ពុជា​មាន​កិច្ចសហប្រតិបត្តិការជាមួយ​បណ្តាប្រទេស​លើ​ពិភលោកជាច្រើន ​នៃការ​ផ្សារភ្ជាប់​ទំនាក់ទំនង ​កិច្ចសហការតំបន់ ​និងអន្តរជាតិ ដែល​បញ្ហាទាំងនោះ​សុទ្ធតែ​ជាទីផ្សារគោលដៅល្អរបស់កម្ពុជា ក្នុងការស្រូបយកសក្តានុពលទេសចរឡើងវិញ។បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ទេសរចអន្តរជាតិមកទស្សនាកម្ពុជា​មានចំនួនប្រមាណ​ ៥០ម៉ឺននាក់ ​កើនឡើងប្រមាណ ៣៩៤​ភាគរយ បើធៀបនិងឆ្នាំ២០២១ ។ ចំណែកភ្ញៀវទេសចរផ្ទៃក្នុងដែល ធ្វើដំណើរកម្សាន្ត​នៅតាម​តំបន់​រមនីយដ្ឋាននានា​នៅទូទាំងប្រទេស​ មានចំនួន ៦,៣លាននាក់ កើនឡើង ​២១៩ភាគរយ និង​ទេសចរ​បរទេស ៦៨ម៉ឺននាក់ កើនឡើង ៣៨០ភាគរយ បើធៀបនិងឆ្នាំ ២០២១៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសកើនឡើង បន្ទាប់កម្ពុជាលើកលែងធ្វើចត្តាឡីស័ក លើអ្នកមិនទាន់ចាក់វ៉ាក់សាំង

2022/07/13 01:17:45 pm        671
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរអន្តរជាតិ​មិនទាន់​ចាក់វ៉ាក់​សាំងការពារកូវីដ១៩ ធ្វើឱ្យចំនួនអ្នកដំណើរអន្តរជាតិចូលមកកម្ពុជា តាមផ្លូវអាកាសកើនឡើង។ឯកឧត្តម ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល ក្នុងបទបង្ហាញនៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផលការងារទេសចរណ៍ ​និង​បូកសរុបការងារស្តារវិស័យទេសចរណ៍​ក្នុង​ក្រោយវិបត្តិកូវីដ១៩ នៅថ្ងៃទី១៣ ខែកក្កដានេះ ថ្លែងថា ក្នុងខែមិថុនា និង​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃចុងក្រោយក្នុងខែកក្តដា​ ឆ្នាំ២០២២ ​ចំនួនអ្នកដំណើរអន្តរជាតិមកកម្ពុជា តាមផ្លូវអាកាស​បានកើនឡើងប្រមាណ ១៩ម៉ឺននាក់ដែលស្មើនឹង ២៣%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែល​មានប្រមាណជាង ៨២ម៉ឺននាក់ ហើយនឹងស្មើនឹង ៩០៣% បើប្រៀបធៀបខែមិថុនាក្នុងឆ្នាំ២០២១។ឯកឧត្តម ជា អូន បន្ថែមថា ​យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល បានទទួលពាក្យស្នើសុំការហោះហើរពីក្រុមហ៊ុន​អាកាសចរបានចំនួនប្រមាណ ៧១ ២២៩ ជើងហើយរំពឹងថា នឹងអាចកើនប្រមាណ ៦៨% ប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន​ប្រមាណជិត ១០ម៉ឺន៥ពាន់ជើង។ឯកឧត្តម បញ្ជាក់ថា នៅក្នុងចំណោមក្រុមហ៊ុន​អាកាស​ចរណ៍​ដែលបានដាក់ពាក្យ​ស្នើសុំបើកជើង​ហោះហើរ មកកម្ពុជា គឺមានក្រុមហ៊ុនចិន ​បានដាក់ពាក្យស្នើសុំបើកហោះហើរថ្មីមករាជធានីភ្នំពេញ មានចំនួន ១១ក្រុមហ៊ុន កើនសរុប ៣៨ក្រុមហ៊ុន ​ក្រុមហ៊ុនស្នើបើកជើងហោះហើរ​ទៅ​ខេត្តសៀមរាប មាន៣ក្រុមហ៊ុនបន្ថែម ​កើន​សរុប ២១ក្រុមហ៊ុន ​និង​ក្រុមហ៊ុន​ស្នើ​បើក​ជើង​ហោះហើរ​ថ្មីទៅ​ខេត្ត​ព្រះសីហនុ ​៣ក្រុមហ៊ុន កើនសរុប១០ក្រុមហ៊ុន។ ក្រសួងទេសចរណ៍​ បានស្នើបណ្តាច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវអាកាស ផ្លូវគោក ​និងផ្លូវទឹក សូម​បង្កើន​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ភ្ញៀវអោយបានល្អប្រសើរ ​ខណៈរាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាសបើកប្រទេស​និង​បាន​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​អ្នកដំណើរអន្តរជាតិ ​អាចធ្វើVisa On Arrival នៅ​ពេលភ្ញៀវអន្តរជាតិមកដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ លុប​ចោល​ការ​ធ្វើចត្តា​ឡីស័កជាដើម៕ អត្ថបទ ស៊ុម សុខជា

រដ្ឋាភិបាល អង្គការសង្គមស៊ីវិល ពិភាក្សាលើការលើកស្ទួយប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2022/07/11 01:19:06 pm        635
ភ្នំពេញ៖ អង្គការយុវជនដើម្បីមាតុភូមិ បានបើកកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមពីដៃគូពាក់ព័ន្ធ ដើម្បីត្រៀមសហការគ្នាក្នុងការជួយលើកស្ទួយប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍នៅក្នុងអង្គប្រជុំថា ដោយឃើញពីការព្រួយ​បារម្ភនេះ ទាំងវិស័យរដ្ឋ និងឯកជន បានសហការគ្នាយ៉ាងសកម្ម សំដៅស្វែងរកជាដំណោះស្រាយ រវាងគ្នានិងគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ។លោក ហោ សេរីវឌ្ឍន៍ ប្រធានអង្គការយុវជនដើម្បីមាតុភូមិ នៅក្រោយចប់កិច្ចប្រជុំ កាលពីល្ងាច​ថ្ងៃទី១០ កក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា កិច្ចប្រជុំនេះ​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ សមាគម សម្ពន្ធ ស្ថាប័នស្រាវជ្រាវ បណ្តាញក្រុម និងបុគ្គលជំនាញចំនួនប្រមាណ១២០រូប ដែល​បាន​កំពុងបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ លើកឡើងថា បន្ទាប់ពីបានស្តាប់និងចូលរួម​ជា​យោបល់​ក្នុងអង្គប្រជុំនេះ​ លោករំពឹងថា​ ការគាំពាប្រជាពលរដ្ឋបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹង​មានភាពល្អប្រសើរ ជាពិសេសជួយដល់ប្រជាពលរដ្ឋ ​បាត់បង់ការងារធ្វើ ដែលបានចេញពី​សេដ្ឋកិច្ច​ក្នុងប្រព័ន្ធមកក្រៅប្រព័ន្ធ។សូមបញ្ជាក់ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ស្តីពីការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយ​វិបត្តិកូវីដ-១៩នេះ គឺទទួលបាននូវគោលគំនិត ​ដែលជាធាតុចូលយ៉ាងសំខាន់ ពាក់ព័ន្ធ​នឹងចំណុចខ្លាំង​ ចំណុចខ្សោយ​ បញ្ហាប្រឈម​ តម្រូវការ ​និងសំណូមពរជាច្រើន ដើម្បីស្ថាប័ន​ទាំង​អស់​អាចបន្តសហការគ្នា ​និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើក​ស្ទួយ​ប្រជាពលរដ្ឋ​ក្នុង​របប​សេ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ដំណឹងល្អ..! ប្រេងឥន្ធនៈចុះថ្លៃ ៥៥០រៀល សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូតចុះថ្លៃ ៦០០រៀល ពីថ្ងៃទី១១-២០ ខែកក្កដា

2022/07/11 12:15:10 pm        62
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយលក់ប្រេងនានាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១-២០ ខែកក្កដា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.២៥០រៀល/លីត្រ(ចុះ ៥៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៦០០រៀល/លីត្រ (ចុះ ៦០០រៀល)

ផលិតផលកសិកម្មកម្ពុជា មានគុណភាព និងសក្តានុពលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

2022/07/11 12:07:22 pm        814
ភ្នំពេញ៖ ផលិតផលកសិកម្មកម្ពុជា មានគុណភាពល្អៗ​ជាច្រើនមានសក្តានុពល​សម្រាប់ធ្វើការ​នាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនផងដែរ​ ឧទាហរណ៍មានអង្ករ ចេក ស្វាយចន្ទី និងម្រេច ខណៈកម្ពុជា និងជប៉ុន នឹងសិក្សាលើលក្ខណនាំចេញផ្លែស្វាយ​ទៅកាន់​ទីផ្សារ​ប្រទេសជប៉ុន។ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន​ប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជា ​លើកឡើងបែបនេះ ​ក្នុងជំនួបជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​កាលពីសប្តាហ៍កន្លងទៅ។ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតជប៉ុន មានប្រសាសន៍ថា ស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ​បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំង​ក្នុង​ពេលបច្ចុប្បន្ន​ និងអនាគត។ការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាព​កែច្នៃ ​ការជួយបណ្តុះបណ្តាល និង​ផ្សព្វផ្សាយបច្ចេកទេសគឺជាអាទិភាពចំបងសម្រាប់អង្គការ JICA យកទៅពិនិត្យ ពិចារណា​តាម​សំណើរ​រ​បស់ក្រសួងកសិកម្ម ​ហើយទាំងអស់នេះ គឺស្ថិតក្នុងរបៀបវារៈ​នៃជំនួបពិភាក្សារបស់​ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្មជប៉ុន ជាមួយឯករដ្ឋមន្រ្តីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលខាងមុខ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និង​ប្រជាជនជប៉ុន ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ​ដល់ការកសាង ​និងអភិវឌ្ឍន៍​ នៅកម្ពុជា ជា​ពិសេសវិស័យកសិកម្មតាមរយៈអង្គការ JICA។គម្រោងកម្មវិធីទាំងនោះ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍវិស័យកសិកម្ម​កម្ពុជា​ឲ្យមានការរីកចម្រើន​ ធានាសន្តិសុខស្បៀង​ បង្កើនប្រាក់ចំណូល​ កែប្រែកម្រិតជីវ ភាព និង​បង្កើន​ប​រិមាណផលិតប្រកបដោយនិរន្តរភាព ​ធានាគុណភាព ​សុវត្ថិភាព​ តាមរយៈការ អនុវត្ត​បច្ចេកវិទ្យាសមស្រប​ ទំនើបទាន់សម័យ ​ធននឹងការប្រែប្រួលអាកាសធាតុ ​បរិយាប័ន្ន ​និងនវានុវត្តន៍ ឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុង​ការនាំចេញ​កសិផលទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ឯកឧត្តម បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា នៅថ្ងៃទី១៩ ខាងមុខនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ជប៉ុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះ​ជាឱកាស​ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសយើងទាំងពីរ មានឱ​កាស​ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ​និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ ហើយ​សំណើរ​ពិនិត្យលើ ​លក្ខខណ្ឌ​នៃ​ការនាំចេញកសិផល​ទៅកាន់​ទីផ្សារជប៉ុន ដូចជា​ផ្លែស្វាយ​ក៏អាច​លើក​យកមកពិភាក្សា ​នាឱកាសនោះផងដែរ៕ អត្ថបទ៖ វណ្ណៈ

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់សរុបជាង ៣.៨ ប៊ីលានដុល្លារ កើនឡើង១៤%

2022/07/11 11:13:38 am        708
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៥ខែ ដើមឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុបចំនួនប្រមាណ ៣.៨៤ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៤.៥% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១​ ដែលមានទឹកប្រាក់ ៣.៣៥ ប៊ីលានដុល្លារ។យោងតាមរបាយការណ៍ការងាររបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ទទួលបាននៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២២នេះ​ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងខែឧសភា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ​ សម្រេចបានទឹកប្រាក់សរុបចំនួន ​៩២៣.២លានដុល្លារ កើនឡើងជាង ២៤% បើធៀបនឹងខែមេសា ដែលមានទឹកប្រាក់ ៧៤១.៥លានដុល្លារអា ក្នុងនោះ​ការនាំ​ចេញពីកម្ពុជាទៅថៃ មានតម្លៃ ៨៩.៨លានដុល្លារ ធ្លាក់ចុះ ១.១៤% ធៀបនឹងខែមុន ដែលតម្លៃ ៩០.៨លានដុល្លារ ។ ចំណែកការនាំចូលពីថៃ មានតម្លៃ ៨៣៣.៤លានដុល្លារ ធ្លាក់ចុះ ២៨.១% ធៀបនឹងខែមុន ដែលមានតម្លៃ ៦៥០.៧លានដុល្លារ។ប្រភពខាងលើ បានបញ្ជាក់ថា ផលិតផលកសិកម្ម វត្ថុធាតុដើម ​ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ គឺជាប្រភេទទំនិញភាគច្រើនដែលថៃ​ បានទិញពីកម្ពុជា ខណៈលក់មកឱ្យវិញផលិតផលសម្រេច​ដូចជា ត្រី សាច់ ម្ហូបអាហារ ​និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ត៍ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។ល៕អត្ថបទ៖ បូរ៉ាវី

សហគ្រាសធុនតូច និងមធ្យម កំពុងរួមចំណែកដល់ការស្តារ និងជំរុញសេដ្ឋកិច្ច

2022/07/11 11:06:43 am        402
ភ្នំពេញ៖ ម្ចាស់សហគ្រិននៅក្នុង ដែលទទួលកញ្ចប់ហិរញ្ញប្បទានពិសេសពីរាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម ផលិត និងផ្គត់ផ្គង់ ដើម្បីរួមចំណែកដល់ការស្តារ និងជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩។លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា ការផ្តល់​សហហិរញ្ញប្បទានរបស់រាជរដ្ឋភិបាល នាពេលកន្លងមកនេះ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ​ដើម្បីជួយទប់លំនឹងអាជីវកម្ម និងការ​ពង្រីក​សក្តានុពលផលិតជាដើម។លោកឧកញ៉ា រំពឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលជាសេនាធិការ នឹង​បន្តផ្តល់នូវកញ្ចប់ថវិការផ្សេងៗទៀត ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួម​ចំណែក​ដល់ការស្តារ ​និងជំរុញសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩ នេះ។សូមរំលឹកថា៖ នៅក្នុងវិបត្តិជំងឺកូវីដ ១៩, រាជរដ្ឋាភិបាល តាមរយៈធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សហគ្រាសធុនតូច​ និងមធ្យម មានចំនួនទឹក​ប្រាក់​សរុប ២០០ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការអនុវត្តជំហានទី១​ មានទំហំទឹកប្រាក់ ១០០ លានដុល្លារ​ ដោយបានផ្តល់ប្រាក់កម្ចីជួយដល់សហគ្រាសធុនតូច ​និងមធ្យម ​សរុបចំនួន ៧៥៣ សហគ្រាស។ ចំណែកគម្រោងសហហិរញ្ញប្បទានជំហានទី២​ មានទំហំទឹកប្រាក់ ១០០ ​លានដុល្លារអាមេរិកដូចគ្នា បានបន្តសកម្មភាព ​ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុ​ដល់សហគ្រិន ​ក៏​ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងទេសចរណ៍ជំរុញភ្ញៀវទេសចរចុះឈ្មោះធ្វើបណ្ណទស្សនកិច្ចតម្លៃសមរម្យ ដើម្បីដើរកម្សាន្តនៅកម្ពុជា

2022/07/08 01:23:26 pm        679
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ខែកក្កដានេះ នៅក្រសួងទេសចរណ៍ បានបើកប្រជុំរៀបចំបណ្ណទស្សនកិច្ច​តម្លៃសមរម្យ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសជំរុញភ្ញៀវទេសចរនានា ចុះឈ្មោះធ្វើបណ្ណទស្សនកិច្ចតម្លៃសមរម្យ ដើម្បី​ទទួលបានការបញ្ចុះតម្លៃការទិញកញ្ចប់ទេសចរណ៍ដើរកម្សាន្តនៅក្នុងស្រុក ក៏ដូចជា​ការទទួលបានការបញ្ចុះតម្លៃពីតាមបណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលចេញដើរកម្សាន្តក្នុងស្រុក។ឯកឧត្តម ប៉ាក់ សុខុម ថ្លែងថា សម្រាប់​ភ្ញៀវទេសចរណ៍ដែលមានបណ្ណទស្សនកិច្ច​តម្លៃ​សមរម្យ​នៅក្នុងខ្លួន គឺអាចទទួលបានការបញ្ចុះតម្លៃប្រមាណពី ១០% ទៅ២០% នៅតាមបណ្តាអាជីកម្ម​ទេសចរណ៍​ដែលជាបានចូលជាសមាជិកបណ្ណដំណើរកម្សាន្ត​ដែល​មាន​តម្លៃសមរម្យរបស់ក្រសួងទេសចរណ៍។យ៉ាងក៏ដោយនៅក្នុងអំឡុងពេលនេះ ក្រសួងទេសចរណ៍បាននឹងកំពុងស្វែងរកបណ្តាក្រុមហ៊ុន​អាជីវកម្មទេសចរណ៍ចូលរួមធ្វើជាសមាជិកបណ្ណដំណើរកម្សាន្តតម្លៃសមរម្យ ហើយសម្រាប់​បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលបានចូលរួមធ្វើសមាជិកបានសំដែងការគាំទ្របញ្ចុះតម្លៃសម្រាប់ទេសចរដែលមានបណ្ណដំណើរកម្សាន្ត និងចូលរួមដើម្បីជម្រុញ​ចលនាទេសចរក្នុងស្រុក​បន្ត​ការរីកចំរើន​ពិសេសក្រោយវិបត្តិកូវីដ១៩។បើតាមលោក គន្ធា ភិរម្យ ប្រធានការិយាល័យផ្សព្វផ្សាទេសចរណ៍ក្នុងស្រុក ថ្លែងថា បន្ទាប់​ពីក្រសួង​ទេសចរណ៍​បានប្រកាសសាកល្បង ​បើកដំណើរចុះឈ្មោះធ្វើបណ្ណដំណើរកម្សាន្តតម្លៃសមរម្យ តាមប្រព័ន្ធGoogle form ​របស់នាយកដ្ឋានជម្រុញចលនាទេសចរណ៍​ក្នុងស្រុក ក្នុងរយៈពេល​ប្រមាណ ២ខែកន្លងមកនេះ គឺមានពលរដ្ឋខ្មែរប្រើប្រាស់អត្តសញ្ញាណ​បណ្ណសញ្ជាតិខ្មែរចុះឈ្មោះ ប្រមាណជាង ១០០នាក់ក្នុងនោះមាននិស្សិតប្រមាណជាង៨៦% មន្ត្រីរាជការប្រមាណ១០% ហើយក្រៅពីនេះជាពលរដ្ឋទូទៅ៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
04/28/2026 02:04 PM
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ
04/28/2026 01:04 PM
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកម្រិតទី៣អាស៊ី (AFC Challenge League) លេងនៅប្រទេសគូវ៉ែត
04/28/2026 01:04 PM
ប្រមុខការទូតកម្ពុជា និងមន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសប៉ូឡូញ ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អបអរសាទរខួប ៧០ឆ្នាំទំនាក់ទំនងការទូតប្រទេសទាំងពីរ
04/28/2026 01:04 PM
អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ
04/28/2026 12:04 PM
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
04/28/2026 12:04 PM
ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមថ្ងៃពុធនេះ ខណៈ​បឹងកេត​ ត្រូវជួបព្រះខ័នរាជ
04/28/2026 12:04 PM
អធិការបតីអាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដី ដើម្បីសន្តិភាពជាមួយរុស្ស៊ី
04/28/2026 12:04 PM
សហរដ្ឋអាមេរិក ជំរុញសភាកោះតៃវ៉ាន់ ឱ្យអនុម័តថវិកាការពារជាតិទូលំទូលាយ
04/28/2026 12:04 PM
ទួកគីនឹងទទួលរៀបចំការប្រណាំង Formula One វិញនៅឆ្នាំ២០២៧ ក្រោយអវត្តមាន ៦ឆ្នាំ
04/28/2026 12:04 PM