ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន
ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង

សេដ្ឋកិច្ច និង កសិកម្ម

សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង

2026/06/22 08:25:45 pm        228
សហគ្រិនក្នុងស្រុក​បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើងជារៀងរាល់ថ្ងៃ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ​យុទ្ធនាការជាច្រើន​ដើម្បីជំរុញ និងគាំទ្រការ​ប្រើប្រាស់ផលិតផលក្នុងស្រុកុ ដូចជា «ទិញផលិតផលខ្មែរមុនគេ» រួមជាមួយនឹងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ដែលកាន់តែគាំទ្រផលិតផលផលិតនៅក្នុងស្រុកបន្ថែមទៀត​។ ក្រុមសហគ្រិនដែលបានមកចូលរួមតាំងលក់នៅក្នុងពិព័រណ៌ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ បាន​លើកឡើងថា ស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋបន្តប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែខ្លាំងក្លា ដែលពួកគេផលិតស្ទើរមិនទាន់តម្រូវការប្រើប្រាស់នាពេលនេះ​។ ក្រុមសហគ្រិនទាំងនោះ បន្តថា មិនត្រឹមតែប្រជាពលរដ្ឋក្នុងស្រុកគាំទ្រប៉ុណ្ណោះទេ សូម្បីប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏គាំទ្រផលិតផលខ្មែរដែរ។ ក្រុមសហគ្រិន បានឱ្យដឹងទៀតថា ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម បានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកបានកាន់តែទូលំទូលាយទៅកាន់​អ្នកប្រើប្រាស់​ តាមរយៈ​ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់កាសពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពួកគេ អះអាងថា ផលិតផលខ្មែរ គឺមាន គុណភាព អនាម័យ និងការវេចខ្ចប់ស្របតាមស្តង់ដារ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ មេសា ត្រូវនឹង​ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។គិតត្រឹមឆ្នាំ២០២៥ ចលនាភូមិមួយផលិតផលមួយ (OVOP) បានទទួលស្គាល់ និងចងក្រងផលិតផលរបស់សហគមន៍​បានសរុបប្រមាណ១ពាន់មុខ៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ

2026/06/22 08:09:45 pm        309
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាត់ទុកកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្ន ហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ នៅទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យវិស័យ ធនាគារ ធនាគារជាតិនៃកម្ពុជា បានដឹកនាំនិងសម្របសម្រួលការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំង ជំរុញការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល ការទូទាត់អេឡិចត្រូនិក ការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីរួម ចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា។ លោកជំទាវបន្ថែមថា ជុំវិញកិច្ចប្រជុំខាងលើនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការ ចែករំលែកបទពិសោធន៍ ក្នុងការប្រមូលនិងប្រើប្រាស់ទិន្នន័យ ការវាស់វែងផលប៉ះពាល់ និងការរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចប្រជុំនេះនឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធ- សាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ ប្រជាពលរដ្ឋ។លោកបណ្ឌិត Eliki Boletawa លើកឡើងផងដែរថា សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) គឺជាបណ្តាញអន្តរជាតិ នៃស្ថាប័ន រៀបចំគោលនយោបាយហិរញ្ញវត្ថុ ដែលមានបេសកកម្មលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន និងនិរន្តរភាព។ សូមបញ្ជាក់ថា ជុំវិញកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ សហការជាមួយសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) រៀបចំកិច្ចប្រជុំលើកទី៣៣ របស់ក្រុមការងារលើផលប៉ះពាល់ និងទិន្នន័យបរិយាបន្នហិរញ្ញវត្ថុ និងកិច្ចប្រជុំលើកទី២៨ របស់ក្រុម ការងាររៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាង ស្ថាប័នសមាជិកមកពី៣៧ ទៅ ៣៨ ប្រទេស។ក្នុងឱកាសនេះ ភ្ញៀវអន្តរជាតិដែលបានចូលរួមកិច្ចប្រជុំ ក៏បានអញ្ជើញទស្សនកិច្ចព្រះបរមរាជវាំង សារមនី្ទរជាតិ និងសារមន្ទីរព្រះស្រី ឦសានវរ្ម័ន ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។ គួររំលេចផងដែរថាសារមន្ទីរព្រះស្រីឦសានវរ្ម័ន គឺជាសារមន្ទីរបែបទំនើបមួយរបស់កម្ពុជា ដែលបង្ហាញពីការវិវត្តនៃប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច នៃរូបិយវត្ថុខ្មែរ និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា តាមរយៈសម័យកាលផ្សេងៗ ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

2026/06/21 09:17:33 pm        316
កម្ពុជាមានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពនៃការទទួលសេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្ពស់ បើធៀបប្រទេសក្នុង ពិភពលោក (ប្រទេសដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែល) ខណៈដែលវិស័យធានាគារ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការបត់បែនខ្លាំង ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹង តម្រូវការជាក់ស្តែង របស់អតិថិជន។ ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ គឺជាការធានាឱ្យប្រជាជនគ្រប់រូប ជាពិសេសក្រុមជនងាយរងគ្រោះ និងស្ត្រីទទួល បាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយគុណភាព តម្លៃសមរម្យ និងសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានគាំទ្រ យ៉ាងសកម្មតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងនោះធនាគារជាតិនៃកម្ពុជា (NBC) ក៏បានដាក់ចេញនូវ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ (NFIS) ដែលមានគោលដៅបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងកាត់បន្ថយគម្លាត ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ, ខណៈដែលក្នុងនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានសហការគ្នាដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ផងដែរ។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជា នេះថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បានភាពរីកចម្រើនយ៉ាងខ្លំាង និងបានដើរលឿនទៅមុខ ព្រមទាំង មានភាពបត់បែនខ្លាំងនៅលើទីផ្សារ ទន្ទឹមនេះក៏មានការវិនិយោគច្រើន ពីអ្នកផ្តល់ប្រាក់កម្ចីធំៗនៅលើពិភពលោក ដែលជំរុញដល់ការ ផ្តល់សេវា និងការប្រកួតប្រែងលើទីផ្សារមានលក្ខណៈល្អប្រសើរ ចំណែកអ្នកដែលទទួលបានផលមុនគេគឺប្រជាពលរដ្ឋផ្ទាល់។ លោកបន្តថា ខណៈការទទួលបានសេវាហិរញ្ញវត្ថុនៅកម្ពុជាស្ថិតក្នុងកម្រិតខ្ពស់ អ្វីដែលជាការព្រួយបារម្ភ ថាតើពួកគាត់ប្រើ ប្រាស់សេវាហិរញ្ញវត្ថុបានត្រឹមត្រូវដែរឬទេ? បញ្ហានេះ, គឺជាអាទិភាពមួយដែលគ្រឹះស្ថានយកចិត្តទុកដាក់ ព្រោះនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពិភពលោកក៏ដូចកម្ពុជាជួបបញ្ហាជាច្រើនដូចជា៖ វិបត្តិជំងឺកូវីដ-១៩, សង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហានៃ ការហក់ឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា និងភាពមិនទាន់ប្រាកដប្រជានៃជម្លោះព្រំដែនកម្ពុជា-ថៃជាដើម។ ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាត់ទុកជាការងារអាទិភាពដ៏សំខាន់ ក្នុងការលើកកម្ពស់ការទទួល បាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានលក្ខណៈទាន់ពេលវេលា តម្លៃសមរម្យ និងមានការការពារតាមច្បាប់សម្រាប់ ប្រជាជនគ្រប់រូប ជាពិសេសជនក្រីក ប្រជាជននៅតាមតំបន់ជនបទ ស្ត្រី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ធនាគារជាតិនៃ កម្ពុជាបានបន្តអនុវត្តផែនការសកម្មភាព យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦-២០៣០ ដែលឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការបន្តធានាឱ្យបាននូវវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីគាំទ្រការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ

2026/06/16 10:22:15 pm        199
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានប្រកាសបើកកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាផ្លូវការជាមួយនឹងរង្វាន់ដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រមាណជាង ១៦០,០០០ដុល្លារ ។កម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរង្វាន់ដ៏ធំអស្ចារ្យជាងគេនោះគឺ ខុនដូប្រភេទស្ទូឌីយ៉ូ ដែលបែរទៅរកទេសភាព ទីក្រុង និងទន្លេមេគង្គ របស់គម្រោង Diamond Bay Garden។ អ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ម៉ូតូ Vespa S 125cc ស៊េរីថ្មី ចំនួន ២រង្វាន់, ទូរស័ព្ទដៃ iPhone 17 Pro Max ដែលជាម៉ូដែលជំនាន់ចុងក្រោយបង្អស់ ចំនួន៨រង្វាន់ ពីក្រុមហ៊ុន Smart Axiata រួមទាំងសំបុត្រយន្តហោះទៅ-មក ទៅកាន់គោលដៅពេញនិយមជាច្រើនដូចជា ទីក្រុងគូឡាឡាំពួរ ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងស៊ីដនី ផងដែរ។ រង្វាន់ផ្សេងៗទៀតរួមមាន ការឈ្នះកញ្ចប់ស្នាក់នៅពីសណ្ឋាគារ Somerset Norodom and Citadines Flatiron Phnom Penh ចំនួន១យប់ ព្រមទាំងគូប៉ុងភេសជ្ជៈឥតគិតថ្លៃពីហាង Tube Coffee ទៀតផង។ កម្មវិធីដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីដៃគូយុទ្ធសាស្រ្ត ដែលឈានមុខក្នុងវិស័យ​អចលនទ្រព្យ បច្ចេកវិទ្យា និងបដិសណ្ឋារកិច្ច ព្រមទាំងមានការចូលរួមពីសំណាក់ដៃគូកិត្តិយសដែលមានដូចជា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ ធនាគារ ABA និងរោងភាពយន្ត លេជេន។អ្នកដំណើរដែលធ្វើដំណើរជាមួយ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៧ នឹងត្រូវបានបញ្ចូលឈ្មោះចូលរួមចាប់រង្វាន់ដោយស្វ័យប្រវត្តិ។ការធ្វើដំណើរមួយជើង (One-way) នឹងទទួលបានឱកាសឈ្នះ ១ដង ខណៈដែលការធ្វើដំណើរទៅ-មក (Round-trip) នឹងទទួលបានឱកាសឈ្នះចំនួន ២ដង សម្រាប់គ្រប់ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា។ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែពិសេស ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ក៏មាន ការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៣,៣៣៣ សំបុត្រ (តម្លៃសំបុត្រគោល 0 ដុល្លារ ដោយមិនរួមបញ្ចូលពន្ធអាកាសយានដ្ឋាន និងថ្លៃផ្សេងៗទៀត) ** សម្រាប់ជើងហោះហើរទៅ-មក នៅក្នុងបណ្តាញហោះហើររបស់យើង ទៅកាន់គោលដៅសំខាន់ៗជាច្រើន រួមទាំងទីក្រុងគូឡាឡាំពួរផងដែរ។ សំបុត្រយន្តហោះឥតគិតថ្លៃ ដែលមានចំនួនកំណត់នេះ នឹងត្រូវប្រកាសដាក់ជាផ្លូវការ តាមរយៈកម្មវិធី AirAsia MOVE App និង គេហទំព័រ airasia.com។ ក្នុងឱកាសនេះដែរ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា៖«នេះគឺជាសមិទ្ធផលដ៏មានអត្ថន័យ និងមោទនភាពបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ របស់យើងខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកដំណើរទាំងអស់ ដែលបានជ្រើសរើស ធ្វើដំណើរ និងផ្តល់ទំនុកចិត្តលើសេវាកម្មរបស់យើងខ្ញុំអស់រយៈពេលបីឆ្នាំកន្លងមកនេះ។ លើសពីនេះទៅទៀតពិធីអបអរសាទរនេះមិនអាចប្រព្រឹត្តទៅបាននោះទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់ដៃគូសហការទាំងអស់ ដែលបានជួយគាំទ្រនាពេលកន្លងមក ខ្ញុំសូមអរគុណចំពោះទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងដើម្បីឆ្ពោះទៅរកឧត្តមភាព។ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នឹងបន្តពង្រឹងសក្តានុពលនៃការអភិវឌ្ឍខ្លួនឱ្យកាន់តែរឹងមាំ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ ប្រសើរសម្រាប់អ្នកដំណើរទាំងអស់។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់បន្តធ្វើដំណើរជាមួយក្រុមហ៊ុន អាកាសចរណ៍យើងខ្ញុំ និងចាត់ទុកក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាជម្រើសទីមួយរបស់លោកអ្នក។​ រាល់ការ​ហោះហើរជាមួយយើងខ្ញុំ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងតម្លៃសមរម្យប៉ុណ្ណោះទេ​ប៉ុន្តែថែម ទាំងមាន​ឱកាស​ឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនទៀតផង»។ដើម្បីមានឱកាសឈ្នះសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៣,៣៣៣ នេះ អ្នកដំណើរទាំងអស់អាចធ្វើការកក់សំបុត្រ​បានចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។ លើសពីនេះ អ្នកដំណើរក៏អាចទទួលបាន ការបញ្ចុះតម្លៃ ៣០% ទៅលើកញ្ចប់ Value Pack និងមុខងារ Pick-A-Seat (សម្រាប់កៅអីប្រភេទ Standard Seat តែប៉ុណ្ណោះ) ដែលផ្តល់ភាពងាយស្រួលក្នុងការរៀបចំផែនការសម្រាប់ថ្ងៃឈប់សម្រាក ទៅលេងស្រុកកំណើត ឬការធ្វើដំណើរកម្សាន្ត ផ្សេងៗ។ សូមជម្រាបថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ ឆ្នាំ “Cheers to 3 Years” របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៧ ហើយការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវធ្វើឡើងតាមរយៈគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា។ សម្រាប់ការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ airasia.com ឬកម្មវិធី AirAsia MOVE App ដើម្បីរៀបចំ ដំណើរកម្សាន្តរបស់លោកអ្នក ជាមួយតម្លៃសមរម្យ និងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា

2026/06/16 10:17:43 pm        321
ការគាំទ្រពីស្ថានទូតចក្រភពអង់គ្លេស ឯកអគ្គរាជទូត Dominic Williams និងប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់អាជីវកម្មអង់គ្លេសដូចជាក្រុមហ៊ុនយូនីលឹវើ ដែលកំពុងមានប្រតិបត្តិការដោយមានទំនួលខុសត្រូវនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស យូនីលឹវើ កម្ពុជា មានមោទនភាពក្នុងការចូលរួមជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបង្កើតការងារ គាំទ្រសហគមន៍ និងផ្តល់ផលិតផលប្រកបដោយទំនុកចិត្តដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់កម្ពុជា។ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក៏បានក្លាយជាសមាជិក Sterling Member នៃ សភាពាណិជ្ជកម្មអង់គ្លេស BritCham Cambodia ដើម្បីពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនអង់គ្លេស និងស្ថានទូតចក្រភពអង់គ្លេស ក្នុងការបង្កើតឥទ្ធិពលដ៏មានន័យរួមគ្នា។លោក លី សុធូ អគ្គនាយក ក្រុមហ៊ុន យូនីលឹវើ កម្ពុជានិងឡាវ មានកិត្តិយសក្នុងការទទួលវិញ្ញាបនបត្រសមាជិកភាពពីលោក Matt Western MP ប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ក្នុងអំឡុងពេលដែលលោកបានទស្សនកិច្ចមកកាន់ការិយាល័យរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា។ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Unilever ចក្រភពអង់គ្លេស បានក្លាយជាផ្នែកសំខាន់នៃគ្រួសារកម្ពុជា អស់រយៈពេលជាង 22 ឆ្នាំ ដោយផ្តល់ផលិតផលដែលមានគុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិ ជាមួយនឹងម៉ាកសកលជាង 20 ដូចជា Comfort, Sunsilk, Clear, Viso Pises, Sunlight, Knorr និង Wall’s។ តាមរយៈប្រតិ្តបត្តិការអាជីវកម្ម យើងបានបង្កើតការងារជាង 4,000 កន្លែង និង ទទួលស្គាល់ថាជាអ្នកបង់ពន្ធខ្ពស់លំដាប់ទី14 ក្នុងឆ្នាំ 2025ពីរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បន្តប្តេជ្ញាចិត្តឈរជាមួយសហគមន៍កម្ពុជា និងបង្កើតឥទ្ធិពលវិជ្ជមានដ៏មានន័យតាមរយៈប្រតិបត្តិការរបស់យើង។ ដល់ពេលនេះ យើងបានគាំទ្រជួយដល់គ្រួសារជាង ១៣០០០ ដែលបានរងផលប៉ះពាល់ដោយសារ​ការប៉ះទង្គិចតាមព្រំដែន៕

រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន

2026/06/15 10:46:43 pm        223
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋប្រជាមានិតចិន បានផ្តល់ ហិរញ្ញប្បទានសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍ​លើវិស័យ​អាទិភាព​សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន រួមជាមួយ ទំហំរំហូរវិនិយោគ ទេសចរណ៍ និង​ពាណិជ្ជកម្មជាដើម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅចុងសប្តាហ៍កន្លង មកនេះ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ZHONG Jie, អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការងារ និងទទួល ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មី អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ​​​ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម ជំរុញ កិច្ចសហប្រតិបត្តិការទេ្វភាគីកម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើននាពេលកន្លងមក។ កម្ពុជា-ចិន, ក្នុងនាមភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប បានពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ក្នុងអំឡុងពេលដែល កម្ពុជាជួបប្រទះនូវវិបត្តិនានា ចាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់វិបត្តិនាពេលថ្មីៗនេះជាបន្តបន្ទាប់ រដ្ឋាភិបាល ចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ បានបន្តជួយជ្រោមជ្រែងតាមរយ:ជំនួយមនុស្សធម៌បន្ទាន់ក៏ដូចជា៖ ការចូលរួមចំណែក ដល់ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធារាសាស្រ្ត, ផ្លូវជនបទ, ទឹកស្អាត, ថាមពល, សុខាភិបាល, អប់រំ, និងការអភិវឌ្ឍធនធានមនុស្សជាដើម។ ចំណែកការធ្វើធុរកិច្ចនិងពាណិជ្ជកម្មមាន ទំហំរំហូរវិនិយោគ, ទេសចរណ៍ និងពាណិជ្ជកម្មពីប្រទេសចិនក៏មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។  លោកជំទាវអគ្គទីប្រឹក្សា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ទាំងក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងក្របខណ្ឌពហុភាគីរួមមាន៖ ក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែខ្លាំងក្លា និងតាមរយ:ទំនាក់ទំនងនេះ បានធ្វើឱ្យការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន។ លោកជំទាវអគ្គទីប្រឹក្សា ក៏បានសម្តែងនូវការត្រេកអរផងដែរ ដែល ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកជំទាវបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនរួមមាន មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវ៉ាត ក្រុងទី៣), គម្រោងសាងសង់ផ្លូវជាតិលេខ៧ និងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះជំហានទី២ ជាដើម។  ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាថ្មី ឯកឧត្តមមានការត្រេកអរ ចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា និង សន្យាថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅប្រទេសកម្ពុជា ឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន និង ក្នុង​នាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

2026/06/15 10:05:51 pm        288
ភ្នំពេញ៖ការ​និយម​ពិសារ​កាហ្វេរបស់ប្រជាពលរដ្ឋ​ក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឱ្យមានកំណើនយ៉ាងខ្លាំងទាំងនៅក្នុងហាងកាហ្វេក្នុងស្រុក និងផលិតកម្មក្នុងតំបន់ ខណៈហាង​កាហ្វេក្នុងស្រុកអាច​ពង្រីកតម្រូវការផ្គត់ផ្គង់កាហ្វេ​បាន​ប្រមាណ ១០% នៃតម្រូវ​ការប្រើប្រាស់ប្រមាណ ២ ម៉ឺនតោនក្នុងមួយឆ្នាំៗរបស់កម្ពុជា​។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃការទទួលទានកាហ្វេនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នករស់នៅក្នុងទីក្រុង។ កំណើននៃអ្នកនិយមទទួលទានកាហ្វេបានជំរុញឱ្យហាងកាហ្វេក្នុងស្រុក និងម៉ាកកាហ្វេជាតិរីកសាយភាយ​កាន់តែច្រើន ខណៈដែលតំបន់ដាំដុះកាហ្វេកំពុងពង្រីកផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គីរី កាហ្វេ (Kiri Coffee) បានលើកឡើងថា បានជាលោកឈានជើងចូលក្នុងឧស្សាហកម្មកាហ្វេដោយសារវប្បធម៌នៃការទទួលទានការហ្វេរបស់ប្រជាពលរដ្ឋកំពុងរីកដុះដាលយ៉ាងខ្លាំង​ ប៉ុន្តែការផ្គត់ផ្គង់គ្រាប់កាហ្វេក្នុងស្រុកមានតិចតូច ហើយ​​គោលបំណងសំខាន់របស់លោកប្រឡូកក្នុងមុខរបរកាហ្វេគឺដើម្បីពង្រីកការដាំដុះកាហ្វេឱ្យច្រើនទូលំទូលាយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងអាចនាំចេញនាពេលអនាគត។ បច្ចប្បន្ន លោកបានដាំដុះកាហ្វេលើផ្ទៃដីជាង ៦៥ ហិកតា ក្នុងនោះ មានផ្ទៃដីជាង ១៥ហិកតា អាចប្រមូលផលកាហ្វេបាន ហើយកាលពីថ្មីៗនេះ លោកបានបោះទុនបន្ថែម​ប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក ដើម្បីទិញគ្រាប់កាហ្វេពីកសិករ និងជំរុញឱ្យពួកគាត់ពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការកាហ្វេ​កើនឡើងខណៈដែលកាហ្វេផលិតក្នុងស្រុកអាចផ្គត់ផ្គង់បានត្រឹម ១០% ប៉ុណ្ណោះ នៃតម្រូវការសរុបប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំៗ​។​លោកបានគត់សម្គាល់ឃើញថា ក្នុងរយៈពេល ៦ខែចុងក្រោយការផ្គត់ផ្គង់គ្រាប់កាហ្វេផលិតក្នុងស្រុកកំពុងមានសន្ទុះកើនឡើង ជាក់ស្តែងក្រុមហ៊ុនលក់បានប្រមាណ ៣តោនក្នុងមួយខែ។ ការកើនឡើងនេះ ដោយសារអ្នកប្រើប្រាស់ទទួលស្គាល់គុណភាព និងឱជាតិរស់របស់កាហ្វេផលិតក្នុងស្រុកដែលមាប្រភពមកពីខេត្តមណ្ឌលគិរី។ លោកជឿជាក់ថា តាមរយៈការ​និយម​ពិសារ​កាហ្វេរបស់ពលរដ្ឋខ្មែរនេះនិងកាន់តែរីកចម្រើនជាលំដាប់ ដែលនឹងជំរុញឱ្យការដាំដុះកាហ្វេក៏កាន់ច្រើនឡើងផងដែរ។បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សព្វថ្ងៃ ផ្ទៃដីដាំដុះកាហ្វេនៅកម្ពុជា បានកើនឡើងដល់ ៧០៥​ ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ៥៦៣ ហិកតា និងផលិតកាហ្វេបានចំនួន ១ ៣៣៣តោន ដែលទិន្នផលជាមធ្យម ២,៣៦តោនក្នុង ១ហិកតា។ ខណៈដែលក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះមានចំនួន ត្រឹម​តែ ៥៨៩ហិកតា និង​មាន​ផ្ទៃដីប្រមូលផលចំនួន ២៨៦ហិកតា និងផលិតកាហ្វេបានចំនួន ៧៧២តោន៕  អត្ថបទ៖ ធូ វិរៈ

វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs

2026/06/13 11:15:47 pm        332
តាមរយៈ “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១” ក្រោម​ប្រធាន​បទ “ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និង​សមត្ថភាព​ប្រកួតប្រជែង”។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ពង្រឹង​ការ​យល់​ដឹង​អំពីច្បាប់ និងនីតិវិធីគយ ដល់វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) កាន់តែប្រសើរថែមទៀត។នៅក្នុងពិធីបិទវេទិកា កាលពីរសៀលថ្ងៃទី១២ ខែមិថុនាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋ​មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន​លើក​ឡើង​ដោយការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុង​ការ​បន្តធ្វើជាដៃគូគាំទ្រការអភិវឌ្ឍ SMEs តាមរយៈការពង្រឹងតម្លាភាព, ការធ្វើ​ទំនើប​កម្ម​រដ្ឋបាល​គយ, ការប្រើប្រាស់ប្រព័ន្ធឌីជីថល, ការកាត់បន្ថយពេលវេលា និងថ្លៃដើមធ្វើពាណិជ្ជកម្ម ព្រម​ទាំង​ការ​លើក​កម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិនិងនីតិវិធីគយ។ ជាមួយនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និង​ដៃគូ​ទាំង​អស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលគ្នា ដើម្បីរួបរួម​បង្កើត​បរិយាកាស​ធុរកិច្ច​ឱ្យ​កាន់​តែអំណោយផលសម្រាប់ SMEs នៅកម្ពុជាផងដែរ។ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បា​ន​លើកឡើងថា សហគ្រាស​ធុនតូច និង​មធ្យម គឺជា​ឆ្អឹង​ខ្នងនៃសេដ្ឋកិច្ចជាតិ ដែល​មាន​តួនាទី​យ៉ាង​​សំខាន់​នៅក្នុងការគាំទ្រ​កំណើន​សេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ ជម្រុញ​ផលិតផល​ក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការ​បង្កើន​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​រឹងមាំ និង​មានសមត្ថភាពប្រកួតប្រជែង។ យ៉ាង​ណា ឧកញ៉ា ក៏បាន​លើក​ឡើងផងដែរ​​ពី​បញ្ហា​ប្រឈមរបស់ SMEs និងឧបសគ្គជាច្រើនដែលទាមទាឱ្យរាជរដ្ឋាភិបាលជួយសម្របសម្រួល ដើម្បី​លើកកម្ពស់ស្តង់ដារផលិតផលខ្មែរ ផលវិបាក​ក្នុងប្រតិបត្តិការ​នាំចេញ-នាំ​ចូល និងការ​យល់​ដឹង​​​នៅ​មានកម្រិតនៅឡើយ​អំពី​នីតិវិធីគយ។ សូមបញ្ជាក់ថា ឆ្លងកាត់ក្នុងរយៈពេលពីរថ្ងៃកន្លងមក គឺថ្ងៃទី១១ និង១២ ខែមិថុនា ឆ្នាំ២០២៦ វេទិកា​ខាងលើបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្ម ពី​តំណាង​ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ជាច្រើន។ វេទិកានេះ បានបិទបញ្ចប់ដោយផ្លែផ្កាតាមការរំពឹងទុក និងបាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការពង្រឹងភាពជាដៃគូ ការលើក​កម្ពស់​ផលិត​កម្ម​ក្នុងស្រុក ការពង្រីកពាណិជ្ជកម្ម និងការជំរុញការអភិវឌ្ឍ SMEs ប្រកប​ដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​

2026/06/13 05:00:36 pm        764
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារៀតណាម នៅ​តែ​បន្ត​ភាព​ល្អ​ប្រសើរ ដោយ​ក្នុង​រយៈ​ពេល​ ៥ខែ​ដើម​ឆ្នាំ​២០២៦ មានទឹក​ប្រាក់​ជាង ២ពាន់លាន​ដុល្លារអាម៉េរិក​ កើនឡើងជិត ១៤% បើ​ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន​។​ ផលិតផល​សំខាន់ៗ​របស់​កម្ពុជា​ភាគ​ច្រើន​នាំ​ចេញ​ទៅ​វៀត​ណាម​គឺ​កសិផល។ របាយការណ៍របស់​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE) បាន​​​បញ្ជាក់ថា ​គិត​ចាប់​ពី​ខែ​មករា​ ​ដល់ ខែឧសភា ​២០២៦ ​កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មានតម្លៃ ​២,៣២ ​ពាន់លាន​ដុល្លារ​អាមេរិក ​កើនឡើង ១៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ផលិតផល​សំខាន់​ៗ​របស់​កម្ពុជា ​នាំចេញទៅ​វៀតណាម រួមមាន ​ស្រូវ​ កៅស៊ូ ​ស្វាយចន្ទី ​ដំឡូងមី ពោត ចេក និង​​ស្វាយ ជាដើម។ ចំណែក វៀតណាមនាំចូល​មក​វិញ​មាន​តម្លៃ ១,៧៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១% ហើយ ផលិត​ផល​សំខាន់ៗដែលវៀតណាម​​នាំចូលមក​វិញ រួមមាន សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ​ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម។​ លោក អាន ដារា ស្ថាបនិក ក្រុមហ៊ុន អ៊ែមផល អាហ្រ្គោ ប្រដាក់ ខូអីលធីឌី ដែលជា​សហ​គ្រាស​កែច្នែ​គ្រាប់​ស្វាយចន្ទី បានបញ្ជាក់ថា ប្រទេសវៀតណាមគឺជា​ទីផ្សារ​ដ៏​សំខា​ន់សម្រាប់​គ្រាប់​ស្វាយ​ចន្ទី​សើម​របស់កម្ពុជា ដោយគ្រាន់តែ​ ៤ខែដើមឆ្នាំ ២០២៦ វៀតណាមបាន​ស្រូប​យក​ស្វាយ​ចន្ទី​កម្ពុជា​ជាង​ ៨០ម៉ឺនតោន​ ដែលគិតជាប្រាក់ជាង ១ ៤០០ លានដុល្លារអាមេរិក​ ដែល​ចំនួន​ជិត​ស្មើ​នឹង​រយៈ​ពេលពេញមួយឆ្នាំនៃការនាំចេញស្វាយចន្ទីកាលពីឆ្នាំ២០២៥។​ជាមួយគ្នានេះ លោក​មើល​ឃើញ​ថា សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក​ មានការកើនច្រើន ដែលនឹង​ជួយ​បង្កើត​តម្លៃ​បន្ថែ​ម​លើ​ផលិត​ផលស្វាយចន្ទី​នៅកម្ពុជា។របាយការណ៍​របស់ក្រសួងពាណិជ្ជកម្ម ​ ​បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ​សម្រេច​បាន​ក្នុងទំហំទឹក​ប្រាក់ ​៧,៧ ​ពាន់លានដុល្លារអាមេរិក ​ធ្លាក់ចុះជិត ​១% ​ធៀប​នឹង​ឆ្នាំ​២០២៤។ ក្នុងនោះ​ កម្ពុជា​​នាំចេញ​ទៅ​វៀត​ណាម​មាន​ទំហំទឹក​ប្រាក់​ប្រមាណ ​៣,៧២ ​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ០,៨២%​ និង​ វៀតណាមនាំចូលមកវិញ​ មានតម្លៃ ៤ ពាន់លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ២,៥៣%៕ ​​អត្ថបទ៖ ធូ វិរៈ

ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)»

2026/06/12 10:43:13 pm        269
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ក្នុងការរក្សាស្ថិរភាពសន្តិសុខស្បៀង និងការរក្សារលំនឹងទីផ្សារក្នុងគ្រាលំបាក (ដូចជាអំឡុងកូវីដ-១៩ និងពលរដ្ឋភៀសសឹក)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ការបង្កើត (ស.ព.ក. - CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. - CTE នឹងដើរតួជា "ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត" ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជនកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. - CTE នាពេលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ «ឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង ៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។ ជាមួយគ្នានេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បង CTE នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិលើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិតផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ។ ដើម្បីធានាឱ្យសហគ្រាសសាធារណៈដ៏ទំនើបមួយនេះ អនុវត្តតួនាទីភារកិច្ច ឱ្យមានប្រសិទ្ធភាព និងចំទិសដៅ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖ ១. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យបង្កើនកិច្ចសហការជិតស្និទ្ធជាមួយកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគិន។ ២. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យប្រកាន់ខ្ជាប់គោលការណ៍ស្នូល៖ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្អែកលើភាពជាដៃគូ និងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈខ្ពស់។ ៣. លើកទឹកចិត្ត ស.ព.ក. - CTE សហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីតាមដាននិន្នាការទីផ្សារ និងរៀបចំយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗ។ ៤. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយវិស័យឯកជនក្នុងដំណើរការចរចា និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។ ៥. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បង្កើតប្រព័ន្ធតាមដានតម្លៃទីផ្សារក្នុងនិងក្រៅប្រទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមវិធានការអន្តរាគមន៍ទីផ្សារបានទាន់ពេលវេលា ការពារជីវភាពប្រជាពលរដ្ឋ។ ៦. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ដោយដើរតួជាអ្នកសម្របសម្រួលតំណាងឱ្យវិស័យឯកជនកម្ពុជា ក្នុងការចរចាកិច្ចសន្យាផ្គត់ផ្គង់កសិផលកម្រិត «រដ្ឋាភិបាលទៅរដ្ឋាភិបាល» ជាមួយប្រទេសបញ្ជាទិញធំៗ។ ៧. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យពិចារណាសិក្សាលទ្ធភាពវិនិយោគលើឃ្លាំងស្តុក និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងធានាចីរភាពនៃការផ្គត់ផ្គង់។ នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការអបអរសាទរ និងផ្តល់ការលើកទឹកចិត្តដល់ ឯកឧត្តម លោក លោកស្រី ដែលជានាយកប្រតិបត្តិ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ ស.ព.ក. - CTE ទាំងអស់ ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់បំផុត។ សូមជម្រាបជូនថា ក្នុងឱកាសនោះ ក៏មានការប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង CTE ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនដឹកជញ្ជូននានា ដែលជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ និងភស្តុភារកម្ម (Logistics) ជូនដល់ពាណិជ្ជករ និងអ្នកផលិត ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិក និងអ៊ីរ៉ង់នឹងផ្តោតលើច្រកសមុទ្រហ័រមូស និងការដកការបិទខ្ទប់អំឡុងកិច្ចចរចា
08/03/2026 05:08 PM
ក្រសួងដឹកជញ្ជូន និងក្រសួងការពារជាតិរុស្ស៊ី បង្កើនការការពារនាវានៅតំបន់អាងសមុទ្រ Azov-សមុទ្រខ្មៅ
08/03/2026 05:08 PM
អតីតមេដឹកនាំកំពុង​ជាប់ពន្ធនាគា លោក Maduro ស្វាគមន៍ផ្លូវឆ្ពោះទៅរកការសន្ទនា នៅវ៉េណេស៊ុយអេឡា
08/03/2026 05:08 PM
ទូរទស្សន៍៖ យោធាអាមេរិកកំពុងស្វែងរកជម្រើសមិនធម្មតា ដើម្បីដាក់ទណ្ឌកម្មលើអ៊ីរ៉ង់
08/03/2026 05:08 PM
ICRC បញ្ជាក់ពីការជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្នុង​អំឡុងពេល​បន្ត​ឃុំខ្លួន ​
08/03/2026 05:08 PM
រលកកម្ដៅដ៏ក្ដៅគគុកកំពុងគ្របដណ្ដប់ពាសពេញឧបទ្វីបកូរ៉េ ដែលបង្ខំឲ្យមានការឆ្លើយតបបន្ទាន់
08/03/2026 05:08 PM
សមាជិកព្រឹទ្ធសភារុស្ស៊ីថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ
08/03/2026 05:08 PM
ប្រធានាធិបតីលីបង់ជំរុញឲ្យតុលាការចេញសេចក្តីចោទប្រកាន់ពាក់ព័ន្ធនឹងការផ្ទុះនៅកំពង់ផែបេរូត
08/03/2026 05:08 PM
កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
08/03/2026 05:08 PM
អ៊ីរ៉ង់ ប្រហារជីវិតមនុស្សពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យអ៊ីស្រាអែល
08/03/2026 04:08 PM