ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន
ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង

សេដ្ឋកិច្ច និង កសិកម្ម

អ្នកស្រាវជ្រាវជំរុញឱ្យធុរកិច្ច និងម្ចាស់ SMEs ចាប់យកបច្ចេកវិទ្យា និង​នវានុវត្តន៍​បម្រើ​ក្នុង​អាជីវកម្ម

2026/06/12 09:19:16 pm        314
អ្នកស្រាវជ្រាវជំនាញកម្ពុជា ជំរុញឱ្យធុរកិច្ចដែលកំពុងប្រតិបត្តិការអាជីវកម្ម ជា​ពិសេស​ម្ចាស់​សហ​គ្រាស​ធុន​តូច និងមធ្យម ត្រូវចាប់ យកបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់នៅក្នុងវិស័យរបស់ខ្លួន និង​ការ​ជំរុញពង្រីកនូវនវានុវត្តន៍ ដើម្បីការប្រកួតប្រជែង និងភាពរីកចម្រើន ក្នុងអាជីវកម្ម។ មន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន នៅក្នុង​វគ្គ​បណ្តុះ​បណ្តាល​មូល​ដ្ឋានគ្រឹះ ស្តីពីការ សម្របសម្រួលក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ បានពិភាក្សាវែកញែក និងរួមគ្នា ស្វែងដោះស្រាយ​លើ​បញ្ហា​ជាក់​ស្តែង សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលតម្រូវ​ឱ្យ​មាន​ការ​កែ​លម្អ​លទ្ធភាព​ទទួល បានឥណទាន កាត់បន្ថយថ្លៃដើមផលិត បង្រួមនីតិវិធីរដ្ឋបាល និងការធ្វើ​ឌីជីថ​លូប​នីយកម្ម ខណៈដែលរដ្ឋាភិបាលកម្ពុជាចាត់ទុក វិស័យនេះជាឆ្អឹងខ្នងសេដ្ឋកិច្ច ដោយ​ដាក់​ចេញ​នូវ​យន្តការគាំទ្រជាច្រើនផងដែរ។  កញ្ញា កែវ សុផានិត អ្នកស្រាវជ្រាវ និងគ្រូបង្រៀននៅសាកលវិទ្យាពុទ្ធិសាស្រ្ត លើកឡើងថា ទា​ក់​ទិន​ការ​ប្រមូលផ្តុំមន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន ពិត​ជា​មា​ន​សារៈសំខាន់ណាស់ ដើម្បីរួមគ្នាដោះស្រាយ ពិភាក្សា និង ចែករំលែកនូវចំណេះដឹងគន្លឹះថ្មីៗ ដើម្បី​គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ការរួមលើកកម្ពស់ដល់វិស័យនេះ ឱ្យរីកធំ ធាត់​ឆ្លើយតបទៅនិងតម្រូវការទីផ្សារ ដើម្បីឈានទៅប្រកួតប្រជែងទំនិញរបស់កម្ពុជា។  ចំណែកកញ្ញា សេង រ៉ានីកា ផ្នែក Technical and Business Support.VP.Start Technology លើក​ឡើងថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងចាប់យកបច្ចេកវិទ្យាថ្មីៗបម្រើដល់វិស័យឧស្សាហកម្ម និង​សហគ្រាសធុនតូច និងមធ្យមផងដែរ ដែលនេះបាន បង្ហាញនូវ​ការ​ផ្លាស់​ប្តូរ​រប​ត់​អាជីវកម្ម​ជា​បណ្តើរ​ៗ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអភិវឌ្ឍវិស័យឧស្សាហ- កម្ម​ដែលមានសក្តានុពល ពង្រឹងគុណភាពស្ថាប័នសេដ្ឋកិច្ច និងពង្រឹក​ការ​ចាប់​យក​ដៃ​គូ​ពាណិជ្ជ​កម្ម​ ព្រោះវិស័យនេះគឺជាស្នូលជួយ ដល់ប្រតិបត្តិការអាជីវកម្ម។ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា ​និងនវានុវត្តន៍ លើកឡើង ថា ជុំវិញវគ្គបណ្តុះបណ្តាលខាងលើនេះ គឺជាកិច្ចការ​ចាំ​បាច់​មួយ​ដែល​ក្រសួងបានគិតគូរ គាំទ្រដោយដៃគូជប៉ុន ផ្តល់ជាទស្សនទាន ដល់ភាគីពាក់ព័ន្ធ ដើម្បី​រួម​គ្នា​លើក​កម្ពស់​ការយល់ដឹង ក្នុងគោលដៅផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកវិទ្យាសាស្រ្ត អ្នករៀប​ចំ​គោល​នយោបាយ វិស័យឯកជន និងសាធារណជន ដែលមានគោលបំណងជំរុញឧស្សាហកម្ម និង​សហ​គ្រាស​ធុន​តូច និងមធ្យមដែលពឹងផ្អែក បច្ចេកវិទ្យា និងនវានុវត្តន៍។  សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យប្រកបដោយកាលានុត្តន៍ សម្រាប់​ការ​អភិវឌ្ឍជាតិ ដោយមានគោលដៅក្លាយជាប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០​ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចក្ខុវិស័យនេះផ្អែក យ៉ាងសំខាន់លើ «ផែន​ទី​បង្ហាញផ្លូវវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រៀបចំឡើង (វ.ប.ន.) ២០៣០ របស់​កម្ពុជា» ដែលជា ក្របខណ្ឌដ៏ទូលំទូលាយសម្រាប់ការបម្លែងសេដ្ឋកិច្ចជាតិ ពី​ឧស្សាហ​កម្ម​ដែល​មាន​តម្លៃបន្ថែមទាប ទៅកាន់វិស័យផ្អែកលើបច្ចេកវិទ្យា និងចំណេះដឹងជាចម្បង៕  អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​មានសមត្ថភាពផលិតសាច់ស្រស់គ្រប់គ្រាន់ ខណៈផលិតកម្មក្នុងស្រុកអាច​ផ្គត់ផ្គង់បាន ៩៨% លើទីផ្សារ

2026/06/12 08:42:41 pm        457
ភ្នំពេញ៖ ស្របពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានណែ​នាំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បាន​ធានា​អះអាង​ពី​សមត្ថភាព​ផលិតសាច់ស្រស់ពីសត្វនៅកម្ពុជា​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ចំនួន ​៣៣៨ ពាន់តោន កាលពីឆ្នាំ២០២៥កន្លងទៅ។ ការអះអាងនេះ ក៏ព្រោះតែ ផលិតកម្មសត្វ​ក្នុង​ស្រុកអាចផ្គត់ផ្គង់សាច់ បានរហូតដល់ ៩៨%នៃតម្រូវការសរុបនៅទូទាំងប្រទេស​​។​ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ​២០២៥ កន្លងទៅ តម្រូវ​ការសាច់ពីសត្វនៅកម្ពុជា​មានចំនួនសរុបជាង ៣៣៨,២៦ពាន់តោន​។​ ក្នុងនោះ សាច់គោ-ក្របី មានតម្រូវការ​ចំនួន ៩៣,៧១ពាន់តោន, សាច់ជ្រូកចំនួន ១៦៩,៦៨ពាន់តោន, សាច់​បក្សី​ចំនួន​ ៧៣,៣៦ពាន់តោន និងសាច់ចៀម-ពពែចំនួន ១ ៥០៩តោន។​ របាយ​ការណ៍នេះ បញ្ជាក់ទៀតថា ផលិតកម្ម​សត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣៣១,៥ពាន់តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប ហើយក្រៅពីនោះ បរិមាណ​សាច់​ដែល​ខ្វះ​ខាត​ត្រូវ​បាននាំចូលពីបរទេសបមកបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារ និងធ្វើ​ជា​វត្ថុ​ធាតុ​ដើម​ផលិត​ចំណីសត្វលម្អ ដែលបាននាំចូលសាច់សរុបចំនួន ២៩ពាន់តោនប៉ុណ្ណោះ​។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគាំទ្រពេញទំហឹង​ចំពោះ​វិធាន​ការ​របស់​រាជ​រដ្ឋាភិបាលក្នុងការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដែលវិធានការនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់​មកលើសុខភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធ​នឹង​ការ​ផ្គត់​ផ្គង់​សាច់​សត្វ​ក្នុងស្រុក លោកបាន​ធានាការផ្គត់ផ្គង់​មិនឱ្យខ្វះខាត ដែលលោកជឿថា មិនចាំបាច់​នាំ​ចូល​សាច់​បង្កកពីប្រទេសជិតខាងនោះទេ​ ព្រោះផលិតផលក្នុងស្រុកអាចជំនួសបាន​។​ជាក់ស្តែង នៅ​រាជធានីភ្នំពេញ សមាជិករបស់​សមាគម អាចផ្គត់ផ្គង់សាច់សត្វ​​តាម​តម្រូវការ​ទីផ្សា​រ​បាន​គ្រប់​ចំនួន​ ដោយតម្រូវការ​សាច់ជ្រូក មានចំនួនប្រមាណ ៩ពាន់ក្បាលក្នុងមួយថ្ងៃ, សាច់មាន់​មាន​ត្រូវ​ការ​ប្រមាណ ២០ម៉ឺនក្បាល ក្នុងមួយថ្ងៃ ខណៈ ស៊ុតមាន់-ទា មានសម្រូវការសរុបប្រមាណ ១១​លាន​គ្រាប់​ក្នុងមួយថ្ងៃ ក្នុងនោះ ស៊ុតមាន់មានចន្លោះពី ៤ ទៅ ៥ លានគ្រាប់ និងស៊ុតទា ៦ ទៅ ៧ លានគ្រាប់។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បាន​បង្ហាញទៀតថា តាមការវាយតម្លៃស្ថានភាពប្រចាំ​២០២៥ កន្លងមក ការបរិភោគសាច់សត្វនៅកម្ពុជាសម្រាប់មនុស្សម្នាក់​ក្នុងមួយ​ឆ្នាំ​ហូបសា​ច់​អស់​ជា​មធ្យម ១៨,៥គីឡូក្រាម​ ។ ក្នុងនោះ សាច់គោ-ក្របី មានចំនួន ៥,១៥គីឡូក្រាម, សាច់ជ្រូក​ចំនួន ៩,៣៥គីឡូក្រាម​, សាច់បក្សីចំនួន ៣,៩៥គីឡូក្រាម​ និងសាច់ចៀម-ពពែ មានចំនួន ០,០៥​គីឡូក្រាម៕ អត្ថបទ៖ ធូ វិរៈ 

អគ្គនាយកគយ និងសម្ព័ន្ធ FASMEC បើកវេទិកាជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង

2026/06/11 09:44:20 pm        224
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ហៅកាត់ ហ្វាសមិច (FASMEC) បានសហការគ្នារៀបចំវេទិកាគយ និងសម្ព័ន្ធ FASMEC លើកទី១ ក្រោមប្រធានបទ “ការគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។នៅក្នុងវេទិកានាព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកឡើងឱ្យដឹងថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃកិច្ចសហការ រវាងគយ និង ហ្វាសមិច ក្នុងគោលបំណងបង្កើតការយល់ដឹងអំពីនីតិវិធីគយ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្របសម្រួលពាណិជ្ជកម្មនានា ដូចដឹងហើយថា សហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជំរុញផលិតផលក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង ខណៈដែលសហគ្រាសធុនតូចនិងមធ្យម នៅតែប្រឈមនឹងបញ្ហាឧបសគ្គមួយចំនួន ដូចជាកង្វះខាតព័ត៍មានជុំវិញនិងការចុះបញ្ជីនិងកាតព្វកិច្ចសារពើពន្ធ កង្វះបច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងតម្រូវការបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលខ្មែរជាដើម។នៅក្នុងពិធីបើកវេទិកានាឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមសហការរៀបចំកម្មវីធីនេះឡើង ដែលបានបង្ហាញជ្រាបច្បាស់ពីការបន្តប្តេជ្ញាចិត្តរវាងវិស័យរដ្ឋ និងឯកជន ក្នុងការបង្កើតវេទិកា ការសន្ទនាដ៏រស់រវើក ការផ្លាស់ប្តូរមតិយោបល់និងទស្សនៈ ព្រមទាំងការស្វែងរកដំណោះស្រាយរួមគ្នាសំដៅអភិវឌ្ឍជំរុញ និងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលជាប្រភពដ៏សំខាន់មួយនៃការបង្កើតការងារនិងមុខរបរ និងជាកម្លាំងចលករដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា ច្បាស់ណាស់ថា វេទិកាដ៏ពិសេសនេះមិនត្រឹមតែជាឱកាសដ៏ប្រសើរសម្រាប់ផ្សព្វផ្សាយព័ត៍មាន និងចំណេះដឹងអំពីបទប្បញ្ញត្តិ និងនីតិវិធីគយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការដ៏មានសារៈសំខាន់មួយសម្រាប់ការកសាងភាពជាដៃគូ រវាងស្ថាប័ន​រដ្ឋ និងវិស័យឯកជន ការលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគ និងការធ្វើពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន សហគ្រាសគ្រប់ប្រភេទ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម។សូមជំរាបជូនទៀតថា ក្នុងវេទិកានេះ ក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម រវាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលត្រូវបានសង្ឃឹមទុកថា នឹងក្លាយជាក្របខ័ណ្ឌ សហប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយ ការកសាងសមត្ថភាព និងការទាញយកអត្ថប្រយោជន៍ពីវិធានការលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកែលម្អរបរិយាកាសធុរកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី

រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ជាង ៥,៧ ពាន់លានដុល្លារ កើនជាង ៣១%

2026/06/11 09:28:00 pm        617
ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងយៈពេល៥ខែ ក្នុងឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣១ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលជាទីផ្សារធំបំផុតជួយគាំទ្រដល់ការនាំចេញ ទំនិញរបស់កម្ពុជា។ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជាឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើនកើន ឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក នៃការរីកលូតលាស់ នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ទោះបី ការដាក់ចេញនូវពន្ធបដិកាគយសរបស់សហរដ្ឋអាមេរិកមិនទាន់មានច្បាស់លាស់ក៏ដោយ។ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជាង ៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (ដែលមានទឹកប្រាក់ជាង ៤,៣ ពាន់លានដុល្លារប៉ុណ្ណោះ) ចំណែកការនាំចូលពីសហរដ្ឋអាមេរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៣១ លានដុល្លាអាមេរិក កើន ៩២% ធៀបរយៈពេល ដូចគ្នាឆ្នាំ២០២៥។ ចំពោះទំនិញដែលគាំទ្រដល់ការនាំចេញរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់, ស្បែកជើង ការបូប សម្ភារៈសម្រាប់ការធ្វើ ដំណើរ ការនាំចេញផលិតផលពី កសិកម្ម និងផ្សេងៗទៀត ពោលគឺទីផ្សារសហរដ្ឋអាមេរិកបានកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ និងឈរ ក្នុងលំដាប់ទី១ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។  ក្រៅពីការនាំចេញទៅទីផ្សារអាមេរិក, កម្ពុជានៅមានទីផ្សារសំខាន់ៗផ្សេងទៀតដូចជា នៅក្នុងរយៈពេល ៥ ខែនេះ កម្ពុជានាំចេញទៅ វៀតណាមមានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ កើនជិត ១៤%, ជប៉ុនជាង ៧៦៦ លានដុល្លារ កើនជាង ២០%, ចិន ៧៥៣ លានដុល្លារ កើនជិត ១៩%, កាណាដាជិត ៥០០ លានដុល្លារ កើនជាង ១%, អេស្បាញ ជិត ៤៧០ លានដុល្លារ កើន ១៣%, ហូឡង់ ៤០៨ លានដុល្លារ កើន ១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥, ក្រៅពីនេះកម្ពុជាក៏មានទីផ្សារផ្សេងៗទៀតដែលជួយគាំទ្រដល់ការនាំចេញផងដែរ។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១៤ ពាន់លានដុល្លារ កើនឡើង ១៩% ខណៈការនាំចូលពីអាមេរិកមានចំនួនជាង ១៦ ពាន់លានដុល្លារអាមេរិក កើនជាង ១៩% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ស្ថាប័នរាជរដ្ឋាភិបាល កំពុងពង្រឹងសមត្ថភាពជំនាញ ដើម្បីឈានទៅរកសេដ្ឋកិច្ចឌីជីថល ឱ្យរស់រវើក

2026/06/11 06:46:26 pm        122
ស្ថាប័នរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងសមត្ថភាព និងជំនាញ ជាពិសេសប្រព័ន្ធបច្ចេក​វិទ្យា ដើម្បីជំរុញការទទួលយក និងបរិវត្តកម្មដល់គ្រប់តួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងវិស័យឯកជន​ ដើម្បី​ឈានទៅរកសេដ្ឋកិច្ចឌីជីថលឱ្យរស់រវើក ជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាម​គន្លង​ប្រក្រតី​ភាពថ្មី។ជុំវិញសេដ្ឋកិច្ចឌីជីថល គឺជាសកម្មភាពសេដ្ឋកិច្ចទាំងឡាយណា ដែលពឹងផ្អែក​លើ​បច្ចេក​វិទ្យាព័ត៌មាន (ICT) និងអ៊ីនធឺណិត ដោយរួមបញ្ចូលទាំងការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញ សេវាកម្មតាមរយៈប្រព័ន្ធអនឡាញដូចជា ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់ឌីជីថល និងការបង្កើតគំរូធុរកិច្ចថ្មីៗ។ បញ្ហានេះរាជរដ្ឋាភិបាលត្រូវដើរ តួនាទីជាស្នូលឈានមុខគេ តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក្នុង គោលដៅកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើក លើកកម្ពស់ផលិតភាព និងពង្រឹងសុខុមាលភាពសង្គម។ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងដាក់ឱ្យដំណើរការជាផ្លូវការនូវ "មិត្ត ហ្វូនអិចប្រេស" ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថា ខណៈពេលដែលពាណិជ្ជកម្មតាមបែបឌីជីថលបន្តកើនឡើងជាលំដាប់ សេវាកម្មភស្តុភារកម្មដែលមានប្រសិទ្ធភាព និងសេវាកម្មឌីជីថលដែលមានទំនុកចិត្ត មានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួល ការផ្លាស់ទីទំនិញឆ្លងកាត់ព្រំដែន។ ឯកឧត្តមបន្ថែមថា ដើម្បីឱ្យពាណិជ្ជកម្មឌីជីថលអាចរីកចម្រើនទៅមុខបាន បណ្ដាញសំខាន់ៗចំនួន ត្រូវការជាចាំបាច់ ដើម្បីជំរុញដល់ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលនេះ។     ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ថា ជុំវិញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាកម្លាំងចលករស្នូលដែលជំរុញសេដ្ឋកិច្ចឌីជីថលផងដែរ ជួយពន្លឿនកំណើន តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ បង្កើតផលិតភាពខ្ពស់ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញសហគ្រិនភាព និងជួយ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការជួយដល់សេដ្ឋកិច្ចឌីជីថលមានទម្រង់ជាក់ស្តែងដូចជា ការបង្កើនផលិត- ភាព និងភាពច្នៃប្រឌិត, ការលើកកម្ពស់អក្ខរកម្ម និងធនធានមនុស្ស, ភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ការតភ្ជាប់ និងហេដ្ឋារចនា សម្ព័ន្ធជាដើម។ ពាក់ព័ន្ធការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនេះ រាជរដ្ឋាភិបាលបានដាក់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើក លើកកម្ពស់ផលិតភាព និងពង្រឹងសុខុមាលភាពសង្គម។ ដើម្បីចាប់យកសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលកម្ពុជាត្រូវផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៥រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការកសាងពលរដ្ឋឌីជីថល, ការកសាងរដ្ឋាភិបាលឌីជីថល, ការជំរុញធុរកិច្ចឌីជីថល និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បី ជំរុញការទទួលយកគ្រប់តួអង្គ ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី៕ អត្ថបទ៖ សុន រ៉ាឌី

កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល

2026/06/10 12:17:53 am        272
ភ្នំពេញ៖ ប្រជា​កសិករ នៅភូមិគគីធំ ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុង​ជំរុញ​ផលិត​កម្ម​ក្នុងស្រុកយ៉ាងសកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយ​ការពឹង​ផ្អែក​លើការនាំចូល។ ភូមិគគីធំ ២ គឺជាតំបន់មួយ​ដែល​មានសក្តានុពលខ្ពស់លើការដាំបន្លែសុវត្ថិភាព និងបន្លែទូទៅដោយសារដីល្បាប់មាត់ទន្លេដ៏មានជីជាតិ។ សព្វថ្ងៃ តំបន់នេះ មានប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ កំពុង​ប្រកបរបរកសិកម្មនៅផ្ទៃដីដាំដុះសរុប​ជាង ៤០០ ហិកតា។ ប្រជា​កសិករ ដាំដុះបន្លែនៅតំបន់នេះ បាន​ប្រាប់ BTV ថា នាពេលនេះជា​រដូវប្រមូលផលម្ទេស, ត្រសក់, ត្រប់ស្រួយ, ពោត, និង​ ដំណាំរួមផ្សំជាច្រើនមុខទៀត ខណៈ​កសិករមួយចំនួនទៀត ក៏កំពុងចាប់ការដាំដុះសារជាថ្មីឡើងវិញ ផងដែរ​។ ប្រជាកសិករនៅតំបន់នេះ បានអនុវត្តការដាំដុះបន្លែ​ឆ្លាស់គ្នា ដើម្បីកុំឱ្យទិន្នផលលើសតម្រូវការ​ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃ​នៅលើទីផ្សារ​។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាកសិករ បានលក់​បោះដុំបន្លែ​ត្រសក់ និងម្ទេស ពីចម្ការផ្ទាល់ បានតម្លៃចំនួន​ ៣ ០០០ រៀល ដែលនេះជា​តម្លៃខ្ពស់ជាងឆ្នាំមុន ខណៈតម្លៃត្រប់ស្រួយបានធ្លាក់ថ្លៃ​យ៉ាងគំហុកគឺមានតម្លៃត្រឹម ៣០០ រៀលប៉ុណ្ណោះ​។ ​នាពេលនេះ ប្រជាកសិករកំពុងមមាញឹកក្នុងការផលិតកម្មបន្លែក្នុងស្រុក បង្កើនប្រាក់ចំណូលចិញ្ចឹមគ្រួសារ​ និងកាត់បន្ថយការពឹកផ្អែកលើបន្លែនាំចូល​។ ចំណែក លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ជាក់ថា នៅ​​ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គឺជាតំបន់ដាំដុះបន្លែ​ និងជាប្រភពផ្គត់ផ្គង់បន្លែដ៏សំខាន់មួយសម្រាប់ទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តជិតខាង ដែលប្រជាកសិករនៅទីនេះភាគច្រើនប្រកបរបរធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលកំពុងដើរតួជាកោសិកាគាំទ្រយ៉ាងសំខាន់ដល់សន្តិសុខស្បៀងក្នុងស្រុក។ លោក បានឱ្យដឹងថា ដំណាំត្រប់ ផ្តល់ទិន្នផលប្រមាណ ៥០ តោនក្នុងមួយរដូវ ខណៈម្ទេស ឱ្យផល​ប្រមាណចន្លោះពី ១២ ទៅ ១៥ តោនក្នុងមួយហិកតា។ លោកអះអាងថា ប្រជាកសិករទាំងអស់នៅតំបន់នេះ បានដាំដុះបន្លែតាម​​បច្ចេកទេសណែនាំពីមន្រ្តីជំនាញ ​ និង​មន្រ្តីកសិកម្មឃុំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​ បច្ចុប្បន្ន នៅឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រជាពលរដ្ឋសរុប​ចំនួន ១០០៩ គ្រួសារ កំពុង​ប្រកបរបរកសិកម្ម នៅលើផ្ទៃសរុបចំនួន ៤១២ ហិកតា ក្នុងនោះមានផ្ទៃដីដាំដុះបន្លែ និងដំណាំរួមផ្សំ​ចំនួន ២៤២ ហិកតា​ និងប្រភេទដំណាំហូបផ្លែដាំដុះលើផ្ទៃដីចំនួន ១៥១ហិកតា ហើយក្រៅពីនោះគឺផ្ទៃដី​ដាំដុះស្រូវ​។ ​ភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រហែល ២៥ ទៅ ៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ 

កម្ពុជា-ជប៉ុន ពិភាក្សាការបង្កើត (BCT) និងការទាក់ទាញ​ក្រុមហ៊ុនសាជីវកម្មធំៗ​មកវិនិយោគនៅកម្ពុជា

2026/06/09 10:52:24 pm        213
តូក្យូ: កម្ពុជា-ជប៉ុនផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់ បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យមរបស់ជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់ JETRO នៅក្រុងតូក្យូ ប្រទេសជបប៉ុន ក្រោមកិច្ចសម្របសម្រួល និងរៀបចំយ៉ាងយកចិត្តទុកដាក់ពី JETRO ប្រចាំនៅរាជធានីភ្នំពេញ។ ជំនួបរវាងកម្ពុជា-ជប៉ុននេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងនោះភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅ លើទិដ្ឋភាពសំខាន់ៗជាច្រើនដូចជា ការ បង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗក៏ដូចជា សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាជាដើម។       ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យភាគីជប៉ុនចាប់ផ្តើមជាវិញ នូវ ជើងហោះហើរត្រង់រវាងប្រទេសជប៉ុននិងកម្ពុជាឡើងវិញ ដើម្បីចូលរួមជុំវិញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងមុតមាំ ប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួចថែម ទៀត ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិន ជប៉ុនផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។ ការប្តេជ្ញា ចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគមួយប្រកបដោយភាពកក់ក្តៅ តម្លាភាព និងមាន ប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុងការរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីជប៉ុន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា និងចិន ចុះហត្ថលេខា ដើម្បីជួយសម្រួល​វិស័យ​ធុរៈកិច្ច​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេសទាំងពីរ

2026/06/05 09:13:47 pm        301
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង រដ្ឋបាលគយចិន (Cambodia-China Authorized Economic Operator Mutual Recognition Arrangement : Cambodia-China AEO MRA) ។ ពិធីនេះចុះហត្ថលេខានេះ បានដឹកនាំរៀបចំនិងចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ តាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយ សម្រាប់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់។ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនជា AEO ចំនួន ១១ ហើយកម្ពុជាមានគោលដៅបង្កើនក្រុមហ៊ុន AEO ឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។ ឯកឧត្តម បានបន្តថា ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមកលើកម្មវិធី AEO នាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលានិងថ្លៃដើម, ការពង្រឹងភាពប្រកួតប្រជែងរបស់ធុរជន, និងការធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរ។ ​ព្រឹត្តិការណ៍ខាងលើនេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីស្មារតីនៃ «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជានិងចិន ជាពិសេសការជំរុញសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កា។ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ ប៉ុន្តែគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុត និងសំខាន់បំផុតរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី  

កម្ពុជានាំចេញអង្ករជាង ៥៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៣២៧លានដុល្លារ​រយៈពេល៥ខែ ឆ្នាំ ២០២៦នេះ

2026/06/05 08:59:26 pm        633
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសម្រេចបានក្នុងបរិយមាណ​ជាង ៥៦ម៉ឺនតោន កើឡើង ៦៥,២៨% គិតជាប្រាក់ចំនួនជាង ៣២៧ កើនឡើង ២៩,៧៦% បើធៀបនឹង​រយៈពេលដូច​គ្នា​កាល​ពីឆ្នាំមុន​ ខណៈ តំបន់អឺរ៉ុប, ចិន, និងបណ្តាប្រទេសតំបន់អាស៊ាន នៅ​តែ​ជា​ទីផ្សារ​ចម្បង​ជាង​គេ​សម្រាប់អង្ករកម្ពុជានាពេលនេះ​​។​របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជា​បាន​នាំ​ចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន គិតជាប្រាក់ជាង ៣២៧,៤៣ លាន​ដុល្លារ​អាម៉េរិក​​។​ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅ​កាន់​ទីផ្សារ​​គោ​លដៅចំនួន ៦៣ ជុំវិញពិភពលោក​។ ក្នុងនោះ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ គឺជាទីផ្សារធំលំដាប់ទី១ សម្រាប់កម្ពុជា ដែលបានទិញអង្ករចំនួន ១៥៤ ២៥៤ តោន គិត​ជា​ទឹក​ប្រាក់​ចំនួន ១០៥,១២លានដុល្លារសហរដ្ឋអាមេរិក។បន្ទាប់មកប្រទេសចិន និងហុងកុង ដែលជា​ទីផ្សារធំលំដាប់ទី២ សម្រាប់អង្ករកម្ពុជា ដែល​បាន​បញ្ជា​ទិ​ញចំនួន ១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន ៩៤,៩២ លានដុល្លារសហរដ្ឋអាមេរិក។ បណ្តា​ប្រទេសក្នុងអាស៊ាន ចំនួន ៥ ក៏ជាទីផ្សារចម្បងសម្រាប់អង្ករកម្ពុជា ផងដែរ​ ដែលបាន​បញ្ជា​ទិញ​អង្ករ​ចំនួន​ ២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន ៨៧,៣២ លានដុល្លារសហរដ្ឋអាមេរិក និ​ង​ទៅកាន់គោលដៅចំនួន ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក និងមជ្ឈឹមបូព៌ា។ល។ មាន​ចំនួន​ ៤៣ ៩៤០​ តោន គិតជាទឹកប្រាក់ចំនួន ៤០,០៧ លានដុល្លារសហរដ្ឋអាមេរិក។កម្ពុជាបាននាំចេញអង្ករក្រអូបគ្រប់ប្រភេទ​ចំនួន ៥៩,២០% ប្រភេទអង្ករសគ្រាប់វែង ២២,២៨% អង្ករ​ចំហ៊ុយ ១,៧២% អង្ករសរីរាង្គចំនួន ១.០៤%​, អង្ករបាក់គ្រប់ប្រភេទ ១៥,៥៨% និង​អង្ករ​ផ្សេង​ៗ​ចំនួន ០,១៨%%។ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោន ស្រូវសើម ដែល​គិត​ជា​ទឹក​ប្រាក់​បាន​ប្រមាណ ៥៩១,៤១ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ធូ វិរៈ 

ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ

2026/06/04 07:54:23 pm        248
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលដកសាច់ប្រាក់ពីឥណទានសម្បទាន ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សរុបជាង ១៩២ លានដុល្លារអាម៉េរិក និងការបោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ប្រមាណ​ជាង ៣៦៩ លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន ទ្រទ្រង់​ដល់​វិស័យ​អាទិភាព​។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដោយ​បង្ហាញ​ឱ្យ​ដឹង​ថា ស្ថានភាពបំណុល សាធារណៈបច្ចុប្បន្នរបស់កម្ពុជា ត្រូវបានវាយតម្លៃថា ស្ថិតក្នុង​ភាព​អាច​គ្រប់​គ្រង​បាន​ ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យ កម្រិតទាប»។ ការរក្សា​បាន​នូវ​ចីរភាព​បំណុល​សាធារណៈនេះ គឺអាស្រ័យដោយ​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់​គ្រង​បំណុល​សាធារណៈ​មួយ​ដ៏រឹងមាំរួមមាន៖ ១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និង​នីតិ​វិធី​គ្រប់​គ្រង​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធ​ព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាន​នៃ​ការ​វិភាគ​ និងតាមដានហានិភ័យបំណុល។ ជាក់ស្តែងបើគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦, កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈសរុបចំនួន ជាង ១៣ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ៩៦% ត្រូវនឹង​ប្រមាណ​ជាង​ ១២ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណ:ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគី ៥៩% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៤១%) និង ៤% ត្រូវនឹងប្រមាណជាង ៥៩៦ លាន​ដុល្លារ​អាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែកការចុះកិច្ចព្រមព្រៀងឥណទាន នៅ​ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះវិញ រាជរដ្ឋាភិបាល បានចុះកិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ថ្មី ​ជាមួយដៃគូអភិវឌ្ឍនានាមានចំនួនសរុបជិត ៩២ លានដុល្លារអាម៉េរិក សមមូលជាង ៦៧ លាន​អេស​ដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២.២៥០ លានអេស​ដេ​អ៊ែ)​ ក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៧៥% និងក្របខ័ណ្ឌពហុភាគី ២៥% បើធៀប​នឹង​ត្រីមា​ស​ទី​១​ឆ្នាំ​២០២៥ ​មានកំណើនប្រមាណ ១៧%។ ចំណែកការបោះផ្សាយលក់មូលបត្ររដ្ឋនៅក្នុងត្រីមាសទី១នេះដែរ រាជ​រដ្ឋាភិបាល​បាន​បោះ​ផ្សាយ​លក់​មូល​បត្ររដ្ឋ​ ក្នុងទំហំទឹក ប្រាក់សរុបប្រមាណ ១,៤៨ ទ្រីលានរៀល សមមូលប្រមាណជាង ៣៦៩ លានដុល្លារអាម៉េរិក ក្នុងនោះមូលបត្ររដ្ឋដែលបោះផ្សាយជា ប្រាក់រៀលមានចំនួន ១៩៨ ប៊ីលានរៀល ខណៈដែលមូលបត្ររដ្ឋជាប្រាក់ដុល្លារអាម៉េរិក មានជាង ៣១៩ លាន​ដុល្លារ​អាម៉េរិក។ ជារួម, ការបោះផ្សាយមូលបត្ររដ្ឋខាងលើនេះ មានទំហំស្មើនឹងប្រមាណ ៧០% នៃ​ទំហំសរុបដែលច្បាប់អនុញ្ញាត (២.១១៤ ប៊ីលានរៀល) ជាហិរញ្ញប្ប​ទាន​គាំទ្រ​គម្រោង​វិនិយោគ​សាធារណៈ ​ការអនុវត្តវិធានការ គោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល និងរក្សាតុល្យភាព ថវិកា​ជាតិ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។ ចំណែកការដកសាច់ប្រាក់ នៅក្នុងត្រីមាសទី១នេះ, រាជរដ្ឋាភិបាល​បាន​ដក​សាច់​ប្រាក់​ពី​ឥណ​ទាន​សម្បទាន ដែលបានចុះកិច្ច ព្រមព្រៀងកន្លងមកមានចំនួនសរុបជាង ១៩២ លានដុល្លារអាម៉េរិក ក្នុង​នោះ​ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤០% និងក្របខ័ណ្ឌពហុ ភាគីមានប្រមាណ៦០%។ សាច់​ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨២% និង​វិស័យ​អាទិភាព ចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ១៨%៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិក និងអ៊ីរ៉ង់នឹងផ្តោតលើច្រកសមុទ្រហ័រមូស និងការដកការបិទខ្ទប់អំឡុងកិច្ចចរចា
08/03/2026 05:08 PM
ក្រសួងដឹកជញ្ជូន និងក្រសួងការពារជាតិរុស្ស៊ី បង្កើនការការពារនាវានៅតំបន់អាងសមុទ្រ Azov-សមុទ្រខ្មៅ
08/03/2026 05:08 PM
អតីតមេដឹកនាំកំពុង​ជាប់ពន្ធនាគា លោក Maduro ស្វាគមន៍ផ្លូវឆ្ពោះទៅរកការសន្ទនា នៅវ៉េណេស៊ុយអេឡា
08/03/2026 05:08 PM
ទូរទស្សន៍៖ យោធាអាមេរិកកំពុងស្វែងរកជម្រើសមិនធម្មតា ដើម្បីដាក់ទណ្ឌកម្មលើអ៊ីរ៉ង់
08/03/2026 05:08 PM
ICRC បញ្ជាក់ពីការជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្នុង​អំឡុងពេល​បន្ត​ឃុំខ្លួន ​
08/03/2026 05:08 PM
រលកកម្ដៅដ៏ក្ដៅគគុកកំពុងគ្របដណ្ដប់ពាសពេញឧបទ្វីបកូរ៉េ ដែលបង្ខំឲ្យមានការឆ្លើយតបបន្ទាន់
08/03/2026 05:08 PM
សមាជិកព្រឹទ្ធសភារុស្ស៊ីថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ
08/03/2026 05:08 PM
ប្រធានាធិបតីលីបង់ជំរុញឲ្យតុលាការចេញសេចក្តីចោទប្រកាន់ពាក់ព័ន្ធនឹងការផ្ទុះនៅកំពង់ផែបេរូត
08/03/2026 05:08 PM
កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
08/03/2026 05:08 PM
អ៊ីរ៉ង់ ប្រហារជីវិតមនុស្សពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យអ៊ីស្រាអែល
08/03/2026 04:08 PM